អ្នកដាំបាយ និងមើលថែទាំកុមារ

(ស្ទឹងត្រែង)៖ គង ណារី អាយុ៥៨ឆ្នាំ រស់នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន ណារី មានជំងឺលើសសម្ពាធឈាម និងលើសជាតិស្ករ។

នៅក្នុងរបប លន់ នល់ ឪពុករបស់ណារី បានបាត់បង់ជីវិត ដូច្នេះ គាត់និងម្ដាយ បានផ្លាស់ប្ដូរទីលំនៅទៅរស់នៅទីក្រុងភ្នំពេញ។ គាត់បានបញ្ជាក់ថា ឪពុករបស់គាត់មានតួនាទីជាទាហាននៅពេលនោះ។ គាត់រស់នៅទីក្រុងភ្នំពេញបានជិតប្រាំឆ្នាំ ខ្មែរក្រហមបានវាយរំដោះទីក្រុងភ្នំពេញ។

ណារី បានបញ្ជាក់ថា ម្ដាយឪពុករបស់គាត់បានរៀបចំឱ្យគាត់រៀបការតាំងពីគាត់នៅវ័យក្មេង។ គាត់បានបន្តថា មូលហេតុដែលគាត់មានគ្រួសារតាំងពីវ័យក្មេង ព្រោះម្ដាយឪពុករបស់គាត់មិនចង់ឱ្យគាត់រស់នៅម្នាក់ឯងក្នុងពេលខាងមុខ។ រៀបការរួចបានប្រហែលកន្លះខែ ណារី បានទៅរស់នៅក្នុងបន្ទាយទាហានជាមួយប្ដីរបស់គាត់ ព្រោះពេលនោះ ប្ដីរបស់គាត់ធ្វើជាទាហាន។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមទទួលជ័យជម្នះលើរបប លន់ នល់។ ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញពីសំណាក់យោធាខ្មែរក្រហមបានកើតឡើង។ យោធាខ្មែរក្រហម បានប្រកាស និងទុករយៈពេលបីថ្ងៃដើម្បីឱ្យប្រជាជនទាំងអស់ចាកចេញពីទីក្រុង និងទីប្រជុំជន។ ខ្មែរក្រហមជម្លៀសប្រជាជនចេញពីទីក្រុង ដើម្បីបោសសម្អាតទីក្រុង និងចៀសវាងពីការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក។

ដោយសារខ្លាចការទម្លាក់គ្រាប់បែកបន្ត ប្រជាជនបានរួសរាន់នាំសមាជិកគ្រួសារចាកចេញពីទីក្រុង។ ចរាចរនៅតាមដងផ្លូវមានការមមាញឹកហួសពីការស្មាន។ ប្រជាជនគ្រប់ស្រទាប់អាយុ បានសម្រុកចេញទៅក្រៅក្រុង។ ណារី បាននិយាយថា មានមនុស្សជាច្រើនដេកស្លាប់នៅតាមផ្លូវ និងទុកសាកសពចោលប្រៀបដូចសត្វគោ សត្វក្របី ដោយភាគច្រើនគឺជាចាស់ជរា ដែលមានជំងឺប្រចាំកាយ។ ណារី បានចាកចេញពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ស្រុករវៀង ខេត្តព្រះវិហារ។

នៅក្នុងរបបខ្មែរក្រហម ណារី ត្រូវបានអង្គការចាត់តាំងឱ្យធ្វើការងារជាអ្នកដាំបាយក្នុងសហករណ៍រោងបាយ និងមើលថែទាំកុមារតូចៗ។ ណារី ធ្វើការងារនៅក្រោមបង្គាប់ប្រធានក្រុមឈ្មោះ លឿន។ គាត់បានបន្ថែមថា លឿន គឺជាប្រធានក្រុមដែលមានចិត្តល្អ បានផ្ដល់អាហារឱ្យគាត់ និងសមាជិកបានហូបឆ្អែត លើសពីការកំណត់របស់អង្គការ។ នៅឆ្នាំ១៩៧៧ លឿន ត្រូវខ្មែរក្រហមចាប់យកទៅសម្លាប់ចោល ព្រោះតែគាត់ល្មើសបញ្ជា។

ណារី បាននិយាយថា នៅក្នុងរបបខ្មែរក្រហមមិនមានប្រជាជនណាម្នាក់បានទៅវត្ត ដើម្បីប្រារព្ធកម្មវិធីបុណ្យប្រពៃណីអ្វីឡើយ ព្រោះសាសនាត្រូវបានលុបបំបាត់។ អង្គការថែមទាំងបានវាយបំផ្លាញព្រះពុទ្ធប្បដិមា នៅតាមវត្តអារាមចោល។

នៅឆ្នាំ១៩៧៩ មានរថយន្តទាហាន បានទៅដឹកអង្ករពីស្រុករវៀង​ មកទុកនៅស្រុកឆែប។ នៅពេលនោះ ណារី បានស្នើសុំដោយសារឡាននោះចេញពីស្រុករវៀង មកស្នាក់នៅស្រុកឆែបបានចំនួន៣ថ្ងៃ។ ក្រោយមក មានរថយន្ដមកពីខេត្តស្ទឹងត្រែង បានទៅយកអង្ករពីស្រុកឆែប ដឹកទៅខេត្តស្ទឹងត្រែង។ ណារី ក៏បានសុំជិះរថយន្ដបន្តមកកាន់ខេត្តស្ទឹងត្រែង៕

សម្ភាសន៍ដោយ៖ អឿង ម៉ូលីកា ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin