ម៉ុម សារាំ៖ មិនយល់ពាក្យថាក្បត់អង្គការ

ម៉ុម សារាំ ភេទស្រី អាយុ៧១ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់សារាំឈ្មោះ អែម ម៉ុម ហើយម្ដាយឈ្មោះ វង្ស យឺន និងមានបងប្អូន៩នាក់(ស្រី៦នាក់)។ នៅឆ្នាំ១៩៧២ សារាំ បានឈប់រៀនត្រឹមថ្នាក់ទី៦ នៅទីក្រុងភ្នំពេញ។ បន្ទាប់ពីឈប់រៀន ណារាំ បានរៀបការជាមួយឈ្មោះ បាន ផល នៅផ្ទះម្ដុំបឹងទំពុន ជិតបន្ទាយ លន់ នល់។ កម្មវិធីរៀបការរបស់ សារាំ មិនបានដំណើរការទៅល្អនោះទេ ព្រោះពេលនោះមានគ្រាប់ផ្លោងជាច្រើនគ្រាប់ហោះលើដំបូលផ្ទះរបស់គាត់ចូលទៅរកបន្ទាយ លន់ នល់ ដែលជាហេតុធ្វើឲ្យប្រជាជនមានការភ័យខ្លាច។ បន្ទាប់ពីរៀបការរួច សារាំ បានប្ដូរទៅរស់នៅជាមួយប្ដីនៅកំពង់សោម។ នៅកំពង់សោម សារាំ បានទទួលដំណឹងថាបងប្រុស និងប្អូនប្រុសរបស់គាត់២នាក់ដែលធ្វើការងារនៅចំការដូង ចេង ហេង បានស្លាប់នៅពេលដែលចេញទៅវាយសមរភូមិអ្នកលឿង។ ចំពោះបងថ្លៃប្រុសម្នាក់ទៀតនៅខាងខេត្តកំពង់ចាម ត្រូវបានខ្មែរក្រហមសម្លាប់។

នៅឆ្នាំ១៩៧៥ យោធាខ្មែរក្រហមបានចូលគ្រប់គ្រងនៅកំពង់សោម និងបានជម្លៀសប្រជាជនទាំងអស់ឲ្យចេញពីទីប្រជុំជន ទៅជនបទ។ ចំពោះគ្រួសារសារាំ បានធ្វើដំណើរតាមផ្លូវជាតិលេខ៤ កាត់ព្រៃនប់, ព្រៃគុព ស្ពានដែក មកខេត្តកំពត និងចេញពីខេត្តកំពត តាមផ្លូវទឹកឈូ, ចម្ការទុរេន និងដើរកាត់តាមព្រៃរហូតមកដល់វត្តបារាយវិហារពីរ។ នៅក្នុងវត្តវិហារពីរ អង្គការបានចាត់តាំងគ្រួសារសារាំ ឲ្យទៅធ្វើការងារ និងរស់នៅភូមិរទេសភ្លូក ស្រុកកោះអណ្ដែត ខេត្តតាកែវ តំបន់១០៨។ សារាំ បានឲ្យដឹងថា ការធ្វើដំណើររបស់គាត់គឺលំបាកខ្លាំងណាស់ ព្រោះគាត់ត្រូវដើរកាត់ព្រៃ និងឆ្លងទឹកទាំងដែលខ្លួនមានកូនតូច។

នៅភូមិរទេះភ្លូក ការងារដំបូងរបស់ សារាំ គឺដើរកាប់ស្លឹកឈើ និងកាប់ដីដំបូកយកទៅធ្វើជី។ ចូលដល់រដូវធ្វើស្រែ សារាំ ធ្វើការងារដក, ស្ទូង និងច្រូត ចាប់ពីព្រឹករហូតដល់ម៉ោង១០យប់ រួចបញ្ជូនយកទៅដាក់មួយកន្លែង ហើយថ្ងៃខ្លះត្រូវបោកស្រូវដែលប្រមូលរួចនោះចាប់ពីពេលប្រលប់រហូតដល់រួចរាល់នៅពេលភ្លឺ។ ចំពោះរបបអាហារ ប្ដីរបស់សារាំ បានចេញទៅរកគុលចេក និងគុលល្ហុង យកមកឈូសដាំលាយជាមួយអង្ករតិចៗ។

នៅថ្ងៃមួយ អង្គការបានមកចាប់ សុនី និងចាន់ធូរ ដែលរស់នៅ និងធ្វើការងារក្នុងកងជាមួយ សារាំ យកទៅសម្លាប់ ដោយសុនី អង្គការយកទៅបាញ់សម្លាប់ ហើយចាន់ធូរ វាយចោលដោយបំពង់សង្កែ។ សារាំ បានឮ ចាន់ធូរ ស្រែកយ៉ាងខ្លាំងថា “អួយ អួយ” ព្រោះទីតាំងសម្លាប់ស្ថិតនៅចំងាយដីប្រមាណកន្លះហិកតា។ បន្ទាប់មក អង្គការបានយកសម្លៀកបំពាក់, ម្ជុល និងចេស ដែលជាប់លើអាច ចាន់ធូរ ឲ្យមកយុវជនកងចល័តប្រើបន្ត។ ក្រៅពីការសម្លាប់មិត្តនៅក្នុងក្រុម សារាំ បានឃើញអង្គការ ចងមនុស្សចាស់ និងក្មេងជាច្រើននាក់ រួចបណ្ដើរទាំងយប់ ឬពេលមានភ្លៀងធ្លាក់យកទៅមន្ទីរសន្តិសុខក្រាំខេះ និងសម្លាប់នៅក្នុងឡរមួយដែលនៅជិតនោះ។ អ្នកទោសដែលអង្គការសម្លាប់ភាគច្រើនគឺជាអ្នកលួចស្ករតាៗ ឬបបរជ្រូក និងអាហារផ្សេងៗហូប ព្រោះពេលនោះធ្វើការងារធ្ងន់ៗ ហើយហូបមិនគ្រប់គ្រាន់។

សារាំ បានបន្តថា ប្រជាជនដែលស្លាប់ច្រើនក្នុងពេលនោះគឺយុវជន ព្រោះគាត់បានឮអង្គការនិយាយថា “ក្របីដាច់មកពីបឹងច្រើនណាស់ យកក្របីចេញឲ្យអស់”។ សារាំ យល់ថាក្របីដែលអង្គការថាគឺជាមនុស្សប្រុស ដែលទៅធ្វើស្រែប្រាំងដូចជាប្ដីរបស់គាត់ ហើយត្រូវអង្គការ បញ្ជូនយកមកសម្លាប់ចោលមួយចំនួន។ មួយវិញទៀត សារាំ បានឮប្រធានកងឈ្មោះ ប៉ុល និយាយថា អាណាក្បត់ អង្គការយកទៅដាក់ម្ដុំ ប៉ុន្តែ សារាំ មិនដឹងថាក្បត់នោះជាអ្វីទេ។

នៅឆ្នាំ១៩៧៨ អង្គការបានបញ្ជូន គ្រួសារសារាំ ទៅរស់នៅខេត្តកំពង់ស្ពឺ ដើម្បីធ្វើការងារជីកប្រឡាយ រហូតដល់កងទ័ពស្ម័គ្រចិត្តវៀតណាមចូលមករំដោះ។ នៅដើម ខែមករា ឆ្នាំ១៩៧៩ នៅពេលដែលកងទ័ពស្ម័គ្រចិត្តវៀតណាមបានចូលមករំដោះប្រជាជន និងប្រទាញប្រទង់គ្នាជាមួយទាហានខ្មែរក្រហម គ្រួសារសារាំ បានរត់ទៅរស់នៅ ឃុំព្រះរាម។ គ្រួសារសារាំ មិនហ៊ានចូលទៅរស់នៅក្នុងស្រុកភ្លាមៗនោះទេ ព្រោះមានអ្នកនិយាយថា ប្ដីរបស់គាត់ធ្វើជាទាហាននៅផ្សារចំបក់ តាមការពិតគាត់រស់នៅកំពង់សោម។

នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស សារាំ មានកូន៤នាក់ ក្នុងនោះមានស្រី២នាក់ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ សារាំ បានរៀបរាប់ការលំបាករបស់ខ្លួន នៅក្នុងសម័យខ្មែរក្រហម ប្រាប់ទៅកូន និងចៅៗរបស់គាត់។ លើសពីនេះទៅទៀត សារាំ មានជំងឺក្រពះពោះវៀន និងសន្លាក់ជង្គង់ ហើយជំងឺរបស់គាត់កើតឡើងដោយសារការធ្វើការងារធ្ងន់ៗក្នុងរបបខ្មែរក្រហម, កង្វះជីវជាតិ និងអាយុរបស់គាត់កាន់តែច្រើន។

សម្ភាសដោយ៖ កែប ម៉ៃសុជាតា ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖  ភា រស្មី 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin