ង៉ែត ងីន៖ ជានារីកងចល័ត

នៅក្នុងសម័យ លន់ នល់ លោកតារបស់ងីន បានស្លាប់ដោយសារគ្រាប់កាំភ្លើង។ ចំណែកផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្សេងៗរបស់គ្រួសារងីន ត្រូវឆេះអស់អំឡុងពេលទម្លាក់គ្រាប់បែក។ នៅក្នុងសម័យខ្មែរក្រហម ងីន បានចូលធ្វើការងារ លើកទំនប់, ជីកប្រឡាយ,ស្ទូងដក, ធ្វើជី, រែកលាមកដាក់ស្រែ និងធ្វើស្រែ ទៅតាមរដូវកាល។ នៅឆ្នាំ១៩៧៨ ងីន បានប្ដេជ្ញាក្នុងសហករណ៍។ បន្ទាប់ពីរៀបការរួច ងីន ធ្វើការងារភ្ជួរ និងរាស់ដីស្រែឲ្យក្រុមកងចល័តស្ទូង។
(តាកែវ) ង៉ែត ងីន ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ងីន ឈ្មោះ លឿង ង៉ែត ស្លាប់នៅក្នុងសម័យខ្មែរក្រហម ហើយម្ដាយឈ្មោះ ព្រំ ភិន។ ងីន មានបងប្អូនចំនួន៧នាក់(ស្រី៤នាក់) ក្នុងនោះមានបាត់បង់ជីវិតចំនួន៣នាក់។ កាលពីក្មេង ងីន ចូលរៀនដំបូងនៅសាលាបឋមសិក្សាចំបក់ រហូតដល់ថ្នាក់ទី៧ សង្គមចាស់។ មូលហេតុដែល ងីន ឈប់រៀនដោយសារតែប្រទេសមានសង្គ្រាមឆ្នាំ១៩៧០ បន្ទាប់ពីលោក លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ។
បន្ទាប់ពីមានរដ្ឋប្រហារ ស្ថានភាពនៅក្នុងភូមិមានការផ្លាសប្ដូរ ព្រោះមានទាហាន លន់ នល់ ចូលក្នុងភូមិជាញឹកញាប់ ដើម្បីតាមចាប់ក្រុមខ្មែរក្រហម។ នៅថ្ងៃមួយពេលដែលមានការប្រយុទ្ធគ្នា ជីតារបស់ ងីន បានត្រូវគ្រាប់កាំភ្លើង ហើយឪពុកម្ដាយងីន បានបញ្ជូនគាត់យកទៅព្យាបាលនៅពេទ្យរុស្សី ទីក្រុងភ្នំពេញ និងបានស្លាប់នៅទីនោះ។ ក្រៅពីនេះ មានការផ្លោងគ្រាប់បែក និងទម្លាក់គ្រាប់បែកពីលើយន្តហោះ ដែលជាហេតុធ្វើឲ្យផ្ទះរបស់ងីន និងផ្ទះរបស់ប្រជាជនជាច្រើនគ្រួសារទៀតត្រូវភ្លើងឆេះ នៅឆ្នាំ១៩៧១ គ្រួសាររបស់ងីន បានរត់ភៀសខ្លួនទៅទីក្រុងភ្នំពេញ ដើម្បីគេចពីសង្គ្រាម។ នៅទីក្រុងភ្នំពេញ ងីន ជួយលក់បន្លែម្ដាយ ហើយឪពុកធ្វើការធាក់ស៊ីក្លូ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលគ្រប់គ្រងក្នុងទីក្រុងភ្នំពេញ និងបានជម្លៀសប្រជាជនចេញដោយបង្ខំ។ គ្រួសាររបស់ ងីន បានជម្លៀសចេញពីទីក្រុងភ្លាមៗ ដោយនាំយកជាមួយនូវសម្ភារប្រើប្រាស់បន្តិចបន្តួច និងស្បៀងអាហារសម្រាប់ហូបតាមផ្លូវ។ ពេលចេញពីផ្ទះ គ្រួសាររបស់ងីន បានធ្វើដំណើរតាមប្រជាជនផ្សេងទៀតរហូតដល់ផ្លូវជាតិលេខ៣ ហើយសម្រាកនៅតាមផ្លូវ៣យប់ ទើបមកដល់ភូមិតានប់។ នៅសហករណ៍ភូមិតានប់ អង្គការបានចាប់តាំង ងីន ឲ្យចូលក្នុងកងចល័តស្រុក ដើម្បីធ្វើការងារ លើកទំនប់, ជីកប្រឡាយ, ស្ទូងដក, រែកលាមកដាក់ស្រែ និងធ្វើស្រែ ទៅតាមរដូវកាល។
នៅឆ្នាំ១៩៧៦ អង្គការបានជម្លៀសគ្រួសារងីន និងប្រជាជនថ្មីជាច្រើនគ្រួសារទៀតទៅភូមិក្រាំវិច ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសហករណ៍ថ្មី អង្គការបានចាត់តាំង ងីន ឲ្យចូលក្នុងកងចល័តឃុំ ដើម្បីធ្វើការងារ រែកលាមក លើកទំនប់ជីកប្រឡាយ កាប់ដីដំបូក និងធ្វើជី ពីឃុំមួយទៅឃុំមួយទៀតនៅក្នុងស្រុកព្រៃកប្បាស។ នៅការដ្ឋានការងារ ក្រុមកងចល័តនារី និងកងចល័តយុវជន ធ្វើរោងស្នាក់នៅកន្លែងផ្សេងគ្នាក្បែរកន្លែងធ្វើការ និងហូបអាហាររួមគ្នានៅក្នុងកង។ ចំពោះការហូបអាហារ នៅរដូវប្រាំអង្គការចែកបាយ ហូបជាមួយសម្ល ប៉ុន្តែនៅខែវស្សា បានហូបបបររាវៗជាមួយសម្ល។
នៅឆ្នាំ១៩៧៨ អង្គការបានហៅ ងីន ពីកងចល័ត មករៀបការជាមួយឈ្មោះ ខាត់ ថុង រួមជាមួយយុវជន៣គូរផ្សេងទៀត។ មុនពេលរៀបការ ងីន មិនបានស្គាល់ ថុង កាលពីមុននោះទេ ប៉ុន្តែឪពុកម្ដាយអ្នកទាំងពីរបានស្គាល់គ្នាកាលពីមុនព្រោះអ្នកភូមិជាមួយគ្នា។ នៅពេលរៀបការ អង្គការបានឲ្យបុរស និងស្រ្ដីអង្គុយទល់មុខគ្នា ហើយនៅលើតុមុខគូរនីមួយៗ មានកាំភ្លើងមួយដើម និងចង្កៀងមួយដាក់កណ្ដាលតុ។ បន្ទាប់មក អង្គការបានឲ្យបុរស និងស្រ្ដី ឡើងប្ដេជ្ញាម្ដងម្នាក់រហូតដល់អស់ រួចចេញទៅរស់នៅក្នុងសហករណ៍ ដែលអង្គការបានរៀបចំ។ នៅក្នុងសហករណ៍ អង្គការបានចែករទេះមួយ, នង្គ័លមួយ និងគោពីរនឹម ឲ្យទៅគ្រួសាររបស់ងីម។ បន្ទាប់មក ងីន បានយកគោមួយនឹម និងនង្គ័លមួយទៅភ្ជួរ និងរាស់ដីស្រែឲ្យប្រជាជនស្ទូង ហើយប្ដីរបស់គាត់យកគោមួយនឹមទៀត រួមជាមួយរទេះសម្រាប់ដឹកស្បៀង និងដើរច្រូតស្មៅយកមកឲ្យគោទាំងពីរនឹមស៊ី។ ងីន បន្តថា ក្នុងមួយថ្ងៃអង្គការកំណត់ឲ្យនង្គ័ល៤ ភ្ជួរនិងរាស់ដីស្រែ ឲ្យរួចរាល់១ហិកតា ហើយនៅពេលដែលធ្វើការងាររួច គឺអាចសម្រាកបាន។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីខ្មែរក្រហមដួលរលំ ងីន បានត្រលប់ទៅរស់នៅភូមិតានប់វិញ និងចាប់ផ្ដើមប្រកបរបបធ្វើស្រែដើម្បីចិញ្ចឹមជីវិត។ ក្រោយមក ងីន មានកូន២នាក់ ហើយគាត់បានយកទុក្ខលំបាករបស់ខ្លួនដូចជា បែកបាក់គ្រួសារ, កង្វះសម្លៀកបំពាក់, គ្មានអាហារហូបចុក, ការធ្វើការងារធ្ងន់ៗ នៅក្នុងសម័យខ្មែរក្រហម ប្រាប់ទៅកូន, ចៅ និងក្មួយ ដើម្បីឲ្យគាត់ដឹង។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស ងីន មានជំងឺ លើសសម្ពាធឈាម, ខ្សោយបេះដូង, គ្រោះក្នុងប្រមាត់ និងក្រពះពោះវៀន។ ងីន គិតថាជំងឺរបស់គាត់កើតឡើងដោយសារអាយុកាន់តែច្រើន, កង្វះជីវជាតិ និងមកពីការធ្វើការងារធ្ងន់ៗនៅក្នុងសម័យខ្មែរក្រហម។
សម្ភាសដោយ៖ កែប ម៉ៃសុជាតា ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

