ខ្មែរក្រហមបង្ខំឲ្យធ្វើការលើសកម្លាំង

(តាកែវ) ៖ ញ៉ែម គួន ភេទស្រី មានអាយុ៧៣ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ញ៉ែម គួន បានចងចាំរឿងរ៉ាវដែលមិនអាចភ្លេចបាននៅក្នុងរបបខ្មែរក្រហមនោះគឺ អង្គការបានប្រើឲ្យគាត់ទៅជីកព្រែក ជីកប្រឡាយ និងដកស្ទូងជាដើម។ គាត់ត្រូវធ្វើការច្រើន ហើយហូបអាហារមិនគ្រប់គ្រាន់ ពីមួយថ្ងៃទៅមួយថ្ងៃហូបតែបបររាវ មានកាកបន្តិចបន្តួចប៉ុណ្ណោះ។

អង្គការបានជម្លៀសគាត់ចេញពីភូមិកំណើតរបស់គាត់ទៅរស់នៅភូមិអុស ហើយបន្ទាប់មកគេក៏ជម្លៀសគាត់ទៅភូមិត្រពាំងរកាដើម្បីឲ្យទៅធ្វើការនៅទីនោះ។ នៅពេលដែលកងទ័ពខ្មែរក្រហមកាន់កាប់អំណាច គាត់មានអាយុប្រហែលជា៣៥ឆ្នាំ ហើយរូបគាត់ក៏បានរៀបការរួចហើយដែរ។

ពេលនេះគាត់មានកូនបីនាក់ ស្លាប់បាត់បង់ជីវិតម្នាក់ដោយសារតែជំងឺស្អូច និងកញ្រ្ជឹល ដោយសារតែមិនមានថ្នាំសម្រាប់ព្យាបាលគ្រប់គ្រាន់ និងគ្មានការព្យាបាលពីសំណាក់គ្រូពេទ្យបានដិតដល់។ ប្ដីរបស់គាត់ត្រូវអង្គការជម្លៀសចេញទៅឆ្ងាយ ហើយមិនឲ្យត្រឡប់មកផ្ទះវិញនោះទេ។

ញ៉ែម គួន ត្រូវបានខ្មែរក្រហមប្រើឲ្យទៅរកត្រី សាច់ នៅឯបឹង ដើម្បីធ្វើម្ហូប។ ចំណែកឯប្អូនប្រុសរបស់គាត់ម្នាក់បានចូលបម្រើការនៅក្នុងកងទ័ព បានបាត់ដំណឹងតាំងពីពេលនោះរហូតមកដល់បច្ចុប្បន្ន។ គាត់បានឃើញទាហានខ្មែរក្រហមចាប់បញ្ជូនកុមារជាច្រើននៅពេលល្ងាច ប៉ុន្តែមិនដឹងថាគេបញ្ជូនទៅណានោះទេ។

នៅពេលល្ងាច អង្គការតែងតែនាំកុមារប្រហែលជា១០០នាក់ ទៅ១៥០នាក់ ដោយមិនដឹងអំពីគោលបំណង និងគោលដៅរបស់គេនាំទៅកន្លែងណាឡើយ។ ខ្មែរក្រហមតែងតែប្រើឲ្យក្មេងៗសែងលាមកគោយកទៅដាក់នៅក្នុងស្រែ។ នៅក្នុងរបបនោះកុមារក៏វេទនាដែរព្រោះអង្គការប្រើឲ្យធ្វើការតាំងពីគ្នានៅក្មេងខ្ចី។

នៅក្នុងរបបខ្មែរក្រហមគាត់មិនបានគោរពប្រណិប័តន៍សាសនាអ្វីឡើយ។ រូបសំណាក់ព្រះពុទ្ធត្រូវគេវាយកម្ទេចចោល។ លោកសង្ឃត្រូវចាប់ផ្សឹកឲ្យមកធ្វើការដូចជាប្រជាជនធម្មតា វត្តអារាមត្រូវបានគេយកទៅធ្វើជាឃ្លាំងដាក់ស្បៀង ឃ្លាំងសម្រាប់ដាក់សម្ភារៈផ្សេងៗ កន្លែងដាំបាយ ឬដាក់ជាកន្លែងស្នាក់នៅរបស់ប្រជាជនជាដើម។ បើនិយាយពីការសិក្សារៀនសូត្រវិញ ក្មេងៗជំនាន់នោះរៀនមិនបានជ្រៅជ្រះ និងទូលំទូលាយដូចបច្ចុប្បន្ននេះឡើយ អង្គការបង្រៀនឲ្យតែស្មោះត្រង់ជាមួយអង្គការមួយមុខប៉ុណ្ណោះ៕

សម្ភាសន៍ដោយ ឈួន ស៊ីនួន នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin