ពី សុខគ្រុយ៖ ធ្វើការងារនៅកន្លែងលំបាក និងខ្វះអាហារហូប

នៅក្នុងសម័យ លន់ នល់ គ្រួសាររបស់សុខគ្រុយ ត្រូវរត់ភៀសខ្លួនចុះឡើងគេចពីការទម្លាក់គ្រាប់បែកបេ, គ្រាប់បែកធុងសាំង និងការប្រយុទ្ធគ្នារវាងខ្មែរក្រហម និងទាហាន លន់ នល់។ នៅក្នុងសម័យខ្មែរក្រហម សុខគ្រុយ ត្រូវធ្វើការងារធ្ងន់ៗរាល់ថ្ងៃ ទាំងដែលខ្លួនមានទម្ងន់ ហើយអាហារហូបមិនបានគ្រប់គ្រាន់។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់សុខគ្រុយ តាំងពីក្មេងរហូតដល់ខ្មែរក្រហមដួលរលំ៖
ពី សុខគ្រុយ ហៅយាយង៉ោល អាយុ៦៧ឆ្នាំ រស់នៅភូមិត្រពាំងគៀប ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់សុខគ្រុយឈ្មោះ ពី ប៉ា ហើយម្ដាយឈ្មោះ ប៉ាត់ អេង ស្លាប់នៅក្នុងសម័យខ្មែរក្រហម។ សុខគ្រុយ មានបងប្អូនចំនួន ៨នាក់(ស្រី៥នាក់) ក្នុងនោះមានបាត់បង់ជីវិត២នាក់។ កាលពីក្មេង សុខគ្រុយ បានចូលរៀនបន្តិចបន្តួច ព្រោះគ្រួសាររបស់គាត់មានជីវភាពខ្វះខាត។ បន្ទាប់ពីឈប់រៀនគាត់បានជួយទូលនំម្ដាយលក់នៅតាមសាលារៀន និងតាមផ្ទះប្រជាជន។ នៅពេល សុខគ្រុយ អាយុ១៦ឆ្នាំ ប៉ុក បានចូលស្ដីដណ្ដឹង និងរៀបអាពាហ៍ពិពាហ៍តាមប្រពៃណី។ អំឡុងពេល សុខគ្រុយ រៀបការ អង្គការមានបំណងបញ្ជូនគាត់ចូលក្នុងកងចល័តនារី ដើម្បីធ្វើការងារនៅ បសេធ ប៉ុន្តែសំណាងល្អបានរៀបការជាមុន។
បន្ទាប់មក ស្ថានភាពនៅក្នុងភូមិត្រពាំងគៀប មានការចលាចល ព្រោះមានទាហានឡុងបូ ឬអាគីណេតរបស់ លន់ នល់ ចូលមកក្នុងភូមិ ដើម្បីតាមចាប់ខ្មែរក្រហម ហើយពេលខ្លះធ្វើការផ្លោងគ្រាប់បែកចូលក្នុងភូមិ។ ដើម្បីគេចពីគ្រាប់កាំភ្លើង និងគ្រាប់បែក អង្គការបានកៀរប្រជាជនទៅនៅបសេធមួយរយៈ ប៉ុន្តែប្រសិនបើគ្រាប់បែកធ្លាក់មកភ្លាមៗគឺត្រូវចូលទៅលាក់ខ្លួនក្នុងវត្តត្រពាំងគៀប ឬក្នុងលេណដ្ឋាន។ នៅថ្ងៃមួយ គ្រាប់ត្រយ៉ូងចេកបានធ្លាក់នៅក្នុងវត្តពីរ-បីកន្លែង ប៉ុន្តែសំណាងល្អមិនបានផ្ទុះ។ ប្រជាជននៅក្នុងភូមិទាំងអស់ រស់នៅលំបាកខ្លាំង ព្រោះត្រូវរត់ភៀសខ្លួនចុះឡើង។ ចំណែកឯផ្ទះសម្បែងរបស់ប្រជាជនមួយចំនួនត្រូវភ្លើងឆេះអស់ ហើយផលដំណាំ និងសត្វចិញ្ចឹមទាំងអស់ត្រូវបានបំផ្លាញ។ អ្វីដែលកាន់តែធ្ងន់ធ្ងរទៀតនោះគឺមានប្រជាជនបាត់បង់ជីវិតក្នុងអំឡុងពេលនោះ។
នៅឆ្នាំ១៩៧០ បន្ទាប់ពី លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ពីតំណែងប្រមុខរដ្ឋ សុខគ្រុយ សម្រាលបានកូនម្នាក់។ សុខគ្រុយ សម្រាលកូនបានប្រមាណ៧ថ្ងៃ អង្គការបានឲ្យគាត់ចូលធ្វើស្រែ និងស្ទូងស្រូវប្រវាស់ដៃក្នុងភូមិ។ នៅពេលធ្វើការងារ សុខគ្រុយ បានយកកូនរបស់គាត់ទៅតាម ហើយពេលត្រលប់ទៅផ្ទះវិញ គាត់បានងូតទឹកក្ដៅល្មមដើម្បីកុំឲ្យទាស់។ ក្រោយមក ការងាររបស់ សុខគ្រុយ គឺផ្លាស់ប្ដូរតាមអង្គការចាត់តាំងដូចជា កាត់ដើមទន្ទ្រានខែត្រយកទៅធ្វើជី, ជាន់អង្ករដាក់ក្នុងសហករណ៍, ស្ដារគីឡូទឹក, រែកដីដាក់ផ្លូវរថភ្លើង និងរែកដីល្បាប់ដាក់ក្នុងស្រែ។
ថ្ងៃមួយនៅពេលដែល សុខគ្រុយ ធ្វើការស្ដារគីឡូទឹកគាត់បានចុកពោះខ្លាំងស្ទើរស្លាប់ ព្រោះកូននៅក្នុងផ្ទៃគាត់មិនកម្រើក។ នៅពេលឈឺពោះខ្លាំង អង្គការបានបញ្ជូន សុខគ្រុយ ទៅព្យាបាលនៅពេទ្យវត្តអង្គុក និងសម្រាលកូននៅទីនោះមុនកំណត់។ នៅពេលបង្កើតកូន សុខគ្រុយ បានសម្រាកលើគ្រែ ប៉ុន្តែមិនមានការមើលថែពីពេទ្យដូចជា ដាក់សេរ៉ូម, ចាក់ថ្នាំកម្លាំង ឬយកអាហារឲ្យហូបបន្ថែមទេ គឺអង្គការរៀបចំបាយមួយចានជាមួយសម្លព្រលឹតឲ្យគាត់ហូប។ សុខគ្រុយ សម្រាកសម្រាលកូនទី២បានកន្លះខែ អង្គការបានឲ្យគាត់ចូលទៅធ្វើការងារមើលទារកនៅក្នុងមណ្ឌល ដើម្បីឲ្យម្ដាយឪពុកផ្សេងទៀតទៅការងារ។
នៅខែមេសា ឆ្នាំ១៩៧៥ យោធាខ្មែរក្រហមបានទទួលជ័យជម្នះទាំងស្រុងលើរបប លន់ នល់។ នៅពេលទទួលបានជ័យជម្នះ កម្មាភិបាលខ្មែរក្រហមនៅក្នុងភូមិត្រពាំងគៀប បានរុះរើផ្ទះធំៗយកទៅធ្វើផ្ទះតូច ឬរោងសហករណ៍ ហើយក្នុងនោះក៏មានផ្ទះរបស់ សុខគ្រុយមួយដែរ។ ចំណែកវត្តអារាម ត្រូវបានខ្មែរក្រហមបំផ្លាញចោល និងយកទៅធ្វើជាមន្ទីរសន្តិសុខ។ ជាក់ស្ដែងនៅក្នុងវត្តអង្គរុន អង្គការយកទៅធ្វើជាកន្លែងសួរចម្លើយ និងឃុំឃាំងមនុស្ស។ ប៉ុន្តែទីតាំងមន្ទីរសន្តិសុខនៅក្នុងវត្តអង្គរុន គឺដាក់ឃុំឃាំងប្រជាជនមួយរយៈពេលខ្លីប៉ុណ្ណោះ រួចប្ដូរទៅមន្ទីរសន្តិសុខហោរត្រៃ ឬទៅឃុំឃាំងនៅមន្ទីរសន្តិសុខមួយទៀតក្បែរសាលាឃុំត្រពាំងក្រសាំងបច្ចុប្បន្ន។ នៅពេលដែល សុខគ្រុយ ចេញទៅធ្វើការងារក្បែរកន្លែងឃុំឃាំងអ្នកទោស គាត់បានឮសំឡេងមនុស្សស្រែកដោយការឈឺចាប់ ព្រោះមានកងឈ្លបវាយពីក្រោយ រួចអូសយកទៅម្លាក់ក្នុងរណ្ដៅនៅហោរត្រៃ។ ក្រោយមកដោយសារតែខ្លាចប្រជាជនដឹង ទើបកងឈ្លបបណ្ដើរអ្នកទោសយកទៅសម្លាប់នៅវត្តកោះ។ ជាក់ស្ដែង សុខគ្រុយ បានឃើញផ្ទាល់ភ្នែក នៅពេលដែលកម្មាភិបាលខ្មែរក្រហមឲ្យអ្នកទោសរត់តាមផ្លូវ រួចខ្លួនបានជិះកង់ពីក្រោយ និងវាយរហូតដល់មន្ទីរឃុំឃាំង។
ក្រោយមក អង្គការបានបញ្ជូនគ្រួសារសុខគ្រុយ ទៅតំបន់៥៥។ នៅតំបន់៥៥ អង្គការបានចាត់តាំង សុខគ្រុយ ឲ្យធ្វើការងារ កាប់ដើមទន្ទ្រានខែត្រ និងកាយលាមកពីតាមបង្គន់យកមកដាក់ក្នុងពាង រួចលាយទឹក ហើយរែកទៅស្រោចដំណាំ។ ការងាររបស់សុខគ្រុយ គឺធ្វើធ្ងន់ៗជារៀងរាល់ថ្ងៃ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានភាគច្រើនគឺបបររាវៗហូបជាមួយសម្លព្រលឹត ឬត្រកួន។ នៅរដូវប្រមូលផល សុខគ្រុយ បានហូបបាយជាមួយសម្លប្រមាណ១ខែ។ នៅក្នុងតំបន់៥៥ សុខគ្រុយ សម្រេចចិត្តលួចនាំកូនត្រលប់ទៅស្រុកកំណើតវិញ ព្រោះទ្រាំជាមួយការងារធ្ងន់ៗមិនរួច និងហូបមិនគ្រប់គ្រាន់។ ប៉ុន្តែពេលគាត់មកដល់ភូមិ អង្គការបានដាក់ពិន័យឲ្យគាត់ធ្វើការងារកាន់តែធ្ងន់បន្តទៀត។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីខ្មែរក្រហមដួលរលំ សុខគ្រុយ បានត្រលប់មកភូមិត្រពាំងគៀបវិញ។ ពេលមកដល់ផ្ទះ សុខគ្រុយ បានដឹងថា ម្ដាយ, បងស្រីម្នាក់ និងប្អូនស្រីម្នាក់ បានស្លាប់នៅក្នុងសម័យខ្មែរក្រហម ដោយសារតែកង្វះអាហារហូបចុក និងឈឺគ្មានថ្នាំព្យាបាល។ នៅក្នុងភូមិត្រពាំងគៀប សុខគ្រុយ ចាប់ផ្ដើមប្រកបរបបលក់នំ ដោយគាត់ត្រូវធ្វើនំឲ្យរួចរាល់នោះម៉ោង២យប់ រួចដើរយកទៅលក់នៅសំរោងយោង ឬទៅអង្គសឹក ដើម្បីដូរយកអង្ករត្រលប់មកវិញ។ នៅពេល សុខគ្រុយ ធ្វើដំណើរដោយថ្មើរជើងនៅពេលយប់ គាត់បានដើរដួលជាច្រើនដង ព្រោះមេឃនៅងងឹតមើលផ្លូវមិនឃើញ។ បន្ទាប់មកទៀត សុខគ្រុយ បានប្ដូរមុខរបបទៅលក់សាច់គោវិញ ដោយគាត់ចូលហ៊ុនជាមួយអ្នកកាប់គោ រួចទូលសាច់គោយកទៅលក់យកប្រាក់។ គ្រុយ ខិតខំធ្វើការងាររហូតដល់សន្សំបានប្រាក់មួយចំនួន រួចយកទៅទិញម៉ាស៊ីនឈូសទឹកកកនៅផ្សារអូឬស្សី។ នៅពេល សុខគ្រុយ ទិញម៉ាស៊ីនបាន គាត់ប្រកបរបបលក់ទឹកកកឈូស, អីវ៉ានចាប់ហួយ និងត្រីប្រឡាក់បន្តិចបន្តួចនៅក្នុងភូមិ។ សុខគ្រុយ និងប៉ុក មានកូនចំនួន៧នាក់។
សម្ភាសដោយ៖ កែប ម៉ៃសុជាតា ថ្ងៃទី០១ ខែកញ្ញា ២០២១
អត្ថបទដោយ៖ ភា រស្មី

