ខោអាវខ្មៅដូចសត្វក្អែក

(ស្ទឹងត្រែង)៖ មើយ ថង អាយុ៧២ឆ្នាំ មានទីលំនៅ ភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន ថង ឈឺសន្លាក់ដៃជើង ដោយអាការទាំងនេះចាប់ផ្ដើមឈឺខ្លាំងក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។
នៅឆ្នាំ១៩៧៤ ខ្មែរក្រហមបានចូលគ្រប់គ្រង នៅក្នុងតំបន់ដែល ថង រស់នៅ។ នៅក្នុងរបបខ្មែរក្រហម ប្រជាជនទាំងអស់ ត្រូវស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ហើយប្រជាជនណាដែលទទួលបានសម្លៀកបំពាក់ក្រៅពីពណ៌ខ្មៅ ត្រូវយកសម្លៀកបំពាក់ទាំងនោះទៅជ្រលក់ឱ្យទៅជាពណ៌ខ្មៅ។ ថង បាននិយាយថា ប្រជាជនទាំងអស់មិនថាចាស់ ឬជាកូនក្មេងទេ ម្នាក់ៗមើលទៅដូចជាសត្វក្អែក ព្រោះសម្លៀកបំពាក់សុទ្ធតែខ្មៅ។
នៅក្នុងរបបខ្មែរក្រហម មានគ្រួសារតិចណាស់ដែលបានរស់នៅជួបជុំគ្នា ព្រោះតែខ្មែរក្រហមបានបែងចែកសមាជិកគ្រួសារឱ្យរស់នៅ និងធ្វើការងារផ្សេងគ្នា។ រយៈពេលមួយខែ ទើបថងនិងប្ដីរបស់គាត់ អាចជួបគ្នាបានម្ដង ព្រោះតែត្រូវបំពេញការងាររៀងៗខ្លួន។ ខ្មែរក្រហម បានចាត់តាំងឱ្យ ថង ធ្វើជាអ្នកដាំបាយនៅក្នុងសហករណ៍។ ចំណែកប្ដីរបស់គាត់ ត្រូវបញ្ជូនទៅធ្វើការនៅក្នុងកងចល័តលើកទំនប់។ រីឯកូនរបស់គាត់ធ្វើការងារនៅក្នុងកងកុមារ។
នៅក្នុងរបបខ្មែរក្រហម ទំនៀមទម្លាប់ប្រពៃណីរួមទាំងការគោរពប្រណិប័តន៍សាសនា និងការរៀបការ ត្រូវលុបបំបាត់ចោល។ ការគោរពបូជាត្រូវបានហាមឃាត់ ហើយព្រះសង្ឃត្រូវសឹកទៅធ្វើការងារ។ រូបសំណាក់បដិមាត្រូវវាយកម្ទេចចោល ហើយទីធ្លាវត្តអារាមផ្លាស់ប្ដូរទៅជាកន្លែងស្នាក់នៅរបស់ប្រជាជន, ជារោងបាយ, ជាឃ្លាំង ឬជាកន្លែងចិញ្ចឹមសត្វជ្រូក។ ចំណែកការរៀបការ គឺគ្មានការរៀបចំតាមប្រពៃណីទំនៀមទម្លាប់ខ្មែរឡើយ។ ម្យ៉ាងវិញទៀតនៅក្នុងពិធីរៀបការ គ្មានសមាជិកគ្រួសារចូលរួមនោះទេ គឺមានតែយុវជន-យុវនារី ជាគូស្រករដែលត្រូវរៀបចំ និងសមាជិកខ្មែរក្រហមតែប៉ុណ្ណោះ។
ថង លើកឡើងថា នៅក្នុងរបបខ្មែរក្រហម គាត់ជួបប្រទះទុក្ខលំបាកជាច្រើន ទាំងការស្នាក់, ការហូបចុក និងការធ្វើការងារ។ ថង បានបន្ថែមថា នៅក្នុងមួយថ្ងៃ គាត់បានហូបអាហារត្រឹមតែពីរពេលប៉ុណ្ណោះ គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ ប៉ុន្តែ ដោយសារតែគាត់ជាអ្នកដាំបាយ គាត់អាចហូបបានគ្រប់គ្រាន់ជាងប្រជាជនដទៃ។ អ្វីដែលជាផលលំបាកសម្រាប់ ថង គឺការរស់នៅ ព្រោះគាត់ត្រូវរស់នៅជាមួយនឹងប្រជាជនដែលគាត់មិនធ្លាប់ស្គាល់គ្នាពីមុនមក។
ខ្មែរក្រហមសម្លាប់មនុស្សមិនរើសមុខ ភេទ ឬអាយុឡើយ ឱ្យតែខ្មែរក្រហមសង្ស័យថាជនណាមានឪពុក ឬម្ដាយជាជនជាតិវៀតណាម គឺចាប់ជននោះយកទៅសម្លាប់ទាំងអស់។
ថង បានបន្ថែមថា ចាប់តាំងពីប្រទេសស្ថិតក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម កម្រិតនៃការយល់ដឹងរបស់ប្រជាពលរដ្ឋ ចាប់ផ្ដើមធ្លាក់ចុះម្ដងបន្តិចៗ។ កុមារដែលរស់នៅឆ្លងកាត់របបនោះ មិនទទួលបានចំណេះដឹងខាងផ្នែកអក្សរនោះទេ ភាគច្រើនគឺទទួលបានការបង្ហាត់បង្ហាញពីការធ្វើការងារ។ ក្នុងរយៈពេលមួយម៉ោង ឬមួយម៉ោងកន្លះក្នុងមួយថ្ងៃ កុមាររៀនបានត្រឹមតែអក្សរចំនួនបី ទៅប្រាំតួប៉ុណ្ណោះ៕
សម្ភាសន៍ដោយ៖ អឿង ម៉ូលីកា ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

