បែកព្រោះមិនបានស្រឡាញ់
(បាត់ដំបង)៖ ប្រជាជនដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហមជាច្រើននាក់ ត្រូវបានអង្គការចាប់បង្ខំឲ្យរៀបការជាមួយនឹងមនុស្សដែលខ្លួនមិនបានស្រឡាញ់។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាច្រើនដែលបានឆ្លងកាត់ការរៀបការដោយបង្ខំ បានសម្រេចចិត្តលែងលះគ្នា បន្ទាប់ពីរបបខ្មែរក្រហមបានបញ្ចប់ទៅ ដោយសារតែគាត់មិនបានស្រឡាញ់ពេញចិត្តនឹងគ្នា។ ភុន សារឿន ហៅ ម៉ុល ភេទស្រី អាយុ៦៥ឆ្នាំ មានស្រុកកំណើតនៅភូមិកែស្នា ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ បច្ចុប្បន្ន សារឿន តាំងទីលំនៅ នៅភូមិដំណាក់សាលា ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
នៅដើមឆ្នាំ១៩៧០ នៅស្រុកកំណើតរបស់សារឿន មានភាពស្ងប់សុខធម្មតា ប៉ុន្តែចាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅខែមីនា ក៏ចាប់ផ្ដើមមានភាពចលាចល។ បន្ទាប់មក ការទម្លាក់គ្រាប់បែកនៅក្នុងតំបន់របស់គាត់រស់នៅបានកើតមានឡើត។ ការទម្លាក់គ្រាប់បែក បង្កជាផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន ដោយសារតែផ្ទះសំបែងរងការខូចខាត ឯទ្រព្យសម្បត្តិផ្សេងៗត្រូវបាត់បង់។ មិនត្រឹមតែប៉ុណ្ណោះ ការទម្លាក់គ្រាប់បែកថែមទាំងប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាជនដូចគ្នាទៀតផង។ ប្រជាជនខ្លះត្រូវពិការដៃ-ជើង និងខ្លះទៀតស្លាប់បាត់បង់ជីវិត។
ឈានចូលដល់របបខ្មែរក្រហម ក្នុងខែមេសា ឆ្នាំ១៩៧៥ សារឿន មានអាយុ១៦ឆ្នាំ។ អង្គការ បានចាត់តាំងឲ្យគាត់ដើរប្រមូលផេះ ដើម្បីយកមកលាយជាមួយលាមកមនុស្ស ធ្វើជាជីទុកដាក់ដំណាំ, ដាក់ក្នុងស្រែ និងចម្ការ។ ក្រៅពីនោះ អង្គការបានឲ្យគាត់រែកដីល្បាប់យកទៅដាក់ក្នុងស្រែឲ្យដីមានជីវជាតិ ដើម្បីសម្រេចផែនការធ្វើស្រែឲ្យបានស្រូវ៣តោនក្នុង១ហិចតា។ ចំណែកនៅរដូវប្រាំង អង្គការបានចាត់ឲ្យសារឿនទៅលើកទំនប់ទឹក ធ្វើជាអាងស្តុបទឹកទុកសម្រាប់ធ្វើស្រែ។ នៅសហករណ៍របស់គាត់ នៅពេលដែលមានប្រជាជនឈឺ មានគ្រូពេទ្យប្រចាំសម្រាប់ជួយព្យាបាល ប៉ុន្តែការព្យាបាលមិនប្រព្រឹត្តតាមបច្ចេកទេសទំនើប ដូចបច្ចុប្បន្នឡើយ។ ថ្នាំដែលនិយមប្រើប្រាស់សម្រាប់ព្យាបាលជំងឺនៅក្នុងរបបខ្មែរក្រហម គឺជាថ្នាំផ្សំពីរុក្ខជាតិ មានរាងមូល ពណ៌ខ្មៅ។ ពាក់ព័ន្ធនឹងរបបអាហារដែលប្រជាជនទទួលបាន គឺបបរ៣វែកក្នុង១ពេល។ ប្រជាជនជាច្រើនបានធ្លាក់ខ្លួនឈឺ ដោយសារបរិភោគអាហារមិនគ្រប់គ្រាន់ ហើយត្រូវធ្វើការងារធ្ងន់ៗដូចជា រែកដី, លើកទំនប់, ជីកប្រឡាយ និងការងារមួយចំនួនទៀត។ ការងារច្រើន តែរបបអាហារតិច ញ៉ាំងឲ្យប្រជាជានងាយនឹងមានបញ្ហាហេវហត់អស់កម្លាំង។
កងឈ្លបខ្មែរក្រហម បានធ្វើបាបប្រជាជនជាខ្លាំង ពិសេស ប្រជាជនថ្មី ឬប្រជាជន១៧មេសា ដែលត្រូវបានជម្លៀសដោយបង្ខំឲ្យចេញពីភ្នំពេញ។ ប្រជាជនថ្មីត្រូវទទួលរងការងារច្រើនជាងប្រជាជនមូលដ្ឋាន ដោយសារពេលនោះខ្មែរក្រហមគិតថា ប្រជាជនដែលបានជម្លៀសមកពីភ្នំពេញគឺសុទ្ធតែជាអ្នកមានទ្រព្យធ ឬអ្នកមូលធននិយម។ ជាក់ស្ដែង ប្រជាជនថ្មីមួយចំនួនបានរត់គេចពីសង្រ្គាម មកពីតាមទីជនបទ ចូលទៅរស់នៅភ្នំពេញនៅមុនឆ្នាំ១៩៧៥។ នៅក្នុងរបបខ្មែរក្រហម ការបំពានផ្លូវភេទតែងតែកើតមានឡើងចំពោះស្រ្តី។ សារឿន៖
«ខ្ញុំបានឮចាស់ៗនិយាយថា កងឈ្លបនៅពេលដែលចាប់គ្រួសារណាដែលចោទថាជាប់ខ្សែយួន ហើយផ្ទះនោះមានកូនស្រីក្រមុំ គឺវា(កងឈ្លប) ចាប់រំលោភរួចហើយទើបសម្លាប់»។
មិនត្រឹមតែប៉ុណ្ណោះ ខ្មែរក្រហម បានលុបបំបាត់សាសនា ដោយចាប់ផ្សឹកព្រះសង្ឃនិងបង្ខំឲ្យទៅធ្វើការដូចជាប្រជាជនទូទៅ។ ខ្មែរក្រហម វាយកម្ទេច ព្រះពុទ្ធប្បដិមាទម្លាក់ចូលក្នុងទឹក និងយកទីធ្លាវត្តអារាមធ្វើជាមន្ទីរសន្តិសុខ, រោងបាយ ឬឃ្លាំង។ មិនតែប៉ុណ្ណោះ ខ្មែរក្រហមបានលុបបំបាត់វិស័យអប់រំទៀតផង។ ប្រជាជនដែលរស់នៅក្នុងរបបខ្មែរក្រហម ជាពិសេសកុមារ ដែលស្ថិតក្នុងវ័យទទួលយកចំណេះវិជ្ជា បែរជាត្រូវបោះបង់ការសិក្សា និងទៅធ្វើការឲ្យអង្គការ។
អង្គការ បានបង្ខំឲ្យ សារឿន រៀបការជាមួយនឹងស្វាមីរបស់គាត់ ទាំងដែលដំបូងឡើយគាត់ទាំង២នាក់ មិនបានស្គាល់អំពីអត្តសញ្ញាណគ្នាទៅវិញទៅមកទេ។ ដោយសារ សារឿន ជាប្រជាជនមូលដ្ឋានធម្មតា អង្គការបានរៀបពិធីរួមគ្នាជាមួយនឹងប្រជាជនដទៃទៀត សរុបទាំងអស់ចំនួន២៤គូ។ សារឿន មិនហ៊ានប្រកែកជាមួយនឹងបញ្ជារបស់អង្គការឡើយ បើទោះបីជាគាត់មិនបានស្រឡាញ់ប្ដីរបស់គាត់យ៉ាងណាក្ដី។ គាត់ត្រូវតែយល់ព្រម ព្រោះគាត់ខ្លាចអង្គការយកទៅកសាង។ បន្ទាប់ពីរៀបការររួច អង្គការបានឲ្យគូស្វាមី ភរិយា រស់នៅជាមួយគ្នា និងឲ្យខិតខំធ្វើការជូនអង្គការ។ ដោយសារតែការរៀបការដោយបង្ខំ សារឿន និងស្វាមីរបស់គាត់មិនបានស្រឡាញ់គ្នានោះទេ។ នៅអំឡុងឆ្នាំ១៩៨២ គាត់ទាំង២នាក់ បានសម្រេចចិត្តលែងលះគ្នា។ បច្ចុប្បន្ន សារឿន មានជំងឺប្រចាំកាយ ដូចជា ជំងឺក្រពះ-ពោះវៀន និងលើសជាតិអាស៊ីត។
សម្ភាសន៍ដោយ៖ ខែន ប្រណិត នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥