នួន ថុល៖ ចេញពីកងកុមារ ចូលធ្វើការងារក្នុងកងយុវនារី

នៅក្នុងសម័យ លន់ នល់ ផ្ទះរបស់ ថុល ត្រូវបានភ្លើងឆេះអស់ពាក់កណ្ដាល។ បន្ទាប់ពីមានភ្លើងឆេះ គ្រួសារថុល បានរត់ភៀសខ្លួនទៅរស់នៅទីក្រុងភ្នំពេញ។ នៅក្នុងសម័យខ្មែរក្រហម ថុល បានចូលធ្វើការងារនៅក្នុងកងកុមារ មើលគោ និងធ្វើជី។ បន្ទាប់មក ថុល បានចូលទៅធ្វើការងារក្នុងរោងបាយ រួចចូលក្នុងកងចល័ត ធ្វើស្រែ និងលើកទំនប់ ជីកប្រឡាយ។ ក្រោយមក អង្គការបានប្ដូរ ថុល ពីកងចល័តទៅក្នុងកងធ្វើកន្ទេល និងចុងក្រោយចូលក្នុងកងសិល្បៈ។
នួន ថុល អាយុ៦០ឆ្នាំ រស់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ថុលឈ្មោះ ប្រាក់ លី ហើយម្ដាយឈ្មោះ គឹម ផង់ និងមានបងប្អូនស្រី២នាក់។ ថុល មានប្ដីឈ្មោះ ស្រី ប៉ុន និងមានកូន៥នាក់ ក្នុងនោះមានស្រី៣នាក់។ ថុល ចូលរៀនដំបូងនៅសាលាបឋមសិក្សាចំបក់។
នៅក្នុងរបប លន់ នល់ ប្រជាជននៅក្នុងភូមិបចាម បានរងគ្រោះដោយសារការទម្លាក់គ្រាប់បែកធុងសាំង និងផ្លោងគ្រាប់បែកចូលភូមិជាញឹកញាប់ និងធ្វើឲ្យផ្ទះប្រជាជនឆេះជាច្រើនខ្នង។ ក្នុងចំណោមផ្ទះទាំងអស់ ផ្ទះរបស់ ថុល បានឆេះអត់ម្ខាង ព្រោះមានគ្រាប់ផ្លោងមួយទៀតធ្លាក់ចំភក់ខ្ទាត់ឡើងត្រូវភ្លើងដែលកំពុងឆេះ។ បន្ទាប់ពីឆេះផ្ទះ គ្រួសាររបស់ថុល បានភៀសខ្លួនទៅរស់នៅបឹងទំពន់ ខាងត្បូងវត្តសន្សំកុសល ទីក្រុងភ្នំពេញ។ នៅទីក្រុងភ្នំពេញ ថុល បានចូលរៀនបន្តទៀតរហូតដល់ថ្នាក់ទី៧។ ថុល ឈប់រៀននៅឆ្នាំ១៩៧៥ អំឡុងពេលយោធាខ្មែរក្រហមចូលគ្រប់គ្រងទីក្រុងភ្នំពេញ និងជម្លៀសប្រជាជនទាំងអស់ឲ្យទៅស្រុកកំណើត។
ចំពោះគ្រួសាររបស់ថុល បានចាក់ចេញពីទីក្រុងភ្នំពេញដោយថ្មើរជើង និងមានរម៉កម៉ូតូម្លែតមួយសម្រាប់ដឹកអង្ករ និងសម្ភារ។ នៅតាមផ្លូវធ្វើដំណើរ ឪពុករបស់ថុល បានលក់អង្ករមួយបេ ក្នុងតម្លៃមួយពានប្រាំរយរៀល (លុយរូបគោ) រួចចែកទៅកូនម្នាក់ប្រាំរយរៀលដាក់តាមខ្លួន ហើយប្រសិនបើវង្វេងគ្នា អាចមានប្រាក់ជាប់ខ្លួន។ ពេលធ្វើដំណើរដល់ភូមិបចាម អង្គការបានបែងចែកសមាជិកគ្រួសាររបស់ថុល ឲ្យទៅធ្វើការងាររួមគ្នាជាក្រុម។ ចំណែក ថុល ដែលមានអាយុ១៤ឆ្នាំ អង្គការបានបញ្ជូនគាត់ទៅក្នុងកងកុមារ ដើម្បីធ្វើការងារឃ្វាលគោ, រែកអាចម៍គោ, ធ្វើជី និងទូលជីដាក់ស្រែ។ នៅក្នុងកងកុមារ ក្នុងមួយពេល ថុល ទទួលបានបាយប្រមាណ២ស្លាបព្រា និងមិនគ្រប់គ្រាន់នោះទេ។ នៅពេលដែល ថុល ចាប់ផ្ដើមធំជាងនេះបន្តិច អង្គការបានប្ដូរគាត់ទៅក្នុងរោងបាយ ដើម្បីរកបន្លែដាក់ក្នុងសហករណ៍ ហើយនៅពេលយប់ដាក់វេណគ្នាយាម ឬដកសំណាប។
ក្រោយមក នៅពេលដែលថុល ពេញវ័យ អង្គការបានបញ្ជូនគាត់ទៅក្នុងកងចល័តនារី ដើម្បីធ្វើការងារដកស្ទូង និងរែកដី។ នៅក្នុងកងនារី ថុល ធ្វើការងាររាល់ថ្ងៃ ហើយពេលខ្លះគាត់ត្រូវជីកព្រែកនៅពេលយប់បន្ថែមទៀត ប៉ុន្តែរបបអាហារដែលគាត់ទទួលបានភាគច្រើនគឺបបររាវៗជាមួយសម្ល។ ក្នុងមួយឆ្នាំ អង្គការដាំបាយឲ្យប្រជាជនហូបប្រមាណ២ខែ បន្ទាប់មកទៀត ចាប់ផ្ដើមបបរគោក រហូតដល់បបររាវៗលាយជាមួយបន្លែ។ បន្ទាប់មកដោយសារ ថុល ចេះត្បាញកន្ទេល ទើបអង្គការចាត់តាំងឲ្យគាត់ចូលក្នុងក្រុមត្បាញ និងដើរកាប់ដើមមចាក់។ ចេញពីធ្វើកន្ទេល អង្គការឲ្យ ថុល ចូលក្នុងកងសិល្បះ។ ចាប់តាំងពីចេញពីកងនារី ការងាររបស់ថុល បានធូរស្រាលឡើងវិញ រហូតដល់ខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩។
បន្ទាប់ពីខ្មែរក្រហមដួលរលំ ថុល ត្រលប់មករស់នៅភូមិតានប់វិញ និងចាប់ផ្ដើមប្រកបរបបលក់ដូរ។ នៅឆ្នាំ១៩៨០ ថុល បានរៀបការជាមួយ ផង់ និងបន្តរកស៊ីលក់ស្ករនៅផ្សារសំរោងយ៉ោង ដោយប្ដីរបស់គាត់ដឹកយកទៅលក់។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស ថុល មានជំងឺក្រពះពោះវៀន ឈឺក្បាល និងក្ដៅក្រហាយបាតជើង។ ថុល គិតថា ជំងឺរបស់គាត់កើតឡើងមកពីអាយុរបស់គាត់កាន់តែច្រើន និងកង្វះជីវជាតិ។ មួយវិញទៀត ថុល នៅតែនឹកឃើញរឿងរ៉ាវនៅក្នុងសម័យខ្មែរក្រហម ជាពិសេសនៅពេលដែលឃើញការចាក់វីដេអូរឯកសារនៅលើទូរស្សន៍។ នៅពេលដែលនឹកឃើញ ថុល បានយករឿងរ៉ាវដែលគាត់ធ្លាប់បានឆ្លងកាត់ក្នុងសម័យខ្មែរក្រហមប្រាប់ទៅក្មេងជំនាន់ក្រោយ ជាពិសេសកូន និងចៅរបស់គាត់។
សម្ភាសដោយ៖ កែប ម៉ៃសុជាតា ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

