ញ៉ែម ខាន់៖ ជាគ្រូពេទ្យ ដែលមិនទទួលបានការបណ្ដុះបណ្ដាលទៅលើវិជ្ជាពេទ្យ

នៅក្នុងសម័យខ្មែរក្រហម អង្គការចាត់តាំងឲ្យ ខាន់ ធ្វើជាពេទ្យព្យាបាលជំងឺប្រជាជននិង យោធាខ្មែរក្រហមដែលមានរបួស។ ខាន់ មិនបានទទួលវគ្គបណ្ដុះបណ្ដាលមុខវិជ្ជាពេទ្យនេះទេ គឺគាត់មើលលំនាំតាមប្រធានពេទ្យ និងចាប់ផ្ដើមព្យាបាលអ្នកជំងឺផ្ទាល់តែម្ដង។ ទីកន្លែងដែល ខាន់ ព្យាបាលប្រជាជនគឺនៅវត្តអង្គពណ្ណរាយ និងព្យាបាលយោធាខ្មែរក្រហមនៅពេទ្យ ៦មករា។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់ ញ៉ែម ខាន់ ដែលគាត់បានចេញទៅធ្វើពេទ្យ ព្យាបាលប្រជាជន និងយោធារបួស រហូតដល់ខ្មែរក្រហមដួលរលំ៖
ញ៉ែម ខាន់ ឈ្មោះក្នុងបដិវត្តន៍ ធឿន មានអាយុ៤១ឆ្នាំ(២០០៣)។ ខាន់ រស់នៅភូមិត្រពាំងព្រីង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុករបស់ ខាន់ ឈ្មោះ ញ៉ែម ស៊ឺ ម្ដាយឈ្មោះ ចាន់ ចែម និងមានបងប្អូន៥នាក់។[1] ក្នុងចំណោមបងប្អូន៥នាក់ មានស្រីពីរនាក់ចូលទៅធ្វើជាពេទ្យ, ម្នាក់ទៀតទៅធ្វើជាទ័ព និងពីរនាក់ទៀតធ្វើការនៅក្នុងកងកុមារ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់ ខាន់ គឺជាប្រជាជនក្នុងកងទី១ មានកូនទៅធ្វើបដិវត្តន៍ និងមិនមានប្រវត្តិក្បត់អង្គការ។ ខាន់ បានបន្ថែមថា ប្រជាជនក្នុងកងទី២ គឺជាប្រជាជនដែលអង្គការមានការសង្ស័យ ព្រោះមានបងប្អូនពាក់ព័ន្ធជាមួយអ្នក ១៧ មេសា និង កងទី៣គឺ ជាប្រជាជន ១៧មេសា ជម្លៀសមកពីទីក្រុងភ្នំពេញ។
នៅឆ្នាំ១៩៧៦ ខាន់ មានអាយុ១៦ឆ្នាំ។ ខាន់ បានចូលទៅធ្វើការងារក្នុងកងកុមារប្រមូលផ្ដុំ នៅភូមិតាលាក់ ឃុំសំរោង(បច្ចុប្បន្ន ឃុំគុស)តាមរយៈ មេឃុំឈ្មោះ ខែម។[2] ក្មេងៗនៅក្នុងកងកុមារប្រមូលផ្ដុំ បានចូលរៀនរយៈពេល ១ឬ២ម៉ោង នៅក្រោមម្លប់ឈើ និងក្រៅពីនោះធ្វើការងាររែកដីដំបូក។ ខាន់ បានបន្ថែមថា ប្រសិនបើកុមារធ្វើខុសដូចជា លួចទៅលេងឪពុកម្ដាយ និងមិនស្ដាប់តាមការណែនាំរបស់អង្គការ គឺត្រូវប្រធានកង យកខ្សែចងស្លាបសេកភ្ជាប់ជាមួយសរសរ និងបង្អត់អាហារ។
នៅពេលដែល ខាន់ ធ្វើការងារនៅក្នុងកងកុមារគាត់បានឃើញអង្គការបណ្ដើរអ្នកទោសស្មន់នឹងគ្នា។ អង្គការបានចាប់កោរសក់ រួចគូររូបជើងក្អែក និងវាយបណ្ដើរឲ្យប្រជាជនដែលកំពុងធ្វើការងារតាមកងនីមួយៗបានឃើញ ដើម្បីកុំឲ្យយកតម្រាប់តាម។ លើសពីនេះទៅទៀត នៅពេលដែល ខាន់ ទៅធ្វើការងារជិតមន្ទីរសន្តិសុខក្រាំងតាចាន់ គាត់បានឮសំឡេងចាក់មេក្រូ។ ខាន់ បានសួរអ្នកនៅក្បែរនោះ ពីមូលហេតុនៃការចាក់មេក្រូនេះ។ ប្រជាជននៅជិតមន្ទីរសន្តិសុខ បានខ្សឹបប្រាប់ ខាន់ វិញថាការចាក់មេក្រូនេះគឺដើម្បីលុបសំឡេងមនុស្សស្រែក។ ខាន់ បានឮសំឡេងចាក់មេក្រូ និងបណ្ដើរមនុស្សចូលក្នុងមន្ទីរក្រាំងតាចាន់ស្ទើរតែរាល់ថ្ងៃ ប៉ុន្តែគាត់មិនបានចាប់អារម្មណ៍នោះទេ រហូតដល់ ខាន់ ត្រលប់មកពីរត់វិញទើបគាត់ឃើញសុទ្ធតែក្បាលខ្មោច។
ខាន់ ធ្វើការនៅក្នុងកងកុមារតែមួយរយៈពេលខ្លីប៉ុណ្ណោះ ទើបអង្គការបញ្ជូន ខាន់ និងនារីឈ្មោះ សាវ ឲ្យទៅធ្វើពេទ្យនៅក្នុងវត្តអង្គពណ្ណរាយ ឃុំគុស។[3] នៅពេទ្យអង្គពណ្ណរាយ ឈ្មោះ ថន ប្រធានពេទ្យ បានបង្រៀន ខាន់ ឲ្យចេះចាក់សាច់ដុំ និងចាក់សរសៃ។ ថន បានប្រាប់ទៅ ខាន់ និងពេទ្យដទៃទៀត ពីរបៀបចាក់ម្ជុល(ដាក់ម្ជុលឲ្យត្រង់) និងចាក់ទៅលើមនុស្សជាក់ស្ដែងជាមុន ទើបឲ្យ ខាន់ អនុវត្តន៍ផ្ទាល់តែម្ដង។ ខាន់ បានឲ្យដឹងថា ថ្នាំដែលចាក់ចូលសាច់ដុំសរសៃគឺជាថ្នាំអំពូល។ ក្នុងរយៈពេលមួយសប្ដាហ៍ ខាន់ ទៅបើកថ្នាំអំពូលពីកន្លែងស្រុកម្ដង។ ខាន់ ចង់ចាំថា ថ្នាំដែលគាត់បានចាក់មានសរសេរអក្សរខ្មែរ ដូចជាថ្នាំបំបាត់ក្ដៅខ្លួន ឬសរសេរផ្សេង។ ខាន់ ព្យាបាលប្រជាជននៅពេទ្យ អង្គពណ្ណរាយ មួយឆ្នាំ ទើបអង្គការបញ្ជូនគាត់ទៅមជ្ឈិម។
ខាន់ បានធ្វើដំណើរចេញពីពេទ្យក្នុងវត្តអង្គពណ្ណរាយ នៅខែឧសភា ឆ្នាំ១៩៧៧។ មុនពេលទៅដល់ទីតាំងព្យាបាលជំងឺ ខាន់ ត្រូវស្នាក់នៅទីរួមខេត្តតាកែវមួយយប់ និងសម្រាក់នៅ មន្ទីរផ៥ ពីរយប់។ នៅមន្ទីរផ៥ ពេទ្យរបស់កម្មាភិបាលខ្មែរក្រហមនាំ ខាន់ ឲ្យដើរមើលសាកសព មនុស្សស្រី ព្រហ្មចារី ដែលអង្គការដាក់ទឹកថ្នាំកុំឲ្យស្អុយ និងមានគ្រោងឆ្អឹងផ្សេងៗ។ ខាន់ បានសួរទៅអ្នកនៅទីនោះថា៖ “តើទុកសាកសពនេះធ្វើអី?” ពេទ្យនៅ មន្ទីរផ៥ ឆ្លើយថាទុកពិនិត្យសរសៃឈាម។ បន្ទាប់ពីស្នាក់នៅ មន្ទីរផ៥ ពីរថ្ងៃ អង្គការបានយកឡានដឹកគាត់ទៅកាន់ពេទ្យ ៦មករា ខាងជើងវត្តភ្នំ។
ពេទ្យ ៦មករា ឬហៅ ពេទ្យ ១៧ មេសា ឬពេទ្យព១ គឺជាកន្លែងព្យាបាលយោធាដែលត្រូវរបួសស្រាល វាយសមរភូមិ។ ខាន់ បានឲ្យដឹងថា យោធាដែលចូលទៅព្យាបាលនៅកន្លែងដែលគាត់ធ្វើការ គឺភាគច្រើនមកពីភូមិភាគបូព៌ា និងមិនមានប្រជាជននោះទេ។ នៅពេលដែល ខាន់ មកដល់មន្ទីរពេទ្យ គាត់មិនបានទទួលការបណ្ដុះបណ្ដាលផ្នែកពេទ្យបន្ថែមទៀតទេ គឺគាត់ចេញទៅព្យាបាល លាងរបួស និងចាក់ថ្នាំឲ្យយោធាតែម្ដង។ មួយវិញទៀត នៅពេលយប់ អង្គការចាត់តាំងឲ្យ ខាន់ ទៅសែងយោធារបួសចេញពីកាណូត ឬក៏កប៉ាល់ មកពីវាយសមរភូមិបូព៌ា។ ក្រៅពីការងារខាងលើ ខាន់ ក៏ត្រូវដាក់វេនយាមរហូតដល់ម៉ោង១២ ទៅម៉ោង១ យប់ និងពេលខ្លះចាប់ពីម៉ោង១ ដល់ព្រឹក។
នៅក្នុងមន្ទីរ៦មករា ខាន់ ស្នាក់នៅអគារទី៤ ដែលប្រធានអគារឈ្មោះ ហាន ហៅហុន។ ហាន បានរាប់អាន ខាន់ ធ្វើជាបងប្អូនធម៌។ នៅកន្លែងដែល ខាន់ ស្នាក់នៅគឺមានតែពេទ្យនារីទាំងអស់។ ចំពោះការហូបចុកនៅអគារទី៤គឺ អ្នកជំងឺមានរោងបាយផ្សេង ហើយពេទ្យមានរោងបាយផ្សេងទៀត។ នៅក្នុងមន្ទីរពេទ្យ ពេទ្យស្រី និងយោធា មិនមានសិទ្ធិស្រឡាញ់គ្នានោះទេ។ ប្រសិនបើអង្គការចាប់បាននឹងត្រូវដកចេញពីការងារ ហើយយោធាត្រូវបញ្ជូនឲ្យទៅសមរភូមិវិញ។ ចំពោះ ពេទ្យស្រីដែលធ្វេសប្រហែសជាមួយការងារ គឺត្រូវ ហាន ហៅទៅកសាងម្នាក់ឯង ដើម្បីកុំឲ្យធ្វើបែបនេះទៀត។
ខាន់ បានប្រៀបធៀបពីភាពខុសគ្នារវាង ថ្នាំនៅក្នុងពេទ្យឃុំ និងពេទ្យ ៦មករា។ នៅពេទ្យឃុំ ថ្នាំព្យាបាលជំងឺភាគច្រើនគឺធ្វើឡើងដោយខ្លួនឯង។ ថ្នាំនៅពេទ្យឃុំភាគច្រើនប្រើគឺជាថ្នាំគ្រាប់ធ្វើពីរុក្ខជាតិ ប៉ុន្តែប្រសិនបើសេរ៉ូមគឺធំប៉ិនៗកជើង និងថ្នាំចាក់មានជាអំពូលៗ។ ចំពោះថ្នាំនៅពេទ្យ ៦មករា ភាគច្រើនគឺជាថ្នាំល្អៗយកមកពីប្រទេសចិន។ ថ្នាំដែលចាក់ភាគច្រើនគឺស្ថិតនៅក្នុងដបតូចៗ បើសេរ៉ូម គឺមានជាផ្លោកៗ។ ចំណុចដែលដូចគ្នារវាងកន្លែងទាំងពីរគឺ ប្រសិនបើពេទ្យណាម្នាក់ត្រូវការថ្នាំគឺមិនអាចទៅយកមកប្រើបានភ្លាមៗនោះទេ ត្រូវចាំយកសំបុត្រពីប្រធានពេទ្យទើបអាចទៅបើកថ្នាំបាន។ ខាន់ ធ្វើការនៅទីក្រុងភ្នំពេញរហូតដល់ខ្មែរក្រហមដួរលំនៅឆ្នាំ១៩៧៩។
បន្ទាប់ពីសម័យខ្មែរក្រហម ខាន់ បានរៀបការមានគ្រួសារ និងប្រកបរបបធ្វើស្រែ។ ខាន់ មិនបានយកវិជ្ជាពេទ្យដែលខ្លួនរៀនចេះនៅក្នុងសម័យខ្មែរក្រហមទៅព្យាបាលអ្នកជំងឺនៅក្នុងភូមិនោះទេ ប៉ុន្តែគាត់អាចទិញសេរ៉ូមពីពេទ្យយកទៅបន្តោកឲ្យកូនរបស់គាត់បាននៅពេលឈឺ។[4]
អត្ថបទដោយ ភា រស្មី
[1]ឯកសារលេខ I00695, ពិនិត្យប្រវត្តិរូបបដិវត្ត សមមិត្ត ធឿន, នៅមន្ទីរពេទ្យ ៦មករា សង្គមកិច្ច, ដោយបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា ទំព័រទី៥។ នៅក្នុងឯកសារបានសរសេរថា៖ ខាន់ មានបងប្អូន៧នាក់ ក្នុងនោះមានស្រី៤នាក់ និងមានគ្រួសារ២នាក់។
[2] ដូចខាងលើ ទំព័រទី២។ នៅក្នុងប្រវត្តិរូបបានសរសេរថា៖ ធឿន ចូលបដិវត្តនៅឆ្នាំ១៩៧៥ និងអ្នកនាំចូលឈ្មោះ ភួង ជាគណៈឃុំ។
[3] ឯកសារលេខ I00897, ពិនិត្យប្រវត្តិរូបបដិវត្ត របស់សមមិត្ត ធឿន ថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៧៨ ដោយបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា ទំព័រទី២។ ខាន់ ចូលបដិវត្តនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៧៧, អ្នកនាំចូលឈ្មោះ ខែម រស់នៅក្នុងឃុំសំរោង។ នៅក្នុងសម័យខ្មែរក្រហម មន្ទីរពេទ្យដែល ខាន់ ចូលធ្វើការគឺ មន្ទីរពេទ្យឃុំសំរោង ស្រុក១០៥ តំបន់១៣ ភូមិភាគនិរតី។
[4] ឯកសារលេខ TKI0013, ករណីធឿន ហៅញ៉ែម ខាន់ ភេទស្រី អាយុ៤១ឆ្នាំ, សម្ភាសនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០០៣ ដោយ រស់ សមពៅ និងអ៊ីសា ឧស្មាន, មជ្ឈមណ្ឌលឯកសារកម្ពុជា។