អ៊ូច អេន៖ ពិការក៏ត្រូវធ្វើការ

អ៊ូច អេន អាយុ៧០ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ អេន មានពិការភាពតាំងពីកំណើត។ នៅក្នុងសម័យ លន់ នល់ អេន ធ្វើការងារជាអនុប្រធានយុវជនឃុំ ប្រចាំការនៅលើភ្នំដើម្បីតាមចាប់ក្រុម ព្រំសាន់។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះទ លើរបប លន់ នល់ អេន បានត្រលប់មកសហករណ៍វិញ និងធ្វើការងារជាអ្នកកាន់ឃ្លាំង។
អេន ធ្វើការងារជាអ្នកកាន់ឃ្លាំង បានមួយរយៈ អង្គការបានបញ្ជូនគាត់ទៅខាងបរិផង់ ដើម្បីធ្វើការងារនៅក្នុងរោងចក្រអាឈើ។ នៅក្នុងរោងចក្រ អេន ត្រូវធ្វើការងារគ្រប់យ៉ាងទៅតាមអង្គការចាត់តាំង ប៉ុន្តែរបបអាហារដែលគាត់ទទួលបានភាគច្រើនគឺបបរមួយវែកហូបជាមួយសម្ល។ អេន ធ្វើការងារនៅក្នុងរោងចក្រអាឈើមួយរយៈ អង្គការបានរៀបចំប្ដេជ្ញាគាត់ជាមួយមិត្តនារីម្នាក់។
ក្រោយមក អេន បានឃើញអង្គការចាប់មនុស្ស៣នាក់ ស្រី២នាក់ ចងក្បែរោងចក្រ ដើម្បីសួរចម្លើយ។ នៅពេលសួរចម្លើយ មនុស្សទាំង៣នាក់នោះ បានឆ្លើយសារភាពថាខ្លួនជាខ្មែរស ហើយរត់មកពីកំពង់ស្ពឺមក និងមានបំណងទៅព្រំដែនវៀតណាម។ បន្ទាប់ពីសួរចម្លើយរួច អង្គការបានយកអ្នកទាំងបីទៅសម្លាប់ទាំងយប់ក្នុងព្រៃ រួចវះពោះយកប្រមាត់មកផឹកជាមួយស្រា។ នៅពេលដែលឃើញដូច្នេះ អេន មិនហ៊ាននិយាយអ្វីទាំងអស់ ព្រោះគាត់ខ្លាចអង្គការយកទៅសម្លាប់ដែរ។
បន្ទាប់មក អង្គការបញ្ជូនគ្រួសារអេន ទៅធ្វើការងារនៅរោងចក្រឈើ ខេត្តបាត់ដំបង។ អេន ធ្វើការនៅខេត្តបាត់ដំបង បានរយៈពេល៤ខែ មានកងទ័ពរំដោះចូលមក ហើយគ្រួសាររបស់គាត់ បានរត់ភៀសខ្លួនឡើងភ្នំ។ ពេលរត់ភៀសខ្លួននៅលើភ្នំ អេន មានអង្ករជាប់ខ្លួនប្រមាណ៣០គីឡូ ដើម្បីធ្វើជាស្បៀងអាហារ ប៉ុន្តែដោយសារតែគាត់ត្រូវចំណាយពេលនៅលើភ្នំមួយខែ ទើបអាហាររបស់គាត់មិនគ្រប់គ្រាន់។ ដើម្បីចម្អែតក្រពះ អេន ត្រូវដើររកមើមក្ដួច និងរុក្ខជាតិផ្សេងៗទៀតហូបបន្ថែម។ នៅពេលរត់ភៀសខ្លួន អេន បាត់បង់កូនម្នាក់ដែលមានអាយុប្រមាណជិតមួយខួប។ ក្រោយមក អេន និងប្រពន្ធបានទៅរស់នៅក្នុងជំរំអូត្រាវ។ នៅឆ្នាំ១៩៩១ អេន បានធ្វើមាតុភូមិនិវត្តន៍មកខេត្តតាកែវវិញ ដោយមានជំនួយពីអង្គការយូអេចស៊ីអរ និងអង្គការយូអិនត្រូ។
អេន បានបន្តថា គាត់ពេញចិត្តចំពោះតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ព្រោះមេដឹកនាំខ្មែរក្រហមបានធ្វើបាបប្រជាជនខ្លាំងណាស់។ លើសពីនេះទៅទៀត អេន ចង់ឲ្យមានការចងក្រងប្រវត្តិសាស្ត្រខ្មែរក្រហមដើម្បីឲ្យក្មេងជំនាន់ក្រោយបានដឹងពីការលំបាករបស់ប្រជាជន ហើយខ្លួន អេន ផ្ទាល់បានយករឿងរ៉ាវដែលខ្លួនបានឆ្លងកាត់ប្រាប់ទៅចៅៗរបស់គាត់។
សម្ភាសដោយ៖ កាន់ សុខភាព ថ្ងៃទី១២ ខែកញ្ញា ២០២១
អត្ថបទដោយ៖ ភា រស្មី

