ផួង ផាស៊ី៖ “នៅពេលនឹកឃើញប្តីនិងម្ដាយ, ខ្ញុំយំ!”

(កណ្ដាល)៖ ផួង ផាស៊ី ភេទស្រី កើតនៅក្នុងឆ្នាំ១៩៥៦ មានអាយុ ៦៦ឆ្នាំ។ ផាស៊ី រស់នៅនិងមានភូមិកំណើតនៅភូមិប្រំាបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ផាស៊ី មានឪពុកឈ្មោះ ម្លិះ ផួង និងម្ដាយឈ្មោះ ដួង អឿន។
នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ផាស៊ី បានឈប់រៀនត្រឹមថ្នាក់ទី៩ នៅសាលារៀនវត្តអង្គពពាយ។ មិនយូរប៉ុន្មាន ផាស៊ី បានរៀបការជាមួយប្តីរបស់គាត់ឈ្មោះ ម៉ុម មែន។ នៅរបប លន់ នល់ ប្តីរបស់ផាស៊ី ធ្វើជាទាហាន លន់ នល់ ហើយ ផាស៊ី បានទៅរស់នៅជាមួយអ៊ំស្រីរបស់គាត់ ឈ្មោះ អាន នៅភូមិត្រពាំងកក់ ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលជាតំបន់គ្រប់គ្រងដោយខ្មែរក្រហម។ នៅទីនោះ ផាស៊ី ធ្វើស្រែចម្ការជាមួយអ៊ំស្រីរបស់គាត់។
នៅខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្តី និងម្ដាយរបស់ផាស៊ីមករស់នៅភូមិត្រពាំងកក់ និងចាត់ទុកជាប្រជាជនថ្មី។ ចំណែក ផាស៊ី ត្រូវបានខ្មែរក្រហមចាត់ទុកជាប្រជាជនចាស់។ នៅឆ្នាំដដែល ខ្មែរក្រហមបានបង្ខំឲ្យព្រះសង្ឃទាំងអស់សឹក។ ចំណែកក្រុមគ្រួសារ ទាហាន លន់ នល់ ត្រូវបានខ្មែរក្រហមនាំខ្លួនយកទៅសម្លាប់នៅក្នុងបរិវេណវត្ត។
ផាស៊ី និយាយថា ប្រជាជនថ្មី ដែលធ្លាប់តែមានជីវភាពធូរធារនៅរបបមុនៗ ត្រូវរងទុក្ខវេទនា ដោយសារខ្មែរក្រហមបង្អត់អាហារ និងបង្ខំឲ្យធ្វើការហួសកម្លាំង។ ប្រជាជនទាំងថ្មីទាំងចាស់ត្រូវធ្វើការរួម និងហូបរួម។ ក្នុងមួយថ្ងៃ ផាស៊ី ទទួលបានតែរបបអាហារពីរពេលប៉ុណ្ណោះ។ នៅម៉ោង១១ព្រឹក និងម៉ោង៥ល្ងាច ផាស៊ី ត្រូវប្រញាប់រត់ទៅរោងបាយ។ ផាស៊ី និយាយថា ប្រសិនបើគាត់ទៅមិនទាន់គេនោះ គាត់នឹងត្រូវអត់អាហារ។ ក្នុងមួយពេល ខ្មែរក្រហមដាំបបរមួយខ្ទះសម្រាប់ឲ្យប្រជាជនជាង៥០នាក់ហូប ដោយខ្មែរក្រហមដាក់អង្ករតែ៦កំប៉ុងប៉ុណ្ណោះ។ ផាស៊ី ចងចាំថា រយៈពេលពីរខែបន្ទាប់ពីរដូវច្រូតកាត់រួច ទើបខ្មែរក្រហមចែកបាយឲ្យប្រជាជនហូប។
ប្រជាជនថ្មីជាច្រើនបានធ្លាក់ខ្លួនឈឺ ហើយប្រជាជនខ្លះទៀតធ្វើការរហូតដល់ស្លាប់ ឬត្រូវខ្មែរក្រហមសម្លាប់។ នៅពេលមានជំងឺ ប្រជាជនទទួលបានតែថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាលប៉ុណ្ណោះ។ ខ្មែរក្រហមលើកឡើងថា “ហូបដូចតែគ្នា ម្តេចធ្វើមិនកើតដូចគេ?”។ ក្រោយមក ខ្មែរក្រហមប្រាប់ផាស៊ីនៅពេលប្រជុំថា “តែនរណាខ្ជិល គឺខ្មាំងហើយ!”។
បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច បានរយៈពេល៦ខែ នៅថ្ងៃមួយនាម៉ោង៦ព្រឹក ខ្មែរក្រហមបានមកហៅប្តីរបស់ផាស៊ីទៅធ្វើការ។ តាំងពីពេលនោះមក ផាស៊ី បានព្រាត់ប្រាសប្តីរបស់គាត់ជារៀងរហូត។ ចំណែកម្ដាយរបស់ផាស៊ី ត្រូវបានខ្មែរក្រហមជម្លៀសបន្តទៅរស់នៅឯខេត្តបាត់ដំបង (បច្ចុប្បន្នខេត្តបន្ទាយមានជ័យ)។
ក្រោយមក ផាស៊ី ដែលមានផ្ទៃពោះចំនួន៨ខែ ត្រូវខ្មែរក្រហមបញ្ជាឲ្យទៅដឹកគោ, លីនង្គ័ល និងភ្ជួររាស់។ បន្ទាប់ពីសម្រាលកូនរួច ផាស៊ី ត្រូវទៅកិនស្រូវ។ ក្នុងមួយថ្ងៃ គាត់ត្រូវកិនស្រូវឲ្យបានចំនួន៩តៅ។ នៅពេល ផាស៊ី កិនស្រូវ គាត់បានឃើញកម្មាភិបាលខ្មែរក្រហម មានការហូបចុកគ្រប់គ្រាន់ មានទាំងខសាច់ជ្រូក និងមាន់ស្ងោរ។
ផាស៊ី ឃើញខ្មែរក្រហមចាប់បង្ខំប្រជាជនឲ្យរៀបការ។ បន្ទាប់ពីប្រជាជនរៀបការរួច ខ្មែរក្រហមតាមដានប្តីប្រពន្ធថ្មីទាំងនោះ ហើយប្តីប្រពន្ធណាដែលរស់នៅមិនចុះសម្រុងគ្នា នឹងត្រូវខ្មែរក្រហមយកទៅសម្លាប់។ ផាស៊ី និយាយថា នរណាដែលមានបងប្អូនជាកម្មាភិបាលខ្មែរក្រហម ឬមានជាប់ខ្សែរយៈជាមួយកម្មាភិបាលខ្មែរក្រហម ទើបគេអាចជ្រើសរើសគូស្រកររបស់ខ្លួនបាន។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ផាស៊ី បានជួបកងទ័ពវៀតណាម។ កងទ័ពវៀតណាម បានប្រាប់ឲ្យគាត់ធ្វើដំណើរមកទិសខាងកើតវិញ។ ផាស៊ី ធ្វើដំណើរអស់រយៈពេលបីយប់បួនថ្ងៃ និងឆ្លងកាត់ស្រុកត្រាំកក់ ទើបគាត់ត្រលប់មកដល់ភូមិកំណើតវិញ។ នៅពេលរំឭកពីរបបខ្មែរក្រហម ផាស៊ី តែងតែយំ ពីព្រោះរបបនេះ បានធ្វើឲ្យគាត់បាត់បង់ប្តី និងម្ដាយជាទីស្រលាញ់របស់គាត់៕
សម្ភាសន៍ដោយ ថន ពុធដារ៉ូ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦

