មាញ សារើន៖ ធ្វើការនៅក្នុងកងកុមារឃុំសន្លុង

(តាកែវ) មាញ សារើន អាយុ៥៩ឆ្នាំ រស់នៅភូមិជ្រៃ ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ សារើន ចងចាំថា មានរថក្រោះ និងយន្តហោះមកទម្លាក់គ្រាប់បែក នៅក្នុងភូមិជ្រៃ។ នៅពេលដែលមានការទម្លាក់គ្រាប់ ឬរថក្រោះចូលមក គ្រួសាររបស់សារើន តែងតែរត់ភៀសខ្លួនចូលក្នុងព្រៃ ប៉ុន្តែម្ដាយរបស់គាត់ដែលទើបសម្រាលកូនរួចត្រូវនៅចាំផ្ទះ។ ក្រៅពីការត់ចូលព្រៃ សារើន ត្រូវលាក់ខ្លួនក្នុងលេណដ្ឋានជាញឹកញាប់ ហើយលើខ្លួនត្រូវយកខ្ទឹមមកចងព្យួរនៅក ដើម្បីការពារថ្នាំ។ បន្ទាប់ពីទម្លាក់គ្រាប់បែករួច ផ្ទះមួយចំនួនរបស់ប្រជាជនត្រូវភ្លើងចេះអស់ ហើយផ្លូវថ្នល់ទាំងអស់ត្រូវបានកាត់ផ្ដាច់។ ចំណែកអ្នករបួស និងស្លាប់ ក្នុងសមរភូមិ ត្រូវបានកងនារី សែងពីក្រោម មកយកទៅដាក់តាមថ្នល់ ដើម្បីឲ្យក្រុមផ្សេងទៀតបញ្ជូនទៅបន្តទៀត ប៉ុន្តែមិនដឹងថាយកទៅណានោះទេ។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានទទួលជ័យជម្នះ លើរបប លន់ នល់ ទាំងស្រុង។ នៅពេលទទួលជ័យជម្នះ សារើន មានអាយុប្រមាណ១៣ឆ្នាំ និងបានចូលទៅរស់នៅ និងធ្វើការងារនៅក្នុងកងកុមារប្រមូលផ្ដុំ។ ចំណែកប្រជាជនផ្សេងទៀតដែលរស់នៅភូមិជ្រៃ ត្រូវបានអង្គការរំសាយ រួចបញ្ជូនឲ្យទៅធ្វើការងារនៅកន្លែងផ្សេង។ នៅក្នុងកងកុមារប្រមូលផ្ដុំ សារើន គឺជាប្រជាជនមូលដ្ឋាន ប៉ុន្តែត្រូវទៅធ្វើការងារជាមួយកុមារ ១៧មេសា នៅវត្តជួស ភូមិជួស។
នៅវត្តជួស សារើន និងកុមារទាំងអស់ត្រូវចេញទៅធ្វើការងារទៅតាមរដូវកាល។ នៅរដូវធ្វើស្រែ សារើន ត្រូវចេញទៅធ្វើការដកសំណាប ឬហុចកណ្ដាប់សំណាបឲ្យកងនារីស្ទូង។ រហូតដល់ពេលស្រូវបែកគុម្ព សារើន ត្រូវចេញបោចស្មៅនៅក្នុងស្រែបឹងជិតភូមិបន្ទាយ និងភូមិជួស។ នៅពេលខែទឹកស្រក អង្គការបញ្ជូនគាត់ទៅកាត់ស្មៅនៅភូមិជ្រលុងទៀន ដើម្បីធ្វើស្រែប្រាំង។ ផុតពីការងារធ្វើស្រែ សារើន និងកុមារត្រូវទៅលើកប្រឡាយដល់ភ្នំកុង ស្រុកលើ និងតំបន់ផ្សេងៗទៀត រហូតដល់រដូវវស្សា ចូលមកធ្វើស្រែបន្តទៀត។ ក្រៅពីការងារខាងលើ សារើន ត្រូវធ្វើការងារ រែកដីដំបូក, កាត់ដើមកន្ទ្រានខែត្រ, សែងលាមកពីបង្គន់យកទៅហាល រួចយកទៅលាយផេះ, ដាំដំឡូងនៅព្រៃលើ និងការងារផ្សេងៗទៀតដោយមិនមានពេលទំនេរ។
ពេលចេញទៅធ្វើការងារ មុនដំបូងកុមារអាចរៀនអក្សរនៅក្រោមផ្ទះ ឬក្រោមដើមឈើ ប៉ុន្តែក្រោយមកគឺឈប់រៀនតែម្ដង។ ចំពោះការហូបអាហារ គឺមិនគ្រប់គ្រាន់នោះទេ ប្រសិនបើអ្នកណាកម្លាំងទី១ បានបាយ៣វែកស ហើយបើសល់អាចថែមបន្តិចទៀត ប៉ុន្តែអ្នកដែលធ្វើការមិនបានច្រើន ឬមិនសូវមានកម្លាំងធ្វើការងារ អង្គការដកបាយនៅសល់តែ ១វែកស។ បើកុមារដូចជា សារើន គឺអង្គការចាត់ទុកត្រឹមតែកម្លាំង ទី២ ហើយរបបអាហារដែលទទួលបានគឺ ២វែកស។ នៅពេលដែលដាច់ស្បៀងខ្លាំង អង្គការបានប្រើឲ្យកុមារ យកគល់ចេកទៅសាប់ឲ្យល្អិតៗរួចយកទៅដាំលាយជាមួយបាយ។ មួយវិញទៀត នៅពេលដែលមានជំងឺ គឺបានថ្នាំរាងដូចអាចម៍ទន្សាយលេប ហើយបើយើងធ្វើការធ្ងន់ ហូបអាហារមិនគ្រប់គ្រាន់ ធ្វើឲ្យកើតជំងឺហើម គឺមានថ្នាំដូចជាកន្ទក់ រសជាតិផ្អែមតិចៗហូប។
សារើន បានបន្តថា នៅពេលដែលស្នាក់នៅវត្តជួស គាត់បានឃើញអង្គការធ្វើបាបនារីម្នាក់មកពីភូមិជ្វា ដែលហ៊ានបានលួចបេះស្លឹកដំឡូង និងស្រូវ យកទៅលីង និងទៅឆាហូប។ ប៉ុន្តែជាក់ស្ដែងនារីម្នាក់នោះមិនទាន់បានហូបទេ ស្រាប់តែកងឈ្លបមកចាប់គាត់ចងស្លាបសេក រួចយកស្រូវទៅមូលជាមួយស្លឹកដំឡូង រួចញាត់មាត់នារីនោះឲ្យលែប ហើយនៅពេលដែលនារីនោះមិនលេប កងឈ្លបបានវាយ និងសង្គត់ដៃជើងនាង។ រឿងមួយទៀតដែល សារើន បានឃើញនៅក្នុងសម័យខ្មែរក្រហម គឺអង្គការបានចាប់ ពូម្នាក់ដែលបានទៅរើសស្បែកគោ ដែលប្រជាជនលួចកាប់គោ បោះចោល មកហូប ហើយពេលអង្គការចាប់បានយកគាត់ទៅចងជើងព្យួរជើងឡើងលើ។ ក្រៅពីហេតុការណ៍ខាងលើ សារើន បានឃើញកងឈ្លបកាន់ដំបង វាយប្រជាជនដែលលួចអាហារហូបផ្សេងៗទៀត។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីត្រលប់មកដល់ភូមិ សារើន ចាប់ផ្ដើមធ្វើខ្ទមរស់នៅ និងចូលធ្វើស្រែរួមបន្តទៀត ហើយទិន្នផលដែលប្រមូលបានគឺប្រធានភូមិបែងចែកទៅតាមកម្លាំងទី១ និងទី២។ នៅឆ្នាំ១៩៨២ សារើន បានរៀបការ និងប្រកបរបបធ្វើស្រែបន្តទៀត ប៉ុន្តែការធ្វើស្រែពេលនោះតាមផ្ទះរៀងខ្លួន។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស សារើន នៅតែមានអារម្មណ៍ថាអាណិតប្អូនម្នាក់ក្នុងចំណោមបងប្អូន៦នាក់ ដែលបានស្លាប់នៅក្នុងរបបខ្មែរក្រហមដោយសារកង្វះអាហារ និងឈឺជំងឺរាគ។
សម្ភាសដោយ៖ កង ពិដោរ ថ្ងៃទី០១ ខែសីហា ២០២១
អត្ថបទដោយ៖ ភា រស្មី

