អ៊ូច ផាន៖ ពិការភ្នែកក៏ត្រូវធ្វើការងារ

អ៊ូច ផាន អាយុ៧១ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅអាយុ៥ឆ្នាំ ផាន បានធ្លាក់ខ្លួនឈឺ រហូតដល់ពិការភ្នែក។ មុនពេលពិការ ផាន មានជំងឺឈឺភ្នែកធម្មតា ប៉ុន្តែដោយសារតែឈឺយូរពេក និងគ្មានការព្យាបាលត្រឹមត្រូវ ទើបធ្វើឲ្យជំងឺភ្នែករបស់គាត់កាន់តែធ្ងន់។ នៅក្នុងសម័យ លន់ នល់ គ្រួសាររបស់ផាន បានជម្លៀសចេញពីភូមិប្រសៀត ទៅរស់នៅតាកែវ ដើម្បីគេចពីសមរភូមិប្រយុទ្ធ និងការទម្លាក់គ្រាប់បែក។ នៅតាកែវ គ្រួសាររបស់ផាន បន្តរស់នៅដោយជួបការលំបាក ព្រោះគាត់មិនសូវបានសម្រាកនៅលើផ្ទះនោះទេ គឺត្រូវសម្រាកនៅតាមប្រឡាយ ឬក៏ក្នុងព្រៃ ដើម្បីគេចពីគ្រាប់បែកផ្លោង។ មួយវិញទៀត ម្ដាយ និងប្អូនរបស់ផាន បានស្លាប់ដោយសារគ្រាប់បែក។ បន្ទាប់ពីម្ដាយស្លាប់ គ្រួសាររបស់ផាន នៅសល់សមាជិក៣នាក់គឺ ឪពុក, ប្អូន និងផាន។

នៅឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមទទួលបានជ័យជម្នះ គ្រួសាររបស់ផាន បានជម្លៀសចេញពីខេត្តតាកែវ ទៅភូមិប្រសៀតវិញ។ ពេលទៅដល់ភូមិ អង្គការបានចែករបបអង្ករឲ្យគ្រួសារផាន មួយថ្ងៃ មួយកំប៉ុង ប៉ុន្តែមិនគ្រប់គ្រាន់នោះទេ។ ឪពុក និងប្អូនរបស់ផាន ចាប់ផ្ដើមធ្លាក់ខ្លួនឈឺ និងស្លាប់ ដោយសារ ការធ្វើការងារធ្ងន់ និងខ្វះខាតអាហារហូប។ ក្រោយមក អង្គការបានប្រមូលទ្រព្យសម្បត្តិមានតម្លៃ, ចាន, ឆ្នាំង និងសម្ភារផ្សេងៗទៀតដាក់រួមគ្នា និងហូបអាហារនៅក្នុងរោងបាយរួម។

ជារៀងរាល់ថ្ងៃ អង្គការរៀបចំឲ្យប្រជាជនហូបអាហារពីរពេលក្នុងមួយថ្ងៃ គឺពេលថ្ងៃ និងពេលយប់ ហើយក្នុងមួយពេល ប្រជាជនទទួលបានបបររាវ៣វែក លើកលែងតែនៅក្នុងរដូវប្រមូលផល ទើបប្រជាជននៅក្នុងភូមិ ទទួលបានបាយ៣វែក។ នៅពេលចាប់ផ្ដើមហូបបាយរួម អង្គការបានចាត់តាំង ផាន ឲ្យចូលធ្វើការងារក្នុងក្រុមបុកស្រូវ យកអង្ករដាក់ក្នុងរោងបាយ។ ផាន ធ្វើការងារក្នុងក្រុមបុកស្រូវរហូតដល់ អង្គការរៀបចំឲ្យមានម៉ាស៊ីនកិនស្រូវ ទើបអង្គការប្ដូរការងារគាត់ឲ្យទៅដេរស្លឹកវិញ។

មុនដំបូង ផាន បានបដិសេធមិនព្រមធ្វើការងារដេរស្លឹកនោះទេ ព្រោះគាត់មិនចេះ។ ផាន យល់ព្រមធ្វើការងារ ដោយសារតែមានការបង្ខំពីប្រធានសហករណ៍ និងខ្លាចមិនទទួលបានរបបអាហារ។ នៅក្នុងក្រុមដេរស្លឹក ផាន ធ្វើការក្បឺតស្លឹកមួយព្រឹក បានមួយបាច់ ប៉ុន្តែពេលធ្វើយូរទៅ អ្នកក្បឺតស្លឹកជាមួយគ្នា បានបញ្ជូនគាត់ឲ្យទៅដេរស្លឹកវិញ។ បំពេញការងារដេរស្លឹក ផាន ដេរបានតែមួយដងក្ដបប៉ុណ្ណោះ ក្នុងមួយព្រឹក ហេតុនេះ អង្គការបានផ្លាស់ឲ្យគាត់ទៅក្បឺតស្លឹកវិញ។ ផាន ជួបការលំបាកខ្លាំងក្នុងពេលនោះ ព្រោះគាត់ងងឹតភ្នែក ហើយគ្មានបងប្អូននៅក្បែរ។

បន្ទាប់មក ផាន បានទៅរស់នៅជាមួយមីងរបស់គាត់ម្នាក់នៅភូមិត្រពាំងវែង និងធ្វើការងារដេរស្លឹកដដែរ។ ផាន ធ្វើការងារនៅត្រពាំងវែងរហូតដល់ឆ្នាំ១៩៧៩ រហូតមានកងទ័ពវៀតណាមវាយចូលក្នុងភូមិ។ មុនពេលកងទ័ពវៀតណាមចូលមកដល់ កម្មាភិបាលខ្មែរក្រហមបានជម្លៀសប្រជាជនទាំងអស់ រួមទាំងផាន ចុះឡើងពីភូមិត្រពាំងវែង ទៅសែនម្រាម បន្ទាប់មកទៅភូមិខ្វាវ រួចត្រលប់ទៅសែនម្រាមវិញ។ នៅពេលដែល ផាន រត់ហត់អស់កម្លាំង និងស្ដាយ ស្រូវ អង្ករ ដែលគាត់ប្រមូលរួច ហើយមិនអាចយកទៅជាមួយបានច្រើន គាត់បានសម្រេចិត្តឈប់រង់ចាំទាហានវៀតណាមមកដល់។

នៅពេលចូលមកដល់ កងទ័ពវៀតណាម បានប្រាប់ប្រជាជនថាខ្លួននឹងត្រលប់ទៅសែននាគនៅស្រុកកំណើតវិញ និងឲ្យប្រជាជនត្រលប់ទៅផ្ទះវិញ។ នៅពេលដែលកងទ័ពវៀតណាមដកទ័ពចេញ ផាន ត្រូវគេចខ្លួនពីការសម្លាប់របស់កម្មាភិបាលខ្មែរក្រហមម្ដងទៀត។ ផាន បានរត់ភៀសខ្លួនទៅដល់ភូមិក្ដុល រួចបន្តទៅត្រពាំងវែង និងចុងក្រោយត្រលប់មកភូមិប្រសៀតវិញ ។

ក្រោយពីខ្មែរក្រហមដួលរលំ ផាន បាត់បង់ឪពុក-ម្ដាយ និងបងប្អូនបង្កើតទាំងអស់។ ផាន មិនអាចធ្វើការងារឆ្ងាយ ឬក៏ធ្ងន់ៗបានទេ គឺគាត់ត្រូវការជំនួយពីក្មួយរបស់គាត់។ នៅថ្ងៃដែលអ្នកស្ម័គ្រចិត្តសម្ភាស ផាន បានឲ្យដឹងថា គាត់មានជំងឺឈឺភ្នែក និងឈឺជើង។ ជំងឺរបស់គាត់បណ្ដាលមកពីអាយុកាន់តែចាស់ ខ្វះខាតអាហារហូប និងខ្វះវីតាមីន។

សម្ភាសដោយ៖ ខុំ ស្រីនោរ ថ្ងៃទី១៩ ខែសីហា ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី១៣ ខែឧសភា ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin