របបដែលគ្មានសាសនា និងសាលារៀន

(តាកែវ) ៖ លឹម លន ភេទប្រុស មានអាយុ៨៤ឆ្នាំ បច្ចុប្បន្នមានទីលំនៅ នៅភូមិប្រាសាទ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ដោយមានជំងឺប្រចាំកាយ សព្វថ្ងៃគាត់រស់នៅជាមួយកូនស្រីពៅរបស់គាត់។

នៅឆ្នាំ១៩៦៨ គាត់បានផ្លាស់ប្ដូរទីលំនៅពីខេត្តតាកែវ ទៅកាន់ខេត្តបាត់ដំបង។ នៅពេលមានរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តម សីហនុ គាត់ក៏នៅតែបន្តរស់នៅក្នុងខេត្តនោះបន្ត។ នៅបន្ទាប់ពីខ្មែរក្រហមចូលកាន់កាប់អំណាចនៅក្នុងប្រទេសកម្ពុជា លន បានរៀបរាប់ថា អង្គការបានធ្វើបាបគាត់ជាខ្លាំង។ អង្គការបានឲ្យគាត់វិញខ្សែគោ។ មានថ្ងៃមួយប្រធានកងបានចុះមកហើយបានសួរគាត់ថា ក្នុងពេលមួយថ្ងៃតើគាត់វិញខ្សែបានប៉ុន្មាន? លន ក៏ឆ្លើយថា

«នៅក្នុងមួយថ្ងៃវិញបានពីរកន្ទុយ ដោយសារមានជំងឺ មិនស្រួលក្នុងខ្លួន។ ប្រសិនបើថ្ងៃណាស្រួលខ្លួនបាន៣កន្ទុយ»

ប្រធានកងក៏បាននិយាយថា ធ្វើការបានតែប៉ុណ្ណឹងម៉េចនឹងរួចថ្លៃបាយ។ ប៉ុន្មានថ្ងៃក្រោយមកក៏មានម្នាក់ទៀតមកសួរគាត់សំណួរដដែលដូចអ្នកមុន ហើយគាត់ក៏នៅតែរក្សាចម្លើយរបស់គាត់ដូចលើកមុនដែរ។

លន មានអារម្មណ៍ថា មិនស្រួលក្នុងចិត្ត គិតថាអង្គការអាចនឹងយកគាត់ទៅសម្លាប់ចោលនៅថ្ងៃណាមួយ ព្រោះមានមនុស្សជាច្រើនដែលបានមកសួរគាត់នូវសំណួរដដែលៗ ហើយបានឆ្លើយមកគាត់វិញនូវចម្លើយដដែលៗ។ គាត់ក៏បានភៀសខ្លួនទៅរស់នៅក្នុងឃុំស្នឹង។

ពេលគាត់ទៅដល់ទីនោះ អង្គការបានបែងចែកសហករណ៍ឲ្យគាត់ស្នាក់នៅ ហើយឲ្យ លន ភ្ជួររាស់ដី ដាំឪឡឹក ដាំល្ពៅ និងធ្វើស្រែចម្ការ។ គាត់បាននៅធ្វើការនៅទីនោះបានមួយរយៈ អង្គការក៏បានជម្លៀសឲ្យគាត់មកធ្វើស្រែនៅកំពីងពួយវិញ។ និងបន្ទាប់ពីធ្វើការនៅកំពីងពួយរួចហើយ ក៏ត្រឡប់ទៅធ្វើចម្ការនៅឃុំស្នឹងវិញ។

កាលពីរបបនោះអង្គការបានលុបបំបាត់សាសនា ចាប់ផ្សឹកលោកសង្ឃ វាយកម្ទេចវត្តអារាម សាលារៀន សូម្បីតែក្រដាសប្រាក់ក៏មិនអនុញ្ញាតឲ្យចាយ ទ្រព្យរបស់អ្វីទាំងអស់ត្រូវដាក់បញ្ចូលជារបស់រួម។ បើនិយាយអំពីរបបអាហារ គាត់បាននិយាយថាអង្គការឲ្យបរិភោគតែបបរ ទោះបីជារដូវប្រមូលផលស្រូវក៏ដោយ ក៏មានត្រឹមតែបបរសប៉ុណ្ណោះ។

លឹម លន បានបន្ថែមថានៅក្នុងរបបខ្មែរក្រហម មានកងឈ្លបបានទៅលួចយកការណ៍នៅខាងក្រោមផ្ទះរបស់ប្រជាជននៅពេលយប់។ ប្រសិនមានប្រជាជនណាម្នាក់និយាយមិនល្អពីអង្គការ នោះអង្គការនឹងចាប់យកទៅសម្លាប់ចោលជាមិនខាន។ ការជួបជុំគ្នាច្រើននៅក្នុងជំនាន់នោះត្រូវបានហាមឃាត់ ទោះបីធ្លាប់ស្គាល់គ្នាក៏ដោយ។

មនុស្សចាប់ផ្តើមមិនមានការទុកចិត្តគ្នាទៅវិញទៅមក។ បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានបញ្ចប់ គាត់បានត្រឡប់មករស់នៅភូមិឫស្សីស្រុក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ហើយបន្ទាប់មកក៏បានផ្លាស់ទៅរស់នៅក្នុងភូមិប្រាសាទ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ និងបានរស់នៅជួបជុំជាមួយគ្រួសាររបស់គាត់ជាថ្មីម្ដងទៀត៕

សម្ភាសន៍ដោយ សំ ម៉ូលីកា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin