លុក ហ៊ល៖ គ្មានពាក្យថាស្រួល និងហូបឆ្ងាញ់នោះទេ

លុក ហ៊ល ភេទប្រុស អាយុ៦៦ឆ្នាំ មានស្រុកកំណើតនៅ សង្កាត់បឹងត្របែក រាជធានីភ្នំពេញ។ បច្ចុប្បន្ន ហ៊ល រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ហ៊ល ឈ្មោះ លុក ថូ ហើយម្ដាយឈ្មោះ ឈុន អុល និងមានបងប្អូន៣នាក់(ស្រី២នាក់)។ ហ៊ល មានប្រពន្ធឈ្មោះ ឯក ណារ៉ា និងមានកូន៤នាក់ ក្នុងនោះមានស្រី២នាក់។ ហ៊ល ចូលរៀនដំបូងក្នុងឆ្នាំ១៩៦៣ នៅសាលាបឋមសិក្សា ឈាវនានាង(ផ្សារដើមថ្កូវ) រួចបន្តចូលសិក្សានៅវិទ្យាល័យបឹងកេងកង។
នៅក្នុងសម័យ លន់ នល់ ម្ដាយរបស់ហ៊ល មានមុខរបរជាអ្នកដាំបន្លែលក់ក្នុងផ្សារ ហើយឪពុកធ្វើជាកម្មករ។ ចំណែក ហ៊ល នៅសិក្សារៀនសូត្រគាត់ ហើយបងស្រីរបស់គាត់ម្នាក់បានជួយឪពុកម្ដាយធ្វើការ និងបងស្រីម្នាក់ទៀតមានគ្រួសារ រួចធ្វើដំណើរទៅតាមប្ដីចូលរួមជាមួយក្រុមរំដោះ។ នៅខែមេសា ឆ្នាំ១៩៧៥ គ្រួសាររបស់ហ៊ល បានជម្លៀសចេញពីផ្ទះ មុខវិទ្យាល័យបឹងត្របែក ដោយថ្មើរជើង ទៅកាន់ផ្លូវជាតិលេខ១។ ដោយសារតែមនុស្សច្រើនកកកុញខ្លាំងពេក ទើបគ្រួសាររបស់ហ៊ល ត្រូវសម្រាកនៅរង្វង់មូលក្បាលថ្នល់មួយយប់ រួចឆ្លងស្ពានច្បារអំពៅ ទៅដល់ព្រែកប្រា និងបន្តដំណើដើរទៅរកវត្តព្រែកសំរោង តាខ្មៅ។ បន្ទាប់មក គ្រួសារហ៊ល បានធ្វើដំណើរតាមផ្លូវជាតិលេខ២១ កាត់តាមស្អាងកោះធំ ខេត្តកណ្ដាល ទើបទៅដល់ភូមិដូង ឃុំចំប៉ីយ ស្រុកបាទី ខេត្តតាកែវ ដែលជាស្រុកកំណើតម្ដាយ។
ពេលទៅដល់ភូមិដើមដូង អង្គការបានចាត់តាំង ហ៊ល ឲ្យចូលទៅរស់នៅក្នុងក្រុមយុវជនភូមិ ដើម្បីធ្វើការងារ លើកជំនប់បឹងជីងលោម និងស្វាយក្រហម។ ហ៊ល ធ្វើការនៅក្នុងភូមិដើមដូង បានរយៈពេលជិត១ឆ្នាំ ទើបអង្គការបញ្ជូនឲ្យទៅរស់នៅភូមិត្រពាំងលាន ឃុំចំបក់ និងចាប់ផ្ដើមចូលធ្វើការងារនៅក្នុងកងចល័តយុវជន។ នៅក្នុងកងចល័ត ហ៊ល ធ្វើការងារជីកព្រែក និងលើកប្រឡាយ ហើយរដូវវស្សា ធ្វើស្រែ ដក ស្ទូង និងដាំដំណាំពោតនៅស្រុកព្រៃកប្បាស។ នៅការដ្ឋានការងារ យុវជនទាំងអស់មិនអនុញ្ញាតឲ្យត្រលប់ទៅលេងផ្ទះនោះទេ ហើយប្រសិនបើមានអ្នកធ្វើខុស នោះប្រធានកងចាប់ទះកំភ្លៀង។
នៅឆ្នាំ១៩៧៧ អំឡុងពេល ហ៊ល ដកសំណាប នៅភូមិវាលប្រិយ ឃុំចំបក់ គាត់បានឃើញអង្គការចាប់ឈ្មោះ ខុម ធ្វើការនៅក្នុងកងភ្ជួរស្រែ។ ហ៊ល បានរៀបរាប់ថា ខុម និងកងភ្ជួរត្រូវក្រោកតាំងពីម៉ោង២យប់ ទៅស្រែ ដើម្បីភ្ជួរ និងរាស់ដី រហូតដល់ព្រឹកម៉ោង៨ ទៅម៉ោង៩ព្រឹក ដើម្បីឲ្យយុវជនកងចល័ត ចុះស្ទូងស្រូវ។ ថ្ងៃនោះ យុវជនបានចុះទៅស្ទូងលើផ្ទៃដីដែលធ្វើទីរួចរាល់ ទើបឈ្មោះ ឆាន់ ត្រូវជាមេកងបានប្រើមនុស្សម្នាក់ឲ្យទៅហៅ ខុន ឲ្យមកធ្វើការបន្ថែមទៀត។ នៅពេលដែលនីរសារទៅហៅ ខុន បានបដិសេធ ព្រោះគោដែលគាត់ភ្ជួរ និងរាស់ដីនោះ ដើរស្ទើរតែមិនរួច ព្រោះធ្វើការងារខ្លាំងពេក។ នីរសារ បានយកសំដី ខុន ទៅរាយការណ៍ភ្លាមៗហើយ ឆាន់ បានប្រាប់ទៅនីរសារវិញថា “បើរាស់គោមិនរាស់ យកមនុស្សមករាសមើល”។ នីរសារ បានទៅហៅ ខុន រួចកងឈ្លបបានចាប់គាត់ចងស្លាបសេក និងបណ្ដើរចេញទៅមន្ទីរសន្តិសុខ។ នៅតាមផ្លូវធ្វើដំណើរកងឈ្លបបានធាក់ ខុន ឲ្យដួលច្រងាប់ច្រងិលជាច្រើនដង រហូតទៅដល់ទួលមួយ ទើបគាត់រត់ទៅឡើងដើមត្នោងក្បែរនោះ និងចាប់យកកាំបិទត្នោតមកគម្រាមសម្លាប់ខ្លួន។ បន្ទាប់មកទៀត ហ៊ល បានឃើញកងឈ្លបហៅ ខុន ឲ្យចុះមកវិញ ប៉ុន្តែគាត់បដិសេធ រហូតដល់ មេឃុំចេញមកនិយាយលួងលោមឲ្យចុះ និងចាប់យកទៅឃុំនៅវត្តកោះ និងបាត់ដំណឹងរហូតមក។ ហ៊ល បានបន្តថា យុវជនកងចល័តឃុំទាំងអស់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់មេកងម្នាក់ ហើយមេកងស្ថិតក្រោមការគ្រប់គ្រងរបស់មេឃុំ។ ប៉ុន្តែនៅពេលដែលយុវជនធ្វើការងារ គឺមានមេកងឈ្លបម្នាក់ទៀតនៅចាំមើល។
ហ៊ល បានរៀបរាប់បន្តថា ការងាររបស់គាត់គឺគ្មានពេលសម្រាកនោះទេ ដោយពេលខ្លះអង្គការចាត់តាំងក្រុមយុវជនឲ្យទៅកម្ទេចព្រះពុទ្ធរូបនៅក្នុងវត្តអង្គសឹង និងវត្តអូព័ទ្ធ និងយករូបព្រះពុទ្ធទៅបោះចោលក្នុងស្រះទឹក។ បន្ទាប់មក ចូលដល់រដូវប្រាំង អង្គការបានបញ្ជូន ក្រុមយុវជនឲ្យទៅធ្វើការងារជីកព្រែកនៅ ម្ដុំអូរកូនត្រុំ ខេត្តកំពង់ស្ពឺ។ អំឡុងពេលធ្វើការងារជីកព្រែក ហ៊ល បានជួបទុក្ខវេទនាខ្លាំង ព្រោះត្រូវធ្វើការកាត់ព្រៃភ្នំស្ទើរតែ២៤ម៉ោង ហើយគ្មានអាហារហូបតិចតួច ដោយក្នុងមួយពេលបានត្រឹមបបរ៣ស្លាប់ព្រា។
នៅឆ្នាំ១៩៧៨ ហ៊ល និងក្រុមយុវជន បានត្រលប់មកធ្វើការងារនៅក្នុងឃុំចំបក់វិញ ហើយការធ្វើការងារបានធូរស្រាលជាងមុន ព្រោះពេលនោះអង្គការឈប់រើសអើងប្រជាជន ១៧ មេសា បន្តទៀត និងបានផ្ដល់ឱកាសឲ្យយុវជនទាំងអស់ទៅធ្វើជាទាហាននៅព្រំដែនវៀតណាម។ ចំណែកឯអ្នកដែលបដិសេធមិនទៅធ្វើជាយោធា អង្គការតម្រូវឲ្យរៀបការនៅក្នុងសហករណ៍។ ចំពោះការរៀបការ អង្គការអនុញ្ញាតឲ្យយុវជន និងយុវនារី ជ្រើសរើសគូដោយខ្លួនឯង រួចដាក់សំណើរទៅមេកង ដើម្បីឲ្យកម្មាភិបាលនៅក្នុងភូមិរៀបចំប្ដេជ្ញាជុំគ្នា។ នៅខែតុលា ឆ្នាំ១៩៧៨ ហ៊ល បានស្ម័គ្រចិត្តប្ដេជ្ញាជាមួយ ណារ៉ា។ បន្ទាប់ពីរៀបការរួច អង្គការបានចាត់តាំងគ្រួសារហ៊ល ឲ្យទៅរស់នៅភូមិបឹងលាច ឃុំចំបក់។ នៅភូមិបឹងលាច ប្ដីប្រពន្ធរបស់ ហ៊ល ត្រូវចេញទៅធ្វើការងារផ្សេងគ្នា ដោយប្រពន្ធត្រូវធ្វើការងារនៅក្នុងកងម៉ែៗដាំដំណាំ នៅខ្វាវ ស្រុកសំរោង ហើយ ហ៊ល ទៅដាំដំណាំនៅព្រៃលើ ជិតភ្នំតាម៉ៅ និងយូរៗមកជួបគ្នាម្ដង។ នៅពេល ហ៊ល រៀបការរួចការងាររបស់គាត់បានធូរស្រាលជាងមុនបន្តិច ហើយហូបអាហារបានគ្រាន់បើជាងមុន ព្រោះរស់នៅមូលដ្ឋាន។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ហ៊ល ចូលធ្វើការងារជាកម្មករចម្ការដូង ក្រោមចំណុះរបស់មន្ទីរកសិកម្មខេត្ត។ ដល់ឆ្នាំ១៩៨០ ហ៊ល បានទៅរៀនបន្តផ្នែកគ្រប់គ្រងធនធានជលផល នៅខេត្តតាកែវ ព្រោះពេលនោះគេចាប់ផ្ដើមរៀបចំរចនាសម្ព័ន្ធជលផល និងព្រៃឈើឡើងវិញ។ ចំពោះរបបខ្មែរក្រហម ហ៊ល បានរៀបរាប់ថា គ្មានពាក្យថាស្រួលណាស់ និងហូបឆ្ងាញ់ណាស់ទេ។ ហ៊ល មិនចង់ឲ្យរបបប្រល័យពូជសាសន៍មួយនេះត្រលប់មកវិញ ហេតុនេះហើយបានជាគាត់លើកយកការលំបាករបស់ខ្លួនដែលបានឆ្លងកាត់ប្រាប់យុវជនជំនាន់ក្រោយ ប៉ុន្តែក្មេងមួយចំនួនមិនជឿជាមួយសម្ដីគាត់។
សម្ភាសដោយ៖ កែប ម៉ៃសុជាតា ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

