នុត នៅ៖ ខ្មែរក្រហមបំផុសកំហឹងប្រជាជនឲ្យស្អប់ លន់ នល់

សម័យ លន់ នល់ នៅ បានជឿតាមការឃោសនារបស់មេភូមិអង្គរនាប ឲ្យចូលទៅធ្វើបដិវត្តន៍។ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះ នៅ បានចូលធ្វើជាសមាជិកឃុំ និងក្រោយមកបានក្លាយទៅជាគណៈឃុំស្រែ រនោង។ នៅចុងឆ្នាំ១៩៧៨ អង្គការបានចោទប្រកាន់ នៅ ថាខុសសីលធម៌ជាមួយនារីម្នាក់ និងបញ្ជូនគាត់មកអង្គតាសោម។ ពីរខែក្រោយមក កងទ័ពរណសិរ្សបានចូលមករំដោះប្រទេសកម្ពុជា។ កងទ័ព វៀតណាម បានចាប់ នៅ ដាក់គុកកោះអណ្ដែតរយៈពេល៥ឆ្នាំ ៨ខែ។

ខាងក្រោមនេះគឺជាសេចក្ដីសង្ខេបរឿងរ៉ាវរបស់ នុត នៅ និងរឿងរ៉ាវផ្សេងៗដែលបានកើតមានឡើងនៅក្នុងសហករណ៍៖

នុត នៅ ភេទប្រុស អាយុ៦៥ឆ្នាំ(២០០៥)។ នៅ រស់នៅភូមិអង្គរនាប ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។  នៅ បានផ្ដល់បទសម្ភាសទៅកាន់លោក ជួង សុភារិទ្ធ ក្នុងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៥។ នៅក្នុងបទសម្ភាស នៅ បានឲ្យដឹងថា គាត់កើតនៅភូមិដំបូក៨ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ប៉ុន្តែបច្ចុប្បន្នគឺប្ដូរមកភូមិអង្គរនាប ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅ មានឪពុកឈ្មោះ នុត ណុប និងម្ដាយឈ្មោះ នុត ផែន ព្រមទាំងមានបងប្អូនចំនួន ៧នាក់ ក្នុងនោះមានស្រី ៤នាក់។ ស្ថានភាពគ្រួសារ នៅ គឺក្រីក្រ ព្រោះឪពុកស្លាប់ចោលតាំងពីគាត់អាយុ១៥ឆ្នាំ។ ដោយសារតែជីវភាពគ្រួសារជួបការលំបាក នៅ បានសម្រេចចិត្តចូលទៅបួសនៅវត្តក្អែក ដើម្បីបានសិក្សារៀនសូត្របន្តទៀត។[1]

នៅវត្តក្អែក នៅ បានចូលរៀននៅសាលាបាលីរង និងទទួលសញ្ញាបត្របាលីរង។ បន្ទាប់ពីបួសបាន ៥ វស្សា នៅ សម្រេចចិត្តលាចាកសិក្ខាបទ ដើម្បីជួយធ្វើស្រែម្ដាយ។ បន្ទាប់ពីលាចាកសិក្ខាបទបានមួយឆ្នាំ នៅ​ បានរៀបការជាមួយប្រពន្ធឈ្មោះ ប៊ូ សោ រស់នៅភូមិត្រពាំងជាយ ប៉ុន្តែឥឡូវប្ដូរមកភូមិអង្គរនាបដូចគ្នា។ ក្រោយរៀបការ នៅ មានកូនចំនួន៩នាក់ ក្នុងនោះមានស្រីចំនួន២នាក់។ សព្វថ្ងៃកូនរបស់ នៅ មានចំនួន៨នាក់ ព្រោះបាត់ខ្លួនកូនច្បងគេបង្អស់ម្នាក់។ ពេលរៀបការរួច នៅ ចូលធ្វើជាមេភូមិដំបូក៨ ក្នុងសម័យសង្គមរាស្រ្ដនិយម។

ក្នុងសម័យ លន់ នល់ ភូមិដំបូក៨ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្មែររំដោះ។ ប្រធានភូមិដំបូក៨ មានឈ្មោះថា អៀប ដោយ និង អង់ ឌុច ក្រោយមកឈ្មោះ ង៉ែត ងឹម។ មេភូមិ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្មែររំដោះ បានបំផុសកំហឹងឲ្យប្រជាជនស្អប់ លន់ នល់, ចេង ហេង និងអ៊ិន តាំ និងបញ្ចុះបញ្ចូលឲ្យប្រជាជនបញ្ជូនកូនចៅចូលទៅធ្វើបដិវត្តន៍ប្រឆាំងជាមួយរបប លន់ នល់។

នៅពេលដែលប្រទេសកម្ពុជាមានសង្គ្រាមស៊ីវិលរវាងកងកម្លាំងខ្មែរក្រហម និងកម្លាំងរបបសាធារណរដ្ឋខ្មែរ ខ្មែរក្រហមបានប្រើប្រាស់ព្រះនាម សម្ដេចព្រះ នរោត្តម សីហនុ និងការទម្លាក់គ្រាប់បែកនៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ សម្រាប់ជាមូលដ្ឋានក្នុងការអូសទាញយុវជនវ័យក្មេងឲ្យចូលបម្រើបដិវត្តន៍។ ចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៣ យុវជនវ័យក្មេងដែលមានអាយុចាប់ពី១៥ ដល់១៨ឆ្នាំបានស្ម័គ្រចិត្តចូលបម្រើបដិវត្តន៍ខ្មែរក្រហមដោយជឿជាក់ថា ខ្មែរក្រហមអាចនាំសម្ដេចព្រះ នរោត្តម សីហនុ មកកាន់អំណាចវិញ និងអាចបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។[2]

តាមការឃោសនារបស់មេភូមិ បងប្អូនរបស់ នៅ ចូលធ្វើបដិវត្តន៍ជាច្រើននាក់។ ប្អូនពៅរបស់ នៅ ឈ្មោះ ណុប សុផាត បានចេញទៅធ្វើពេទ្យនៅត-៣ តាកែវ នៅឆ្នាំ១៩៧៤។ បន្ទាប់មក សុផាត ចូលទៅធ្វើការនៅខេត្តព្រះសីហនុ។ ចំណែកកូន ឈ្មោះ ណុប សារុន បានចេញទៅធ្វើជាយោធាដូច នៅ ដែរ។ក្រោយមកអង្គការបានរៀបចំ សារុន ឲ្យមានគ្រួសារជាយោធាដូចគ្នានៅឆ្នាំ១៩៧៧។ សារុន ធ្លាប់បានមកលេងផ្ទះម្ដងក្នុងសម័យខ្មែរក្រហម ប៉ុន្តែក្រោយមកបាត់ដំណឹងរហូតមកដល់បច្ចុប្បន្ន។

ចំពោះ នៅ បានចូលធ្វើបដិវត្តន៍នៅឆ្នាំ១៩៧៣។ បន្ទាប់ពីទទួលបានជ័យជម្នះ ឆ្នាំ១៩៧៥ នៅ ចូលធ្វើជាសមាជិកឃុំរហូតដល់ពាក់កណ្ដាលឆ្នាំ១៩៧៦។ ក្រោយមក នៅ ចូលទៅធ្វើជាប្រធានឃុំស្រែរនោង។ នៅ ធ្វើជាមេឃុំរហូតដល់ចុងឆ្នាំ១៩៧៨ ទើបមានការរកាំរកូស អង្គការលែងទុកចិត្ត ដកគាត់ឲ្យមកនៅឃុំអង្គតាសោម។ នៅ ធ្វើការងារនៅអង្គតាសោមបាន២ខែ មានទាហានវៀតណាមវាយចូលមក ហើយចាប់គាត់ដាក់គុកនៅកោះអណ្ដែត។ ក្នុងពេលជាប់គុក នៅ ត្រូវទទួលរងនូវការសួរចម្លើយ វាយទាត់ធាក់  និងធ្វើការងារដាំដំណាំផ្សេងៗនៅក្នុងគុក។ នៅ បានជាប់គុកកោះអណ្ដែតរយៈពេល ៥ឆ្នាំ ៨ខែ។ បន្ទាប់ពីរួចពីការឃុំឃាំង នៅ បានចូលទៅធ្វើជាអ្នកមហា(អាចារ្យ)ក្នុងពិធីមង្គលការ។

តាមសម្ដីរបស់ នៅ ក្នុងឆ្នាំ១៩៧៤ នៅតាមភូមិនីមួយៗ អង្គការបំផុសគំនិតឲ្យរៀបចំធ្វើការងារប្រវាស់ដៃ ប៉ុន្តែមានតែភូមិមួយចំនួនប៉ុណ្ណោះដែលស្ម័គ្រចិត្តធ្វើតាម។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីទទួលជ័យជម្នះបាន ២ខែ នៅក្នុងភូមិទាំងអស់ចាប់ផ្ដើមធ្វើស្រែប្រវាស់ដៃគ្នា ហើយនៅពេលទទួលបានទិន្នផលគឺចែកទៅតាមកម្លាំងពលកម្ម។ អំឡុងពេលធ្វើស្រែប្រវាស់ដៃ មានប្រជាជនជម្លៀសមកពីភ្នំពេញចូលមករស់នៅក្នុងភូមិ។ នៅពេលប្រជាជនថ្មីចូលមកដល់ ខាងសហករណ៍បានសួរនាំប្រវត្តិរូប និងបែងចែកការងាររួមជាមួយប្រជាជនមូលដ្ឋាន។

នៅ បានឲ្យដឹងទៀតថា នៅឆ្នាំ១៩៧៦ ក្នុងសហករណ៍ចាប់ផ្ដើមហូបរួមគ្នានៅក្នុងរោងបាយ និងប្រមូលទ្រព្យសម្បត្តិដាក់រួម។ ប្រជាជននៅក្នុងភូមិទាំងអស់មានការខ្វះខាតបន្តិចបន្តួច​ ប៉ុន្តែមិនទាន់មានការបែងចែកប្រជាជននោះទេ។ នៅឆ្នាំ១៩៧៧ អង្គការចាប់ផ្ដើមរៀបចំឲ្យមានប្រជាជនពេញសិទ្ធិ, ប្រជាជនត្រៀម និងប្រជាជនផ្ញើ ប៉ុន្តែការងាររួមគ្នាដដែល។ តាមសម្ដីរបស់ នៅ ប្រជាជនពេញសិទ្ធិ គឺជាប្រជាជនរស់នៅក្នុងមូលដ្ឋានយូរហើយ។ ប្រជាជនត្រៀម គឺជាប្រជាជនដែលជាប់ពាក់ព័ន្ធជាមួយសមាជិកគ្រួសារ ដែលអង្គការយកទៅរៀនសូត្រ។ ប្រជាជនផ្ញើ គឺជាប្រជាជន ១៧មេសា ជម្លៀសមកពីទីក្រុងភ្នំពេញ។

បើតាមសៀវភៅ ប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) បានសរសេរ ថា៖ ទោះបីជាខ្មែរក្រហមអះអាងថា ខ្លួនកំពុងតែកសាងប្រទេសមួយប្រកបដោយភាពស្មើគ្នា និងលុបបំបាត់ចោលវណ្ណៈសង្គមយ៉ាងណាក៏ដោយ ប៉ុន្តែធាតុពិតខ្មែរក្រហមបានបង្កើតនូវការចែកវណ្ណៈថ្មីពីរនៅក្នុងប្រទេសគឺ ប្រជាជនមូលដ្ឋាន និងប្រជាជនថ្មីប្រជាជនមូលដ្ឋាន ឬក៏ប្រជាជនចាស់ គឺជាអ្នកទាំងឡាយណាដែលរស់នៅតាមទីជនបទ គ្រប់គ្រងដោយបក្សកម្មុយនីស្ដកម្ពុជាមុនថ្ងៃ១៧ មេសា ១៩៧៥។ ខ្មែរក្រហមបានបែងចែកអ្នកទាំងនេះជាប្រជាជនពេញសិទ្ធិ និងប្រជាជនត្រៀម។ ប្រជាជនពេញសិទ្ធិ គឺជាអ្នកទាំងឡាយណាដែលគ្មានបងប្អូនធ្លាប់ធ្វើការងារក្នុងរបបសាធារណរដ្ឋខ្មែរ ហើយសមាជិកគ្រួសារក្រីក្រ ឬក៏គ្រួសារកម្រិតថ្នាក់ក្រោម(កសិករ និងកម្មករ)។ ប្រជាជនថ្មី ឬប្រជាជន ១៧ មេសា គឺជាអ្នកទាំងឡាយណាដែលត្រូវបានជម្លៀសចេញពីទីក្រុង ឬទីប្រជុំជននានា នៅខែមេសា ឆ្នាំ១៩៧៥។ ទោះជាយ៉ាងដូច្នេះក៏ដោយ ប្រជាជនថ្មីភាគច្រើន គឺជាអ្នកធ្លាប់រស់នៅជនបទ ហើយបានរត់ភៀសខ្លួនទៅកាន់ទីក្រុងដើម្បីគេចពីសង្គ្រាម។[3]

សរសេរដោយ ភា រស្មី


ឯកសារយោង

[1] ឯកសារលេខ VOT0266 កិច្ចសម្ភាសជាមួយឈ្មោះ នុត នៅ ដោយ ជួង សុភារិទ្ធ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៥, មជ្ឈមណ្ឌលឯកសារកម្ពុជា។

[2]​ ហ៊ុន វណ្ណៈ, កងពលខ្មែរក្រហមលេខ៧០៣ ពីជ័យជម្នះឆ្ពោះទៅការបំផ្លាញខ្លួនឯង(ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០០៣) ទំព័រទី២។

[3] ផេង ពង្សរ៉ាស៊ី និងអ្នកដទៃទៀត, ប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) បោះពុម្ភលើកទី២ (ភ្នំពេញ៖មជ្ឈមណ្ឌលឯកសារកម្ពុជា,២០២០)ទំព័រទី៤០។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin