ភៀសខ្លួនចេញពីភូមិដើម្បីរស់

(ស្ទឹងត្រែង)៖ ភួយ កំផែង ភេទប្រុស កើតឆ្នាំ១៩៥០ មានអាយុ ៧៤ឆ្នាំ និងមានទីកន្លែងកំណើតនៅក្នុងបន្ទាយទាហានមួយកន្លែង នៅទីរួមខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន កំផែង រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
នៅឆ្នាំ១៩៦៤ ឪពុកម្ដាយរបស់ កំផែង ដែលជាទាហាននៅខេត្តស្ទឹងត្រែង និងកូនទាំងអស់ចំនួនបួននាក់ បានមករស់នៅ ចាប់តាំងពីការចាប់ផ្តើមបង្កើតភូមិអូរស្វាយដំបូង។ នៅពេលនោះ ក្រុមគ្រួសារទាហានបានកាប់ឆ្ការព្រៃនៅភូមិអូរស្វាយ ដែលបានបណ្ដាលឲ្យមានអ្នក បាត់បង់ជីវិត ដោយសារជំងឺគ្រុនចាញ់។
មូលហេតុ នៃការមករស់នៅភូមិអូរស្វាយ របស់គ្រួសារកំផែង គឺដើម្បីចូលរួមការពារទឹកដី។ ចំណែក នៅភូមិកោះព្នៅ ដំបូងឡើយមានតែប្រហែលបីគ្រួសារប៉ុណ្ណោះ រស់នៅ និងបង្កបង្កើនផលនៅទីនោះ។
នៅឆ្នាំ១៩៧០ សង្គ្រាមនៅក្នុងភូមិរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម ធ្វើឲ្យ កំផែង បង្ខំចិត្តចាកចេញពីផ្ទះទៅរៀននៅប្រទេសវៀតណាម។ នៅប្រទេសវៀតណាម កំផែង ឮដំណឹងថានៅប្រទេសកម្ពុជាមាន ការសម្លាប់រវាងខ្មែរនឹងខ្មែរ។
នៅឆ្នាំ១៩៧៥ កំផែង បានត្រលប់មកស្រុកកំណើតវិញ និងបានឃើញស្ថានភាពក្នុងស្រុកទេសកាន់តែអាក្រក់ ដូចទៅនឹងអ្វីដែលគាត់ឮនៅប្រទេសវៀតណាមមែន។ នៅឆ្នាំដដែល បន្ទាប់ពីរបបខ្មែរក្រហមឡើងកាន់អំណាច និងបន្ទាប់ពី កំផែង រស់នៅប្រទេសកម្ពុជាអស់រយៈបីខែ គាត់ និងប្រជាជនប្រហែល ៤០នាក់ បានភៀសខ្លួនម្តងទៀត ដោយធ្វើដំណើរតាមផ្លូវជាតិលេខ១៣ ពីស្ទឹងត្រែង ឆ្ពោះទៅប្រទេសឡាវ។
ក្រោយមក កំផែង ដឹងថា ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីភូមិអូរស្វាយ និងកោះព្នៅ ទៅរស់នៅតាមសហករណ៍ ហើយផ្ទះសម្បែងទាំងប៉ុន្មាននៅក្នុងភូមិ ត្រូវខ្មែរក្រហមរុះរើ។ ប្រជាជន ត្រូវរស់នៅរងទុក្ខវេទនា ដោយសារការហូបចុកមិនគ្រប់គ្រាន់ និងធ្វើពលកម្មហួសកម្លាំង។
នៅចុងឆ្នាំ១៩៧៨ កំផែង បានចូលរួមធ្វើជាកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា តាមការអំពាវនាវរបស់ថ្នាក់ដឹកនាំរណសិរ្ស ឲ្យចូលរំដោះប្រទេសកម្ពុជា។ ក្រោយពីរបបខ្មែរក្រហមដួលរលំ កំផែង បានត្រលប់មកភូមិអូរស្វាយ និងស្វែងរកឪពុកម្ដាយ ព្រមទាំងបងប្អូនរបស់គាត់របស់ខ្លួន។នៅពេលនោះ កំផែង ដឹងថា ឪពុកម្ដាយ និងបងប្អូនរបស់គាត់ទាំងអស់បានស្លាប់អស់ហើយ។
ក្រោយមក កំផែង បានរៀបការ និងមានកូនប្រាំបីនាក់ ក្នុងនោះស្រីបួននាក់។ សព្វថ្ងៃ កំផែង ប្រកបរបរធ្វើស្រែចម្ការ និងនេសាទ។ ជាចុងក្រោយ កំផែង នៅតែចងចាំមិនភ្លេចពីការបាត់បង់សមាជិកគ្រួសារនៅក្រោមរបបខ្មែរក្រហម៕
សម្ភាសដោយ សូ នីតា ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥