ឡុង សៀង៖ អត់ចេះលួចអង្គការទើបមានជីវិតមកដល់ឥឡូវ

ឡុង សៀង អាយុ៧៨ឆ្នាំ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានជម្លៀស សៀង ទៅធ្វើការងារនៅក្បែរភ្នំដំរីរមៀល ខេត្តកំពត។ នៅទីនោះ សៀង ត្រូវធ្វើការងារ រែកដី, លើកទំនប់, ជីកប្រឡាយ និងធ្វើស្រែស្ទូងដក ជាមួយប្រជាជនមូលដ្ឋាន។ ថ្ងៃមួយនៅពេលដែល សៀង សម្រាលកូនរួចមិនយូរប៉ុន្មាន អង្គការបានចាត់តាំងគាត់ឲ្យទៅធ្វើការងាររែកដីបន្តទៀត ដែលជាហេតុធ្វើឲ្យគាត់ធ្លាក់ឈាមយ៉ាងច្រើន។ ក្រៅពីការលំបាកខាងលើ សៀង ត្រូវចុះទឹកបឹងជំនោងខាងកើត ដែលមានជម្រៅជ្រៅ និងមានសត្វឈ្លើងជាច្រើន ដើម្បីបោចស្មៅចេញ។
សៀង បានបន្តថា ជារៀងរាល់ថ្ងៃគាត់ត្រូវក្រោកពីយប់ ដើម្បីចេញទៅធ្វើការងារចាប់ពីព្រលឹមរហូតដល់ម៉ោង១១ ទើបឡើងសម្រាកហូបអាហារម្ដង។ បន្ទាប់មក សៀង ត្រូវចុះធ្វើការងារបន្តទៀតរហូតដល់ម៉ោងហូបអាហារពេលល្ងាច ប៉ុន្តែ នៅពេលដែលរវល់ខ្លាំង អង្គការបានបង្ខំឲ្យគាត់ធ្វើការងារបន្តទៀតរហូតដល់ម៉ោង១០យប់។ សៀង ត្រូវធ្វើការងាររាល់ថ្ងៃ ប៉ុន្តែរបបអាហារដែលទទួលបានគឺមិនគ្រប់គ្រាន់នេះទេ ព្រោះអង្គការដាំបបរមួយខ្ទះដាក់អង្ករបន្តិចបន្តួច លាយជាមួយព្រលឹត ឬបន្លែផ្សេងទៀត។ ចំណែកឯនៅរដូវប្រមូលផល អង្គការបានដាំបាយឲ្យប្រជាជនហូបរយៈពេលខ្លី។ បើទោះបីជាយ៉ាងណា សៀង នៅតែមិនបានហូបឆ្អែត ព្រោះភាគច្រើនគាត់បានលួចចំណែកបាយរបស់ខ្លួនទុកឲ្យប្ដីហូបបន្ថែម។
សៀង បានឲ្យដឹងទៀតថា ខ្លួនមានការអត់ឃ្លានខ្លាំង ប៉ុន្តែគាត់មិនហ៊ានលួចអាហារហូបបន្ថែមនោះទេ ព្រោះគាត់ខ្លាចអង្គការចាប់យកទៅសម្លាប់។ សៀង មានការភ័យខ្លាចដូច្នេះ ព្រោះគាត់បានឃើញអង្គការសម្លាប់មនុស្សជាច្រើនគ្រួសារទម្លាក់ក្នុងរណ្ដៅ។ ក្នុងការសម្លាប់មនុស្សនេះ ប្រសិនកុមារតូចៗ អង្គការបានទៅដណ្ដើមចេញពីដៃម្ដាយ រួចបោះឡើងលើ និងយកចំពុះទុងចាក់ទៅក្មេងនោះ រួចទម្លាក់ក្នុងរណ្ដៅជាមួយអ្នកស្លាប់ផ្សេងទៀត។
នៅខែមករា ឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ កូនៗរបស់សៀង បានត្រលប់មករស់នៅជួបជុំគ្នាវិញ។ ក្នុងចំណោមកូនរបស់សៀង១២នាក់ មានចំនួន៤នាក់ស្លាប់ក្នុងសម័យខ្មែរក្រហម ដោយសារការធ្វើការងារធ្ងន់ៗ និងហូបមិនគ្រប់គ្រាន់ ហើយ២នាក់ទៀតនៅតូច ស្លាប់ក្រោយរបបខ្មែរក្រហម។ បើទោះបីជារបប ប៉ុល ពត កន្លងផុតទៅជាយូរ រឿងរ៉ាវឈឺចាប់របស់សៀង បានដក់ជាប់នៅក្នុងចិត្តគាត់ជារៀងរហូត។ លើសពីនេះទៅទៀត ការធ្វើការងារហួសកម្លាំង និងហូបមិនគ្រប់គ្រាន់ពីអតីតកាល បានធ្វើឲ្យ សៀង មានជំងឺក្រពះពោះវៀន, ឈឺគន្លាក់ជង្គង់, សម្ពាធឈាមឡើងខ្ពស់, ងងឹតភ្នែក និងជំងឺបេះដូង នៅពេលដែលគាត់មានអាយុកាន់តែច្រើន។
នៅពេលដែលសៀង ផ្ដល់បទសម្ភាសន៍ដល់អ្នកស្ម័គ្រចិត្ត ស្ថានភាពគ្រួសាររបស់គាត់ គឺលំបាកណាស់ ព្រោះគាត់ត្រូវចិញ្ចឹមកូនប្រុសម្នាក់ដែលមានជំងឺស្លាប់មួយចំហៀងខ្លួន និងចិញ្ចឹមចៅចំនួន៦នាក់។ កាលពីមុន សៀង បានទទួលប្រាក់មួយចំនួនពីកូនប្រុសដែលឈឺ និងកូនផ្សេងៗទៀត ដើម្បីមើលជំងឺរបស់គាត់ ប៉ុន្តែមួយរយៈចុងក្រោយ ជំងឺកូវិត-១៩ បានរីករាលដាលខ្លាំង ហើយចំណូលរបស់កូនៗបានធ្លាក់ចុះ។
សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១

