ម្ដាយខ្ញុំបានស្លាប់ព្រោះភាពអត់ឃ្លាន
នៅក្នុងឆ្នាំ១៩៧៧ ខ្មែរក្រហមបានរឹតបណ្តឹងរបបអាហារដល់ប្រជាជន កាន់តែខ្លាំងទៅៗ ឈានដល់ការហូបបបរអង្ករ១កំប៉ុងគ្នា៣០នាក់។ ជាក់ស្ដែង ម្ដាយ ធី ទទួលបានទឹកបបររាវៗ និងមានគ្រាប់អង្ករបន្តិចបន្តួចប៉ុណ្ណោះ ហើយត្រូវបានបង្ខំឲ្យធ្វើការងារគ្មានពេលសម្រាក ទើបបណ្ដាលឲ្យគាត់ធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់បាត់បង់ជីវិត។ ធី បាននិយាយរៀបរាប់រឿងរ៉ាវដូចខាងក្រោម៖
នួន ធី ភេទស្រី អាយុ៦០ឆ្នាំ ប្រកបរបរធ្វើចម្ការនិងក្រងស្បូវលក់។ ធី មានស្រុកកំណើតនៅ ភូមិកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ជាប់ព្រំដែនប្រទេសថៃ។ បច្ចុប្បន្ននេះ ធី រស់នៅ ភូមិផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ធី មានឪពុកឈ្មោះ នួន (ស្លាប់) ចំណែកឯម្ដាយឈ្មោះ អ៊ុំ(ស្លាប់) ។ ធី មានបងប្អូនចំនួន៣នាក់នៅក្នុងនោះមានប្រុស២នាក់និងស្រីម្នាក់។ ធី ជាកូនទី២នៅក្នុងគ្រួសារ បច្ចុប្បន្ននេះបងប្អូនរបស់ ធី បានស្លាប់បាត់បង់ជីវិតអស់ហើយនៅតែ ធី ម្នាក់ទេ។ ធី មានប្តីឈ្មោះ ណាត(ស្លាប់) តាំងពីសង្គ្រាមខ្មែរក្រហមនៅឆ្នាំ១៩៨០មកម្ល៉េះ។ ធី មានកូនចំនួន៥នាក់ នៅក្នុងនោះមានស្រីចំនួន២នាក់និងប្រុសចំនួន៣នាក់ កូនៗរបស់ ធី បានរៀបការអស់៤នាក់ នៅលីវម្នាក់។ សព្វថ្ងៃនេះ ធី រស់នៅផ្ទះតែម្នាក់ឯង កូនៗបានទៅធ្វើការនៅឆ្ងាយ អ្នកខ្លះបែកផ្ទះរស់នៅតាមគ្រួសាររបស់គេរៀងៗខ្លួន។
កាលពីកុមារភាព ធី រស់នៅជាមួយពូដោយសារគ្រួសារមានជីវភាពខ្វះខាតខ្លាំងពេក។ ពូ របស់ធី ប្រកបរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតជាប្រចាំថ្ងៃ។ ធី រស់នៅជាមួយ ពូ មិនដែលធ្វើការងារអ្វីដែលធ្ងន់ៗនោះទេគឺគ្រាន់តែនៅផ្ទះជួយមើលកូនៗឲ្យ ពូ រាល់ពេលដែលគាត់ចេញទៅធ្វើការងារម្ដងៗ។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្ដម សីហនុ ពេលនោះ ធី រស់នៅក្នុង ភូមិកំរៀង ជាមួយពូដោយប្រកបរបរធ្វើស្រែធម្មតា។ មិនយូរប៉ុន្មានប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល។ សង្គ្រាមមួយនេះគឺជាការប្រយុទ្ធគ្នារវាងយោធាខ្មែរក្រហមជាមួយកងទ័ពសាធារណរដ្ឋខ្មែរ។ កងទ័ពសាធារណរដ្ឋខ្មែរទទួលបានការឧបត្ថម្ភពីសហរដ្ឋអាមេរិកដូចជា យន្តហោះទម្លាក់គ្រាប់បែក បេ និងសព្វាវុធជាច្រើនទៀតដែលត្រូវប្រើប្រាស់ក្នុងសមរភូមិ។ ចំណែកឯយោធារបស់ខ្មែរក្រហមទទួលបានការឧបត្ថម្ភពីចិននិងវៀតណាមខាងជើង។ យន្តហោះរបស់អាមេរិកតែងតែចូលមកទម្លាក់គ្រាប់ដាក់ផ្ទះសំបែងរបស់ប្រជាជនឲ្យឆេះខ្ទេចខ្ទីនៅរាល់ពេលយប់។ ធី និងបងប្អូនត្រូវបាន ពូ នាំទៅលាក់ខ្លួនក្នុងត្រង់សេដែលបានជីកទុកនៅក្នុងព្រៃក្បែរៗផ្ទះ សភាពនៅក្នុងភូមិពោពេញទៅដោយភ្នក់ភ្លើងនិងភាពស្ងប់ស្ងាត់។ ប្រជាជននៅក្នុងភូមិរស់នៅទាំងភាពភ័យខ្លាចនិងការព្រួយបារម្ភពីស្រុកទេសរបស់ខ្លួន។ ប្រជាជនមួយចំនួនបានស្លាប់បាត់បង់ជីវិតនិងរងរបួសជាច្រើននាក់ ដូច្នេះហើយប្រជាជនខ្លះបានសម្រេចចិត្តចាកចេញពីភូមិទៅរស់នៅតាមព្រៃដើម្បីគេចពីការទម្លាក់គ្រាប់របស់ទាហានអាមេរិកដែលគ្រាំទ្រដោយ លោក សេនា ប្រមុខ លន់ នល់។ សេដ្ឋកិច្ចរកស៊ីរបស់ប្រជាជនមានការថយចុះជាខ្លាំង ដីស្រែចម្ការបានក្លាយទៅជាចម្ការមីននិងរណ្ដៅគ្រាប់បែកដូច្នេះប្រជាជនមិនអាចធ្វើស្រែចម្ការបានដូចមុនទៀតឡើយ។ ចំណែកហេដ្ឋារចនាសម្ព័ន្ធនៅក្នុងភូមិរបស់ ធី សាលារៀន វត្តអារាម មន្ទីរពេទ្យ ផ្លូវថ្នល់មួយចំនួន ត្រូវបានខ្ទេចខ្ទីដោយការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក។ សម្រាប់អាហារហូបចុក ធី ផ្ទាល់ មិនសូវជាខ្វះខាតប៉ុន្មាននោះទេពីព្រោះតែ ពូ របស់ ធី តែងតែលួចទៅយកអង្ករនៅផ្ទះយកមកដាំហូបក្នុងត្រង់សេរាល់ពេល ស្ងាត់ពីការទម្លាក់គ្រាប់បែកម្ដងៗ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចនៅក្នុងប្រទេសកម្ពុជាទាំងស្រុង។ ដំបូងខ្មែរក្រហមបានជម្លៀសប្រជាជនដែលរស់នៅរាជធានីភ្នំពេញទាំងអស់ឲ្យមករស់នៅតាមទីជនបទ តាមបណ្ដារខេត្តនានា ដោយជួយធ្វើការងារដល់ប្រជាជនតាមស្រុកភូមិ រួមគ្នានិងស្នាក់នៅជាមួយប្រជាជនផងដែរ។ មិនយូរប៉ុន្មាននៅក្នុងភូមិកំរៀងខ្មែរក្រហមបានចាប់ផ្ដើមប្រមែប្រមូលទ្រព្យសម្បត្តិរបស់ប្រជាជនទាំងអស់ ដាក់នៅក្នុងសហករណ៍រួមគ្នានៅក្នុងភូមិទុកប្រើប្រាស់ជាទ្រព្យសម្បត្តិរួមគ្នា ប្រជាជនទាំងអស់គ្មានសិទ្ធតវ៉ាជាមួយនឹងខ្មែរក្រហមនោះទេ ប្រសិនបើមានខ្មែរនឹងចាប់យកទៅអប់រំជាមិនខាន។ ក្រោយមកចាប់ផ្ដើមឲ្យប្រជាជននៅក្នុងភូមិកំរៀង ទាំងអស់ធ្វើការងាររួមគ្នា ហូបបាយរួមគ្នា តែទៅសម្រាកនៅតាមផ្ទះរៀងៗខ្លួនៗ។ ខ្មែរក្រហមបានបែងចែកការងារដល់ប្រជាជនទាំងអស់ទៅតាមវ័យរបស់ប្រជាជន។ ធី ត្រូវបានខ្មែរក្រហមចាត់ឲ្យចូលធ្វើការងារនៅក្នុងកងកុមារ ក្នុងមួយក្រុមមានចំនួន៤០នាក់។ កុមារាមានចំនួន២០នាក់និងកុមារីចំនួន២០នាក់ មានមេកងម្នាក់ឈ្មោះ ខន ជាអ្នកគ្រប់គ្រងកងកុមារ។ រាល់ពេលឈឺម្ដងៗគ្មានពេទ្យព្យាបាលទេ មានតែថ្នាំអាចម៍ទន្សាយដែលធ្វើចេញពីឬសឈើតែប៉ុណ្ណោះ ។ សម្រាប់អាហារហូបចុកនៅក្នុងឆ្នាំដំបូងមិនមានអ្វីខ្វះខាតនោះទេ ក្នុងមួយថ្ងៃ ធី ទទួលបានអាហារ៣ពេល។ ខ្មែរក្រហមប្រើ ធី ឲ្យដើរកាប់ដើមទន្ទ្រានខេត្រជាមួយនឹងកុមារផ្សេងៗទៀតដើម្បីយកមកធ្វើជាជី។ ក្រោយពេលទំនេរពីការងារ ខ្មែរក្រហមបានឲ្យកងកុមារទាំងអស់រៀនសូត្រអំពីព្យញ្ជនៈនិងប្រកបខ្លះៗដែរ រៀននៅក្រោមដើមឈើនៅក្នុងភូមិករៀង។ នៅក្នុងឆ្នាំ១៩៧៦ សមាជិកគ្រួសារខ្លះត្រូវបានបែកបាក់រស់នៅឆ្ងាយគ្នាពីព្រោះតែត្រូវទៅធ្វើការនៅតាមក្រុមផ្សេងៗគ្នាដែលអង្គការបានកំណត់ឲ្យ។ ប្ដីត្រូវបានបែកចេញពីប្រពន្ធកូនៗត្រូវបែកចេញពីឪពុកម្ដាយ ចំណែក ធី ត្រូវបានបែកចេញពីពូត្រូវទៅរស់នៅក្នុងកងកុមារ។
រហូតមកដល់ឆ្នាំ១៩៧៧-១៩៧៨ ធី មានអាយុច្រើនជាងមុន ខ្មែរក្រហមបានផ្លាស់ឲ្យចូលធ្វើការនៅក្នុងកងចល័តវិញ រៀងរាល់ពេលរដូវប្រាំងខ្មែរក្រហមប្រើឲ្យ ធី ជីកប្រឡាយ និងលើកភ្លឺស្រែនៅក្នុងភូមិអំពិលប្រាំដើម។ រាល់ពេលជីកប្រឡាយខ្មែរក្រហមបានកំណត់ឲ្យក្រុមកងចល័តទាំងអស់ជីកក្នុងម្នាក់ឲ្យបាន១ម៉ែត្រគីបក្នុងមួយថ្ងៃ។ ក្រៅពីចប់ការជីកប្រឡាយ ត្រូវចូលធ្វើស្រែបន្តដូចជាលើកភ្លឺស្រែដោយកំណត់ឲ្យបាន២ម៉ែត្រក្នុងមួយថ្ងៃ ប្រសិនបើប្រជាជនធ្វើមិនហើយទេនោះនឹងត្រូវបង្អត់អាហារជាមិនខាន ដូច្នេះប្រជាជនទាំងអស់ខិតខំធ្វើការងារមិនហ៊ានឈប់សម្រាកផ្ដេសផ្ដាស់ឡើយ បើធ្វើមិនរួចគឺត្រូវបន្តធ្វើដល់យប់ទៀត។ លុះពេលធ្វើការងារចប់រួចរាល់ទើបបានទៅសម្រាកនៅក្នុងរោងសហករណ៍រួមគ្នា។ ឈានចូលដល់រដូវធ្វើស្រែ ខ្មែរក្រហមឲ្យ ធី និងក្រុមកងចល័តទាំងអស់ផ្លាស់ទៅធ្វើស្រែបន្តទៀត ការងាររួមមានដូចជា ដក ស្ទូង ច្រូតស្រូវជាដើម ។ ក្រោយពីបានបែកពីឪពុកអស់រយៈពេល២ឆ្នាំ ធី បានទទួលដំណឹងថាឪពុកត្រូវបានខ្មែរក្រហមសម្លាប់ចោលដោយគ្មានមូលហេតុអ្វីសោះ។ មិនយូរប៉ុន្មានម្ដាយរបស់ ធី ត្រូវបានស្លាប់ជាបន្តបន្ទាប់ដោយសារតែគ្មានអាហារហូបចុកគ្រប់គ្រាន់ទើបបណ្ដាឲ្យគាត់ធ្លាក់ខ្លួនឈឺស្លាប់។ ធី ពិតជាឈឺចាប់ខ្លាំងណាស់ នៅពេលដែលបាត់បង់ឪពុកម្ដាយព្រមៗគ្នាបែបនេះ ។ ពីមួយឆ្នាំទៅមួយឆ្នាំខ្មែរក្រហមបានរឹតបណ្តឹងទាំងការងារនឹងអាហារហូបចុកកាន់តែខ្លាំងទៅៗ ធី ឲ្យធ្វើការទាំងថ្ងៃទាំងយប់គ្មានពេលសម្រាកទេ។ ក្រៅពីនោះ ធី ធ្លាប់បានឃើញខ្មែរក្រហមចាប់ប្រជាជនដែលគ្មានកំហុសយកទៅសម្លាប់ចោលដោយចោទប្រកាន់ថាជាខ្មាំង ច្រើននាក់ដោយចងដៃពត់ទៅក្រោយហើយបាញ់ទម្លាក់ចូលក្នុងរណ្ដៅ។ នៅក្នុងឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានចូលមករំដោះប្រទេសកម្ពុជាឲ្យរួចផុតពីអំពើប្រល័យពូជសាសន៍ដ៏សាហាវឃោរឃៅមួយនេះ។ ពេលនោះ ធី និងក្រុមកងចល័តបាននាំគ្នារត់គេចពីវៀតណាមពួននៅតាមព្រៃភ្នំ ដោយសារតែបានឮគេនិយាយតៗគ្នាថាកងទ័ពវៀតណាមចូលមកចាប់ប្រជាជនសម្លាប់ចោលទាំងអស់។ ក្រោយពេលដែលដឹងថាកងទ័ពរបស់វៀតណាមចូលមករំដោះប្រទេសនិងជួយប្រជាជន ធី បានចុះមករស់នៅក្នុងភូមិវិញ។ តាំងពីកងទ័ពវៀតណាមចូលមករំដោះហើយ ធី មិនដែលបានជួបនឹងបងប្អូនវិញនោះទេ បែកពីពួកគាត់តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្ននេះ សព្វថ្ងៃសូម្បីតែដំណឹងបន្តិចគ្មានផង។ នៅក្នុងឆ្នាំ១៩៨២ ធី ត្រូវបានចាស់ទុំផ្សំផ្គុំឲ្យមានគ្រួសារ។ ក្រោយពេលរៀបការរួច ធី ជាមួយប្ដីនាំគ្នាប្រកបរបរធ្វើស្រែ រស់នៅជាមួយគ្នាបានកូនមួយប្តី ធី បានចូលធ្វើទាហានហើយបានស្លាប់បាត់បង់ជីវិតតាំងពីពេលនោះមក។ ក្រោយមក ធី បានគ្រួសារក្រោយបាននាំគ្នាមករស់នៅភូមិផ្ចឹកជ្រុំនេះដោយប្រកបរបបធ្វើចម្ការរហូតមកដល់បច្ចុប្បន្ននេះ។ រឿងរ៉ាវដែល ធី នៅចាំមិនភ្លេចនោះគឺខ្មែរក្រហមបានយកឪពុករបស់ធីទៅសម្លាប់ចោលដោយគ្មានមូលហេតុអ្វីទាំងអស់និងម្ដាយធីស្លាប់ដោយសារគ្មានអាហារហូបចុកគ្រប់គ្រាន់។ រឿងរ៉ាវទាំងនេះដិតជាប់នៅក្នុងការចងចាំរបស់ ធី ជានិច្ច។
សរសេរអត្ថបទដោយ៖ ឡាំ ស្រីនីត
កំណែអក្ខរាវិរុទ្ធដោយ៖ ភា រស្មី