ឡាំង គីមទ្រី៖ ម្ដាយនិងបងប្អូនប្រាំបីនាក់

ឡាំង គីមទ្រី រស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ ឡាំង គីមទ្រី មានអាយុ ៧២ឆ្នាំ រស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ គីមទ្រី មានបងប្អូនចំនួនដប់បីនាក់ ក្នុងនោះស្រីប្រាំបីនាក់។ គីមទ្រី បានរៀនត្រឹមថ្នាក់អក្ខរកម្មប៉ុណ្ណោះ ដោយសារជីវភាពក្រីក្រ។

នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ គីមទ្រី ត្រូវជួយធ្វើការឪពុកម្ដាយ និងមើលថែប្អូនៗ។ នៅឆ្នាំ១៩៧០ គីមទ្រី បានរៀបការ និងប្រកបរធ្វើស្រែចម្ការ។ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ និងមានការទម្លាក់គ្រាប់បែកនៅក្នុងភូមិអូររំចេក គីមទ្រី បានរត់ភៀសខ្លួនទៅរស់នៅភូមិព្រែកតាសៅ។

គីមទ្រី និយាយថា នៅពេលនោះ គ្រួសាររបស់គាត់ ហូបតែបាយលាយជាមួយអំបិលប៉ុណ្ណោះ។ ក្រោយមក គ្រួសាររបស់គីមទ្រី បានបន្តទៅរស់នៅភូមិព្រែកឃ្លោកអស់រយៈពេលបីខែ ដោយគាត់ត្រូវដើរស៊ីឈ្នួលច្រូតស្រូវ និងបេះត្រកួន និងព្រលិតលក់។

នៅឆ្នាំ១៩៧៣  គីមទ្រី បានត្រលប់មករស់នៅភូមិអូររំចេកវិញ។ មួយខែក្រោយមក គីមទ្រី បានរត់ភៀសខ្លួនទៅភូមិព្រែកឃ្លោកម្តងទៀត ដោយសារការប្រយុទ្ធរវាងកងទ័ពខ្មែរក្រហម និងទាហាន លន់ នល់។ គីមទ្រី និយាយថា នៅទីនោះ គោនិងជ្រូកដែលគាត់ចិញ្ចឹម គឺត្រូវគ្រាប់បែក និងងាប់អស់។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចាត់ទុក គីមទ្រី ជាប្រជាជនចាស់។​ គីមទ្រី ត្រូវដកស្ទូងទាំងថ្ងៃទាំងយប់ និងត្រូវកាប់ព្រៃនៅកន្លែងដែលមានមនុស្សស្លាប់ដោយសារពស់ចឹក។ គីមទ្រី ចងចាំថា ខ្មែរក្រហមបានបង្ខំឲ្យកងរបស់គាត់ដែលមានសមាជិក២៥នាក់ ធ្វើការប្រណាំងប្រជែងជាមួយកងដែលមកពីខេត្តស្វាយរៀង ថាតើកងមួយណាស្ទូងស្រូវបានលឿនជាង។ នៅពេលកងរបស់គីមទ្រី ស្ទូងស្រូវចំនួនមួយហិចតាបានលឿនជាង និងរួចរាល់តាមការកំណត់ ខ្មែរក្រហមបានដាក់ផែនការបន្ថែម ដោយឲ្យកងរបស់គីមទ្រីស្ទូងស្រូវមួយហិចតាកន្លះក្នុងមួយល្ងាច។ គីមទ្រី ត្រូវស្ទូងស្រូវតាំងពីម៉ោង៥ល្ងាចរហូតដល់យប់អធ្រាត្រទើបបានសម្រាក។

គីមទ្រី ត្រូវធ្វើពលកម្មហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់ ដោយរបបអាហារ គឺមានបាយចំនួនពីរវែកក្នុងមួយពេល និងជួនកាលមានតែត្រកួនស្រុស និងទឹកប្រហុកប៉ុណ្ណោះ។ ចំណែករបបអាហារនៅមណ្ឌលកុមារ គឺមានតែបបរប៉ុណ្ណោះ ដូច្នេះ គីមទ្រី តែងតែទុកបាយឲ្យកូនហូប។

នៅរបបខ្មែរក្រហម គីមទ្រី មានកូនចំនួនបីនាក់។ បន្ទាប់ពី គីមទ្រី សម្រាលកូនទី៣រួច កូនរបស់គាត់ត្រូវផ្ញើនៅមណ្ឌលកុមារ។ ជួនកាល គីមទ្រី ត្រូវប្តូរវេនមើលក្មេង ជាមួយស្រី្តដែលទើបសម្រាលកូនរួចដូចគ្នា។ នៅពេលយប់ គីមទ្រី បានយកកូនមកគេងជាមួយ។ នៅយប់ខ្លះ កូនរបស់គីមទ្រី បានធ្វើឲ្យប្រឡាក់កន្ទេល ដូច្នេះគាត់ត្រូវបោកសម្អាតកន្ទេលទាំងម៉ោង៣យប់។

នៅម៉ោង៥ទៀបភ្លឺ គីមទ្រី ត្រូវងើបទៅធ្វើការទាំងសម្រាន្តមិនបានគ្រប់គ្រាន់។ គីមទ្រី និយាយថា គាត់មិនហ៊ានឈប់សម្រាកនោះទេ ដោយសារខ្លាចខ្មែរក្រហមយកគាត់ទៅសម្លាប់។ នៅពេល គីមទ្រី មានជំងឺ គឺមានតែថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាលប៉ុណ្ណោះ ដូច្នេះគាត់ត្រូវធ្វើការទាំងឈឺ។ គីមទ្រី រំឭកថា គាត់បានឃើញខ្មែរក្រហមបានវាយដំប្រជាជន និងយកទៅមន្ទីរឃុំដោយផ្ទាល់ភ្នែក។

នៅឆ្នាំ១៩៧៨ គីមទ្រី បានមករស់នៅជាមួយប្តីនៅជិតដងទន្លេបាសាក់ ស្ថិតក្នុងឃុំលេខ៧ តំបន់១៦ ភូមិភាគបូព៌ា។ មិនយូរប៉ុន្មាន របបខ្មែរក្រហមបានដួលរលំនៅឆ្នាំ១៩៧៩។ នៅរបបខ្មែរក្រហម បន្ទាប់ពីពេលខ្មែរក្រហមធ្វើប្រវត្តិរូបរួចគ្រួសាររបស់ម្ដាយមីង និងឪពុកមារបស់គីមទ្រី បានបាត់បង់ជីវិតទាំងអស់។ ចំណែកម្ដាយ និងបងប្អូនរបស់គីមទ្រីចំនួនប្រាំបីនាក់ ដែលធ្វើការនៅភូមិទួលក្រសាំង និងភូមិព្រែកអំបិល ត្រូវបានខ្មែរក្រហមបញ្ជូនទៅកោះគរ និងបាត់ដំណឹងរហូតមក៕

សម្ភាសដោយ រ៉េន រចនា ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin