គុណ វណ្ណា៖ ដោយសារតែពិការ ទើបបានធ្វើការងារនៅក្នុងក្រុមកាត់ដេរ

កាលពីក្មេង វណ្ណា បានកើតជំងឺកញ្ជ្រឹល ហើយដោយសារតែមិនបានទទួលថ្នាំព្យាបាលត្រឹមត្រូវ ទើបធ្វើឲ្យគាត់ស្វិតជើង។ នៅក្នុងសម័យ លន់ នល់ វណ្ណា បានជួបការលំបាកខ្លាំង ព្រោះគាត់ត្រូវរត់គេចពីគ្រាប់បែកផ្លោក និងគេចពីការប្រយុទ្ធគ្នារបស់ទាហាន។ នៅក្នុងសម័យខ្មែរក្រហម វណ្ណា បានធ្វើការងារដេរស្លឹក។ ដោយសារតែ វណ្ណា ដេរស្អាត ទើបអង្គការបញ្ជូនគាត់ទៅរៀនដេរសម្លៀកបំពាក់ និងចេញធ្វើការងារដេរសម្លៀកបំពាក់យោធារហូតដល់ខ្មែរក្រហមដួលរលំ។ ខាងក្រោមនេះគឺជាប្រវត្តិរូបខ្លះៗរបស់ វណ្ណា នៅក្នុងអំឡុងពេល និងក្រោយរបបខ្មែរក្រហម៖

គុណ វណ្ណា អាយុ៥៥ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់វណ្ណាឈ្មោះ គឹម គុណ ហើយម្ដាយឈ្មោះ ម៉ៅ វ៉ន។ វណ្ណា គឺជាកូនទី៥ ក្នុងចំណោមបងប្អូន១២នាក់។ នៅក្នុងសម័យខ្មែរក្រហម បងប្រុសរបស់វណ្ណាម្នាក់ ត្រូវបានអង្គការចាប់យកទៅសម្លាប់នៅក្នុងវត្តកកោះ ហើយបងប្អូន៣នាក់ផ្សេងទៀតស្លាប់ដោយសារជំងឺ និងហូបអាហារមិនគ្រប់គ្រាន់។ កាលពីកុមារ វណ្ណា មិនបានចូលរៀននោះទេ ព្រោះគាត់ធ្លាក់ខ្លួនពិការដោយសារជំងឺកញ្ជ្រឹល។ មុនដំបូង ជំងឺរបស់ វណ្ណា  មិនបានធ្ងន់ធ្ងរនោះទេ ប៉ុន្តែដោយសារតែមិនមានថ្នាំព្យាបាលត្រឹមត្រូវទើបធ្វើឲ្យជើងរបស់គាត់ស្វិត។ ចូលដល់សម័យ នល់ នល់ ការរស់នៅរបស់ វណ្ណា កាន់តែលំបាក ព្រោះគាត់ត្រូវរត់គេចពីការទម្លាក់គ្រាប់បែកផ្លោង និងគេចពីគ្រាប់កាំភ្លើងដែលធ្លាក់មកក្បែរៗខ្លួន។

នៅក្នុងសម័យខ្មែរក្រហម ការងារដំបូងរបស់ វណ្ណា គឺរែកដី ប៉ុន្តែដោយសារតែគាត់ពិការ ហើយពិបាកក្នុងការធ្វើដំណើរ ទើបអង្គការបញ្ជូនគាត់ឲ្យទៅក្រុមដេរស្លឹក។ វណ្ណា ដេរស្លឹកបានមួយរយៈ អង្គការបានបញ្ជូនគាត់ឲ្យទៅមើលក្មេងប្រមាណជិត១០នាក់នៅក្នុងសហករណ៍ ជាមួយយាយៗ។ ពេលមើលកុមារ វណ្ណា បានជួបការលំបាកកាន់តែខ្លាំង ដែលជាហេតុធ្វើឲ្យអង្គការត្រូវបញ្ជូនគាត់ទៅដេរស្លឹកវិញ។ នៅពេលទៅធ្វើការងារដេរស្លឹកម្ដងទៀត អង្គការបានឃើញថាគាត់ដេរស្លឹកបានស្អាត ទើបបញ្ជូន វណ្ណា ទៅខាងអង្គសឹង ដើម្បីរៀនដេរសម្លៀកបំពាក់។ វណ្ណា បានចំណាយពេលរៀនដេរសម្លៀកបំពាក់ពីរខែ រួចបន្តចូលក្នុងក្រុមដេរសម្លៀកបំពាក់កងទ័ព ដែលមានសមាជិកទាំងអស់ចំនួន២០នាក់។ នៅក្នុងក្រុមដេរសម្លៀកបំពាក់ ក្នុងមួយថ្ងៃ វណ្ណា ត្រូវដេរឲ្យបានអាវ១៥ ប៉ុន្តែថ្ងៃខ្លះគាត់ធ្វើមិនបានគ្រប់ចំនួននោះទេ ព្រោះជើងគាត់ពិការ ពិបាកក្នុងការជាន់ម៉ាស៊ីន។ វណ្ណា ធ្វើការងារក្នុងក្រុមដេរសម្លៀកបំពាក់រហូតដល់ របបខ្មែរក្រហមដួលរលំនៅដើមឆ្នាំ១៩៧៩ ទើបត្រលប់មកផ្ទះវិញ។

នៅឆ្នាំ១៩៨០ វណ្ណា បានរៀបការជាមួយឈ្មោះ ហ៊ិន សារុន។ បន្ទាប់ពីរៀបការរួច វណ្ណា ធ្វើជាអ្នកត្បាញសារុងសូត្រឲ្យឪពុកដើរលក់ ប៉ុន្តែនៅពេលឪពុកស្លាប់ គាត់ត្រលប់មកប្រកបរបបដេរសម្លៀកបំពាក់វិញ។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស វណ្ណា បានឲ្យដឹងថាខ្លួននៅតែមានអារម្មណ៍ភ័យខ្លាច របបខ្មែរក្រហមវិលត្រលប់មកវិញម្ដងទៀត ព្រោះពេលនេះគាត់មានអាយុច្រើន ហើយមិនចង់រត់លូនបន្តទៀត។ មួយវិញទៀត វណ្ណា តែងតែយករឿងរ៉ាវដែលខ្លួនបានឆ្លងកាត់ក្នុងសម័យខ្មែរក្រហម ប្រាប់ទៅកូនរបស់គាត់ទាំង៥នាក់ រួមជាមួយចៅៗជំនាន់ក្រោយ។​ លើសពីនេះទៅទៀត វណ្ណា ចង់ឲ្យមានការបង្រៀនយុវជននៅតាមសាលារៀន ឬកន្លែងប្រមូលផ្ដុំរក្សាឯកសារប្រវត្តិសាស្រ្ដខ្មែរក្រហម។

សម្ភាសដោយ៖ កែប ម៉ៃសុជាតា ថ្ងៃទី០៣ ខែកញ្ញា ២០២១

អត្ថបទដោយ៖ ភា រស្មី 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin