ញឹម ខុន៖ “ប្រាប់ក៏វាមិនជឿដែរ!”

ញឹម ខុន រស់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ ញឹម ខុន ភេទស្រី មានអាយុ ៨០ឆ្នាំ។ ខុន មានទីកន្លែងកំណើត និងរស់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ខុន មានឪពុកឈ្មោះ ញឹម, ម្ដាយឈ្មោះ ម៉ុក ធី និងមានបងប្អូនចំនួន៩នាក់ ក្នុងនោះមានស្រី៦នាក់។ ខុន រំឭកថា ខ្មែរក្រហមបញ្ជាឲ្យគាត់ធ្វើការស្ទើរតែបាត់បង់ជីវិត។ ខុន ត្រូវធ្វើការតាំងពីព្រលឹមដល់ព្រលប់ និងហូបចុកមិនគ្រប់គ្រាន់។  ខុន និយាយថា “[ខ្មែរក្រហម]ប្រើឯងចង់ងាប់”។

នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ខុន មិនបានរៀនសូត្រនោះទេ ដោយគាត់ត្រូវនៅផ្ទះមើលថែក្មួយរបស់គាត់។ ក្រោយមក ខុន បានរៀបការជាមួយប្តីរបស់គាត់ ដែលជាទាហាន លន់ នល់ នៅភូមិព្រៃពួច។ នៅឆ្នាំ១៩៧៣ ប្តីរបស់ខុន ដែលមានអាយុជាង៣០ឆ្នាំ បានបាត់ខ្លួននៅពេលទៅច្បាំងជាមួយកងទ័ពខ្មែរក្រហម។ ខុន និងកូនរបស់គាត់ចំនួន៤នាក់ បានរត់ភៀសខ្លួនទៅរស់នៅទីក្រុងភ្នំពេញ។ ក្រោយមក ខុន បានត្រលប់មករស់នៅម្តុំជម្ពូវ័នវិញ។

នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចនៅទូទាំងប្រទេស ខុន និងកូនៗរបស់គាត់ ត្រូវខ្មែរក្រហមជម្លៀសទៅរស់នៅភូមិព្រៃពួច និងចាត់ទុកជាប្រជាជនថ្មី។ ខ្មែរក្រហមចែកអង្ករ, ស្រូវសាលី ឬពោតក្រហមឲ្យគាត់ហូប។ ក្នុងមួយថ្ងៃ ខុន ទទួលបានអង្ករមួយកំប៉ុង។ ក្រោយមក ខុន ទទួលបានរបបអាហារពីរពេលក្នុងមួយថ្ងៃ ហើយគាត់ទទួលបានតែបបរប៉ុណ្ណោះ។ ខុន ឮពីប្រជាជនផ្សេងថា ស្រូវត្រូវបានខ្មែរក្រហមដឹកយកទៅស្រុកចិន ហើយដូរយកត្រាក់ទ័រមកវិញ។ ប៉ុន្តែការពិត នៅពេលភ្ជួររាស់ ខុន ត្រូវភ្ជួររាស់ដោយប្រើប្រាស់គោ និងនង្គ័លប៉ុណ្ណោះ។

នៅទីនោះ ខុន ត្រូវរែកដី, ជីកប្រឡាយ, លើកភ្លឺស្រែ និងដកស្ទូង។ ខុន បន្ដថា គាត់ត្រូវធ្វើការស្រេចតែបញ្ជារបស់ខ្មែរក្រហម។ ខុន និយាយថា “ប្រសិនបើយើងធ្វើខុស គេកសាង”។ នៅពេលប្រជុំ ខុន ត្រូវបានខ្មែរក្រហមហៅទៅណែនាំឬកសាង និងប្រាប់គាត់ឲ្យខិតខំធ្វើការ។ ចំណែកកូនរបស់ខុន ត្រូវចូលធ្វើការក្នុងកងកុមារ ដោយត្រូវកាប់ឆ្ការស្លឹកឈើ។ មិនយូរប៉ុន្មាន កូនពៅរបស់ខុន ដែលនៅផ្ទះតែម្នាក់ឯង បានស្លាប់ដោយសារធ្លាក់ពីលើគ្រែ។

ក្រោយមក ខុន និងកូនរបស់គាត់ទាំង៣នាក់ បានធ្លាក់ខ្លួនឈឺ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលអ្នកទាំងបួនទទួលបានតែថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាលប៉ុណ្ណោះ។ បន្ទាប់ពីលេបថ្នាំរាងដូចអាចម៍ទន្សាយរួច ខុន និងកូនរបស់គាត់ទាំង៣នាក់ មិនបានធូរស្បើយនោះទេ។​ មិនយូរប៉ុន្មាន កូនរបស់ខុនម្នាក់ទៀត បាត់បង់ជីវិតដោយសារជំងឺហើម។

នៅរបបខ្មែរក្រហម ខុន បាត់បង់កូនចំនួន២នាក់។ ក្រោយមកទៀត ឪពុកក្មេករបស់ខុន បាត់បង់ជីវិតដោយសារជំងឺ។ ខុន ចងចាំថា គាត់មិនហ៊ានយំនោះទេ ដោយសារគាត់ខ្លាចខ្មែរក្រហមចោទថាគាត់មានជំងឺសតិអារម្មណ៍។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ខុននិងកូនរបស់គាត់ពីរនាក់ បានភៀសខ្លួនទៅខេត្តកំពង់ស្ពឺ។ ប៉ុន្មានថ្ងៃក្រោយមក ខុន និងកូនរបស់គាត់បានត្រលប់មករស់នៅភូមិកំណើតវិញ។ នៅពេលសួរថា តើគាត់ធ្លាប់និយាយរឿងរ៉ាវនៅរបបខ្មែរក្រហមប្រាប់អ្នកជំនាន់ក្រោយដែរឬទេ? ខុន និយាយថា គាត់មិនដែលនិយាយប្រាប់នោះទេ ហើយគាត់បានបន្តនិយាយថា “ប្រាប់ក៏វាមិនជឿដែរ!”៕

សម្ភាសន៍ដោយ​ ថន ពុធដារ៉ូ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin