ខ្ញុំខំធ្វើដំណើរទាំងយប់ទាំងថ្ងៃព្រោះពាក្យថា” នៅខាងមុខមានសមមិត្តដាំបាយទទួល”
នៅឆ្នាំ១៩៧៨ អង្គការបានជម្លៀស សុខលាង ឲ្យដើរទាំងយប់ថ្ងៃដោយប្រើយុទ្ធសាស្រ្តាថា” បងប្អូនទាំងអស់គ្នាដើរឲ្យលឿនមានសមមិត្តដាំបាយទទួលនៅខាងមុខ” ឮហើយសុខលាង ខំប្រឹង ធ្វើដំណើរទៅមុខ ព្រោះឃ្លាន។ ខាងក្រោមនេះជាសាច់រឿង របស់ ងួន សុខលាង៖
ងួន សុខលាង[1] ភេទប្រុស អាយុ៦១ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅក្នុងភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកឈ្មោះ ងួន សារុំ ទទួលមរណៈភាពឆ្នាំ២០១៩ ក្នុងអាយុ៩០ឆ្នាំ និងម្ដាយឈ្មោះ ង៉ែ ឯក ទទួល មរណៈភាពនៅឆ្នាំ២០១០ដោយសារចាស់ជរា។ ខ្ញុំមានបងប្អូន៤នាក់ ក្នុងនោះមានប្រុស២នាក់និង ស្រី២នាក់។ ប្រពន្ធខ្ញុំឈ្មោះ សែម ខ្លី មានកូនចំនួន៦នាក់។
នៅក្នុងឆ្នាំ១៩៧០មានបាតុកម្មនៅ ស្រុកមេមត់ ដើម្បីទាមទារសម្ដេចនរោត្តម សីហនុ យាងមកកាន់កាប់ប្រទេសវិញ។ កាលពីកុមារភាព ខ្ញុំរៀនមិនបានច្បាស់លាស់ទេ។ ខ្ញុំរត់ទៅមេមត់ រៀនសាលាក្រៅ ត្រឹមថ្នាក់ទី៦ចាស់(រាប់ចាប់ពីថ្នាក់ទី១២ចុះ)។ ជំនាន់នោះថ្នាក់ទី៧ប្រលងឌីប្លូម ប៉ុន្តែខ្ញុំមិនបានប្រលងទេ រវល់តែគេចគ្រាប់។ អាមេរិកកាំងចូលមកទម្លាក់គ្រាប់បេ៥២ទាំងយប់ថ្ងៃ និងមានប៉ុស្តិ៍នៅខាងត្បូងភូមិជាំក្រវៀន។ យន្តហោះអាមេរិកធ្លាក់មួយនៅខាងកើតភូមិឃ្មួរតាំងពីឆ្នាំ ១៩៧០។ ឪពុកខ្ញុំត្រូវអាមេរិកកាំងចាប់ទៅនៅប៉ិនឡុងនៃប្រទេសវៀតណាម។ ឪពុកខ្ញុំនៅប៉ិនឡុង បាន២ទៅ៣ខែ ទើបអាមេរិកកាំងដាក់យន្តហោះមកចុះនៅខ្នងក្រពើ។ បន្ទាប់ពីអាមេរិកចូលមកក្នុង ភូមិក្រវៀនធំប្រជាជនរត់ចេញទៅនៅកន្លែងផ្សេងៗគ្នាហើយគ្រួសារ ខ្ញុំទៅនៅភូមិម្កោរ។ ខ្ញុំទៅបន្តរៀន នៅមេមត់ដោយសារតែគេចគ្រាប់បែកបេ៥២។ ខ្ញុំបានឈប់រៀនដោយសារ ប៉ុល ពតឡើងកាន់កាប់ អំណាចបង្កើតជាសហករណ៍។
ឆ្នាំ១៩៧៤ប្រទេសនៅចាយលុយ មានរូបក្អម រូបគោ។ ប្រជាជននៅក្នុងភូមិហូបបាយនៅតាមផ្ទះ។ ប៉ុន្តែធ្វើស្រែចម្ការយកវេរគ្នាម្ដងម្នាក់។ ពេលខ្ញុំត្រឡប់មកពីមេមត់វិញអង្គការប្រមូលទ្រព្យ សម្បត្តិដាក់រួម។
ឆ្នាំ១៩៧៥គ្រួសារខ្ញុំមកនៅក្រវៀន ហើយអង្គការចាប់ផ្ដើមបង្កើតវេរប្រវាស់ដៃរួម។ ឪពុកក្មេក ខ្ញុំឈ្មោះសែម សំរិត ត្រូវបានអង្គការចាប់ទៅសម្លាប់ចោលដោយសារនិយាយពាក្យថា ”បន្តិចទៀត ដាក់រួមទាំងប្រពន្ធដែរហើយ”។ យប់ឡើងអង្គការមកចាប់ចងយកទៅមន្ទីរសន្តិសុខនៅសំពៅលូន ហើយទៅបាត់រហូត។ នៅក្នុងភូមិពេលហូបបាយរួមហូបបានឆ្អែត។ ខ្ញុំអង្គការប្រើឲ្យរើសអាចម៌គោ និងស្ទូងស្រូវ។ ម្ដាយខ្ញុំអង្គការឲ្យកាត់ដេរ ប្រភេទសាច់ក្រណាត់ប៉ាក់ឌិន ដេរសម្រាប់ប្រជាជននៅក្នុង សហករណ៍ក្នុងភូមិក្រវៀនធំ។ ខោអាវដេរបានមិនគិតស្រីប្រុសទេ ស្លៀកពាក់បានដូចគ្នា។ ឪពុកខ្ញុំ អង្គការឲ្យធ្វើស្រែនៅមុខព្រួញ ហើយសមាជិក១០នាក់ជាង ដែលអង្គការចេញបទបញ្ជាទៅណា នៅទីនោះរាប់ឆ្នាំ។ បើសិនល្មើសច្បាប់លួចមកផ្ទះវិញ អង្គការចោទថាជាខ្មាំងហើយត្រូវចាប់យកទៅ សម្លាប់ចោល។ ឪពុកខ្ញុំរាប់ឆ្នាំទើបបានមកលេងផ្ទះម្ដង។
ឆ្នាំ១៩៧៧ យួនវាយបុកមកខ្លាំងចេញមកពីត្បូងភូមិមេមង ហើយខ្ញុំរត់គេចគ្រាប់ទៅនៅ ភូមិជាំតាម៉ៅ ហើយកងកម្លាំង ប៉ុល ពត ស្លាប់ច្រើន។ អង្គការបានកែនប្រជាជនឲ្យទៅសែងមនុស្សដែលស្លាប់យកទៅកប់។ កងកម្លាំងខ្មែរក្រហមវាយដល់រោងដំរី(វៀតណាមដាក់តៃនិញ) ប៉ុន្តែយួន ប្រមូលកងកម្លាំងច្រើនជាងកងកម្លាំងខ្មែរក្រហម។ ទើបការវាយប្រយុទ្ធរបស់កងកម្លាំងខ្មែរក្រហម មិនអាចយកឈ្នះវៀតណាម។ កាលនោះខ្មែរក្រហមចាប់ប្រជាជនឱ្យធ្វើជាទ័ពមិនគិតស្រីប្រុសទេ ដើម្បី យកទៅច្បាំង។
ឆ្នាំ១៩៧៨ អង្គការបានជម្លៀសខ្ញុំឲ្យដើរទាំងយប់ថ្ងៃដោយប្រើយុទ្ធសាស្រ្តាថា “បងប្អូនទាំង អស់គ្នាដើរឲ្យលឿនមានសមមិត្តដាំបាយទទួលនៅខាងមុខ” ឮហើយទាំងខ្ញុំនិងបងប្អូនដែលធ្វើ ដំណើរនោះនាំគ្នាខំប្រឹងដើរគ្មានឈប់សម្រាកដើម្បីដល់គោលដៅ។ ពេលដែលខ្ញុំទៅដល់ខេត្តក្រចេះ គ្មានបាយហូបទេ។ អង្គការបានកំណត់ឲ្យធ្វើការ ក្នុង១នាក់ត្រូវលើកភ្លឺស្រែឲ្យបាន១០០ម៉ែត្រ។ ខ្ញុំធ្វើស្រែជិតបានច្រូត អង្គការ ជម្លៀសទៅ ភូមិជឹង ជាប់ព្រែកឆ្លូង ហើយខ្ញុំមិនបានរស់នៅ ជួបជុំជាមួយ គ្រួសារទេ។ នៅភូមិជឹង រស់នៅចម្រុះគ្នា អង្គការបំបែកមិនឲ្យរស់នៅជាជួបជុំជាមួយអ្នកភូមិតែមួយទេ ខ្លាចបង្កើតចលនាបះបោរ។ អំឡុងពេលនោះនៅតាមមន្ទីរពេទ្យប្រៀបបានកន្លែងស៊ើបការណ៍ សម្ងាត់របស់អង្គការ។ ប្រសិនបើមិនឈឺតែទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ ពេលត្រឡប់ មកវិញអង្គការ និងយកទៅសម្លាប់ចោល។ ឯពិធីរៀបចំគូស្រករ អង្គការរៀបចំដោយមិនចាំបាច់ ស្រលាញ់គ្នាទេ គ្រាន់តែជូនដំណឹង ហើយពេលដល់ថ្ងៃអង្គការ ហៅឲ្យមកចូលរួមដោយចាត់ឲ្យខា ងសមមិត្តនារីអង្គុយមួយជួរ សមមិត្តបុរសអង្គុយមួយជួរ មានប្រធានសហករណ៍និយាយបើកម្មវិធី រួចហៅឈ្មោះ សមមិត្តនារី គូជាមួយសមមិត្តបុរស ហើយឡើងប្ដេជ្ញា “ថាយកគ្នាជាប្ដីប្រពន្ធ” រួចហូបបាយជុំគ្នាចប់។ ខ្ញុំត្រូវអង្គការជម្លៀសទៅភូមិស្រែរនាម ស្រុកស្នួល គ្មានកន្លែងសម្រាក ទេត្រូវ ដេកផ្ទាល់ដី លុះពេលព្រឹកឡើងទើបបន្តដំណើរទៅឡើងកាណូតនៅថ្មគ្រែទៅរហូតដល់ស្រុក ចំការលើ។ ខ្ញុំចុះពីកាណូតមកចាំអង្គការបែងចែកកន្លែងឲ្យទៅរស់នៅ។ បន្ទាប់មកអង្គការបាន ឲ្យខ្ញុំទៅរស់នៅភូមិស្ពឺ ស្រុកចំការលើដោយអង្គការ ឲ្យទៅមើលគោនិងក្របីជាមួយលោកតា ២ទៅ៣នាក់។ ខ្ញុំនៅភូមិស្ពឺបានមួយខែ ទើបឮចម្រៀងប្លែកៗ របស់លោកតាស៊ុនស៊ីសាមុត ហើយមាន ប្រជាជននៅភ្នំពេញនាំគ្នាត្រឡប់ទៅភ្នំពេញវិញ។ កាលពីមុន ខ្ញុំធ្លាប់តែឮចម្រៀងបដិវត្តន៍ខ្មែរក្រហម ក្នុងអត្តន័យ ”សម្លាប់ខ្មាំង និង ខំប្រឹងបង្ករបង្កើនផល”។ ទោះប្រទេសជាតិរំដោះហើយក្ដី ប៉ុន្តែខ្មែរ ក្រហមនៅតែសម្លាប់មនុស្សដដែល។ ពេលខ្ញុំត្រឡប់មក ពីស្ពឺដើររយៈពេលមួយខែទើបបានមកដល់ ភូមិក្រវៀនធំ ហើយឃើញផ្ទះឆេះខ្ទេច។ ខ្ញុំកាប់កូនឈើ ធ្វើផ្ទះរស់នៅ និងធ្វើស្រែចម្ការ។
ក្នុងភូមិក្រវៀនធំមានដំណាំកៅស៊ូតាំងពីឆ្នាំ១៩៩០ ប៉ុន្តែមានមិនសូវច្រើនរហូត មកដល់ ឆ្នាំ២០០០ទើបមានកៅស៊ូគ្រប់ផ្ទះ។ ចំពោះភូមិក្រវៀនមានដំណាំកៅស៊ូ និងម្រេច ជាមុខរបរសម្រាប់ ប្រជាជនក្នុងភូមិ។ រឿងរ៉ាវដែលខ្ញុំចាំមិនភ្លេចកាលពីសម័យខ្មែរក្រហមគឺ គាស់រានដីថ្មី ដើម្បីលើក ទំនប់ភ្លឺស្រែឲ្យបាន១០០ម៉ែត្រ និង ឃើញប្រជាជនដេកដួលស្លាប់ ជាច្រើនពាន់នាក់គួរឲ្យរន្ធត់ដែ លជាដក់ជាប់ជាមួយការចងចាំរបស់ខ្ញុំ។
[1] មជ្ឈមណ្ឌល ឯកសារកម្ពុជា , ឈុំ រ៉ា សម្ភាសន៍ជាមួយ ងួន សុខលាង ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម លើគម្រោង ការលើកកម្ពស់សិទ្ធិនិងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។,ថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤, ភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
សរសេរអត្ថបទដោយ៖ វី ស៊ីថា
កំណែអក្ខរាវិរុទ្ធដោយ៖ ភា រស្មី