ខ្មែរក្រហមធ្លាប់ឃុំឃាំងខ្ញុំនៅគុករក្សជ័យ

 

(ខេត្តស្វាយរៀង) ម៉ែន សំអាត មានអាយុ ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិជ្រៃ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងបច្ចុប្បន្នរស់នៅភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សំអាត មានឪពុកឈ្មោះ ម៉ែន គឹម និងម្តាយឈ្មោះ កែវ យឹម ហើយគាត់ជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៧នាក់ ក្នុងនោះស្រី ៣នាក់។ កាលពីកុមារភាព សំអាត រៀនសូត្របានត្រឹមថ្នាក់ទី១១ នៅក្នុងរបបសង្គមរាស្ត្រនិយម​។

សំអាត បានរៀបរាប់ថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ចេញពីតំណែង។ បន្ទាប់ពីនោះ ប្រទេសជាតិចាប់ផ្តើមវឹកវរ មានបាតុកម្ម និងសង្គ្រាម។ នៅក្នុងភូមិ មានគ្រាប់ផ្លោងធ្លាក់ជាបន្តបន្ទាប់ ធ្វើឱ្យគាត់ និងគ្រួសារត្រូវរត់គេចពីកន្លែងមួយទៅកន្លែងមួយ ព្រមទាំងរត់ទៅពួនក្នុងរណ្តៅត្រង់សេថែមទៀត។

បន្ទាប់ពីរបប លន់ នល់ បានដួលរលំនៅឆ្នាំ១៩៧៥ ក្រោយមកនៅឆ្នាំដដែល ប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងរបបថ្មីមួយដែលមានភាពវេទនាជាងរបបមុនៗ គឺរបបកម្ពុជាប្រជាធិបតេយ្យ។ នៅពេលខ្មែរក្រហមឡើងកាន់អំណាច ឈ្លប និងប្រធានភូមិបានបង្ខំឱ្យប្រជាជនរស់នៅក្នុងសហករណ៍ ព្រមទាំងធ្វើការងារនៅការដ្ឋានរួម។ ជាក់ស្តែង សំអាត ត្រូវបានចាត់តាំងឱ្យទៅធ្វើការងារជាកងចល័តនៅក្នុងឃុំ។ កងចល័តមានច្រើនក្រុមនៅទូទាំងស្រុក ហើយគាត់ត្រូវបានចាត់ឱ្យធ្វើការផ្នែកដកស្ទូង ដែលហៅថា «កម្លាំងស្រួច»។ ក្នុងនោះមានក្រុម ក, ខ និងក្រុម គ ហើយក្រុម គ មានសមាជិកចំនួន ១០០នាក់ សម្រាប់ដក និងស្ទូងស្រូវ។ នៅពេលខ្លះ ប្រធានកងបានបញ្ជូនគាត់ឱ្យទៅជីកប្រឡាយនៅតាមស្ថានីយ៍ពោធិ៍លាស់ ដោយត្រូវធ្វើការទាំងយប់ទាំងថ្ងៃ។ នៅពេលមិនទាន់បំពេញផែនការរបស់អង្គការ សំអាត និងក្រុមត្រូវចាប់ផ្តើមធ្វើការតាំងពីម៉ោង ២ទៀបភ្លឺ រហូតដល់ម៉ោង ១០យប់ ទើបបានសម្រាក។ គាត់បានបញ្ជាក់ទៀតថា នៅរដូវធ្វើស្រែ ប្រធានកងប្រើឱ្យដក និងស្ទូងស្រូវច្រើនជាងការងារភ្ជួររាស់។ ចំណែកនៅរដូវប្រាំង សមាជិកម្នាក់ៗត្រូវជីកប្រឡាយឱ្យបាន ៤ម៉ែត្រគូប។ ប្រសិនបើធ្វើរួចមុនម៉ោង ប្រធានកងចល័តនឹងបន្ថែមការងារឱ្យកន្លះម៉ែត្រគូបទៀត។

ចំពោះរបបអាហារវិញ សំអាត បានរៀបរាប់ថា អ្នកទទួលខុសត្រូវនៅរោងបាយបានបែងចែកអាហារឱ្យហូបមួយថ្ងៃតែ ២ពេលប៉ុណ្ណោះ គឺពេលថ្ងៃត្រង់ម្តង និងពេលល្ងាចម្តង។ ក្នុងមួយពេលៗ ទទួលបានបាយ ឬបបរ ១កូនចាន ហូបជាមួយសម្លដែលភាគច្រើនផ្សំពីត្រកួន ដើមចេក និងបន្លែផ្សេងៗទៀត ហើយអាហារពុំមានរសជាតិ និងមិនគ្រប់គ្រាន់ឡើយ។

នៅចុងឆ្នាំ១៩៧៦ សំអាត ត្រូវបានចាត់តាំងឱ្យចូលបម្រើក្នុងជួរកងទ័ពរបស់ខ្មែរក្រហម។ នៅឆ្នាំ១៩៧៧ គាត់ត្រូវបានចាប់ខ្លួន និងឃុំឃាំងនៅរក្សជ័យ ដោយសារខ្មែរក្រហមចោទប្រកាន់ថាក្បត់។ នៅពេលជាប់ឃុំ ប្រធានគុកតម្រូវឱ្យគាត់ធ្វើស្រែ ដូចជាភ្ជួរ និងស្ទូងស្រូវ។ សំអាត និងអ្នកទោសផ្សេងទៀត នៅពេលធ្វើការងារ និងពេលហូបអាហារ ត្រូវបានកងឆ្មាំគុកដាក់ខ្នោះជើងជាប់ជានិច្ច ហើយបណ្តើរត្រឡប់ទៅកន្លែងឃុំឃាំងវិញនៅពេលយប់។ គាត់ជាប់ឃុំនៅរក្សជ័យរយៈពេលប្រហែល ៤ខែ ហើយបន្ទាប់មកត្រូវផ្ទេរទៅឃុំឃាំងនៅទួលមញ ស្រុកកំពង់ត្របែក បន្ថែមរយៈពេល ១ខែទៀត។ នៅពេលនឹកឃើញអំពីស្ថានភាពនោះ គាត់គិតថាមិនគួរអាចរស់ផុតជីវិតពីរបបខ្មែរក្រហមបានទេ ព្រោះតែទទួលរងការចោទប្រកាន់ ត្រូវធ្វើការងារធ្ងន់ និងគ្មានអាហារហូបគ្រប់គ្រាន់។ ជារៀងរាល់ថ្ងៃ គាត់ត្រូវភ្ជួររាស់ និងស្ទូងស្រូវ ហើយបេះរុក្ខជាតិផ្សេងៗបន្តិចបន្តួចដើម្បីហូប។ ជើង និងខ្លួនប្រាណរបស់ សំអាត ហើមដោយសារខ្វះអាហារ និងការដាក់ខ្នោះជើង។ សំអាត ត្រូវបានដោះលែងចេញពីគុកនៅខែធ្នូ ឆ្នាំ១៩៧៨។

ក្រោយចេញពីគុក ខ្មែរក្រហមបានជម្លៀស សំអាត និងប្រជាជនឱ្យធ្វើដំណើរទៅតំបន់ក្រសាំងទង។ នៅទីនោះ សំអាត បានឃើញខិត្តប័ណ្ណទម្លាក់ពីយន្តហោះ ដែលបញ្ជាក់ថា ប្រទេសជាតិត្រូវបានរំដោះហើយ ហើយប្រជាជនអាចវិលត្រឡប់ទៅស្រុកកំណើតវិញបាន។ បន្ទាប់មក គាត់ក៏បានធ្វើដំណើរត្រឡប់មកផ្ទះវិញ និងចាប់ផ្តើមបង្កបង្កើនផលធ្វើស្រែ ដើម្បីចិញ្ចឹមជីវិត។ បច្ចុប្បន្ន សំអាត ជាកសិករ ហើយមានជំងឺក្រពះពោះវៀន ជំងឺស្ពឹកមួយចំហៀងខ្លួន និងធ្លាប់មានជំងឺគ្រុនចាញ់៕

សម្ភាសន៍ដោយ ឈិនផន ពៅពិសី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin