ឡុង សុន៖ នៅតែស្ដាយស្រណោះកូនទាំង៦នាក់ដែលបានស្លាប់ក្នុងរបបខ្មែរក្រហម

ឡុង សុន ភេទស្រី មានអាយុ៧៩ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ សុន មានឪពុកឈ្មោះ ឌុច ឡុង ហើយម្ដាយឈ្មោះ មាស នួន និងមានបងប្អូន៤នាក់ ក្នុងនោះមានស្រី៣នាក់។ កាលពីក្មេង សុន បានចូលរៀនថ្នាក់អក្ខរកម្មរយៈពេល១ឆ្នាំ។ ក្រៅពីការរៀនសូត្រ សុន បានជួយធ្វើស្រែឪពុកម្ដាយដើម្បីចិញ្ចឹមជីវិត។ ក្រោយមក សុន រៀបការជាមួយឈ្មោះ ទូច ហឹង និងមានកូន៨នាក់ ក្នុងនោះមានស្រី៧នាក់។

នៅក្នុងសម័យ លន់ នល់ ស្ថានភាពនៅក្នុងភូមិតានប់ មានការប្រែប្រួលព្រោះមានការប្រយុទ្ធគ្នា និងយន្តហោះចូលមកទម្លាក់គ្រាប់បែកក្នុងភូមិ។ ការទម្លាក់គ្រាប់បែកនេះ បានធ្វើឲ្យផ្ទះរបស់សុន និងប្រជាជនផ្សេងទៀតត្រូវភ្លើងឆេះអស់ ហើយផលដំណាំ និងទ្រព្យសម្បត្តិ ត្រូវបានបំផ្លាញ។ បន្ទាប់ពីឆេះផ្ទះអស់ គ្រួសាររបស់សុន បានទៅរស់នៅក្នុងវត្តថ្មី ហើយពេលខ្លះលាក់ខ្លួនក្នុងលេណដ្ឋាន។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ សុន មានអាយុ៣៥ឆ្នាំ។ អង្គការបានជម្លៀសគ្រួសាររបស់សុន បានទៅរស់នៅខេត្តពោធិ៍សាត់។ ពេលទៅដល់ខេត្តពោធិ៍សាត សុន ធ្វើការកាប់ដី, រែកដី, ធ្វើស្រែ, ជាន់រហាត់បញ្ជូលទឹកក្នុងស្រែ និងការងារផ្សេងទៀត ទៅតាមអង្គការចាត់តាំង។ ជារៀងរាល់ថ្ងៃ សុន ត្រូវធ្វើការងារគ្មានពេលសម្រាក ប៉ុន្តែរបបអាហារដែលគាត់ទទួលបានបបររាវៗ មិនគ្រប់គ្រាន់នោះទេ។

ក្នុងមួយពេលអង្គការផ្ដល់អង្ករ១កំប៉ុងសម្រាប់យកទៅបបរឲ្យមនុស្ស១០នាក់ហូប បើគិតជាចំនួនកាកបបរដែលសុន និងប្រជាជនដទៃទៀតទទួលបានគឺមួយស្លាបព្រាប៉ុណ្ណោះ ហើយក្រៅពីនោះគឺជាទឹកបបរសុទ្ធសាធ។ ការលំបាកក្នុងការហូបអាហារនេះ បានធ្វើឲ្យកូនរបស់សុន ចំនួន៦នាក់ បានបាត់បង់ជីវិត ហើយប្ដី ត្រូវស្លាប់ដោយសារគ្មានថ្នាំព្យាបាលជំងឺឫសដូងបាត។ លើសពីនេះទៅទៀត សុន បានបាត់បង់បងម្នាក់ដែលជាធ្វើជាមេព្រៃ ព្រមទាំងក្រុមគ្រួសារទាំងមូល ដែលត្រូវបានអង្គការខ្មែរក្រហមយកទៅសម្លាប់យ៉ាងអយុត្តិធម៌។ ភាពសាហាវឃោរឃៅនេះ មិនមែនកើតឡើងត្រឹមតែគ្រួសារបស់គាត់ទេ ព្រោះ សុន បានឃើញឈ្មោះ ប៉ើក ចាប់មនុស្សចង និងវាយធ្វើបាបយ៉ាងព្រៃផ្សៃ រួចបណ្ដើរចេញទៅបាត់ដោយគ្មានថ្ងៃត្រលប់មកវិញ។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សុន បាននាំកូនត្រលប់មករស់នៅខេត្តតាកែវវិញ។ នៅពេលធ្វើដំណើរតាមផ្លូវ សុន បានជួបការលំបាកខ្លាំង ព្រោះគាត់ត្រូវដើរដោយថ្មើរជើង និងរុញរទេះដាក់អីវ៉ាន់បន្តិចបន្តួច។ ពេលមកដល់ភូមិតានប់ សុន បានរៀបចំកន្លែងរស់នៅ និងចាប់ផ្ដើមធ្វើនំបញ្ចុកលក់នៅសាលាអង្គអេង។ នៅពេលដែល សុន មានអាយុកាន់តែច្រើន ផលវិបាកពីអតីតកាល បានធ្វើឲ្យគាត់មានជំងឺប្រចាំកាយជាច្រើនដូចជា៖  ជំងឺបេះដូង, ក្រពះ, ងងឹតភ្នែកម្ខាង និងលើសសម្ពាធឈាម។ លើសពីនេះទៅទៀត សុន នៅតែស្ដាយស្រណោះកូនរបស់គាត់ដែលបានបាត់បង់ជីវិតនៅក្នុងសម័យខ្មែរក្រហម។

សម្ភាសដោយ៖ កែប ម៉ៃ សុជាតា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin