ក្រោកធ្វើការតាំងពីម៉ោង១-២ទាបភ្លឺ

(តាកែវ) ៖ ឡេង ជ្រា ភេទស្រី មានអាយុ ៦២ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គតាចាន់ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់ជាស្រ្តីមេម៉ាយ មានកូនប្រាំពីរនាក់នៅក្នុងបន្ទុក សព្វថ្ងៃរស់នៅភូមិ-ឃុំដដែល។

នៅមុនរបបខ្មែរក្រហមចូលមកដល់ ជ្រា រស់នៅទីក្រុងភ្នំពេញជាមួយនឹងពូរបស់គាត់មានឈ្មោះថា សម្បត្តិ។ ដោយគាត់ជាប្រជាជនថ្មី គាត់ត្រូវបានអង្គការជម្លៀសចេញពីភ្នំពេញ ឲ្យទៅនៅឃុំត្រពាំងធំ។ ការធ្វើដំណើរពីភ្នំពេញទៅកាន់ឃុំត្រពាំងធំ មានរយៈពេល៣ថ្ងៃទើបទៅដល់។ គាត់បានរស់នៅឃុំត្រពាំងធំនោះបានប្រហែលជា១ឆ្នាំ អង្គការបានបញ្ជូនគាត់ឲ្យទៅធ្វើការនៅទំនប់លោក ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។

ជ្រា បានព្យាយាមស្វែងរកអំពីដំណឹងម្ដាយរបស់គាត់ ហើយគាត់ក៏បានទទួលដំណឹងថាម្ដាយរបស់គាត់រស់នៅ ឃុំលាយបូរ។ បន្ទាប់ពីទទួលបានដំណឹងពីម្ដាយរបស់គាត់ហើយ គាត់បានស្នើសុំអង្គការទៅរស់នៅជាមួយម្ដាយគាត់នៅឃុំលាយបូរវិញ។ មកនៅជាមួយម្ដាយមិនបានប៉ុន្មានផង អង្គការបានបញ្ជូនគាត់ឲ្យចូលធ្វើការជាកងចល័តនៅឯតំបន់សេះស។

ជ្រា ត្រូវបានអង្គការជម្លៀសទៅធ្វើការជាច្រើនកន្លែង។ គាត់និយាយថា ប្រវត្តិនៃការរស់នៅក្នុងឃុំលាយបូរគឺមានភាពលំបាកវេទនាណាស់ អាហារក៏គេមិនឲ្យបរិភោគបានគ្រប់គ្រាន់ ត្រូវបញ្ជូនឲ្យទៅធ្វើការច្រើនកន្លែង ធ្វើការច្រើនម៉ោង ពេលខ្លះអង្គការបានប្រើឲ្យគាត់ក្រោកទៅស្ទូងស្រូវតាំងពីម៉ោង១-២ទាបភ្លឺ ក៏មាន។

ការធ្វើការមិនសូវមានពេលទំនេរនោះទេពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើការទាំងយប់ទាំងថ្ងៃ។ ពេលខ្លះដោយសារតែភាពហត់នឿយ ពិបាករស់នៅក្នុងកង ជ្រា បានលួចរត់មកផ្ទះ ហើយបានត្អូញត្អែរដាក់ម្ដាយរបស់គាត់ថា៖

«ម៉ែ! ខ្ញុំហេវណាស់។ បើហេវបានអីស៊ីកូន?» 

ដោយហេតុតែឃើញកូនឃ្លានខ្លាំង ម្ដាយរបស់គាត់បានលួចដកដំឡូងមី ហើយដាក់ស្ងោរទុកឲ្យកូនយកទៅហូប ពេលស្ងោររួចបានខ្ចប់ឲ្យ ជ្រា យកទៅហូបនៅកង។ នៅពេលគាត់ត្រឡប់មកកងវិញគាត់មិនទាន់ហ៊ានចូលក្នុងកងភ្លាមៗនោះទេ ព្រោះខ្លាចតំណាងកងដឹង។

ប្រសិនបើតំណាងកងបានដឹងថាមានប្រជាជនណាម្នាក់មានលួចអាហារ ឬទ្រព្យរបស់អ្វីផ្សេងៗ នោះគេនឹងបញ្ជូនប្រជាជនម្នាក់នោះចូលធ្វើការក្នុងកងសេរី។ កងសេរីនៅពេលនោះគឺអង្គការប្រើឲ្យរែកដំបូកមួយតែម្នាក់ឯង ឲ្យហើយក្នុងពេលមួយថ្ងៃ បើរែកមិនហើយនោះទេ អង្គការមិនអនុញ្ញាតឲ្យបរិភោគអាហារឡើយ។

ជ្រា បានបន្ថែមថា នៅក្នុងមួយឆ្នាំ អង្គការបានផ្ដល់ឲ្យប្រជាជនហូបបាយបានត្រឹមតែបីខែប៉ុណ្ណោះ។ បាយដែលប្រជាជនទទួលបានត្រឹមតែម្នាក់មួយវែកទេ បន្ទាប់ពីបីខែនោះហើយ គឺមានត្រឹមតែបបររាវលាយជាមួយសម្លត្រកួន និងព្រលឹត។

វត្តអារាមនៅក្នុងសម័យនោះត្រូវបានអង្គការយកទៅធ្វើជាជំរុំសម្រាប់ដាក់ប្រជាជននៅតាមកងនីមួយៗរស់នៅ។ វត្តខ្លះយកធ្វើជាឃ្លាំងសម្រាប់ដាក់ស្រូវ អង្ករ ឬសម្ភារផ្សេងៗ។ នៅអំឡុងពេលនោះគេបានបែងចែកប្រជាជនដាក់ដោយឡែកពីគ្នា ប្រុសៗនៅកងផ្សេង ស្រីៗនៅកងផ្សេង និងចាស់ៗនៅកងផ្សេង ចំណែកឯកុមារក៏នៅកងផ្សេងដែរ។

កាលពីជំនាន់នោះ ជ្រា មិនសូវបាននៅជួបជុំជាមួយគ្រួសារនោះទេ ទាល់តែមានការប្រជុំកងទើបបានជួបគ្នា។ រហូតដល់ពេលដែលរបបខ្មែរក្រហមត្រូវបានបញ្ចប់ទើបគាត់បានរស់នៅជួបជុំជាមួយគ្រួសាររបស់គាត់ជាថ្មីឡើងវិញ៕

សម្ភាសន៍ដោយ សំ ម៉ូលីកា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin