យកថ្មកល់ជើងឲ្យឃើញខ្ពស់
(តាកែវ) ៖ ប៉ាន ហៃ ភេទស្រី មានអាយុ៥៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
នៅក្នុងរបបខ្មែរក្រហមគាត់មានអាយុប្រហែល១១ឆ្នាំ អង្គការបានបញ្ជូនគាត់ទៅស្វាយពារ។ នៅពេលនោះគាត់បាននិយាយថា អង្គការបានជ្រើសយកតែកុមារធំៗដើម្បីឲ្យទៅធ្វើការប៉ុណ្ណោះ ចំណែកឯកុមារតូចៗអង្គការឲ្យត្រឡប់ទៅផ្ទះវិញ ព្រោះតែកុមារតូចបង្កភាពរញ៉េរញ៉ៃច្រើន។
ដោយហេតុតែចង់នៅទីនោះបន្តមានកុមារតូចៗខ្លះបានយកដុំថ្មកល់ជើងដើម្បីឲ្យមើលឃើញទៅខ្ពស់ មើលឃើញទៅធំ តែមិនបានដឹងរឿងថាអង្គការយកទៅឲ្យធ្វើការឆ្ងាយពីឪពុកម្ដាយខ្លួន ទៅរស់នៅលំបាកវេទនានោះទេ។
ការងារដែលគាត់ធ្វើនៅពេលនោះគឺ ដកសំណាប និងស្ទូង។ ការធ្វើការងារត្រូវផ្លាស់ទីពីមួយកន្លែងទៅមួយកន្លែង។ នៅពេលរបបខ្មែរក្រហម អង្គការបានចែកសម្លៀកបំពាក់ឲ្យត្រឹមតែម្នាក់មួយឈុតប៉ុណ្ណោះ។ នៅពេលដែលគាត់ធំដឹងក្ដីបន្តិច អង្គការបានបញ្ជូនគាត់ឲ្យទៅធ្វើការនៅឯព្រៃផ្គាំ។
នៅពេលដែលគាត់បានទទួលដំណឹងថា ត្រូវទៅឃុំព្រៃផ្គាំ គាត់សប្បាយចិត្ត ព្រោះគិតថានៅទីនោះអាចនឹងមានភាពសុខស្រួលជាងនេះ ដោយមានអាហារសម្រាប់បរិភោគច្រើនជាងនេះ ប៉ុន្តែជាក់ស្ដែងមិនពិតដូចអ្វីដែលគាត់បានគិតនោះទេ។
ប៉ាន ហៃ ក៏បានបន្ថែមថា នៅពេលដែលខ្មែរក្រហមជិតបែក គាត់បានទៅរស់នៅស្ទឹងជ័យ ដែលនៅខាងលិចភ្នំបូរី។ គាត់ក៏បាននិយាយដែរថានៅទីនោះមានការបាញ់កាំភ្លើង ពីសំណាក់កងទ័ពវៀតណាម និងកងទ័ពខ្មែរក្រហម។ កងទ័ពវៀតណាមបានចូលវាយលុកប្រទេសកម្ពុជាដើម្បីបណ្ដេញខ្មែរក្រហម ហើយបានឲ្យប្រជាជនរត់ចេញពីកង ឬជំរុំ ដើម្បីឲ្យប្រជាជនត្រឡប់ទៅរស់នៅផ្ទះសម្បែងរបស់ខ្លួនវិញ។
គាត់ក៏បានបញ្ជាក់អំពីការហូបចុកថា នៅរបបនោះមិនមានអាហារហូបចុកបានគ្រប់គ្រាន់នោះទេ មានតែបបរស។ គាត់បាននិយាយថា កាលពីសម័យនោះអង្គការបានស្លសម្លម្ជួរសាច់គោ ប៉ុន្តែតាមពិតនៅក្នុងសម្លសឹងតែមិនមានសាច់គោទាល់តែសោះ ដោយសម្រាប់ម្នាក់ៗទទួលបានតែសាច់គោមួយដុំ។
ចំពោះការធ្វើទារុណកម្មទៅលើប្រជាជនណាម្នាក់នោះ ប៉ាន ហៃ បាននិយាយថា គាត់ធ្លាប់ឮតែអ្នកដទៃនិយាយថាមានការធ្វើទារុណកម្ម ប៉ុន្តែគាត់មិនបានឃើញផ្ទាល់ភ្នែកឡើយ ព្រោះពេលនោះគាត់នៅក្មេងមិនទាន់ដឹងរឿងនៅឡើយ៕
សម្ភាសន៍ដោយ ជា សុភក្ដិ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣
អត្ថបទដោយ នេន ស្រីមុំ