មន ផល្លី រំឭកអំពីបទពិសោធន៍ជីវិតដែលឆ្លងកាត់នៅរបបខ្មែរក្រហម

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ មន ផល្លី[1]អាយុ៦២ឆ្នាំ មានទីកន្លែងកំណើតនិងរស់ នៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។  បន្ទាប់ពី រដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកភូមិ។ ឪពុកម្ដាយនាំកូនៗរត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយ ពីព្រោះសង្រ្គាមមិនអាចឲ្យយើងរស់នៅក្នុងភូមិបាន។ បន្ទាប់មក គ្រួសាររបស់ខ្ញុំបានរត់ចេញភៀសខ្លួនទៅរកទីកន្លែងសុវត្ថិភាពនៅបានមួយរយះពេល។ នៅក្នុងអំឡុងពេលសង្រ្គាមនៅឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧២ កងទ័ពខ្មែរក្រហម វាយរំដោះ និងគ្រប់គ្រងនៅតាមទីជនបទនៃខេត្តកំពង់ចាម។

នៅតាមតំបន់រំដោះ, កងទ័ពខ្មែរក្រហមបានប្រកាសប្រាប់អ្នកភូមិឲ្យចូលរួមចលនាបដិវត្តន៍។ អ្នកភូមិជាច្រើននាក់បានចូលរួមជាមួយបដិវត្តន៍។ នៅឆ្នាំ១៩៧៣ ខ្ញុំបានឃើញការជម្លៀសប្រជាជនរស់នៅតាមទីរួមខេត្ត និងទីក្រុងភ្នំពេញមករស់នៅជនបទ អ្នកមានបងប្អូនបានសុំផ្ទះស្នាក់នៅ។​ នៅក្នុងពេលនោះផងដែរ មានការទម្លាក់គ្រាប់បែកយ៉ាងច្រើនរបស់ទាហាន លន់ នល់ និងសហរដ្ឋអាមេរិក។ នៅពេលដែលទាហាន លន់ នល់ និងសហរដ្ឋអាមេរិកធ្វើការទម្លាក់គ្រាប់បែកម្ដងៗ ខ្ញុំរត់ចូលរណ្ដៅត្រង់សេដើម្បីគេចពីអំបែងគ្រាប់បែក។ ការទម្លាក់គ្រាប់បែកនេះ មិនត្រឹមតែបំផ្លិចបំផ្លាញផ្ទះសំបែងអ្នកភូមិនោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យអ្នកភូមិខ្លះរងរបួស ឬស្លាប់។​ ការទម្លាក់គ្រាប់បែកនេះ បានធ្វើឲ្យអ្នកភូមិបន្តចូលរួមស្ម័គ្រចិត្តចូលបដិវត្តកាន់តែច្រើនឡើង។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយចូលកាន់កាប់ទីក្រុងភ្នំពេញ ហើយបានជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ។ នៅតាមភូមិចាប់ផ្ដើមបង្កើតក្រុមសាមគ្គី និងក្រុមសហករណ៍ដែលមានរោងបាយរួម ធ្វើស្រែចម្ការ និងប្រមូលផលចែកគ្នាហូប។ នៅឆ្នាំ១៩៧៦ នៅពេលនោះ ខ្ញុំត្រូវបានប្រធានភូមិបញ្ជូនទៅកងកុមាររើស និងរែកអាចម៌គោនៅព្រៃតាងឹនវាលក្រោយដែលមានរយះពេលខ្លីទេ។ បន្ទាប់មកទៀត ខ្ញុំត្រូវបានបញ្ជូនទៅក្រឡាអង្គួញដីមានបង្គី ចប កាតូបាយ និងខោអាវស្លៀកមួយកំភ្លេហើយស្បែកជើងកង់ឡាន។ ខ្ញុំត្រូវបែកចេញពីឪពុកម្ដាយតាំងពីអាយុ១៣ឆ្នាំ។ ខ្ញុំត្រូវដើរទៅទាំងយប់កាត់ទៅទីរួមខេត្តកំពង់ចាម ហើយទើបទៅអង្គួញដី ពេលទៅដល់សម្រាកនៅកន្លែងនោះ មិនមានអ្វីហូបទេ ខ្ញុំដេកអត់បាយ។ នៅពេលភ្លឺឡើងខ្មែរក្រហមហៅតម្រង់ ជួរ អ្នកណាមានមាឌធំៗ ត្រូវបានខ្មែរក្រហមបញ្ជូនទៅខ្វិតធំ។ ដល់ពេលខ្ញុំមានមាឌតូចតែខ្ពស់ខ្មែរក្រហមបញ្ជួនមកជ្រោយអណ្ដូងនៅដកស្ទូង។ នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវបានខ្មែរក្រហមបញ្ជូនមកធ្វើការនៅកងចល័តរែកដី លើកទំនប់ជ្រោយចេករួច ដែលមានរយះពេលយូរ ប្រវែងទំនប់វែងនិងមានកំពស់ខ្ពស់។ ខ្ញុំត្រូវបានបន្តទៅរែកដី លើកទំនប់ដៃស្វា និងទៅដកស្ទួងនៅជ្រោយអណ្ដូង។  នៅឆ្នាំ១៩៧៨ ខ្ញុំច្រូតស្រូវនៅវាលស្វាយខ្ញុំដើរទៅទាំងយប់កាត់ព្រៃភ្នំ។ ខ្ញុំត្រូវធ្វើការពីម៉ោង៧ ដល់ម៉ោង១១ ហូបរួចសម្រាក់តែមួយម៉ោងទៅធ្វើការទៀត។ ចំណែកយាយៗ ត្រូវមើលចៅចំនួន៥នាក់ ទាំងចៅខ្លួនឯង និងកូនអ្នកស្រុក។ នៅពេលខ្លះ មិនមានបបរហូបទេ ស្ងោពោតក្រហមចាស់ឲ្យរីកហូបជាមួយអំបិលគ្រួស។

ខ្ញុំបានរួចផុតពីទុកវេទនា និងសេចក្ដីស្លាប់ នៅពេលដែលកងទ័ពខ្មែរក្រហមទទួលបរាជ័យដោយសារតែកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបានវាយរំដោះប្រទេស និងប្រជាជនពីរបបខ្មែរ          ក្រហម។[2] ខ្ញុំ និងប្រព្ធនបានវិលត្រឡប់មករស់នៅភូមិកំណើតវិញនៅឆ្នាំ១៩៨០ និងប្រកបរបរជាកសិកររហូតមកដល់សព្វថ្ងៃនេះ៕

អត្ថបទដោយ ទូច វណ្ណេត


[1] មន ផល្លី«ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» សម្ភាសន៍ដោយ ទូច វណ្ណេត មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ឆ្នាំ២០២៥, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិឡាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជឯកទេសប្រវត្តិវិទ្យា, ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin