នៅ សារិន៖ ឃ្លានពេកទើបហ៊ានលួចអាហារ
នៅ សារិន អាយុ៥៧ឆ្នាំ រស់នៅភូមិសូទៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ សារិន បានដឹងថាមានការទម្លាក់គ្រាប់បែកនៅម្ដុំកំណោះ។ នៅពេលដែលមានឡានហោះ(យន្តហោះ) ចូលមកទម្លាក់គ្រាប់បែកម្ដងៗ ចាស់ៗនៅក្នុងភូមិបាននាំក្មេងតូចៗរត់ចូលក្នុងលេណដ្ឋាន ដើម្បីគេចខ្លួន ហើយសារិន តែងតែលួចអើតកមើលយន្តហោះនៅពេលដែលចាស់ៗមិនបានចាប់អារម្មណ៍។
ចូលដល់សម័យខ្មែរក្រហម សារិន មានអាយុប្រមាណ១៣ឆ្នាំ។ អង្គការបានរៀបចំឲ្យ សារិន ចូលទៅរស់នៅក្នុងកងកុមារឃុំញ៉ែងញ៉ង ដើម្បីធ្វើការងារ រែកដីដំបូក, កាប់ស្លឹកឈើយកមកលាយជាមួយជី, រើសអាចម៍គោ និងជីកប្រឡាយ។ នៅក្នុងកងកុមារ បន្ទាប់ពីហូបអាហារថ្ងៃត្រង់រួច អង្គការបានរៀបចំឲ្យកុមាររៀនអក្សររយៈពេលកន្លះម៉ោងនៅក្រោមដើមឈើ ទើបបន្តចេញទៅធ្វើការងារផ្សេងៗ។
ចំពោះរបបអាហារវិញ អង្គការដាំបាយលាយជាមួយដំឡូងមី ឲ្យប្រជាជនហូបជាមួយសម្លបន្លែត្រកួន, ព្រលឹត ឬគូឆាយ ។ នៅពេលដែលហូបមិនឆ្អែត សារិន បានចេញទៅរើសត្នោតទុំ ឬដូងទុំយកមកដុតទុកហូបបន្ថែមទៀតនៅពេលធ្វើការងារ។ មួយវិញទៀត សារិន បានទៅដើររកខ្ចៅយកមកលីងជាមួយអំបិល ឬពេលខ្លះដើរកាត់គុលស្លឹកគ្រៃយកទៅបុកជាមួយអំបិលទុកហូបជាមួយបាយ។ ក្រៅពីការរកអាហារហូបបន្ថែម សារិន បានចូលទៅលួចខ្លាញ់នៅក្នុងរោងបាយ នៅពេលដែលចុងភៅបែរខ្នងចេញពីខ្ទះ និងលួចបេះផ្លែទៀបនៅកន្លែងការងារ បើទោះបីជាមានការហាមឃាត់ពីប្រធានកងក៏ដោយ។
ក្រោយមក នៅពេលដែលមានការប្រយុទ្ធគ្នានៅខេត្តតាកែវ គ្រួសារសារិន បានរត់ភៀសខ្លួនទៅខេត្តពោធិ៍សាត់។ នៅខេត្តពោធិ៍សាត់ សារិន បានចូលទៅក្នុងកងកុមារម្ដងទៀតដើម្បីធ្វើការងារចិញ្ច្រាំស្លឹកឈើ។ នៅពេលដែលសារិន ចេញទៅរកស្លឹកឈើ គាត់បានឃើញសាកសពមនុស្សស្អុយរលួយក្នុងព្រៃ ប៉ុន្តែពេលមកប្រាប់ម្ដាយៗថាកុំឲ្យមាត់។ គ្រួសាររបស់សារិន រស់នៅខេត្តពោធិ៍សាត់ បានរយៈពេលប្រមាណមួយខែ គាត់បានឮដំណឹងថា អង្គការមានបំណងចាប់ប្រជាជនដែលរត់ភៀសខ្លួនពីខេត្តតាកែវ យកទៅសម្លាប់នៅស្គរដាច់។ បន្ទាប់មក មានកុមារមូលដ្ឋានម្នាក់មកប្រាប់ម្ដាយសារិនថា អង្គការនឹងចាប់អ្នកខេត្តតាកែវ យកទៅសម្លាប់យប់នេះ។ ពេលឮដូច្នេះ ម្ដាយរបស់សារិន បាននាំគ្នាសុំប្រធានសហករណ៍ចេញពីភូមិ ដើម្បីទៅជួបកូននៅស្ទឹងពោធិ៍សាត់ ព្រោះកូនឈឺនិងស្នាក់នៅកន្លែងនោះ។ ប្រធានភូមិមិនបានហាមឃាត់គាត់នោះទេ ហើយថែមទាំងឲ្យដំឡូងមួយកញ្ចប់ និងអង្ករ១០កំប៉ុងទៅជាមួយ។
បន្ទាប់ពីចេញផុតឆ្ងាយពីការគ្រប់គ្រងរបស់អង្គការ គ្រួសារសារិន បានធ្វើដំណើរត្រលប់មកស្រុកកំណើតវិញ។ នៅតាមផ្លូវ គ្រួសារសារិន បានជួបការលំបាកយ៉ាងខ្លាំង ដោយសារតែមិនមានអាហារហូបគ្រប់គ្រាន់។ ដើម្បីចម្អែតក្រពះ ម្ដាយរបស់សារិន បានយកអង្ករដែលនៅសល់មួយក្ដាប់ទៅស្ងោរជាមួយស្លឹកផ្ទីហូប ហើយបន្ទាប់មកទៀត គឺត្រូវដើររើសចន្ទីនៅតាមផ្លូវហូបបន្តទៀត។ នៅពេលដែលគ្រួសាររបស់សារិន ធ្វើដំណើរមកដល់ខាងលិចកំពង់ឆ្នាំង មានមីងម្នាក់ដែលចេះភាសាវៀតណាម បានចូលទៅសុំបាយពីវៀតណាមនៅអូរឫស្សីឲ្យគ្រួសារគាត់បានហូបមួយពេល។ លុះចេញមកដល់ថ្នល់បទ សារិន បានយកអំបោះបីប៉ោយដូរអង្ករបាន៩កំប៉ុង រួចបន្តដំណើរកាត់តាមថ្នល់បែកគុស រហូតដល់ស្រុកកំណើតវិញ។
នៅក្នុងសម័យខ្មែរក្រហម សារិន បាត់បង់បងម្នាក់ ដែលគាត់ចេញទៅធ្វើជាយោធា។ តាមដំណឹងដែលសារិនទទួលបាន គឺបងគាត់ស្លាប់ដោយសារត្រូវគ្រាប់ ប៉ុន្តែ សារិន គិតថាបងរបស់គាត់ស្លាប់ដោយសារតែអង្គការយកទៅសម្លាប់ ព្រោះបងរបស់គាត់មាត់រឹងណាស់ ទើបមិនខ្លាចអង្គការ។
សារិន ពេញចិត្តចំពោះការចាប់មេដឹកនាំខ្មែរក្រហមយកទៅកាត់ទោស ព្រោះមេដឹកនាំខ្មែរក្រហមបានបង្កើតការសម្លាប់មនុស្សដោយមិនញញើតដៃ។ គាត់យល់ថា ការកាត់ទោសនេះ គឺយុត្តិធម៌ល្អណាស់ សម្រាប់ប្រជាជនខ្មែរ និងធ្វើឲ្យប្រជាជនមានការត្រេកអរដែលបានកាត់ទោសខ្មែរក្រហម។ មួយវិញទៀត សារិន ចង់ឲ្យក្មេងជំនាន់ក្រោយក្រោកឈរឡើងតស៊ូ រៀនសូត្រឲ្យបានខ្ពង់ខ្ពស់ ដើម្បីកុំឲ្យសង្គមបែបនេះត្រលប់មកវិញម្ដងទៀត។
អត្ថបទដោយ៖ ភា រស្មី
សម្ភាសដោយ៖ មឿន ហាច ថ្ងៃទី២១ ខែសីហា ២០២១