គ្រប់គ្នាត្រូវតែធ្វើការនៅក្នុងរបបខ្មែរក្រហម

គង់ អឿន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ គង់ អឿន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានទីលំនៅខេត្តព្រះវិហារ ភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន បច្ចុប្បន្នមានអាយុ៥៥ឆ្នាំ។ អឿន បានរៀបរាប់អំពីជីវិតជាកុមារភាពរបស់គាត់នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។

អឿន បានបាត់បង់ម្តាយនៅមុនសម័យខ្មែរក្រហម និងឃ្លាតឆ្ងាយពីឪពុកដែលធ្វើជាទាហាន។ ដោយសារ​គាត់​ជាកុមារកំព្រា និងគ្មានសាច់ញាតិបងប្អូន អឿន ត្រូវរស់នៅតាមមណ្ឌលដែលខ្មែរក្រហមចាត់ចែងឲ្យរស់​នៅជាមួយកុមារដទៃទៀត។ នៅក្នុងមណ្ឌលមានគ្រូពីរទៅបីនាក់ដើម្បីគ្រប់គ្រងលើកុមារប្រហែលជា ១០ ទៅ ២០ នាក់។ គាត់ត្រូវបានគេហៅថា ជាប្អូនជនក្បត់ ដោយសារ​តែបងរបស់គាត់​បានលួចរត់ទៅប្រទេសថៃ។

គាត់បានលើកឡើងថាការហូបចុក យូរៗទើបបានហូបឆ្អែតម្តង ប៉ុន្តែភាគច្រើន និងជាប្រចាំ គឺបានហូបតែបបរផិលាយជាមួយគល់ចេក គល់ល្ហុង។ មានពេលមួយខ្មែរក្រហមបានឲ្យគាត់​ហូបបបរផិលាយជាមួយផ្លែល្ហុង ដែលមានរស់ជាតិឆ្ងាញ់ណាស់នៅពេលនោះ។ បើអ្នកណាចង់បានបាយបាតឆ្នាំងហូប ត្រូវតែលើកទឹកដាក់ពាងនៅរោងបាយ អ្នកខ្លះទៅមិនទាន់ ក៏បានបាយក្តាំងខ្លោច។

អឿន និងកុមារក្នុងកងជាមួយ ត្រូវងើបធ្វើការតាំងពីព្រឹកទល់ល្ងាច ដូចជា រែកជី បិទភ្លឺស្រែ រែកដីដាក់តាមទំនប់ តាមវាលស្រែ និងតាមត្រពាំង។ ខ្មែរក្រហមមិនខ្វល់ថា ចាស់ឬក្មេងទេ ឲ្យតែលើកដីបានមួយដុំក៏ដោយ ក៏ត្រូវធ្វើដែរ។ នៅតាមកងកុមារមានគ្រូពីរ ឬបីនាក់ដើម្បីត្រួតពិនិត្យការងារ។ កុមារត្រូវ​តែជញ្ជូនដីបិទភ្លឺស្រែឲ្យបាន ១ ម៉ែត្របួនជ្រុងរួច ទើបបានសម្រាក។ ព្រឹកឡើងនារដូវវស្សា អឿនត្រូវទៅស្ទូងជាមួយចាស់ៗ។ នៅពេលដែលធ្វើការតាមអង្គភាព មិនទាន់មានការដាក់ទោសចំពោះកុមារតូចៗដូចជារូបគាត់នៅឡើយទេ ដោយមានតែយកទៅអប់រំណែនាំប៉ុណ្ណោះ។ គាត់បានបន្តទៀតថា «ជំនាន់នោះមិនដែលដឹងថាថ្ងៃណាថ្ងៃចន្ទ ឬអង្គារទេ។ ថ្ងៃខ្លះក៏បានរៀន តែតិចណាស់ពេលវេលាសម្រាប់រៀន»។

ខ្មែរក្រហមបានជម្លៀសប្រជាជនថ្មីមកពីខេត្តកំពង់ធំ។ ​ក្នុងចំណោមនោះមានគ្រួសារមួយបានលួចត្រីអ្នកភូមិក្នុងសហគមន៍ ហើយក៏ត្រូវបានគេថ្កោលទោស និងចាប់ចងកូនទាំងបីរបស់គាត់នៅក្រោមតុ។ គាត់បានឃើញនៅពេលប្រជុំ ដោយខ្មែរក្រហមបានពិន័យរួច ហើយក៏ដោះលេងវិញ។​ ដោយឡែកដំណាំដាំបានជុំវិញមណ្ឌល ដូចជាចេក ត្រូវទុកឲ្យខ្មែរក្រហម។

ជាចុងក្រោយ គាត់សង្ឃឹមថាក្មេងជំនាន់ក្រោយបានរៀនសូត្រពីរបបនោះ ព្រោះមិនចង់ឲ្យមានរបបខ្មែរក្រហមកើតឡើងជាលើកទីពីរ។ សព្វថ្ងៃអឿន មានជំងឺរលាកក្រពះពោះវៀនប្រចាំកាយ៕

សម្ភាសន៍ដោយ ធួក សែល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin