បងប្រុសកំសត់

អ៊ឹង ចិន្តា ភេទស្រី មានអាយុ៤២ឆ្នាំ រស់នៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ខ្ញុំមានបងប្អូនចំនួន៦នាក់ ក្នុងនោះប្រុស៤នាក់។ គ្រួសារខ្ញុំប្រកបរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត។ ក្នុងចំណោមបងប្រុសរបស់ខ្ញុំ៤នាក់ បងប្រុសទី៣ ដែលមានឈ្មោះ នួន សារឿន គាត់បានបម្រើការជាកងទ័ពនៅបន្ទាយទួលក្រសាំង។ នៅអំឡុងឆ្នាំ២០០៨ រហូតមកដល់ ឆ្នាំ២០២៥ បងប្រុសបានទៅប្រចាំការនៅតំបន់ប្រាសាទព្រះវិហារ។ ក្រោយបម្រើការងារជាកងទ័ពប្រមាណ២០ឆ្នាំ បងប្រុសបានស្លាប់នៅពេលដែលកងទ័ពប្រទេសថៃបានចូលមកឈ្លានពានប្រទេសកម្ពុជា និងបានប្រើប្រាស់ផ្សែងពុលបាញ់មកលើវរកងទ័ពកម្ពុជា។
វរកងទ័ព នួន សារឿន បានស្លាប់ដោយសារតែផ្សែងពុលរបស់ទាហានថៃ អាយុ៥២ឆ្នាំ មានស្រុកកំណើតនៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ប្អូនស្រីនិយាយថា កាលពីបងប្រុសខ្ញុំនៅមានជីវិតគាត់រស់នៅផ្ទះជាមួយខ្ញុំ និងឪពុកម្តាយ។ វរកងទ័ព នួន សារឿន បានលែងលះជាមួយប្រពន្ធឈ្មោះ លន ផល្លា នៅពេលដែលអ្នកទាំងពីរមានកូនចំនួន២នាក់ ក្នុងនោះស្រី១។
ខាងក្រោមនេះជារឿងរ៉ាវរបស់បងប្រុសកាលពីនៅមានជីវិត៖
«កាលពីនៅវ័យកុមារបងប្រុសរៀននៅសាលាបឋមសិក្សាក្នុងភូមិសីហា រហូតចូលដល់ថ្នាក់វិទ្យាល័យគាត់បានផ្លាស់ទៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនថ្នល់ជាតិ។ បន្ទាប់ពីឈប់រៀនបងប្រុសបានចូលបម្រើការងារជាទាហាននៅបន្ទាយទួលក្រសាំង ដែលស្ថិតនៅក្រុងតាខ្មៅ។ ការចូលបម្រើការងារជាទាហាននេះគឺតាមរយៈឈ្មោះ នាវ ថុន ដែលជាអ្នកភូមិជាមួយគ្នាដែលគាត់ធ្វើជាទាហាននៅបន្ទាយទួលក្រសាំង។
នៅពេលចូលធ្វើជាទាហាននៅទួលក្រសាំង មានការហ្វឹកហ្វឺនជាច្រើនដំណាក់ការ និងមានការលំបាកខ្លាំង។ កាលជំនាន់នោះទាហានខ្លះបានរត់ចោលជួរដោយសារតែទ្រំាទ្រការលំបាកមិនបាន ប៉ុន្តែសម្រាប់បងប្រុសគាត់បានតស៊ូរហូតហ្វឹកហ្វឺនបានជោគជ័យ។ បន្ទាប់ពីបងប្រុសចូលធ្វើទាហានបានមួយរយៈក៏បានរៀបការជាមួយប្រពន្ធរបស់គាត់ឈ្មោះ លន ផល្លា ដែលជាអ្នកនៅក្រុងតាខ្មៅ។
អំឡុងពេលដែលបងប្រុសរបស់ខ្ញុំធ្វើទាហាននៅបន្ទាយទួលក្រសាំង មេបញ្ជាការធំឈ្មោះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង។ បងប្រុសធ្លាប់ធ្វើការងារផ្នែកជំនួយការ និងផ្នែកអង្គភាពដឹកជញ្ជូន។ នៅឆ្នាំ២០០៨ បងប្រុសបានផ្លាស់ទៅតំបន់ប្រាសាទព្រះវិហារ នៅមានជម្លោះជាមួយប្រទេសថៃ ហើយចាប់តាំងពីនោះរហូតមកដល់ឆ្នាំ២០២៥ បងប្រុសឈរជើងនៅតំបន់ប្រាសាទព្រះវិហាររហូត។ នៅពេល ឈរជើងនៅប្រាសាទព្រះវិហារ បងប្រុសមិនសូវបានមកលេងផ្ទះញឹកញាប់ទេ ព្រោះរវល់ការងារច្រើន ហើយបងប្រុសជាទាហានដែលគោរពវិន័យ និងឧស្សហ៍ព្យាយាម។ លុះត្រាណាតែមានធុរៈចាំបាច់ ទើបបងប្រុសសុំច្បាប់មេបញ្ជាមកលេងផ្ទះ។ ខ្ញុំនៅចាំបានថាថ្ងៃមួយបងប្រុសមកលេងផ្ទះរយៈពេល៣ថ្ងៃ ខ្ញុំនិងម្ដាយឃើញគាត់មិនសូវស្រួលខ្លួនក៏ឃាត់បងប្រុសឲ្យសម្រាកនៅផ្ទះឲ្យបានយូរដើម្បីទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ។ ប៉ុន្តែពេលនោះបងប្រុសមិនយល់តាមអ្វីដែលខ្ញុំ និងម្ដាយឃាត់នោះទេ។ បងប្រុសបានត្រលប់ទៅប្រចាំការនៅខេត្តព្រះវិហារវិញ។ ខណៈពេលទៅដល់ខេត្តព្រះវិហារបានមួយរយៈ បងប្រុសខ្ញុំស្រាប់តែឈឺធ្ងន់ត្រូវបញ្ជូនមកមន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យយោធា ១៧៩) ដើម្បីសង្រ្គោះបន្ទាន់។ គ្រូពេទ្យបានប្រាប់ថាបងប្រុសខ្ញុំមានជំងឺបេះដូង ដែលគាត់មានអាការថប់ៗដង្ហើម។ បងប្រុសបានសម្រាកនៅមន្ទីរពេទ្យរយៈពេលជិត១ខែ ដោយឃើញស្ថានភាពសុខភាពរបស់បងប្រុសទ្រុឌទ្រោមគ្រួសារបានឲ្យគាត់ឈប់ពីការងារទាហាន ប៉ុន្តែបងប្រុសមិនយល់ព្រម។ បងប្រុសស្រលាញ់ការងារជាទាហានណាស់។ បន្ទាប់ពីជំងឺបានធូរស្រាលបន្តិចបងប្រុសបានត្រលប់ទៅប្រចាំការតំបន់ខេត្តព្រះវិហារវិញ។
នៅខែឆ្នូ ឆ្នាំ២០២៤ បងប្រុសបានសុំអនុញ្ញាតច្បាប់ច្បាប់ពីអង្គភាពមកលេងផ្ទះ ដើម្បីចូលរួមពិធីមង្គលការក្មួយ។ បន្ទាប់ពីចូលរួមពិធីមង្គលការរួចបងប្រុសបានត្រលប់ទៅប្រចាំការនៅខេត្តព្រះវិហារវិញ។ រហូតដល់ខែឧសភា ឆ្នាំ២០២៥ ឪពុករបស់ខ្ញុំបានធ្លាក់ខ្លួនឈឺធ្ងន់ និងចូលសម្រាកនៅមន្ទីរពេទ្យ ហើយក្នុងអំឡុងពេលនោះស្ថានភាពសមរភូមិជួរមុខនៅខេត្តព្រះវិហារមានភាពតានតឹងខ្លាំងជាមួយកងទ័ពថៃ។បងប្រុសបានត្រឹមទូសព្ទមកសួរសុខទុក្ខឪពុកប៉ុណ្ណោះ។ បងប្រុសបានប្រាប់ថា គាត់មិនអាចទៅសួរសុខទុក្ខឪពុកបាននោះទេ ព្រោះស្ថានការណ៍នៅខេត្តព្រះវិហារ កំពុងតែតានតឹងខ្លាំងត្រូវត្រៀមរៀបចំលេណដ្ឋាន។ រហូតដល់ ខែកក្កដា ឆ្នាំ២០២៥ ឪពុករបស់ខ្ញុំបានស្លាប់ បងប្រុសមកមិនទាន់ដង្ហើមឪពុកទេ ពោលគឺឪពុកស្លាប់បានមួយថ្ងៃ ទើបបងប្រុសបានមកដល់ផ្ទះដើម្បីចូលរួមបុណ្យសព។ ក្រោយបុណ្យសពឪពុករួច បងប្រុសបានត្រលប់ទៅប្រចាំការនៅខេត្តព្រះវិហារវិញ។ ពេលបងប្រុសត្រលប់ទៅដល់ខេត្តព្រះវិហារបានរយៈពេល១០ថ្ងៃ ស្រាប់មានការផ្ទុះអាវុធនៅតំបន់ប្រាសាទព្រះវិហារ។ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានវាយប្រហារមកលើកងទ័ពកម្ពុជាមុន ហើយបងប្រុសបានទូសព្ទមកប្រាប់ថានៅសមរភូមិមុខបានផ្ទុះអាវុធគ្រាប់ធំៗណាស់ ហើយឥលូវនេះគាត់កំពុងតែជញ្ជូនគ្រាប់ និងជួយដាក់គ្រាប់កាំភ្លើងឲ្យវរកងទ័ពដែលកំពុងប្រយុទ្ធ។ បងប្រុសបានប្រាប់ក្រុមគ្រួសារថាកុំទូសព្ទមកគាត់អីព្រោះគាត់ជាប់រវល់ប្រយុទ្ធក្នុងសង្គ្រាម បើចង់ទាក់ទងឆាតជាសំឡេងមក នៅពេលទំនេរគាត់នឹងឆ្លើយបតវិញ។ ខ្ញុំ និងគ្រួសារក៏ធ្វើតាមបងប្រុស។ ខ្ញុំបានឆាតប្រាប់បងប្រុសឲ្យប្រយ័ត្នប្រយែង ហើយនៅពេលយប់ ទើបបងប្រុសបានឆ្លើយតបមកខ្ញុំវិញ។
នៅថ្ងៃទី២៨ ខែកក្កដា បទឈប់បាញ់បានចូលជាធរមាន នៅតំបន់ខេត្តព្រះវិហារ លែងមានការផ្ទុះអាវុធ។ នៅអំឡុងបុណ្យភ្ជុំបិណ្ឌ គ្រួសារខ្ញុំបានទូរសព្ទទៅបងប្រុសឲ្យមកលេងផ្ទះដើម្បីស្រោចទឹក តាមជំនឿសាសនា។ បងប្រុសប្រាប់ថាគាត់នឹងទៅលេងផ្ទះនៅថ្ងៃភ្ជុំធំ។ ប៉ុន្តែមុនពិធីបុណ្យភ្ជុំបិណ្ឌ៥ថ្ងៃ ជំងឺបងប្រុសបានរើសឡើងវិញ ហើយត្រូវបានបញ្ជូនមកសម្រាកនៅមន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យយោធា១៧៩)។ អំឡុងពេលបញ្ជូនបងប្រុសមកសង្រ្គោះបន្ទាន់គ្រូពេទ្យត្រូវដាក់ខ្យល់អុកស៊ីសែនជាប់រហូត ព្រោះបងប្រុសពិបាកដកដង្ហើម។ គ្រូពេទ្យបានខ្នះខ្នែងជួយសង្រ្គោះបងប្រុសយ៉ាងខ្លាំង។ នៅពេលមកដល់មន្ទីរពេទ្យថ្ងៃដំបូង បងប្រុសអាចបើកភ្នែក និងនិយាយជាមួយគ្រួសារបានខ្លះ។ បងប្រុសសម្រាកនៅមន្ទីរពេទ្យរយៈពេល៥ថ្ងៃ ប៉ុន្តែគាត់ពេលខ្លះមិនដឹងខ្លួនទេ។ ក្រោយមកគ្រូពេទ្យប្រាប់ថា មិនអាចជួយបងប្រុសបានទេ ព្រោះគាត់បានស្រូបផ្សែងពុលរបស់ទាហានថៃច្រើន និងជ្រាបពេញក្នុងខ្លួនបណ្តាលឲ្យប៉ះពាល់ដល់គ្រឿងក្នុងខ្លាំង គួបផ្សំបងប្រុសមានជំងឺបេះផងនោះ គ្រូពេទ្យបានព្យាបាលគាត់អស់ពីសមត្ថភាពប៉ុន្តែមិនអាចជួយសង្គ្រោះបាន។
ក្រោយពីឮគ្រូពេទ្យប្រាប់ស្ថានភាពជំងឺរបស់បងប្រុសរួចមក គ្រួសារបានសម្រេចចិត្តនាំបងប្រុសមកផ្ទះវិញ។ មកដល់ផ្ទះបានមួយថ្ងៃគ្រួសារបាននិមន្តព្រះសង្ឃសូត្រមន្តតាមជំនឿសាសនា។ បងប្រុសបានបាត់បង់ជីវិតនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នៅមុនពិធីបុណ្យភ្ជុំបណ្ឌិមួយថ្ងៃ។ បន្ទាប់ពីបងប្រុសស្លាប់ខ្ញុំបានឮដំណឹងពីប្អូនស្រីជីដូនប្រាប់ថា ៤ថ្ងៃមុនបងប្រុសបញ្ជូនមកមន្ទីរពេទ្យ ប្អូនជីដូនមួយបានទូរសព្ទទៅលេងបងប្រុសហើយគាត់ប្រាប់ថា មិនសូវស្រួលខ្លួនគាត់បានទៅជួបគ្រូពេទ្យនៅក្រុងព្រះវិហារម្ដងតែមិនបានធូរស្បើយ។ បងប្រុសហាមប្អូនស្រីជីដូនមួយថាកុំឲ្យប្រាប់ខ្ញុំ និងម៉ែថាគាត់កំពុងឈឺ ព្រោះគាត់មិនចង់ឲ្យគ្រួសារបារម្ភពីជំងឺរបស់គាត់។ សព្វថ្ងៃខ្ញុំទទួលបន្ទុកមើលថែកូនប្រុសម្នាក់របស់បងប្រុសព្រោះគាត់ និងប្រពន្ធបានលែងលះគ្នាប្រហែលជា១០ឆ្នាំ ចំណែកកូនស្រីនៅជាមួយអតីតប្រពន្ធ។ នេះជាខ្សែជីវិតរបស់បងប្រុសខ្ញុំដែលត្រូវបានស្លាប់ដោយសារការបាញ់ផ្សែងពុលរបស់ទាហានថៃមកលើវរកងទ័ពកម្ពុជា ដែលខិតខំការពារទឹកដី»។[1]
[1] គាត ស្រីឡែន សម្ភាសន៍ជាមួយ អ៊ឹង ចិន្តា ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដែលត្រូវជាប្អូនស្រីរបស់វរកងទ័ពដែលបានស្លាប់ឈ្មោះ នួន សារឿន។
អត្ថបទដោយ គាត ស្រីឡែន


