មុំ សារិន៖ ស្ទើរតែបាត់បង់ជីវិតដោយសារលួចអាហារហូប

មុំ សារិន អាយុ៥៧ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ គ្រួសារសារិន បានជម្លៀសចេញពីទីរួមខេត្តតាកែវ ទៅរស់នៅភូមិប្រសៀត។ ពេលចូលដល់ភូមិ ប្រធានសហករណ៍បានហៅប្រជាជនទៅសួរប្រវត្តិរូប។ មុនពេលសាកសួរ កម្មាភិបាលខ្មែរក្រហមបានឃោសនាប្រាប់ប្រជាជនទាំងអស់ឲ្យនិយាយការពិតជាមួយអង្គការ អ្នកមានតួនាទីពីមុន ត្រូវនិយាយតាមត្រង់ នឹងបញ្ជូនឲ្យទៅធ្វើការងារនៅកន្លែងដើមវិញ។ ពេលសួរចម្លើយរួច  សារិន បានឃើញអង្គការបចាប់ចងមនុស្សជាច្រើននាក់ រួចបញ្ជូនចេញទៅបាត់ដំណឹងសូន្យសុង។ ក្នុងចំណោមអ្នកដែលអង្គការយកចេញទៅ មានពូម្នាក់ដែលសារិនធ្លាប់ស្គាល់ ដែលជាអ្នកបើករម៉ក ប៉ុន្តែគាត់បានប្រាប់អង្គការថាគាត់ជាទាហានអាកាសចរណ៍។

នៅក្នុងសម័យខ្មែរក្រហម សារិន មានបងប្អូនចំនួន៨នាក់ ក្នុងចំណោមបងប្អូនទាំងអស់មានប្អូន២នាក់ ដែលមានអាយុ៥ឆ្នាំ និង៣ឆ្នាំ រស់នៅជាមួយជីដូនក្នុងភូមិ។ បង និងប្អូនផ្សេងទៀត ត្រូវបានអង្គការបញ្ជូនយកទៅក្នុងកងចល័ត និងកងកុមារ ធ្វើការងារកន្លែងផ្សេងៗគ្នា។ ចំពោះ សារិន អង្គការចាត់តាំងឲ្យចូលក្នុងកងកុមារ និងត្រូវប្ដូរការងារចុះឡើងនៅក្នុងភូមិខ្វាវ, ត្រពាំងកន្លុង, អង្គធ្លក និងព្រៃល្វា។ ការងារដែល សារិន ធ្វើគឺរែកដីដំបូង, ដីបាតត្រពាំង, ដើរកាប់ដើមកន្ទ្រានខែត្រ, លាយជី និងដាំដំណាំ។ ក្រៅពីការធ្វើការងារ កុមារដូចជាសារិន អាចរៀនបានរយៈពេលមួយម៉ោង នៅពេលថ្ងៃត្រង់ ប៉ុន្តែ សារិន ថាគាត់រៀនមិនចេះនោះទេ។ មូលហេតុដែល សារិន រៀនមិនចេះដោយសារតែគាត់គិតតែរឿងធ្វើពលកម្ម ហើយអាហារដែលគាត់ទទួលបានក៏មិនគ្រប់គ្រាន់។

ជារៀងរាល់ថ្ងៃ សារិន ទទួលបានរបបអាហារពីរពេលក្នុងមួយថ្ងៃ ហើយក្នុងមួយពេល គាត់ទទួលបានបបររាវពីរទៅបីវែក ហូបជាមួយសម្លព្រលឹត និងត្រកួន។ នៅរដូវប្រមូលផល អង្គការចែកបាយឲ្យកុមារមួយពេល៣វែក ហូបជាមួយសម្ល ប៉ុន្តែរបបអាហារបែបនោះមានរយៈពេលខ្លី និងនៅតែមិនគ្រប់គ្រាន់។ នៅថ្ងៃមួយ នៅពេលដែល សារិន ដើរមកពីធ្វើការងារ គាត់បានឃើញត្រីឆ្ពិន, ត្រីភ្ទួក និងត្រីផ្សេងទៀតជាច្រើននៅក្នុងត្រពាំង។ ត្រីទាំងអស់នោះមានទំហំធំៗណាស់ ដែលជាហេតុធ្វើឲ្យ សារិន ចុះចាប់យកទៅចម្អិនហូប។ នៅពេលដែល សារិន ចាប់ត្រីឆ្ពិនធំបាន២ក្បាល ស្រាប់តែមានកងឈ្លបមកទាន់ និងគំរាមថានឹងវាយគាត់៣ស្នូកកាំភ្លើង។ ពេលឮដូច្នេះ សារិន ចាប់ផ្ដើមលើកដៃសំពះ ព្រមទាំងសុំអង្វរថាកុំឲ្យវាយ ព្រោះគាត់ទើបលួចលើកទីមួយ។ សារិន យល់ថា បើកុំតែកងឈ្លបមានការអាណិត គាត់ប្រហែលជាស្លាប់ក្នុងពេលនោះមិនខាន។

នៅខែមករា ឆ្នាំ១៩៧៩ អំឡុងពេល សារិន ដាំដំណាំ គាត់បានឃើញយន្តហោះទម្លាក់គ្រាប់បែកនៅតាកែវ។ ពេលឃើញដូច្នេះ សារិន បានរត់ទៅលាក់ខ្លួននៅគុម្ពស្លឹកគ្រៃ ប៉ុន្តែត្រូវបានប្រធានក្រុមស្ដីបន្ទោស។ បន្តិចក្រោយមក នៅពេលដែលឃើញមានការទម្លាក់គ្រាប់កាន់តែច្រើន សារិន បានរត់ត្រលប់មកផ្ទះ រកឪពុកម្ដាយ ទាំងដែលខ្លួនមិនទាន់បានហូបបបរ។ ពេលមកដល់ផ្ទះ គ្រួសាររបស់សារិន បានរត់ចេញអស់បាត់ទៅហើយ។ ដូច្នេះ គាត់ត្រូវសួរដំណឹងពីអ្នកស្រុក និងរត់ទៅតាមពីក្រោយ។ ធ្វើដំណើរនៅតាមផ្លូវ ដោយសារតែហេវហត់ខ្លាំងពេក សារិន ដាច់ចិត្តកាច់អំពៅ និងបេះផ្លែឪឡឹកមកហូប ដោយមិនខ្លាចការស្លាប់។ សារិន ធ្វើដំណើររហូតបានជួបឪពុកម្ដាយ និងបាននាំគ្នាត្រលប់មកផ្ទះវិញ។

ក្រោយមក សារិន បានចូលរៀនបន្ថែមទៀត រហូតដល់ថ្នាក់ទី៣។ សារិន យល់ថា ប្រសិនអង្គការមិនសម្លាប់មនុស្ស និងបង្អត់បាយប្រជាជន នោះប្រទេសជាតិជឿនលឿនខ្លាំង ព្រោះទិន្នផលស្រូវ និងដំណាំដែលប្រជាជនធ្វើបានគឺច្រើន។ មួយវិញទៀត សារិន គាំទ្រតុលាការកាត់ទោះមេដឹកនាំខ្មែរក្រហម ព្រោះមេដឹកនាំនេះហើយ ដែលដាក់បញ្ជាឲ្យថ្នាក់ក្រោមសម្លាប់មនុស្ស។

សម្ភាសដោយ៖ ខុំ ស្រីនោរ ថ្ងៃទី២០ ខែសីហា ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី១៩ ខែឧសភា ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin