ភាំងអារម្មណ៍ មិនដឹងថាខ្លួនធ្លាក់ទឹកអូរ
(បាត់ដំបង)៖ “រឿងរ៉ាវដែលខ្ញុំចងចាំមិនអាចភ្លេចបានគឺ នៅពេលខ្ញុំកើតជំងឺគ្រុនចាញ់។ ពេលនោះ ខ្ញុំស្ទើរតែបាត់បង់ជីវិតដោយសារតែធ្លាក់ចូលទឹកអូរ។ ពេលនោះខ្ញុំដូចជាបាត់បង់ស្មារតី មិនដឹងថាខ្លួនកំពុងតែធ្លាក់ចូលនៅក្នុងទឹកនោះទេ ហើយក៏គ្មានកម្លាំងស្រវាឡើងមកវិញដែរ។ ខ្ញុំភាំងអារម្មណ៍ទាល់តែអ្នកនៅជាមួយលើកពីទឹកមកទើបដឹងខ្លួន” ប៉ិច ម៉ុត បានរៀបរាប់អំពីសាច់រឿងឆ្លងកាត់របបខ្មែរក្រហមរបស់ខ្លួន នៅខេត្តបាត់ដំបង។
ប៉ិច ម៉ុត អាយុ៧១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ គាត់មានឪពុកឈ្មោះ ធៀប ប៉ិច, ម្ដាយឈ្មោះ មាឃ ម៉ុង និងមានបងប្អូនចំនួន៦នាក់។ ម៉ុត ជាកូនច្បងនៅក្នុងគ្រួសារ។ នៅក្នុងវ័យកុមារភាព គាត់រស់នៅភូមិទួលល្វៀង។ បន្ទាប់មកឆ្នាំ១៩៦៨ គាត់បានទៅរស់នៅ និងរៀននៅក្នុងសាលាបឋមសិក្សាវត្តចែង រៀនបានត្រឹមថ្នាក់ទី៧ (នៅក្នុងរបប លន់ នល់)។ ម៉ុត បានបញ្ឈប់ការសិក្សានៅក្នុងឆ្នាំ១៩៧២ និងបួសធ្វើជាព្រះសង្ឃនៅឆ្នាំ១៩៧៣ ក្នុងវត្តចែង។ នៅមុនរបបខ្មែរក្រហមឡើងកាន់អំណាច មានការទម្លាក់គ្រាប់បែកនៅតាមព្រៃពីសំណាក់កងទ័ពសត្រូវ ដែលគាំទ្រកងទ័ពវៀតណាមខាងជើង បណ្ដេញវៀតណាមខាងត្បូង ហើយការទម្លាក់គ្រាប់បែកនោះគឺមិនមានផលប៉ះពាល់ទៅដល់អាយុជីវិតរបស់ប្រជាជននោះទេ គឺគ្រាន់តែខូចខាតទៅលើស្ពាន, ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផ្សេងទៀត។
ថ្វីត្បិតតែការទម្លាក់គ្រាប់បែកមិនមានផលប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាជនយ៉ាងណាក្ដី ប្រជាជនមួយចំនួននៅតែមានភាពភ័យខ្លាចចំពោះការទម្លាក់គ្រាប់បែកនោះ។ នៅអំឡុងពេលនោះ ចលនាខ្មែរក្រហមបានកកើតនៅក្នុងស្រុក ប្រជាជនមួយចំនួនបានចូលរួមសកម្មភាពបដិវត្តន៍ជាមួយនឹងខ្មែរក្រហម។
នៅពេលដែលខ្មែរក្រហមចូលគ្រប់គ្រងនៅក្នុងស្រុកសង្កែ មានការប្រមូលឲ្យប្រជាជនរស់នៅជាសហករណ៍ ហូបបាយរួម។ ម៉ុត ក៏បានបញ្ជាក់ដែរថា ពេលនោះមិនទាន់មានការកៀបសង្កត់ប្រជាជនខ្លាំងនោះទេ។ ក្រោយមក គាត់ត្រូវបានខ្មែរក្រហមបានបញ្ចូលទៅក្នុងកងយុវជន ហើយចាត់តាំងឲ្យជីកប្រឡាយ និងរែកដីនៅតាមវាលស្រែ។ នៅអំឡុងពេលរដូវប្រាំង ប្រជាជនអាចបរិភោគបានគ្រប់គ្រាន់ ដោយសារមិនទាន់មានបញ្ហាលើរបបអាហារ ប៉ុន្តែឈានដល់រដូវវស្សា ខ្មែរក្រហមចាប់ផ្ដើមរឹតបណ្តឹងលើរបបអាហាររបស់ប្រជាជន។
បន្ទាប់ពីនោះមក ម៉ុត ត្រូវបានបញ្ជូនទៅក្នុងកងចល័ត ហើយត្រូវធ្វើស្រែ, ជីកប្រឡាយ, លើកទំនប់ និងធ្វើការងារផ្សេងទៀត។ ពីមួយដំណាក់កាលទៅមួយដំណាក់កាល អង្គការកាន់តែរឹតបណ្តឹងបន្ថែមលើរបបអាហារ។ អាហារត្រូវប្ដូរពីបាយទៅជាបបរ ហើយមិនត្រឹមតែប៉ុណ្ណោះ ចំនួនដែលទទួលបានក៏កាន់តែតិច។ ម៉ុត បាននិយាយថា៖ “នៅក្នុងមួយថ្ងៃៗ ធ្វើការងារហត់ហើយ ការងារច្រើនឥតឈប់ឈរ ដល់ពេលហូប មានតែបបររាវបន្តិច។ អ្នកទាំងអស់ចាប់ផ្ដើមធ្លាក់ខ្លួនឈឺ, បាក់កម្លាំង និងស្គមស្គាំងដោយសារហូបអត់ឆ្អែត”។
នៅពេលមួយ ម៉ុត បានកើតជំងឺគ្រុនចាញ់ ធ្លាក់ខ្លួនឈឺស្រកគីឡូមានតែស្បែកដណ្ដប់ឆ្អឹង។ ម៉ុត បាននិយាយថា៖ “ពេលដែលខ្ញុំឈឺ ខ្ញុំចេះតែនឹកឃើញថា បើបានបបរហូបឆ្អែតមិនដឹងល្អយ៉ាងណា។ បានហូបឆ្អែតបែបអាចមានកម្លាំងជាងនេះ”។ គាត់បានបន្ថែមថា នៅពេលនោះដោយសារតែ គ្មានអាហារហូបគ្រប់គ្រាន់ ប្រជាជនមួយចំនួន បានយកកន្ទក់ហូបបន្ថែម ដើម្បីចម្អែតក្រពះ។ ម៉ុត បានជាពីជំងឺគ្រុនចាញ់ដោយសារតែពេលនោះ គាត់ព្យាយាមឆ្ពុងទឹកក្ដៅជាមួយនឹងស្លឹកក្រូចថ្លុងជារៀងរាល់ថ្ងៃ។
ម៉ុត និងប្រជាជននៅក្នុងសហករណ៍ តែងតែមានភាពភ័យខ្លាចជាប់ជានិច្ច ព្រោះនៅពេលយប់យោធាខ្មែរក្រហមតែងចាប់ខ្លួនប្រជាជនយកទៅ ដោយមិនដឹងពីទោសកំហុស និងមូលហេតុ។ នៅក្នុងរបបខ្មែរក្រហម សមាជិកគ្រួសារត្រូវរស់នៅបែកគ្នា ដោយសារតែត្រូវធ្វើការងារតាមការចាត់តាំងផ្សេងៗគ្នា។ នៅអំឡុងពេលនោះបើទោះបីជាមានការនឹករឭកគ្នាយ៉ាងណាក្ដី ប្រជាជនមិនត្រូវបានអង្គការអនុញ្ញាតឲ្យជួបគ្នាញឹកឲកញាប់នោះទេ។ ម៉្យាងវិញទៀត ប្រជាជនជាច្រើនមិនហ៊ាននិយាយ ឬមើលមុខគ្នាទេ ទោះបីជាប់សាច់ញាតិនឹងគ្នាក៏ដោយ ព្រោះខ្មែរក្រហមព្យាយាមធ្វើឲ្យប្រជាជនផ្ដាច់ទំនាក់ទំនងគ្រួសារ។ មិនត្រឹមតែប៉ុណ្ណោះ ខ្មែរក្រហមថែមទាំងញុះញង់ឲ្យប្រជាជនតាមដានចាំចាប់កំហុសគ្នាទៅវិញទៅមកថែមទៀតផង។
សម្រាប់ប្រជាជនដែលមានតួនាទីនៅក្នុងរបបខ្មែរក្រហម ដូចជា កងឈ្លប ឬជាប្រធានក្រុម នៅពេលដែលពេញចិត្តនឹងនារី ឬបុរសណាម្នាក់ អាចមានសិទ្ធិស្នើសុំអង្គការដើម្បីរៀបការជាមួយបុគ្គលនោះបាន។ ចំពោះព័ត៌មានរបស់គ្រួសារ ម៉ុត មិនសូវបានដឹងនោះទេ ព្រោះពេលនោះគាត់ចេញទៅចល័តនៅកន្លែងផ្សេង។ ដូច្នេះ គាត់មិនដែលទទួលបានដំណឹងពីសមាជិកគ្រួសាររបស់គាត់ឡើយ។ ឪពុករបស់គាត់ ត្រូវកងឈ្លបចាប់យកទៅសម្លាប់ដោយមិនដឹងពីមូលហេតុ។ បន្ទាប់ពីឪពុករបស់គាត់ស្លាប់ ម្ដាយរបស់គាត់ឈឺចិត្តមិនព្រមបរិភោគអាហារ។ មកទល់ពេលបច្ចុប្បន្ននេះ តាមរយៈការសង្កេតរបស់ខ្លួនគាត់ផ្ទាល់ គាត់មិនមានជំងឺប្រចាំកាយអ្វីនោះទេ។ គាត់ធ្លាប់បានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ហើយលទ្ធផលបង្ហាញថាមិនមានអ្វីជាបញ្ហាខ្លាំងនោះទេ៕
សម្ភាសន៍ដោយ៖ ឡី សុផល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥