នាង ស៊ឹម៖ អង្គការបង្ខំឲ្យបងប្រុសខ្ញុំចូលធ្វើជាយោធា

នាង ស៊ឹម អាយុ៥៦ឆ្នាំ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់ស៊ឹម រស់នៅភូមិអង្គធ្លក។ នៅទីនោះ ស្ថានភាពរបស់គ្រួសារគាត់មានភាពលំបាកខ្លាំង ព្រោះមិនមានអាហារហូបចុកគ្រប់គ្រាន់ ហើយត្រូវធ្វើការងារធ្ងន់ៗរាល់ថ្ងៃ។ ចំណែកប្អូនតូចៗរបស់គាត់ ត្រូវស្នាក់នៅផ្ទះ ដោយមិនមានអ្នកមើលថែរក្សា។

នៅឆ្នាំ១៩៧៦ ដោយទ្រាំជាមួយការលំបាកក្នុងសហករណ៍មិនបាន ឪពុករបស់ស៊ឹម បានសម្រេចចិត្តនាំគ្រួសារទៅរស់នៅភ្នំម្លូ ខេត្តកំពត ដែលជាកន្លែងធ្វើការងារកាប់អុសធ្វើធ្យូងរបស់គាត់។គ្រួសាររបស់ស៊ឹម ធ្វើដំណើរនៅតាមផ្លូវដោយថ្មើជើង និងគ្មានអាហារហូបរយៈពេលប្រមាណ១យប់ និងមួយថ្ងៃ  ទើបទៅស្រុកជុំគីរី ខេត្តកំពត។ ទៅដល់សហករណ៍ថ្មី ស៊ឹម មិនទាន់ចេញទៅធ្វើការងារភ្លាមទេ ព្រោះពេលនោះអង្គការនៅបន្តចែកស្រូវតាមផ្ទះប្រជាជន ដើម្បីយកទៅចម្អិនដោយខ្លួនឯង។ បន្ទាប់មក អង្គការបានបង្ខំបងប្រុសរបស់ស៊ឹម ឲ្យទៅធ្វើជាយោធា ប្រយុទ្ធជាមួយទាហានវៀតណាម។

នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៧៦ អង្គការចាប់ផ្ដើមចងក្រងប្រជាជនជាក្រុម ដើម្បីធ្វើការងារជាកង និងហូបអាហាររួមគ្នាក្នុងរោងបាយ។ នៅពេលដែលមានការរៀបចំយ៉ាងដូច្នេះនៅពេលដំបូង របបអាហាររបស់ស៊ឹម និងប្រជាជនក្នុងភូមិបានហូបឆ្អែត ប៉ុន្តែនៅពេលដែលពេលវេលាកន្លងទៅ ប្រជាជនចាប់ផ្ដើមហូបបាយលាយដំឡូង និងមិនគ្រប់គ្រាន់នោះទេ។ ពេលនោះ គ្រួសារស៊ឹម បានចេញទៅធ្វើការងារផ្សេងគ្នា ដោយម្ដាយ និងស៊ឹម ត្រូវទៅធ្វើការងាររែកដីនៅទំនប់ម្លេច រយៈពេល៣ខែ ហើយឪពុករបស់គាត់ត្រូវស្នាក់នៅក្នុងសហករណ៍ ធ្វើការងារភ្ជួរស្រែ និងដាំដំណាំ។ នៅក្នុងសហករណ៍ ឪពុករបស់ស៊ឹម អាចស្នាក់នៅ និងមើលថែកូនតូចពីរនាក់នៅផ្ទះ។

បន្ទាប់មក អង្គការបានចាត់តាំងស៊ឹម ឲ្យទៅធ្វើការងារនៅភូមិពករុន ឃុំស្រែចែង ជាមួយយុវជនកងចល័តផ្សេងទៀត។ នៅភូមិពករុន ស៊ឹម បានឃើញបងប្រុសរបស់ខ្លួនដែលចេញទៅធ្វើជាយុទ្ធជន ត្រូវបានអង្គការចាប់ឃុំឃាំងក្បែរនោះ ហើយសភាពរបស់បងប្រុសគាត់គឺស្គមស្គាំងខ្លាំង។ អង្គការចាប់បងរបស់គាត់ និងយុទ្ធជនជាច្រើននាក់ទៀតឃុំឃាំង ដោយសារតែប្រធានកងរបស់បងប្រុសគាត់លួចចុះចូលជាមួយទាហានវៀតណាម ហេតុនេះហើយទើបសមាជិកក្រុមទាំងអស់ ត្រូវបានអង្គការចាប់ខ្លួន។ ចាប់តាំងពីពេលនោះមក ស៊ឹម លែងបានជួបមុខបងប្រុសទៀត។ ស៊ឹម គិតថាបងរបស់គាត់ប្រហែលជាស្លាប់បាត់ទៅហើយ ព្រោះបងប្រុសរបស់គាត់មិនបានត្រលប់ទៅជួបគ្រួសារវិញ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំឡើយ។

នៅខែមករា ឆ្នាំ១៩៧៩ ក្រោយរបបខ្មែរក្រហមដួលរលំ ស៊ឹម បានរៀបការជាមួយប្តីរបស់ខ្លួន និងមានកូនចំនួន៧នាក់ រស់នៅក្នុងភូមិខ្វាវ។ នៅឆ្នាំ២០០២ ប្ដីរបស់ស៊ឹម បានស្លាប់ ហើយស៊ឹម ត្រូវរកស៊ីចិញ្ចឹមកូនតូចៗទាំង៧នាក់តែម្នាក់ឯង។ នៅពេលផ្ដល់បទសម្ភាសន៍ គ្រួសារស៊ឹម មានការហូបចុកគ្រប់គ្រាន់ ព្រោះកូនរបស់គាត់បានរៀបការរួចទាំងអស់ ក្នុងនោះមានមួយចំនួនបានរស់នៅក្បែរគាត់ និងបានផ្ដល់ថវិកាមួយចំនួនដល់ម្ដាយ។ ប៉ុន្តែស្ថានភាពសុខភាពរបស់ស៊ឹម មិនសូវល្អប្រសើរប៉ុន្មានទេ ព្រោះគាត់មានបញ្ហាក្រពះ, បេះដូង, ឆាប់ហត់ និងក្ដៅក្រហាយបាតជើង។

សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin