ការចងចាំនៅក្នុងជីវិតរបស់អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍

កែវ ណាន តាមផ្លូវទៅស្រុកកំណើតស្វាមីរបស់គាត់ នៅស្រុកអង្គរបូរី ខេត្តតាកែវ (រូបថតដោយ ឆាំង យុ ឆ្នាំ ២០០០) 

ដោយ ឆាំង យុ

១៧ មេសា ២០២៤

អត្ថបទមួយនេះគឺសូមឧទ្ទិសទៅដល់អ្នកដែលត្រូវបានខ្មែរក្រហមបង្ខំឲ្យចេញពីផ្ទះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

ក្នុងនាមជាអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងជានាយកប្រតិបត្តិ នៃអង្គការដែលលះបង់នៅក្នុងការជួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ខ្ញុំតែងតែមានភាពជឿជាក់ថា ខ្ញុំមានការយល់ដឹងយ៉ាងមោះមុតអំពីទំហំនៃការឈឺចាប់ ដែលបង្កទៅដល់សង្គមកម្ពុជា ដោយរបបមួយនេះ។ ជាពិសេសចាប់តាំងពីខ្ញុំបានចំណាយពេលវេលានៅក្នុងជីវិតរបស់ខ្ញុំដើម្បីជួយប្រជាជនដែលទទួលរងការប៉ះពាល់។ ប៉ុន្ដែការចែកឋានរបស់ម្ដាយខ្ញុំនៅក្នុងពេលថ្មីៗនេះធ្វើឲ្យខ្ញុំយល់ឃើញថា ទោះបីជាបុគ្គលដែលចំណាយពេលវេលាអស់ជាច្រើន ទស្សវត្យរ៍ក្នុងការសិក្សាអំពីឧក្រិដ្ឋកម្មដ៏ឃោរឃៅ និងផលប៉ះពាល់របស់វាក៏ដោយ ក៏នៅតែមានមេរៀនជាច្រើនដែលត្រូវរៀនអំពីរបៀបដែលរបួស និងផលប៉ះពាល់នៃអំពើប្រល័យពូជសាសន៍អាចបន្ទរពេញមួយជីវិត បន្ទាប់ពីភាពភ័យរន្ធត់បានបញ្ចប់។

នៅក្នុងកំឡុងរបបខ្មែរក្រហម (១៩៧៥ ដល់ ១៩៧៩) មនុស្សស្លូតត្រង់ រួមទាំងទារកនិងកុមារត្រូវបានចាប់ដាក់គុក ធ្វើទារុណកម្មនិងសម្លាប់។ ប្រជាជនទាំងអស់ត្រូវបានទទួលរងនូវការធ្វើពលកម្មដោយបង្ខំ ស្ថានភាពដ៏ឃោរឃៅ និងការគំរាមកំហែងដោយអំពើហឹង្សាឥតឈប់ឈរ ប្រសិនបើមិនត្រូវបានបំផ្លាញ។ ខ្មែរក្រហមបានបំបែកបំបាក់ភរិយាចេញពីស្វាមី ឪពុកម្ដាយចេញពីកូន និងគ្រួសារត្រូវបានបែកបាក់គ្នា។ វាពិតជាលំបាកពិសេសសម្រាប់ឪពុកម្ដាយដែលត្រូវមើលកូនរបស់ខ្លួនរងទុក្ខ ឬត្រូវស្លាប់។ ប្រហែលជាគ្មានបណ្តាសាណាដែលអាក្រក់ជាងការដែលឪពុកម្តាយបានបាត់បង់ជីវិតកូនៗនៅពេលខ្លួននៅកំពុងមានជីវិតនោះទេ ហើយសម័យខ្មែរក្រហមបានបន្សល់ទុកបណ្តាសាដ៏យូរនេះ ដោយសារការបាត់បង់ជីវិតកុមារស្លូតត្រង់ជាច្រើននាក់ រួមទាំងឪពុកម្តាយ និងក្រុមគ្រួសាររបស់អ្នកទាំងនោះ។

ម្ដាយរបស់ខ្ញុំ ឈ្មោះ កែវ ណាន កើតនៅថ្ងៃទី៤ ខែមីនា ឆ្នាំ១៩២៨ ហើយគាត់បានរស់នៅក្នុងសុបិន្តអាក្រក់នេះដោយមើលកូនទាំង៦ក្នុងចំណោមកូន១០នាក់របស់គាត់បានស្លាប់។ កូនខ្លះបានស្លាប់មុន កំឡុងពេលនិងបន្ទាប់ពីសង្គ្រាមច្រើនឆ្នាំដែលពោរពេញទៅដោយភាពព្រៃផ្សៃ និងអំពើប្រល័យពូជសាសន៍ខ្មែរក្រហម។ ខ្ញុំជាកូនពៅទី១០ ហើយខ្ញុំជាក្មេងតូចមួយនៅក្នុងរបបខ្មែរក្រហម។ ពីដំបូងខ្ញុំមិនដឹងពីរបៀបរស់នៅច្រើនទេ ប៉ុន្តែខ្ញុំបានរៀនពីរបៀបរស់នៅនេះបានយ៉ាងឆាប់រហ័ស។ ដូចគ្នាទៅនឹងបងប្អូនរបស់ខ្ញុំទាំងអស់ដែរ យើងបានមើលទៅម្ដាយរបស់យើងដូចជាភាពរឹងមាំនៃការណែនាំ ការតស៊ូ និងបីបាច់ថែរក្សា។ ម្ដាយរបស់ខ្ញុំជាវីរបុសរបស់គ្រួសារខ្ញុំ ដែលតំណាងឲ្យសសរស្តម្ភនៃភាពរឹងមាំ និងចិត្តដែលធន់សម្រាប់បងៗរបស់ខ្ញុំ រួមទាំងខ្ញុំផងដែរ។ បងនិងខ្ញុំពិតជាស្រឡាញ់អ្នកម្ដាយខ្លាំងណាស់ចំពោះអ្វីៗដែលគាត់បានធ្វើសម្រាប់យើងទាំងអស់គ្នានៅក្នុងរបបខ្មែរក្រហម។

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ខ្ញុំកំពុងតែចូលរួមសន្និសីទមួយ ដែលនៅក្នុងអំឡុងពេលនោះ ខ្ញុំបានទទួលសារសម្លេងពីបងស្រីរបស់ខ្ញុំដោយប្រាប់ថា ម្ដាយរបស់យើងមិនមានអាការៈស្រួលនោះទេ ហើយបងស្រីរបស់ខ្ញុំមិនចង់បញ្ជូនគាត់ទៅពេទ្យ ដោយសារតែខ្លាចគាត់ឆ្លងកូវីដ-១៩។ បងស្រីខ្ញុំចង់ព្យាបាលម្ដាយរបស់ខ្ញុំនៅផ្ទះ ដោយគោរពតាមបំណងប្រាថ្នារបស់បងស្រីខ្ញុំ ខ្ញុំមិនបានជ្រៀតជ្រែកទេ ទោះបីជាខ្ញុំបានណែនាំឲ្យពិគ្រោះជាមួយគ្រូពេទ្យដោយសារអាយុរបស់គាត់ក៏ដោយ។ វេជ្ជបណ្ឌិត ដេមី រ៉េយស៍ ដែលជាទីប្រឹក្សាផ្នែកវេជ្ជសាស្រ្ដដ៏គួរឲ្យទុកចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បាននិយាយថា គាត់គួរតែត្រូវបានព្យាបាលនៅមន្ទីរពេទ្យក្នុងបន្ទប់ថែទាំអ្នកជំងឺ។ គាត់មានការពិបាកដកដង្ហើមយ៉ាងខ្លាំង ហើយអុកស៊ីហ្សែនរបស់គាត់មានកម្រិតទាប បន្ទាប់ពីគាត់ដួលសន្លប់នៅចំពោះមុខគ្រួសារខ្ញុំ ទើបបងស្រីរបស់ខ្ញុំយល់ព្រមនាំគាត់ទៅមន្ទីរពេទ្យ។

នៅក្នុងមន្ទីរពេទ្យ ម្តាយរបស់ខ្ញុំ និងខ្ញុំបានផ្សាភ្ជាប់គ្នាក្នុងកម្រិតមួយដែលខ្ញុំមិនធ្លាប់មានតាំងពីខ្ញុំនៅតូច។ ដោយសង្កេតមើលការដកដង្ហើមមិនស្ថិតស្ថេរ ខ្ញុំបានណែនាំគាត់ពីរបៀបធ្វើសមាធិ ដើម្បីជួយសម្រួលដល់ការដកដង្ហើមឲ្យមានប្រសិទ្ធភាពជាងមុន ដោយជំរុញឲ្យមានស្នាមញញឹម និងសំណើចដែលមិននឹកស្មានដល់ដែលខ្ញុំមិនបានឃើញក្នុងរយៈពេល៤៥ឆ្នាំ។ យើងបាននិយាយគ្នាអស់មួយរយៈអំពីប្រធានបទជាច្រើន និងប្រវត្តិគ្រួសារ។

ទោះបីជាយ៉ាងណា ខ្ញុំគ្មានភាពរីករាយក្នុងគ្រាដ៏មានតម្លៃទាំងនេះជាមួយម្ដាយរបស់ខ្ញុំទេ ហើយខ្ញុំក៏មិនបានផ្តល់ភាពកក់ក្ដៅ ការស្រឡាញ់ ឬភាពមិនអាត្មានិយមដែលមនុស្សម្នាក់នឹងរំពឹងទុកនៅក្នុងកាលៈទេសៈទាំងនេះដែរ។ ខ្ញុំបានយកឱកាសនោះទៅត្អូញត្អែដាក់គាត់។

ខ្ញុំបានត្អូញត្អែរទៅគាត់អំពីរឿងដែលខ្ញុំជាកូនពៅនៅក្នុងគ្រួសាររបស់យើង និងភាពលម្អៀងដែលមិនបានការថែទាំពីគាត់ដូចគាត់បានបង្ហាញទៅកាន់បងប្អូនរបស់ខ្ញុំ។ ក្នុងចំណោមការចោទប្រកាន់ផ្សេងទៀត ខ្ញុំបានសួរគាត់ថា “ហេតុអ្វីបានជាអ្នកម្តាយបោះបង់ខ្ញុំក្នុងពេលជម្លៀសចេញពីភ្នំពេញ?” គាត់យល់ពីអ្វីដែលខ្ញុំកំពុងប្រាប់គាត់ ហើយនៅពេលដែលខ្ញុំយល់ថាម្ដាយរបស់ខ្ញុំបានយល់ពីការត្អូញត្អែររបស់ខ្ញុំ ខ្ញុំកាន់តែត្អូញត្អែររហូតដល់គាត់ចាប់ផ្តើមយំ។

ខ្ញុំដឹងថាខ្ញុំបាននិយាយទៅកាន់គាត់បែបនេះ ដោយសារតែខ្ញុំមានភាពឯកោនិងខ្លាច ហើយនៅតែត្រូវការម្ដាយ។ គាត់ដឹងថាគាត់ពិតជាពិសេសខ្លាំងណាស់សម្រាប់ខ្ញុំ ហើយខ្ញុំនឹងឈឺចាប់ប៉ុណ្ណាពេលដែលខ្ញុំបានបាត់បង់គាត់។ ខ្ញុំបានបួងសួងសុំការអនុញ្ញាតទៅកាន់ស្ថានសួគ៌ឲ្យគាត់រស់នៅបានយូរ។ ខ្ញុំនឹងមិនភ្លេចគ្រានេះទេ។ ទីបំផុតគាត់បានយំរហូតដល់គាត់សម្រាន្តលក់។

ម្តាយរបស់ខ្ញុំក៏ជាជនរងគ្រោះនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហមដូចខ្ញុំដែរ។ គាត់បានចែករំលែកការបាត់បង់ ការបាក់ស្បាត និងការឈឺចាប់ដូចគ្នា ប៉ុន្តែវាមិនមានបញ្ហាអ្វីសម្រាប់ខ្ញុំក្នុងកាលៈទេសៈទាំងនេះទេ។ នៅក្នុងថ្ងៃចុងក្រោយរបស់គាត់ អ្វីដែលខ្ញុំអាចគិតបាននោះគឺថា គាត់មិនបានផ្តល់ឲ្យខ្ញុំគ្រប់គ្រាន់ទេ ហើយការលាចាកពីខ្ញុំបាននាំមកវិញនូវការចងចាំ នៃការបោះបង់ចោលដែលខ្ញុំធ្លាប់មានអារម្មណ៍នៅក្នុងការជម្លៀសចេញពីទីក្រុងភ្នំពេញ។ ខ្ញុំគិតថាគ្មានវិធីដើម្បីពណ៌នាពីទំហំ និងជម្រៅនៃការឈឺចាប់ដែលបង្កឡើងដោយឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងអំពើឃោរឃៅនោះទេ ប៉ុន្តែខ្ញុំបានដឹងពីការពិតដ៏គួរឲ្យរន្ធត់មួយនៅថ្ងៃចុងក្រោយនៃជីវិតរបស់ម្ដាយខ្ញុំ។

ផលប៉ះពាល់ពិតប្រាកដនៃឧក្រិដ្ឋកម្មទាំងនេះមិនត្រូវបានកំណត់ត្រឹមមួយជីវិតទេ ពីព្រោះផលប៉ះពាល់គឺអរូបី មិនអាចវាស់វែងបាន និងនៅក្នុងការគោរពជាច្រើនជារៀងរហូត។ វាមានរយៈពេលជាងសែសិបឆ្នាំហើយចាប់តាំងពីរបបខ្មែរក្រហមប្រល័យពូជសាសន៍ ហើយសូម្បីតែថ្ងៃនេះ ការចងចាំនៃការភ័យខ្លាច និងការឈឺចាប់ និងអារម្មណ៍នៃការបោះបង់ចោលក្នុងអំឡុងពេលនេះបានត្រលប់មកវិញ ដែលជះឥទ្ធិពលដល់ឱកាសចុងក្រោយដែលម្តាយខ្ញុំ និងខ្ញុំត្រូវភ្ជាប់ទំនាក់ទំនងជាមួយគាត់។ សូម្បីតែសព្វថ្ងៃនេះ នៅមានរឿងជាច្រើនដែលត្រូវសិក្សាអំពីរបៀបដែលគ្រួសារ សហគមន៍ និងប្រទេសជាតិទប់ទល់ជាមួយអតីតកាលដ៏អាក្រក់នេះ៕

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin