ម៉ោ ខាន់៖ នឹករលឹកដល់សាច់ញាតិដែលបានបាត់បង់ជីវិត

ខ្ញុំមិនចង់និយាយពីរបបខ្មែរក្រហមនោះទេ ព្រោះរំឭកពីរបបនេះ ធ្វើឲ្យខ្ញុំឈឺក្បាល និងស្រក់ទឹកភ្នែក។ ប្ដីរបស់ខ្ញុំ ត្រូវបានអង្គការចាប់យកទៅសម្លាប់ តាំងពីកូនខ្ញុំមានអាយុត្រឹម១ខែ។ កូនរបស់ខ្ញុំត្រូវឈឺជាញឹកញាប់ ព្រោះតែមិនទទួលបានការមើលថែត្រឹមត្រូវ។ ខ្ញុំត្រូវធ្វើការងារធ្ងន់រាល់ថ្ងៃ ហើយហូបមិនបានគ្រប់គ្រាន់។

ម៉ៅ ខាន់ អាយុ៧៧ឆ្នាំ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ខាន់ បានរៀបការជាមួយប្តីដែលជាទាហាន ក្នុងសម័យសង្គមរាស្រ្ដនិយម។ ពេលរៀបការរួច គ្រួសាររបស់ខាន់ រស់នៅដោយសេចក្ដីសុខ ព្រោះប្ដីរបស់គាត់ជាមនុស្សស្លូតបូត និងស្រឡាញ់កូនខ្លាំង ហើយសូម្បីតែពេលនៅផ្ទះ ប្តីរបស់គាត់ ដៃម្ខាងបីកូន និងដៃម្ខាងទៀតដងទឹក។

នៅឆ្នាំ១៩៧៥ បន្ទាប់ពីររបបខ្មែរឡើងកាន់អំណាច  អង្គការបានចាប់ប្ដីរបស់ខាន់​ យកទៅសម្លាប់ រួចជម្លៀសខាន់ និងកូនទៅខេត្តកំពត។ ពេលធ្វើដំណើរនៅតាមផ្លូវ ខាន់ បានជួបការលំបាកខ្លាំង ព្រោះគាត់ត្រូវបីកូនតូច, ស្ពាយសម្ពាយ និងសម្ភារផ្សេងៗតែម្នាក់ឯង។ លើសពីនេះទៅទៀត នៅពេលធ្វើដំណើរដោយថ្មើរជើង ខាន់ មិនមានអាហារហូបទាល់តែសោះរយៈពេល​បីថ្ងៃ រហូតទៅដល់ខេត្តកំពតនៅពេលយប់អាធ្រាត្រ ទើបប្រធានសហករណ៍រៀបចំដាំបាយ និងស្ងោរមាន់ឲ្យគាត់ហូប។ ខាន់ បានឲ្យដឹងថា ខ្លួនមានការព្រួយបារម្ភខ្លាចអង្គការយកទៅសម្លាប់ ប៉ុន្តែដោយសារតែឃ្លានខ្លាំងពេក​ ទើបគាត់សម្រេចចិត្តហូបបាយឲ្យឆ្អែតសិន។

នៅថ្ងៃបន្ទាប់ អង្គការបានរៀបចំឲ្យ ខាន់ ចូលទៅក្នុងកងចល័ត ដើម្បីធ្វើការងារ រែកជី, ដកសំណាប, ច្រូត ពេញមួយថ្ងៃ ហើយពេលខ្លះ ត្រូវធ្វើបន្ថែមរហូតដល់ម៉ោង១១យប់ ទើបបានទៅជួបកូន។ បន្ទាប់មក នៅពេលដែលកូនរបស់គាត់ធំបន្តិច អង្គការបានបញ្ជូន ខាន់ ទៅរែកដីនៅភ្នំលិចរយៈពេលពីរខែបន្តទៀត ហើយកូនរបស់គាត់ត្រូវរស់នៅក្នុងមណ្ឌល។ ពេលត្រលប់មកវិញ កូនរបស់ខាន់  លែងចង់បៅទឹកដោះ និងតែងតែមានជំងឺជាញឹកញាប់ ទើបអង្គការបញ្ជូនកូននោះទៅព្យាបាលនៅមន្ទីរពេទ្យឃុំ។ បន្ទាប់មកទៀត អង្គការបានចាត់តាំង ខាន់ ឲ្យទៅធ្វើការងារនៅកោះធំ ក្នុងកងសេនាជន។ ប៉ុន្តែការទៅធ្វើការងារម្ដងនេះ អង្គការបានតម្រូវឲ្យ ខាន់ យកកូនទៅរស់នៅជាមួយដែរ។ បំពេញការងារនៅទីតាំងថ្មី គាត់បានជួបការលំបាកកាន់តែខ្លាំង ក្នុងការហូបចុក។

ខាន់ បានបន្តថា ខ្លួនខំប្រឹងធ្វើការងាររាល់ថ្ងៃ ប៉ុន្តែរបបអាហារដែលគាត់ទទួលបាន គឺមានត្រឹមតែបាយមួយវែកកន្លះ។ ចំណែកសម្លៀកបំពាក់វិញ រយៈពេលយូរៗម្ដង អង្គការបានចែកខោអាវពណ៌ខ្មៅឲ្យប្រជាជនមួយសម្រាប់ ដែលជាហេតុធ្វើឲ្យសម្លៀកបំពាក់របស់គាត់មានស្នាមប៉ះបំណះជាច្រើន។ ក្រៅពីការរស់នៅដ៏លំបាកនេះ ខាន់ បានឃើញអង្គការបង្ខំឲ្យយុវជនជាច្រើនគូរៀបការរួមគ្នានៅពេលយប់។ អំឡុងពេលរៀបការ យុវជនទាំងអស់ត្រូវអង្គុយជុំគ្នាក្នុងរោងមួយដើម្បីស្ដាប់ការណែនាំរបស់អង្គការ ហើយនៅចុងបញ្ចប់កម្មវិធី មានតំណាងយុវជនមួយគូ ឡើងប្ដេជ្ញានៅមុខកម្មាភិបាលខ្មែរក្រហមជាការស្រេច។  ខាន់ បានឲ្យដឹងទៀតថា យុវជនទាំងអស់មិនហ៊ានបដិសេធការចាប់គូរបស់អង្គការនោះទេ ហេតុដូច្នេះ ទើបក្រោយពេលរបបខ្មែរក្រហមដួលរលំទៅ មានប្ដីប្រពន្ធមួយចំនួនសម្រេចចិត្តលែងលះគ្នា រីឯគូខ្លះទៀតក៏នៅបន្តរស់នៅជាមួយគ្នាជាប្ដីប្រពន្ធរហូតមានកូនចៅបន្តបន្ទាប់។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ខាន់ បានរៀបការសាងគ្រួសារជាថ្មី និងចាប់ផ្ដើមប្រកបរបរធ្វើស្រែនៅក្នុងភូមិខ្វាវ។ បន្ទាប់មក នៅពេលគាត់មានកូនចំនួនពីរនាក់ ប្ដីរបស់ខាន់ បានស្ម័គ្រចិត្តទៅធ្វើជាទាហាន។ ប៉ុន្តែជាអកុសល ក្នុងអំឡុងពេលបំពេញភារកិច្ច គាត់បានរងរបួសចំសៀតផ្កា ហើយក្រោយពេលត្រឡប់មកផ្ទះវិញ របួសនោះក៏បានក្លាយទៅជាជំងឺតេតាណូស។ ចាប់តាំងពីពេលនោះមក ប្ដីរបស់ខាន់ ចាប់ផ្ដើមមានអាការវង្វេងស្មារតីរត់ចេញពីផ្ទះបាត់ៗ ហើយពេលខ្លះគាត់អង្គុយស្ងៀមម្នាក់ឯងមិននិយាយស្ដីអ្វីទាំងអស់រហូតដល់កូនទៅហៅហូបបាយ។

ក្រោយមកទៀត ខាន់ បានបាត់បង់កូនប្រុសច្បង អាយុ២៧ឆ្នាំ ម្នាក់ទៀតដោយសារជំងឺ។ ការបាត់បង់ជីវិតកូននេះ បានធ្វើឲ្យរបួសផ្លូវចិត្តរបស់ ខាន់ កាន់តែធ្ងន់ធ្ងរឡើង។ ខាន់ នៅតែស្ដាយស្រណោះប្ដីរបស់គាត់ដែលអង្គការយកទៅសម្លាប់ រួមជាមួយបងប្អូនរបស់គាត់៣នាក់ទៀតដែលស្លាប់ដោយសារជំងឺ។ ការនឹករឭកសាច់ញាតិ និងក្រុមគ្រួសារ បានធ្វើឲ្យខាន់ ឈឺក្បាល, ញ័របេះដូង និងសម្រាន្ដមិនលក់ជាញឹកញាប់ ជាពិសេសនៅពេលនឹកឃើញការលំបាកក្នុងរបបខ្មែរក្រហម។

សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin