អ៊ូច ណន៖ ទាហានហូបបបរដូចប្រជាជន

អ៊ូច ណន អាយុ៦៣ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧១ ណន ចាប់ផ្ដើមធ្វើជាទាហានរំដោះនៅក្នុងព្រៃ។ ពេលធ្វើជាទាហាន ណន ជួបការលំបាកខ្លាំងណាស់ ព្រោះគាត់ត្រូវសម្រាកនៅលើដី, ហាលភ្លៀង ហើយក្នុងចិត្តគិតពីពេលវេលាបញ្ចប់សង្គ្រាម។ ដើម្បីកាត់បន្ថយការងារ ណន បានយកថង់កៅស៊ូ ទៅរុំខ្លួន ដូចនំអន្សម។ នៅក្នុងសមរភូមិ ណន ធ្លាប់ត្រូវគ្រាប់ចំសៀតផ្កា ប៉ុន្តែមិនបានប៉ះពាល់ធ្ងន់ធ្ងរនោះទេ ខុសពីមិត្តរួមក្រុមរបស់គាត់ជាច្រើននាក់ ដែលបានបាត់បង់ជីវិត ហើយខ្លះទៀតត្រូវពិការ។
បន្ទាប់ពីទទួលជ័យជម្នះឆ្នាំ១៩៧៥ ណន និងទាហានផ្សេងទៀតត្រូវចេញទៅធ្វើការងារលើកភ្លឺស្រែ និងទំនប់ប្រឡាយក្បែរព្រំដែនវៀតណាម ហើយការហូបអាហារគឺមានតែបបរបន្តិចបន្តួច។ ក្រោយមក ដោយសារតែមានសង្គ្រាមជាមួយប្រទេសវៀតណាម តាម៉ុក បានលើកទឹកចិត្តកងទ័ព តាមរយៈការបញ្ជាឲ្យចុងភៅ ផ្ដល់អាហារគ្រប់គ្រាន់ដល់ទាហាន។ ចូលដល់ខែឧសភា ឆ្នាំ១៩៧៩ ណន និងក្រុមរបស់គាត់ត្រូវធ្វើដំណើរឆ្លងភ្នំជាច្រើនថ្ងៃ ដោយគ្មានអាហារតាមខ្លួន។ ដើម្បីចម្អែតក្រពះ ណន ត្រូវស្វែងរក បន្លែ និងផ្លែឈើផ្សេងៗដែលមាននៅក្នុងព្រៃហូបជំនួស។
ក្រោយមក ណន បានចូលរួមជាមួយក្រុមរណសិរ្សសង្គ្រោះជាតិ ហើយការហូបអាហារគឺល្អប្រសើរជាងមុនព្រោះមានអង្គភាពផ្ដល់អង្ករ និងស្បៀងឲ្យទៅក្រុមកងទ័ពរៀបចំអាហារដោយខ្លួនឯង ប៉ុន្តែប្រសិនបើជាប់ដៃវាយជាមួយខ្មាំងខ្លាំងពេលខ្លះដាច់ស្បៀងម្ដងម្កាលដែរ។ នៅដើមឆ្នាំ១៩៨០ ឪពុកម្ដាយរបស់ ណន បានរៀបចំឲ្យគាត់រៀបការជាមួយកូនក្រមុំម្នាក់។ បន្ទាប់ពីរៀបការរួច៣ថ្ងៃ ណន ត្រូវទៅប្រចាំការនៅអង្គភាពច្រមុះភ្នំនរាវិញ ហើយរយៈពេល១ខែ ឬ២ខែ ដែលទំនេរពីការងារ ទើបគាត់ឆ្លៀតពេលមកលេងប្រពន្ធម្ដង។ នៅពេលដែលមកលេងប្រពន្ធ ណន ត្រូវចំណាយពេលប្រមាណ៥ម៉ោង ទើបគាត់ធ្វើដំណើរមកដល់ផ្ទះ ដូច្នេះនៅពេលដែលប្រធានក្រុមឲ្យគាត់មកលេងផ្ទះរយៈពេលមួយយប់មួយថ្ងៃ គាត់ត្រូវចំណាយពេលធ្វើដំណើរដោយថ្មើរជើងរហូតដល់១០ម៉ោង។
រហូតដល់ឆ្នាំ១៩៩៧ ណង បានសុំប្រធានកងមកព្យាបាលជំងឺនៅផ្ទះ ប៉ុន្តែដោយសារតែគាត់ឈប់លើសពីរយៈពេលបីខែ ហើយមិនមានការតាមរករបស់អង្គភាព ទើបគាត់ឈប់ធ្វើទាហាន។ បន្ទាប់មក ដោយសារតែនៅខេត្តតាកែវខ្វះទ័ពទើប ណន ចាប់ផ្ដើមចូលធ្វើទាហានម្ដងទៀត។
នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស ណន បានឲ្យដឹងថា ខ្លួនមិនចូលចិត្តសង្គ្រាមទាល់តែសោះ ព្រោះនៅពេលដែលមានសង្គ្រាម ប្រជាជនត្រូវបែកបាក់គ្រួសារ ហើយប្រទេសជាតិមិនមានការរីកចម្រើន។ មួយវិញទៀត រឿងរ៉ាវដែល ណន មិនអស់ចិត្ត និងខឹងទៅថ្នាក់ដឹកនាំជំនាន់មុនថា ហេតុអ្វីបានជាដឹកនាំប្រទេសឲ្យវាយតែខ្មែរគ្នាឯង។
អត្ថបទដោយ៖ ភា រស្មី
សម្ភាសដោយ៖ កាន់ សុខភាព ថ្ងៃទី១០ ខែកញ្ញា ២០២១

