អ៊ូច យឿន៖ ត្រូវធ្វើការងាររហូតដល់ស្លាប់

អ៊ូច យឿន អាយុ៨២ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ការងារដំបូងរបស់ យឿន គឺរែកដីដំបូក និងកើបលាមកចេញពីបង្គន់។ ចូលដល់រដូវវស្សា យឿន ត្រូវចេញទៅធ្វើការដកសំណាប និងស្ទូងស្រូវក្នុងវាលស្រែ ចាប់ពីព្រលឹមរហូតដល់ពេលយប់ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានគឺបបរមួយចាន ជាមួយសម្លព្រលឹត ឬត្រកួន។ នៅពេលដែលហូបអាហារ យឿន បានលួចទុកកាកបបរបន្តិចបន្តួចឲ្យកូនរបស់គាត់ ប៉ុន្តែនៅពេលដែលប្រធានកងដឹងបានធ្វើការទិតៀន និងចោទគាត់ថាជាខ្មាំង។

ក្រោយមក យឿន បានធ្លាក់ខ្លួនឈឺញ័រញាក់ ដើរមិនរួច ដោយសារតែគាត់ធ្វើការងារហួសកម្លាំងក្រោមទឹកភ្លៀង និងហូបអាហារមិនគ្រប់គ្រាន់។ នៅពេលដែលមានជំងឺ យឿន បានសម្រាកពីការងារមួយថ្ងៃ ប៉ុន្តែអង្គការបានទិតៀនគាត់ពេលប្រជុំ ថាឈឺសតិអារម្មណ៍ និងគម្រាមយកទៅសម្លាប់។ នៅពេលឮដូច្នេះ យឿន មិនហ៊ានលួចខ្ជិល និងឈប់សម្រាកបន្តទៀតទេ។ ក្នុងអំឡុងពេលនោះ មិនមែនមានតែ យឿន ទេដែលជួបហេតុការណ៍នោះ ព្រោះមានមនុស្សនៅក្នុងក្រុមគាត់ ធ្វើការងារស្ទូងស្រូវក្រោមទឹកភ្លៀង រហូតដល់រងាដួលស្លាប់នៅកន្លែង។

នៅរដូវទឹកឡើង អង្គការបានបញ្ជូន​ យឿន និងយុវជនកងចល័តទាំងអស់ទៅធ្វើការងារ រែកដី ធ្វើទំនប់ និងជីកប្រឡាយនៅកោះស្លា។ នៅពេលយប់ឡើង ក្រុមរបស់យឿន ត្រូវសម្រាកនៅក្បែភ្លឺប្រឡាយ ប៉ុន្តែដោយសារតែអស់កម្លាំងខ្លាំងពេក ទើបមិនដឹងទឹកឡើងខ្លាំងក្បែរខ្លួន។ នៅពេលដឹងខ្លួន យឿន បានឃើញសត្វឈ្លើងជាច្រើនក្នុងទឹក និងមានសត្វពស់នៅក្បែរកន្លែងដេកច្រើន។ ដោយទ្រាំជាមួយការលំបាកមិនបាន យឿន បានសម្រេចចិត្តរត់មកផ្ទះវិញ។ ពេលត្រលប់មកផ្ទះ យឿន បានទទួលបាយស្បោងពីប្អូនប្រុស ប៉ុន្តែក្រោយមក អង្គការបានចាប់ប្អូនរបស់គាត់នៅអង្គតាសោម រួចវាយរហូតដល់ស្លាប់ ព្រោះអង្គការចោទប្អូនយឿន​ ថាជាខ្មាំង និងជាគិញ។

យឿន រត់ត្រលប់មកផ្ទះមិប៉ុន្មាន មានការប្រយុទ្ធគ្នាកើតឡើង រវាងកងទ័ពស្ម័គ្រចិត្តវៀតណាម ជាមួយខ្មែរក្រហម។ នៅពេលដែលវៀតណាម ជិះរថក្រោះជិតមកដល់ភូមិ យឿន បានរត់ទៅអង្គតាសោម រួចបន្តទៅខេត្តភាគខាងលិច។ នៅតាមផ្លូវធ្វើដំណើរ យឿន រើសបានខ្សែកមានមួយខ្សែ ប៉ុន្តែគាត់យកទៅដូរអង្ករបានត្រឹមតែ២០កំប៉ុង សម្រាប់ដាំបាយហូបតាមផ្លូវ។ នៅពេលដែលស្ថានការស្ងប់ស្ងាត់ យឿន បានត្រលប់មកផ្ទះវិញ និងចាប់ផ្ដើមធ្វើស្រែរួមគ្នាបន្តទៀត។

សម្ភាសដោយ៖ កាន់ សុខភាព ថ្ងៃទី២៧ ខែកញ្ញា ២០២១

អត្ថបទដោយ៖ ភា រស្មី 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin