ខ្សែកមាសដោះដូរជាមួយសណ្ដែកបាយមួយកំប៉ុង

ភិម ស៊ិង (ស្ដាំ) រស់នៅភូមិកោះឈើទាលតូច ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ ភិម ស៊ិង មានអាយុ៥៩ឆ្នាំ មានស្រុកកំណើតនៅលើកោះឈើទាលតូច ឃុំព្រះរំកិល ស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង។ ស៊ិង មានបងប្អូនចំនួន៣នាក់ និងបានរស់នៅលើកោះនេះតាំងពីកំណើត។

នៅពេលខ្មែរក្រហមគ្រប់គ្រងប្រទេសនៅឆ្នាំ១៩៧៥ គ្រួសាររបស់ ស៊ិង និង ប្រជាជន​ប្រមាណជាប្រាំគ្រួសារផ្សេង​ទៀតដែលរស់នៅលើកោះត្រូវបានកងទ័ពខ្មែរក្រហម​ជម្លៀសទៅរស់នៅភូមិសំអាង ឃុំសំអាង ដោយ​សារ​ខ្លាចប្រជាជនរត់គេចខ្លួនទៅប្រទេសឡាវ។

នៅអាយុប្រហែល៩ឆ្នាំ ស៊ិង ត្រូវធ្វើការលើកទំនប់ កាត់ទន្រ្ទានខេត្តធ្វើជី ដោយគ្មានការតវ៉ាអ្វីទាំងអស់។ ប្រជាជនមួយចំនួនបានបាត់បង់ជីវិត ដោយសារធ្វើការហួសកម្លាំង ការតវ៉ា និង ការហូបចុកមិនគ្រប់គ្រាន់។ មានពេលខ្លះ ស៊ិង បានលួចសំបកដំឡូងមី យកមកដុតហូប ពេលឃ្លាន។ ឪពុករបស់ ស៊ិង បានលាយបបរជាមួយម្អម និងជួនកាលហូបក្តួចក្នុងព្រៃដើម្បីរស់។ ដំណាំដាំដុះដូចជាដំឡូងមីជុំវិញផ្ទះ មិនត្រូវអនុញ្ញាតឲ្យហូបនោះទេ។

ស៊ិង បានបន្តថា មានជនជាតិចិន     ដែលត្រូវ​បាន​ជម្លៀស​​មកពីទីក្រុង​ ត្រូវ​បានខ្មែរក្រហម​សម្លាប់ដោយមិនដឹងមូលហេតុ និងឃើញសាកសពជាច្រើននៅតាមវាលស្រែ។ ថ្ងៃមួយ មានជនជាតិចិនម្នាក់បានយកខ្សែកមាសមកដោះដូរជាមួយសណ្ដែកបាយមួយកំប៉ុងពីឪពុករបស់ស៊ិង។ ជួនកាលអ្នកនោះយកលុយទាំងបាវៗ ទៅបោះបង់ចោល នៅពេលដឹងថាលុយទាំងនោះគ្មានតម្លៃ និងត្រូវធ្វើការហួសកម្លាំងរហូតដល់បាត់បង់ជីវិត។ ក្រោយមកគ្រួសារ ស៊ិង មកចេញបន្តទៅភូមិវាលខ្សាច់ ឃុំអូរផ្អាវ ទើបមានការរំដោះ។

ពេលត្រឡប់មកសុ្រកកំណើតវិញ ផ្ទះឈើរបស់គ្រួសារ​ ស៊ិង ត្រូវបានខ្មែរក្រហមរុះរើទៅធ្វើរោងសហករណ៍កុមារ។ ក្រោយសម័យខ្មែរក្រហម ស៊ិន បានទៅសិក្សានៅភូមិព្រះរំកិល បន្ទាប់មកនៅស្រុកថាឡាបរិវាត់ត្រឹមថ្នាក់ទី៦។

ស៊ិង បានបាត់បង់ភរិយានៅឆ្នាំ២០០៧ គាត់មានកូនៗ​ចំនួន ៥នាក់ដែលត្រូវចិញ្ចឹម។ ស៊ិង បានខ្ចីលុយអ្នកភូមិ ដើម្បីចាប់ផ្ដើមធ្វើទូកនេសាទ និង យកទិន្នផលត្រីដែលរកបានដោយសន្ទូច មង និង សំណាញ់ យកទៅលក់នៅប្រទេសឡាវ។ ក្នុងមួយយប់ ស៊ិងអាចរកបានត្រីរៀលប្រហែល ៥ ទៅ ៦ ពាង នៅរដូវវស្សា។

ចាប់តាំងពីការកសាងវារីអគ្គីសនីនៅឡាវមក ទិន្នផលត្រីមានការធ្លាក់ចុះដោយសារទឹកស្រក់ធ្វើឲ្យបាត់បង់ព្រៃលិចទឹកដែលជាជម្រកត្រីពង និងការប្រើប្រាស់ឧបករណ៍ឆក់។ ប្រជាជនខ្លះបានទៅធ្វើកម្មករដើម្បីចិញ្ចឹមក្រពះ ចំណែក ស៊ិង បានប្រកបមុខរបរលក់ដូរបន្តិចបន្តួចដើម្បីចិញ្ចឹមជីវិត និងស្នើសូមឲ្យមានការអភិរក្សតំបន់ព្រៃលិចទឹកទាំងនោះនៅតាមដងទន្លេមេគង្គ៕

សម្ភាសន៍ដោយ យ៉ោន ចំរើន​ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin