អោក នឿន៖ មិត្តឯងគំនិតអាក្រក់ ឈឺសតិអារម្មណ៍

អោក នឿន[1] អាយុ៨៣ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៤ ប្ដីរបស់ នឿន បានធ្លាក់ខ្លួនឈឺ និងស្លាប់នៅភូមិតាំងយ៉ាប។ មុនពេលប្ដីស្លាប់ នឿន បានទៅសុំការអភ័យទោសពីលោកតាដើមឈើទាលនៅភូមិតាំងយ៉ាប ព្រោះគាត់គិតថា ប្ដីរបស់គាត់ខុសមាត់ ឬបំពានលោកតា។ នៅពេលដែលប្ដីស្លាប់ នឿន បានទៅនិមន្តព្រះសង្ឃមកសូត្រមន្ត និងធ្វើពិធីបុណ្យសពតាមប្រពៃណី ព្រោះពេលនោះមានការប្រណិប័តន៍សាសនានៅឡើយ ហើយអាចហូបអាហារនៅតាមផ្ទះបាន។ បន្ទាប់ពីប្ដីស្លាប់ នឿន រស់នៅជាមួយកូនម្នាក់ឈ្មោះ ទូច។

ចូលដល់សម័យខ្មែរក្រហម អង្គការបានលុបបំបាត់ការគោរពសាសនា, ផ្សឹកព្រះសង្ឃ និងបំផ្លាញវត្តអារាម។ ក្នុងចំណោមព្រះសង្ឃទាំងអស់ដែល នឿន ស្គាល់មានតែលោកតាតែម (ដែលបួសតាំងពីក្មេងរហូតដល់ចាស់) មួយអង្គគត់ ដែលនៅតែបន្តឆាន់បាយដូចនៅក្នុងវត្តគឺពេលព្រឹក និងថ្ងៃ ដោយមានឈ្មោះ ខួញ ត្រូវជាប្រពន្ធតា ឡេង ធ្វើចង្ហាន់។ ក្រោយមក អង្គការបានរៀបចំ បង្កើតជាសហករណ៍ ហូបអាហាររួមគ្នា និងធ្វើការងាររួមនៅក្នុងកង។ ចាប់តាំងពីបង្កើតសហករណ៍ ប្រជាជនរស់នៅលំបាកជាងមុន ធ្វើការងារកាន់តែធ្ងន់ៗ ហើយនៅពេលឈឺមិនបានសម្រាកព្យាបាលជំងឺត្រឹមត្រូវ។ ជាក់ស្ដែង នឿន ផ្ទាល់នៅពេលដែលគាត់ឈឺ ប្រធានសហករណ៍ឈ្មោះ មើក បានចោទប្រកាន់ថាគាត់ឈឺសតិអារម្មណ៍។

នឿន បានរៀបរាប់ថា នៅពេលដែលគាត់ឈឺសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ មើក បានទៅប្រាប់ពេទ្យថាគាត់ឈឺសតិអារម្មណ៍ និងឲ្យបញ្ជូន នឿន ត្រលប់មកធ្វើការងារដេញសត្វ មាន់ ទា នៅជិតៗផ្ទះវិញ។ ពេលនឿន ត្រលប់មកផ្ទះ មើក បានបញ្ជូនគាត់ទៅធ្វើការងារដកសំណាបក្បែរភូមិ។ នៅពេលដែលដកសំណាប នឿន ចាប់ផ្ដើមបែកញើសច្រើនប៉ិនៗគ្រាប់ពោត និងខ្សោយកម្លាំងយ៉ាងខ្លាំង ប៉ុន្តែគាត់មិនចង់ត្រលប់មកផ្ទះវិញនោះទេ ព្រោះ នឿន​ ឈឺចិត្តដែលប្រធានសហករណ៍ថាគាត់ឈឺសតិអារម្មណ៍។

បន្ទាប់មក ឈ្មោះ មុំ ដែលជាអ្នកធ្វើការងារជាមួយគ្នាបាននាំ នឿន ត្រលប់មកផ្ទះវិញ ហើយអ្នកដែលធ្វើការងារជាមួយគាត់ផ្សេងទៀតមិនបានធ្វើការទិតៀនគាត់ដែរ ព្រោះដឹងថា នឿន ឈឺពិតប្រាកដមែន។ ប៉ុន្តែពេលមកដល់ផ្ទះ ប្រធានសហករណ៍បានធ្វើការទិតៀន នឿន ម្ដងទៀត និងបានបញ្ជូនគាត់ទៅធ្វើដីនៅភូមិទីប៉ាត់ ខាងជើងអង្គរការ។ ពេលចេញទៅធ្វើការងារ នឿន មិនមានកម្លាំងពរកូនដើរទៅការដ្ឋានការងារនោះទេ ប៉ុន្តែបានឈ្មោះ នឹម ត្រូវជាបងថ្លៃជួយ។ ពេលទៅដល់កន្លែងធ្វើដី គណៈកម្មាធិការនៅទីនោះ បានធ្វើសំបុត្រឲ្យ នឿន ត្រលប់មកព្យាបាលជំងឺនៅសហករណ៍វិញ។

នៅពេលដែល នឿន មកដល់ផ្ទះ ប្រធានសហករណ៍បានមកស្ដីបន្ទោស នឿន បន្តទៀត ដោយចោទគាត់ថាគំនិតអាក្រក់ ឈឺសតិអារម្មណ៍។ ពេលឮដូច្នេះ នឿន ចាប់ផ្ដើមលែងខ្លាចស្លាប់ ហើយធ្វើការឈ្លោះគ្នាជាមួយប្រធានសហករណ៍។ បន្ទាប់មក ប្រធានសហករណ៍បានទៅប្រាប់ឈ្មោះ ណន ឲ្យហៅ នឿន យកទៅរៀនសូត្រ ប៉ុន្តែ ណន មិនបានមកហៅផង ស្រាប់តែ នឿន ទៅរកដោយខ្លួនឯង។ ពេលមកដល់ នឿន បានប្រាប់ណន វិញ ថាគាត់បានឈ្លោះគ្នាជាមួយប្រធានសហករណ៍ ដោយសារតែប្រធានសហករណ៍ចោទគាត់ថាឈឺពុត ឈឺសតិអារម្មណ៍ ទាំងដែលអង្គការសរសេរសំបុត្រឲ្យមកព្យាបាលជំងឺ។ អាការៈជំងឺរបស់ នឿន ក្នុងពេលនោះគឺ ហត់, ញ័របេះដូង ធ្វើការងារមិនកើតព្រោះមិនមានកម្លាំង។

ក្រោយមក នឿន បានទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរហូតដល់ជាសះស្បើយ និងបានចេញទៅធ្វើការងារនៅត្រពាំងព្រីង។ នៅត្រពាំងព្រីង ការងារដំបូងរបស់ នឿន គឺធ្វើកន្ទេលឲ្យរួចរាល់ ប្រវែងទទឹង២ម៉ែត្រ ហើយបណ្ដោយប្រមាណ៣ម៉ែត្រ ក្នុងមួយថ្ងៃ។ ចំពោះកន្ទេលដែលធ្វើបាន អង្គការបញ្ជូនយកទៅឲ្យក្រុមផ្សេងទៀតយកទៅហាលស្រូវ។ បន្ទាប់មកទៀត ប្រធានសហករណ៍បានឈប់រករឿង នឿន និងបានប្ដូរគាត់ទៅធ្វើជើងខ្ទឹមបន្តិចបន្តួច រួចបន្តទៅធ្វើម្ហូបនៅក្នុងរោងបាយ។ មូលហេតុដែល ប្រធានសហករណ៍លែងធ្វើបាប នឿន ដោយសារតែគាត់ដឹងថាឈ្មោះ ផុន ត្រូវជាបងប្អូនរបស់នឿន ធ្វើការងារនៅកន្លែងស្រុកអង្គរការ ហើយ មើក ខ្លាច ផុន រករឿង។

នៅដើមឆ្នាំ១៩៧៩ នឿន និងកូនស្រី បានរត់ភៀសខ្លួនពីតាកែវ ទៅដល់អូព្រំដែនថៃ។ នៅព្រំដែន នឿន បានឃើញប្រជាជនជាច្រើននាក់ នាំគ្នាតោងខ្សែ យោលបោះខ្លួនឆ្លងស្ទឹងធំទៅក្នុងទឹកដីថៃ ហើយប្រជាជនខ្លះទៀត នាំគ្នាកាប់ដើមឈើ ធ្វើស្ពានឆ្លងអូរព្រំប្រទល់។ ចំណែកគ្រួសាររបស់នឿន មិនទាន់បានឆ្លងនោះទេ ព្រោះកងទ័ពស្ម័គ្រចិត្តវៀតណាមចូលទៅទាន់ពេលវេលា និងឲ្យត្រលប់ក្រោយវិញ។

អំឡុងពេល នឿន ធ្វើដំណើរទៅក្បែរខ្សែបន្ទាត់ព្រំដែន គាត់បានឃើញសាកសពមនុស្សស្លាប់ និងមនុស្សអត់អាហារជាច្រើននាក់ ដែលមើលទៅគួរឲ្យអាណិត។ ចំពោះសាកសពអ្នកដែលស្លាប់ទាំងអស់ នឿន ចងចាំអំពីនារីម្នាក់ដែលអង្គការចងភ្ជាប់នៅដើមឈើ និងសាកសពរបស់មនុស្សចាស់ជាច្រើននាក់ដែលអង្គុយស្លាប់ផ្កាប់មុខនៅលើផ្ទះថ្មធំដោយសារអត់អាហារ។ អ្វីដែលកាន់តែអាណិតអាសូរទៀតនោះ នឿន បានឃើញកុមារជាច្រើននាក់ ដែលមានអាយុធំល្មម ដេកដួលតាមផ្លូវ និងព្យាយាមវាទៅតោងជើងប្រជាជន រួចស្រែកសុំឲ្យយកខ្លួនទៅជាមួយ។ កុមារទាំងអស់នោះ បានធ្វើដំណើរដូចជា នឿន ប៉ុន្តែដោយ​សារ​តែខ្លួនអត់មានអាហារហូប និងហត់នឿយក្នុងការធ្វើដំណើរ ទើបធ្លាក់ខ្លួនដេកឈឺបែបនេះ។ ក្រៅពីស្ថានភាពខាងលើ នឿន បានឃើញឪពុកម្ដាយបោះបង់កូនង៉ែតនៅក្នុងអង្រឹងក្រោមដើមឈើ និងមនុស្សស្លាប់ដោយសារត្រូវគ្រាប់បែក និងគ្រាប់កាំភ្លើងជាបន្តបន្ទាប់។ ​នៅពេលដែលឃើញស្ថានភាពបែបនេះ នឿន មានអារម្មណ៍សង្វេគ និងអនិច្ចាណាស់ ប៉ុន្តែគាត់មិនអាចជួយបាន ព្រោះស្ថានភាពរបស់គាត់ស្ទើរតែស្លាប់ដូចគ្នា។

នឿន និងកូនស្រី បានធ្វើដំណើរត្រលប់ក្រោយវិញ និងបានទទួលអាហារបន្តិចបន្តួចពីទាហានស្ម័គ្រចិត្តវៀតណាម។ ទាហានស្ម័គ្រចិត្ត​វៀតណាម បានឲ្យបាយកាតាក់ ដុំល្មមៗមូលៗដូចស្ពៃក្ដោបមកគាត់ហូប រួមជាមួយត្រីងៀត និងអាហារផ្សេងទៀត។ នឿន បានយកដុំបាយ ដែលខ្លួនហូបមិនទាន់អស់ ទៅចែកឲ្យអ្នកដែលធ្វើដំណើរជាមួយគ្នា រួចបន្តដំណើរទៅមុខទៀត។ នៅតាមផ្លូវធ្វើដំណើរ នឿន និងកូនស្រី បានសុំស្រូវ និងអង្ករប្រជាជននៅតាមផ្ទះ ប៉ុន្តែស្បៀងទាំងនោះមិនគ្រប់គ្រាន់ទេ ព្រោះមានអ្នកលួចគាត់បន្តទៀត។ អ្វីដែលកាន់តែលំបាកក្នុងការធ្វើដំណើរ នឿន ត្រូវរត់គេចពីការប្រយុទ្ធគ្នារវាងទាហានរំដោះ និងកម្មាភិបាលខ្មែរក្រហមដែលចូលមកសម្លាប់ប្រជាជន និងលួចស្បៀងអាហារជាច្រើនដង ទម្រាំតែគាត់អាចធ្វើដំណើរមកដល់ភូមិព្រៃក្ដី ដែលជាស្រុកកំណើត។ នៅភូមិព្រៃក្ដី នឿន ចាប់ផ្ដើមធ្វើស្រែប្រវាស់ដៃ។ ស្ថានភាពគ្រួសារ នឿន មុនដំបូងមិនសូវជាល្អប្រសើរប៉ុន្មានទេ ព្រោះគាត់ត្រូវចិញ្ចឹមកូនម្នាក់ឯង ប៉ុន្តែបន្ទាប់ពីទទួលបានទិន្នផលជាបន្តបន្ទាប់ ទើបគ្រួសារនឿន និងប្រជាជនផ្សេងទៀតមានការហូបចុកគ្រប់គ្រាន់ឡើងវិញ។

[1] កិច្ចសម្ភាសជាមួយឈ្មោះ អោក នឿន នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ដោយ កាន់ សុខភាព ក្នុងគម្រោងការលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។


អត្ថបទដោយ ភា រស្មី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin