ណុប ហុន៖ កុមារត្រូវតែរស់នៅក្នុងកង

ណុប ហុន អាយុ៥៦ឆ្នាំ រស់នៅភូមិសូទៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ ហុន កើតទាន់សម័យ លន់ នល់ ប៉ុន្តែគាត់មិនបានដឹងរឿងរ៉ាវផ្សេងៗនោះទេ ព្រោះគាត់នៅក្មេងពេក។ ការចងចាំរបស់ ហុន នៅសម័យ លន់ នល់ គឺម្ដាយឪពុករបស់គាត់ ដឹកដៃគាត់រត់គេចពីការទម្លាក់គ្រាប់បែក។ ចូលដល់អាយុ៩ឆ្នាំ ហុន ត្រូវបានអង្គការរៀបចំឲ្យចូលទៅរស់នៅក្នុងកងកុមារ បែកពីម្ដាយឪពុក។ នៅក្នុងកងកុមារ ហុន ត្រូវធ្វើការងារកើបអាចម៍គោ, រើសអាចម៍គោ និងកាច់ស្លឹកឈើយកទៅធ្វើជីឲ្យគ្រប់ចំនួនតាមអង្គការកំណត់ ហើយពេលយប់ គាត់ត្រូវរែកដីដំបូកឲ្យបាន២៥ ទៅ៣០អម្រែកបន្ថែមទៀត មុនពេលចូលសម្រាក។ នៅរដូវប្រមូលផល ក្មេងៗដូចជា ហុន ត្រូវទៅធ្វើការងារជញ្ជូនកណ្ដាប់ស្រូវ ដែលកងនារីច្រូតរួច យកទៅដាក់មួយកន្លែង ហើយប្រសិនបើបោកស្រូវ កុមារត្រូវជួយជញ្ជូនចំបើង។

នៅក្នុងកងកុមារ ក្មេងៗមិនអាចត្រលប់មកស្នាក់នៅជាមួយឪពុកម្ដាយនោះទេ ហើយប្រសិនបើកុមាររូបណាហ៊ានលួចត្រលប់មកផ្ទះវិញ នោះប្រធានកងនឹងវាយធ្វើបាប ឬដាក់ពិន័យ។ ហើយបើកុមារណាដែលប្រព្រឹត្តកំហុសធ្ងន់ អង្គការនឹងយកកុមារនោះទៅកប់ទាំងរស់។ នៅពេលយប់ ក្មេងៗមិនមានភួយដណ្ដប់គ្រប់គ្រាន់នោះទេ កុមារដែលដណ្ដើមឈ្នះ បានក្រណាត់ដណ្ដប់ ហើយក្មេងដែលចាញ់ត្រូវដេកឱបដៃជាជួរ។ ចំណែកឯសម្លៀកបំពាក់វិញ កុមារមានតែខោអាវមួយសម្រាប់ប៉ុណ្ណោះ។ នៅពេលដែលសម្រាកពេលយប់ កុមារត្រូវបោកហាលខោអាវនោះ ហើយបើមិនស្ងួត គឺត្រូវតែស្លៀកទាំងសើមនៅថ្ងៃស្អែក។

ចំពោះរបបអាហារវិញ គឺមិនគ្រប់គ្រាន់នោះទេ ដូច្នេះហើយបានជា ហុន និងកុមារផ្សេងទៀត ត្រូវក្រោកពេលព្រលឹមទៅដណ្ដើមត្នោតទុំជ្រុះហូបបន្ថែម ប៉ុន្តែមិនហ៊ានលួចអាហារ ឬរកត្រីមកដុតហូបនោះទេ ព្រោះខ្លាចត្រូវទទួលពិន័យ។ ចំពោះរបបអាហារនេះទៀតសោត ប្រសិនបើកុមារធ្វើការងារមិនគ្រប់តាមផែនការកំណត់ នោះអង្គការមិនផ្ដល់របបអាហារឲ្យទេ។

នៅក្នុងសម័យខ្មែរក្រហម ហុន មិនបានបាត់បង់សមាជិកគ្រួសាររនោះទេ ព្រោះគាត់មានបងប្អូនជាប្រជាជនមូលដ្ឋាន ជួយលួចលាក់ការពារគ្រួសាររបស់គាត់ ខុសពីប្រជាជនថ្មីផ្សេងទៀតដែល គ្មានសាច់ញាតិ និងត្រូវបានអង្គការយកទៅសម្លាប់។ នៅពេលដែលខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ ហុន បានចូលរៀនបន្តទៀត និងធ្វើការងារដាំបាយនៅផ្ទះធម្មតា ព្រោះមិនមានអ្នកគ្រប់គ្រង ឬបង្ខំទៀតឡើយ។

នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស ហុន មានជំងឺ លើសសម្ពាធឈាម, ទឹកនោមផ្អែម, លើសជាតិស្ករ និងបេះដូង។ ជំងឺដែល ហុន កំពុងកើតមាន គឺបណ្ដាលមកពីអាយុរបស់គាត់កាន់តែច្រើន។ ដើម្បីព្យាបាលជំងឺ ហុន ទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពជិតផ្ទះជាញឹកញាប់ និងបើកថ្នាំពេទ្យយកមកលេបជាទៀងទាត់។

អត្ថបទដោយ៖ ភា រស្មី 

សម្ភាសដោយ៖ មឿន ហាច ថ្ងៃទី០៤ ខែកញ្ញា ២០២១

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin