លុន រី៖ គ្រួសារនាយទុន សក្ដិភូមិ

លុន រី[1] អាយុ៦៨ឆ្នាំ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ កាលពីក្មេង រី បានចូលរៀនត្រឹមថ្នាក់ទី២ និងចេះអានអក្សរបន្តិចបន្តួច។ ស្ថានភាពគ្រួសាររបស់រី ក្នុងពេលនោះ គឺធូរធារ មានហូបចុកគ្រប់គ្រាន់ ព្រោះគាត់ជាកូនអ្នករកស៊ី ហើយបងប្រុសច្បងធ្វើជាទាហានសម័យសង្គមរាស្រ្ដនិយម។

នៅក្នុងសម័យ លន់ នល់ ការរស់នៅរបស់គ្រួសាររី បានជួបប្រទះនូវការលំបាក ព្រោះមានសង្គ្រាមប្រយុទ្ធគ្នា, ផ្លោងគ្រាប់បែក និងការទម្លាក់គ្រាប់បែកពីលើយន្តហោះ។ ការប្រយុទ្ធគ្នានេះបានធ្វើឲ្យបងថ្លៃរបស់រីម្នាក់ ត្រូវគ្រាប់ផ្លោងស្លាប់​នៅពេលដែលគាត់ចេញទៅរាយម៉ងរកត្រីនៅបឹងវាលសំណាប ខាងអរិក្សត្រ។ នៅពេលដែលបងថ្លៃស្លាប់ គ្រួសាររី មិនអាចទៅយកសាកសពមកភ្លាមៗទេ ព្រោះគ្រាប់បែកផ្លោងនៅតែបន្តធ្លាក់ ដែលជាហេតុធ្វើឲ្យសពត្រូវត្រាំនៅក្នុងទឹកមួយយប់ ទើបអាចទៅយកមកបាន។

នៅខែមេសា ឆ្នាំ១៩៧៥ យោធាខ្មែរក្រហមបានទទួលជ័យជម្នះលើទាហាន លន់ នល់ ទាំងស្រុង។ ចាប់តាំងពីពេលនោះមក រី បានបាត់ដំណឹងបងប្រុសច្បងមករហូត។ បន្ទាប់មក អង្គការបានជម្លៀសគ្រួសាររបស់រី ទៅរស់នៅបន្ទាត់កោះ ស្រុកភ្នំស្រុក ខេត្តបាត់ដំបង។ នៅខេត្តបាត់ដំបង តំបន់ដែលគ្រួសាររីជម្លៀសទៅមិនសូវមានមនុស្សច្រើនរស់ទេ ហើយអង្គការបានឲ្យគាត់សម្រាកលើពំនូកចំបើងដែលមានសត្វក្អែបជាច្រើន រួមជាមួយគ្រួសារជនជាតិចិនដទៃទៀត។ ចំពោះទ្រព្យសម្បត្តិ និងសម្ភារប្រើប្រាស់របស់គ្រួសាររី ដែលយកទៅតាមខ្លួនទាំងអស់ត្រូវបានអង្គការប្រមូលយកទៅដាក់ជាសម្បត្តិរួមទាំងអស់ ហើយការហូបអាហារខ្វះខាតយ៉ាងខ្លាំង។ ដើម្បីចម្អែតក្រពះ គ្រួសាររបស់រី បានដើររកត្រី, ក្ដាម, កង្កែប យកទៅចំអិនលាយជាមួយស្លឹកឈើ, ម្ជូរក្រសាំង ឬជ្រកផ្លែត្រកៀបក្ដាម និងលាយជាមួយអំបិលបន្តិចបន្តួច ដែលទទួលបានមកពីម្ដាយធម៌របស់រី។ រី បានឲ្យដឹងថា ម្ដាយធម៌របស់គាត់ ដែលជាអ្នកមូលដ្ឋាន ចិត្តល្អណាស់ គាត់បានលួចឲ្យអាហារ និងអំបិលម្ដងបន្តិចៗទៅគ្រួសាររីជាញឹកញាប់។ លើសពីនេះទៅទៀត ដោយមើលឃើញពីស្ថានភាពលំបាករបស់គ្រួសាររី ម្ដាយធម៌របស់គាត់ បានទៅសុំអង្គការឲ្យធ្វើខ្ទមមួយសម្រាប់គ្រួសាររី ប៉ុន្តែត្រូវបានអង្គការបដិសេធ និងធ្វើតែរោងមួយរួចក្រាលចំបើងឲ្យសម្រាកដដែល។

រី បានបន្តថា អង្គការបានចាត់ទុកគ្រួសាររបស់គាត់ជា ពួកនាយទុន មានស្បែកសស្អាត មានផ្ទះសមរម្យ (ជណ្តើរ ៥ កាំ) និងមានមុខរបរអាជីវកម្មបន្តិចបន្តួចកាលពីសម័យមុន ទើបអង្គការមិនព្រមធ្វើខ្ទមឲ្យរស់នៅ។ មួយវិញទៀត សម្រាប់គ្រួសារនាយទុន គឺមានមិនមានសិទ្ធអ្វីទាំងអស់ ហើយរបបអាហារមានត្រឹមតែបបររាវៗជាប្រចាំ និងរង់ចាំរហូតដល់រដូវច្រូតកាត់ ទើបបានហូបបបរខាប់បន្តិច។ អ្វីដែលកាន់តែភ័យខ្លាចនោះ ប្រសិនបើ គ្រួសារនាយទុន ធ្វើខុសអ្វីមួយសូម្បីតែបន្តិចបន្តួច ក៏ត្រូវអង្គការវាយធ្វើបាប ឬយកទៅ “កសាង” ឬ “អប់រំ។

ជាក់ស្ដែង នៅពេលដែលឪពុករបស់រី ជាន់ធ្វើបង្គីមិនបានស្អាតតាមការកំណត់របស់អង្គការ កម្មាភិបាលខ្មែរក្រហមបានយកគល់ឫស្សីមកវាយចង្កេះគាត់ពីក្រោយពីរដងយ៉ាងព្រៃផ្សៃ និងបណ្ដាលឱ្យគាត់រងរបួសជាទម្ងន់។ នៅពេលដែលត្រូវរបួស ឪពុករបស់រី បានសម្រាកស្រែកថ្ងូរពីការឈឺចាប់ចង្កេះ និងណែនក្នុងទ្រូងយ៉ាងខ្លាំងនៅលើគ្រែ ព្រោះគ្មានថ្នាំព្យាបាល។ ស្ថានភាពជំងឺរបស់ឪពុករី មានសភាពធ្ងន់ធ្ងរទៅពីមួយថ្ងៃទៅមួយថ្ងៃ ​ហេតុនេះហើយបានជាគាត់ ផ្ដាំឲ្យរី មើលថែម្ដាយ និងបងប្អូនទាំងអស់។ ម្យ៉ាងវិញទៀត ឪពុករបស់រី បានប្រាប់ឲ្យកូនខំប្រឹងធ្វើការងារឲ្យខ្លាំង ព្រោះមិនចង់ឲ្យអង្គការយកទៅវាយសម្លាប់។​

បន្ទាប់មក អង្គការបានហៅម្ដាយ, បងស្រី និងក្មួយៗប្រមាណ៤នាក់ រួមជាមួយប្រជាជនថ្មីមួយចំនួនទៀត ឲ្យឡើងលើទូកងរ រួចជិះចេញទៅបាត់ដំណឹងរហូតមក។ រី បានបន្តថា កងសេនាជន អាយុប្រមាណពី៨ ទៅ១២ឆ្នាំ គឺជាអ្នកវាយសម្លាប់មនុស្សចាស់ៗសាហាវណាស់ ជាពិសេសប្រជាជន ដែលលួចហូបមាន់ ឬដំណាំ នៅក្នុងផ្ទះខ្លួនឯង។

ចំណែក រី អង្គការបានរៀបចំឲ្យគាត់ឲ្យប្ដេជ្ញាជាមួយយុវជនម្នាក់នៅក្នុងសហករណ៍។ បន្ទាប់ពីរៀបការរួចមានកូនម្នាក់ អង្គការបានចោទប្រកាន់ប្ដីរបស់រី ថាជាអតីតទាហាននៅក្នុងសង្គមចាស់ និងចាប់យកទៅសម្លាប់ចោល។ ថ្ងៃមួយអង្គការបានចាត់តាំង រី ឲ្យទៅធ្វើការងារ លើកទំនប់ណាំតាវ ព្រៃមាន់ ដែលជាកន្លែងលំបាក់ខ្លាំង ព្រោះកងឈ្លបបានវាយធ្វើបាបយុវជនខ្លាំង។ ពេលទៅដល់ការដ្ឋានការងារ អង្គការមិនបានធ្វើខ្ទមឲ្យស្នាក់នោះទេ គឺយុវជនទាំងអស់ត្រូវដេកហាលវាលក្រោមដើមឈើ ហើយប្រសិនបើអ្នកណាមានអង្រឹង អាចចងលើដើមឈើបាន។ ចំពោះ រី បានយកអង្រឹងរបស់គាត់ទៅចងលើដើមឈើខ្ពស់ៗ ដើម្បីការពារសត្វសាហាវចូលមកម្ដងៗ។ នៅពេលធ្វើការងារ មានយុវជនមួយចំនួន បានធ្លាក់ពីលើខ្នងទំនប់ស្លាប់ និងខ្លះទៀតសន្លប់ ប៉ុន្តែ រី មានសំណាងដែលមានរបួសត្រឹមតែគ្រេចចង្កេះ នៅពេលដែលធ្លាក់ពីលើទំនប់។

នៅចុងឆ្នាំ១៩៧៨ អង្គការបានហៅយុវជនកងចល័តទាំងអស់ទៅប្រជុំនៅម៉ោងប្រមាណជិត៤រសៀល។ អំឡុងពេលប្រជុំ អង្គការបានប្រកាសឲ្យអ្នកចង់ទៅផ្ទះលើកដៃ និងបែងចែកឲ្យនៅដាច់ពីគ្នា។ នៅពេលប្រជុំចប់ មានកងឈ្លបចំនួន៥នាក់ បណ្ដើរយុវជនជាច្រើនរយនាក់ដែលលើកដៃចេញពីការដ្ឋានការងារទាំងយប់ ហើយអ្នកដែលមិនលើកដៃត្រូវបន្តស្នាក់នៅដដែល។ ចំពោះ រី គាត់បានដឹងពីផែនការមុនរបស់អង្គការ ហេតុនេះហើយបានជាគាត់ហាមប្អូនគាត់ម្ដងហើយម្ដងទៀតកុំឲ្យលើកដៃពេលប្រជុំ។ លុះដល់ព្រឹកឡើងម៉ោងប្រមាណ៥ភ្លឺ អង្គការបានអនុញ្ញាតឲ្យ រី និងយុវជនដែលនៅសល់ដើរត្រលប់ទៅភូមិវិញដោយខ្លួនឯង និងគ្មានអាហារជាប់ខ្លួន។ នៅតាមផ្លូវធ្វើដំណើរ រី បានឃើញសាកសពមនុស្សជាច្រើននាក់ ដែលអង្គការបណ្ដើរចេញពីការដ្ឋានការងារកាលពីយប់ម៉ិញ ទើបគាត់ដឹងច្បាស់ថាការគិតរបស់ខ្លួនមិនខុស។ ពេលឃើញដូច្នេះ រី មានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង ប៉ុន្តែមិនដឹងធ្វើយ៉ាងដូចម្ដេច។

រី និងយុវជនកងចល័ត បានចំណាយពេលពេញមួយថ្ងៃ ទើបដើរទៅដល់ភូមិនៅម៉ោងប្រមាណ៥ល្ងាច។ មុនពេលចូលផ្ទះ រី បានឆ្លៀតពេលបេះផ្លែត្រកៀតក្ដាមយកទៅហូបបន្ថែមទៀត។ នៅក្នុងសហករណ៍ អង្គការបានរៀបចំធ្វើពិធីជប់លៀអបអរសាទរការជីកប្រឡាយរួច។ មុនដំបូងអង្គការអនុញ្ញាតឲ្យប្រជាជនទាំងអស់ចូលរួម ប៉ុន្តែដោយសារចាស់ៗពិបាកក្នុងការធ្វើដំណើរ ទើបមានតែក្មេងៗចូលរួម។ នៅថ្ងៃកម្មវិធី រី និងប្រជាជន បានទៅចូលរួមមើលសិល្បៈច្រើនកកកុញ ប៉ុន្តែស្រាប់តែមានខ្យល់ និងភ្លៀងខ្លាំងធ្លាក់មក ទើបប្រជាជនត្រលប់ទៅផ្ទះវិញ។ នៅថ្ងៃបន្ទាប់ រី បានទៅឃើញកន្លែងកម្មវិធីកាលពីយប់ មានបង្កប់មីនទាក់ខ្សែក្នុងរណ្ដៅជុំវិញ ក្នុងគោលបំណងបំផ្ទុះសម្លាប់ប្រជាជន។

នៅខែមករា ឆ្នាំ១៩៧៩ កងទ័បស្ម័គ្រចិត្តវៀតណាម បានវាយទៅដល់តំបន់ដែល រី រស់នៅ។ រី និងប្រជាជននៅក្នុងភូមិ បានរៀបចំសម្ភារ, ចាន, ឆ្នាំង និងកន្ទេលរួចធ្វើដំណើរចេញពីភូមិ ដើម្បីគេចពីគ្រាប់បែក។ នៅពេលភៀសខ្លួន រី បានឈ្លៀតពេលរត់ចាប់សត្វគោមួយដើម្បីឲ្យជួយដឹកកន្ទេល និងសម្ភាររបស់គាត់ ប៉ុន្តែត្រូវបានគោអូសឲ្យរបួស។ បន្ទាប់មក នៅពេលដែលធ្វើដំណើរជិតទៅដល់ខេត្តសៀមរាម យោធាខ្មែរក្រហមបានមកតាមកៀរប្រជាជនឲ្យត្រលប់ទៅវិញ ហើយបានបាញ់សម្លាប់ប្រជាជនភ្លាមៗនៅពេលដែលមានអ្នកហ៊ានប្រឆាំង។ ជាសំណាងល្អ កងទ័ពស្ម័គ្រចិត្តវៀតណាម បានចូលមកជួយទាន់ពេលវេលា ទើប គ្រួសាររី អាចធ្វើដំណើរដល់ខេត្តសៀមរាម។

នៅខេត្តសៀមរាប មានប្រជាជនចិត្តល្អ បានអនុញ្ញាតឲ្យ រី ចូលទៅច្រូតស្រូវក្នុងស្រែ និងផ្ដល់ត្បាលបុកស្រូវឲ្យគាត់ខ្ជីបន្ថែមទៀត។ នៅពេលបានអង្ករសមល្មម រី បាននាំកូនម្នាក់, ក្មួយ និងប្អូនម្នាក់ ធ្វើដំណើរមកមុខបន្តទៀត ទើបបានជួបកងទ័ពស្ម័គ្រចិត្តវៀតណាមចិត្តល្អផ្ដល់ខោមួយទៀតឲ្យគាត់ស្លៀក។ រី បន្តថា មុនពេលបានខោពីកងទ័ព គាត់ត្រូវស្លៀកមុងនៅពេលយប់ ហើយសម្លៀកបំពាក់មួយសម្រាប់ដែលគាត់មានត្រូវយកទៅបោកហាល និងស្លៀកនៅថ្ងៃបន្ទាប់។

រី និងសាច់ញាតិ បានធ្វើដំណើរទៅដល់ស្រុកកំណើតវិញ និងបានទទួលដីមួយចំនួនសម្រាប់រស់នៅ និងរកស៊ី។ ក្រោយមក រី បាននាំកូនរបស់គាត់ទៅរស់នៅទីក្រុងភ្នំ ព្រោះនៅក្នុងភូមិគាត់លក់ដូរមិនដាច់។ នៅទីក្រុងភ្នំពេញ រី រកស៊ីលក់ដូររហូតមានប្រាក់ទិញដី និងធ្វើផ្ទះសម្រាប់រស់នៅ ហើយដីនៅក្នុងភូមិមានអ្នកចូលទៅគ្រប់គ្រងយកបាត់។ បន្ទាប់មក រី បានរៀបការម្ដងទៀត និងមានកូន៤នាក់បន្ថែម។ ការរៀបការថ្មីនេះ មិនបានធ្វើឲ្យរី ធូរស្បើយឡើង ព្រោះប្ដីរបស់គាត់បានស្លាប់ចោលម្នាក់ទៀត ដែលជាហេតុធ្វើឲ្យគាត់ត្រូវរកស៊ីចិញ្ចឹមកូនតូចៗតែម្នាក់ឯងយ៉ាងលំបាក។

នៅក្នុងសម័យខ្មែរក្រហម រី បានបាត់ដំណឹងបងប្រុសម្នាក់ដែលចូលទៅធ្វើជាទាហាន ហើយឪពុកម្ដាយ,​ ប្ដី, បងស្រី និងក្មួយប្រមាណ៤នាក់ បានបាត់បង់ជីវិតនៅពេលនោះ។ បើទោះបីជារបបខ្មែរក្រហមកន្លងផុតទៅជាយូរ រី នៅតែនឹកឃើញ និងបានទៅធ្វើបុណ្យឧទ្ទិសកុសលផលបុណ្យ ដល់សាច់ញាតិដែលបានបាត់ខ្លួន និងបាត់បង់ជីវិតក្នុងរបបនោះ។ មួយវិញទៀត ភាពភ័យខ្លាច និងរឿងរ៉ាវដែលដក់ក្នុងចិត្ត បានធ្វើឲ្យ រី មិនហ៊ានបរិភោគ ដក់ដឿ មកដល់ឥឡូវ ព្រោះនៅក្នុងរបបខ្មែរក្រហម គាត់បានឃើញម្ដាយចិញ្ចឹមដង្កូវនាង និងជាអ្នកទាញយកសូត្រ។

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦

[1] ជួបជាមួយឈ្មោះ លុន រី នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១, សម្ភាសន៍ដោយខុំ ស្រីនោរ, ក្នុងគម្រោងការលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin