ខ្មែរក្រហមជិះជាន់ប្រជាជន

(ស្ទឹងត្រែង)៖ ឡុង រ័ត្ន ភេទប្រុស មានអាយុ ៧៣ឆ្នាំ កើតឆ្នាំ១៩៥១ និងមានទីលំនៅបច្ចុប្បន្នក្នុងភូមិកោះព្នៅ (កោះព្រះនៅ) ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ រ័ត្ន មានបងប្អូន១០នាក់ ក្នុងនោះមានស្រីប្រាំនាក់។
នៅឆ្នាំ១៩៦៤ ជីតារបស់ រ័ត្ន បានមករស់នៅបុរីអូរស្វាយ នៅពេលដែលស្រុកនេះកកើតឡើងដំបូង។ ជីតារបស់គាត់មានផ្ទះកាឡុងមួយ មានលេខរៀងទី៧។ នៅឆ្នាំ១៩៦៦ ឪពុកម្ដាយរបស់ រ័ត្ន ក៏បានមករស់នៅជាមួយជីតាក្នុងបុរីអូរស្វាយ។
នៅឆ្នាំ១៩៧៥ រ័ត្ន ត្រូវបានខ្មែរក្រហមជម្លៀសចេញពីបុរីអូរស្វាយ ទៅធ្វើការក្នុងកងចល័តនៅគជចំបក់ និងនៅញឺន។ នៅទីនោះ រ័ត្ន ត្រូវធ្វើពលកម្មដោយគ្មានពេលសម្រាក និងហូបចុកមិនគ្រប់គ្រាន់។ របបអាហារ សម្រាប់កងចល័ត មានតែបាយលាយជាមួយចេក, ពោត, សណ្ដែក និងមើមក្តួច។ រ័ត្ន លើកឡើងថា សូម្បីតែដំឡូងដាំជុំវិញផ្ទះ, មាន់ដែលគាត់ចិញ្ចឹម និងត្រីដែលចាប់បាន ក៏ខ្មែរក្រហមមិនអនុញ្ញាតឲ្យគាត់ហូប និងត្រូវទុកជារបស់សមូហភាពទាំងអស់។ រ័ត្ន ថាខ្មែរក្រហមបានជិះជាន់ប្រជាជន ដោយបង្ខំឲ្យរូបគាត់ធ្វើពលកម្មទាំងមានជំងឺ។
នៅឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជាបានចូលមកដល់ក្នុងភូមិអូរស្វាយ ហើយនៅពេលនោះ ខ្មែរក្រហមបានជម្លៀសប្រជាជន និងគ្រួសាររបស់ រ័ត្ន ទៅស្រុកឆែប។ បន្ទាប់មក រ័ត្ន ក៏វិលត្រលប់មកភូមិព្រះរំកិល និងឆ្លងមករស់នៅបុរីអូរស្វាយវិញ។
ក្រោយមក រ័ត្ន បានមករស់នៅលើកោះព្នៅ ដោយប្រកបរបរធ្វើស្រែចម្ការ និងនេសាទ។ រ័ត្ន មានកូន១០នាក់ ក្នុងនោះស្រីបីនាក់។ សព្វថ្ងៃ រ័ត្ន មានជំងឺសន្លាក់ដៃជើង៕
សម្ភាសដោយ សូ នីតា ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥