ប៉ោក ម៉ាលី៖ ស្ទើរតែមិនគួរឲ្យជឿថាប្រជាជនអាចនៅរស់រានមានជីវិត

ប៉ោក ម៉ាលី ភេទស្រី អាយុ៦៧ឆ្នាំ មានស្រុកកំណើតនៅភូមិម្រះព្រៅ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ម៉ាលីឈ្មោះ ឡាក់ ឆាំង ហើយម្ដាយឈ្មោះ ប៉ោក លាង និងមានបងប្អូន១១នាក់ ក្នុងនោះមានស្រី៤នាក់។ ម៉ាលីមានប្ដីឈ្មោះ ជា អឿង និងមានកូន៥នាក់ ក្នុងនោះមានស្រីម្នាក់។
កាលពីក្មេង ស្ថានភាពគ្រួសារម៉ាលីគឺខ្វះខាត។ មូលហេតុនេះហើយបានជាបងប្អូនរបស់គាត់មិនបានរៀនខ្ពង់ខ្ពស់នោះទេ។ ក្នុងចំណោមបងប្អូនម៉ាលីទាំងអស់ មានតែបងប្រុសច្បងម្នាក់គត់ដែលបានចូលរៀនដល់ថ្នាក់ទី៧ ហើយ ម៉ាលី បានចូលរៀនត្រឹមថ្នាក់ទី១១ នៅសាលាវត្តស្លារម។ ម៉ាលី និងបងរបស់គាត់បានឈប់រៀននៅខែមីនា ឆ្នាំ១៩៧០ នៅពេលដែលមានបាតុកម្មទាមទារឲ្យសម្ដេចព្រះ នរោត្តម សីហនុ គ្រប់គ្រងអំណាច។
បន្ទាប់មក ការរស់នៅរបស់គ្រួសារម៉ាលី បានជួបប្រទះនូវការលំបាកកាន់តែខ្លាំង ព្រោះមានសង្គ្រាមប្រយុទ្ធគ្នា, ការទម្លាក់គ្រាប់បែក និងផ្លោងគ្រាប់បែកចូលក្នុងភូមិជាញឹកញាប់។ ការប្រយុទ្ធគ្នានេះ បានធ្វើឲ្យផ្ទះរបស់ម៉ាលី និងប្រជាជនដទៃទៀត ត្រូវភ្លើងឆេះអស់ ហើយផលដំណាំ និងសត្វចិញ្ចឹម ត្រូវបានបំផ្លាញ។ បន្ទាប់ពីភ្លើងឆេះផ្ទះអស់ គ្រួសារម៉ាលី បាននាំគ្នារត់ភៀសខ្លួនទៅស្នាក់នៅ វត្តពនាគក់, វត្តភ្នំចចក ឬធ្វើដំណើរទៅភូមិខាងកើតទៀត។
បន្ទាប់មកទៀត ម៉ាលី បានចេញទៅស៊ីឈ្នួល លាងចាន និងធ្វើការងារក្នុងផ្ទះចិន នៅផ្សាថ្មី ទីក្រុងភ្នំពេញ រហូតដល់ខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១០៧៥ យោធាខ្មែរក្រហម បានជម្លៀសប្រជាជនទាំងអស់ រួមជាមួយម៉ាលី ឲ្យទៅជនបទ ដើម្បីរៀបចំក្រុងរយៈពេល៣ថ្ងៃ។ ម៉ាលី បានធ្វើដំណើរតាមអូបែកក្អម កាត់តាមគុកព្រៃស រួចបន្តកាត់តាមកំពង់ទួល វត្តស្លែង រហូតដល់ភូមិម្រះព្រៅ។
នៅភូមិម្រះព្រៅ ម៉ាលី បានចូលធ្វើការងារកាប់ស្លឹកឈើ, ដួសលាមកពីបង្គន់, ធ្វើជី និងរែកជីចាក់ក្នុងស្រែ ទៅតាមការចាត់តាំងរបស់អង្គការ។ ចូលដល់រដូវធ្វើស្រែ អង្គការបញ្ជូន ម៉ាលី ឲ្យទៅរស់នៅភូមិបឹងលាច ដើម្បីធ្វើការស្ទូងដកសំណាប។ នៅឆ្នាំ១៩៧៦ អង្គការបានរៀបចំឲ្យ ម៉ាលី និងយុវជនមួយគូផ្សេងទៀតនៅក្នុងភូមិ រៀបការក្នុងពេលតែមួយ។ នៅក្នុងពេលប្ដេជ្ញា ម៉ាលី បានឡើងរៀបរាប់តាមកម្មាភិបាលខ្មែរក្រហមថា នឹងរស់នៅជាមួយជាមួយគ្នារហូត និងខិតខំធ្វើការងារជូនអង្គការ។ ពេលរៀបការរួច អង្គការបានបញ្ជូនប្ដីប្រពន្ធម៉ាលី ធ្វើការងារផ្សេងគ្នា រហូតដល់ថ្ងៃទី១០ ទើបបានជួបគ្នាម្ដង។ នៅចុងឆ្នាំ១៩៧៦ ម៉ាលី មានទម្ងន់កូនម្នាក់ ប៉ុន្តែគាត់ត្រូវធ្វើការងារធម្មតា រហូតដល់ពោះរបស់គាត់ កាន់តែធំ ទើបអង្គការបានចាត់តាំងឲ្យគាត់ធ្វើការងារច្រូត និងចងកណ្ដាប់ស្រូវ រហូតដល់ថ្ងៃសម្រាលកូន។
បន្ទាប់ពីសម្រាកកូនរួចបានមួយរយៈ អង្គការបានបញ្ជូនកូនរបស់គាត់ចូលក្នុងមណ្ឌលឲ្យយាយៗមើល ហើយម៉ាលី ត្រូវចូលទៅធ្វើការងារក្នុងសហករណ៍វិញ។ នៅក្នុងសហករណ៍ ម៉ាលី ធ្វើការងារជីកព្រែក និងរែកដី នៅភូមិម្រះព្រៅ ហើយប្ដីរបស់គាត់ធ្វើការផ្សេងទៀតក្រៅសហករណ៍។ ចំណែកកូនរបស់ម៉ាលី ដែលរស់នៅជាមួយយាយក្នុងមណ្ឌល ក៏មិនសូវបានសុខស្រួលនោះទេ ព្រោះមានក្មេងម្នាក់នៅភូមិម្រះព្រៅ ត្រូវបានយាយលើអុកបាក់ស្មា ហើយក្មេងម្នាក់ទៀតដែលនៅសំរោងយ៉ោង ត្រូវយាយអ្នកមើលថែអុកបាក់ចង្កេះ និងដើរកោងៗរហូតដល់ធំ។
ក្រៅពីការលំបាកខាងលើ ប្រជាជននៅក្នុងសហករណ៍ម្រះព្រៅ ត្រូវប្រឈមមុខទៅហ្នឹងការខ្វះខាតអាហារ និងគ្មានព្យាបាលជំងឺ។ ជាញឹកញាប់ អង្គការធ្វើការដាំបបរមួយខ្ទះដាក់អង្គរតែពីរកំប៉ុងប៉ុណ្ណោះ ហើយបបរដែលប្រជាជនទទួលបានមានកាកបបរត្រឹមតែពីរស្លាបព្រាបាយប៉ុណ្ណោះ។ លើសពីនេះទៅទៀត ប្រសិនបើខ្វះស្បៀងខ្លាំង អង្គការចែកដំឡូងឲ្យពីរកង់តូចៗទៅមនុស្សម្នាក់ សម្រាប់ហូបក្នុងមួយពេល។
នៅពេលដែលហូបអាហារមិនបានគ្រប់គ្រាន់ និងគ្មានជីជាតិ ប្រជាជនភាគច្រើនមានជំងឺហើមជើង ឬហើមដៃ ប៉ុន្តែមិនមានថ្នាំព្យាបាលត្រឹមត្រូវនោះទេ គឺមានតែថ្នាំខ្មៅៗចែកឲ្យអ្នកជំងឺលេប។ ជាក់ស្ដែង នៅពេលដែល ម៉ាលី មានជំងឺក្ដៅខ្លួន និងរងាខ្លាំង បន្ទាប់ពីសម្រាលកូនរួច អង្គការបានបញ្ជូនគាត់ទៅព្យាបាលជំងឺនៅពេទ្យអូព័ទ្ធ។ ប៉ុន្តែដោយសារតែជំងឺរបស់គាត់មិនបានធូរស្រាល ទើបអង្គការបញ្ជូនគាត់ទៅពេទ្យឃុំ ដែលមានទីតាំងនៅទួលព្រៃកប់ខ្មោចមួយខាងត្បូងវត្តអង្គសឹង្ហ។ នៅក្នុងមន្ទីរពេទ្យ ម៉ាលី មិនបានទទួលការព្យាបាលត្រឹមត្រូវនោះទេ គឺមានតែថ្នាំខ្មៅៗប៉ុណ្ណោះ។
នៅខែមករា ឆ្នាំ១៩៧៩ បន្ទាប់ពីខ្មែរក្រហមដួលរលំ ម៉ាលី បានបន្តធ្វើស្រែនៅភូមិម្រះព្រៅ។ ប៉ុន្តែនៅពេលដែលប្ដីរបស់គាត់ប្រលងជាប់ធ្វើជាគ្រូបង្រៀននៅសាលាបាទី គ្រួសាររបស់ម៉ាលី បានផ្លាស់ទីលំនៅមកភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ម៉ាលី បានឲ្យដឹងទៀតថា ខ្លួនមានការហួសចិត្ត និងមិនគួរឲ្យជឿថាប្រជាជនអាចរស់រានមានជីវិតបាន ព្រោះអង្គការខ្មែរក្រហមបានប្រើប្រជាជនធ្វើការងារធ្ងន់ៗ ធ្វើការងារគ្មានពេលសម្រាកត្រឹមត្រូវ, ឈឺគ្មានថ្នាំព្យាបាល និងកង្វះអាហារហូបចុកយ៉ាងខ្លាំង ដែលអាចនិយាយថាក្នុងមួយពេលទទួលបានកាកបបរមួយស្លាបព្រាបាយប៉ុណ្ណោះ។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស ម៉ាលី មានជំងឺហឺត, សន្លាក់ដៃជើង, លើសសម្ពាធឈាម និងក្រពះពោះវៀន ហើយក្រៅពីនោះមានឈឺក្បាល និងវិលមុខបន្តិចបន្តួច។ ម៉ាលី គិតថា ជំងឺរបស់គាត់កើតឡើងដោយសាររបបខ្មែរក្រហម និងអាយុរបស់គាន់តែច្រើន។
សម្ភាសដោយ៖ កែប ម៉ៃ សុជាតា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

