ការគ្រប់គ្រងដ៏តឹងរឹង

(ស្ទឹងត្រែង)៖ ឡៃ ស្រី ភេទស្រី មានអាយុ ៥៣ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកោះឈើទាលតូច ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ស្រី មានឪពុកឈ្មោះ ឡៃ, ម្ដាយឈ្មោះ ស៊ីថា និងមានបងប្អូនប្រាំបីនាក់ ក្នុងនោះស្រីពីរនាក់។ ស៊ីថា ជាកូនទីប្រាំពីរនៃគ្រួសារ។
នៅអំឡុងរបបសង្គមរាស្ត្រនិយម ឪពុកម្ដាយរបស់ ស្រី បានមករស់នៅ និងប្រកបរបរជាកសិករនៅក្នុងភូមិកោះឈើទាលតូច។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចទូទាំងប្រទេសកម្ពុជា ដែលនៅពេលនោះ គ្រួសាររបស់ស្រី ត្រូវខ្មែរក្រហមជម្លៀសចេញពីភូមិកោះឈើទាលតូច ទៅរស់នៅសហករណ៍ពងទឹក។ នៅទីនោះ ស្រី ត្រូវរស់នៅបែកបាក់ពីឪពុកម្ដាយ ដោយសារខ្មែរក្រហមបែងចែកឲ្យប្រជាជនរស់នៅ និងធ្វើការទៅតាមក្រុម និងទៅតាមវ័យ។
ស្រី បានរំឭកថា គាត់ត្រូវធ្វើពលកម្មហួសកម្លាំង និងហូបតែទឹកបបរប៉ុណ្ណោះ។ ខ្មែរក្រហមមិនអនុញ្ញាតឲ្យមានការលួចហូប ឬចាប់សត្វផ្សេងៗហូបនោះទេ ព្រមទាំងគំរាមសម្លាប់ចំពោះអ្នកណាដែលហ៊ានលួចហូប។
នៅរបបខ្មែរក្រហម ប្រជាជននៅសហករណ៍ពងទឹក ត្រូវរស់នៅយ៉ាងលំបាក ក្រោមការគ្រប់គ្រងដ៏តឹងរឹង ដូចជាត្រូវធ្វើស្រែចម្ការដោយគ្មានពេលសម្រាក និងហូបចុក មិនគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ស្រី និងគ្រួសារទាំងអស់ដែលរស់រានមានជីវិតពីរបបនេះ បានត្រលប់មករស់នៅ និងធ្វើស្រែចម្ការនៅកោះឈើទាលតូចវិញ ដើម្បីចិញ្ចឹមជីវិត។
នៅអាយុ ២១ឆ្នាំ សៀង បានរៀបការជាមួយប្តីឈ្មោះ នី និងមានកូនស្រីប្រាំនាក់។ សៀង និងក្រុមគ្រួសារបានបន្តរស់នៅកោះឈើទាលតូច ដោយពឹងផ្អែកទៅលើការនេសាទ និងធ្វើស្រែចម្ការ។ ជាចុងក្រោយ សៀង និយាយថាខ្លួនមិនចង់ឲ្យរបបខ្មែរក្រហមកើតមានឡើងសាជាថ្មីទៀតនោះទេ៕
សម្ភាសដោយ នី ឡាយ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥