ពេជ្រ ស៊ីណៃ៖ មួយគ្រួសារនៅរស់២នាក់បងប្អូន

នៅក្នុងសម័យខ្មែរក្រហម ស៊ីណៃ បាត់បង់សាច់ញាតិជាច្រើននាក់ ក្នុងនោះមានឪពុក, បងប្អូនបង្កើតចំនួន៧នាក់, បងថ្លៃ និងក្មួយៗ ដោយសារកង្វះអាហារហូបចុក និងឈឺគ្មានថ្នាំព្យាបាល។ ចំពោះគ្រួសារស៊ីណៃ និងប្អូនស្រី ត្រូវរស់នៅដោយការអត់ឃ្លាន និងធ្វើការងារធ្ងន់ៗ ដែលជាហេតុធ្វើឲ្យរាងកាយរបស់គាត់ចុះខ្សោយ និងមានជំងឺច្រើនពេលដែលអាយុរបស់គាត់កាន់តែកើនឡើង។

ពេជ្រ ស៊ីណៃ ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ស៊ីណៃ មានស្រុកកំណើតនៅភូមិជង្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ឪពុករបស់ ស៊ីណៃ ឈ្មោះ ពេជ្រ សៅ ស្លាប់នៅខេត្តបាត់ដំបង ហើយម្ដាយឈ្មោះ កែ អែម ស្លាប់នៅទីក្រុងភ្នំពេញក្នុងសម័យ លន់ នល់។ ស៊ីណៃ មានបងប្អូនចំនួន៩នាក់ ក្នុងនោះមានស្រី៦នាក់។ ប្ដីស៊ីណៃឈ្មោះ ហង្ស ​វ័យ និងមានកូនចំនួន៦នាក់(ស្រី២នាក់)។ កាលពីក្មេង ស៊ីណៃ ចូលរៀនដំបូងនៅសាលាបឋមសិក្សាត្រាំខ្នារ ក្នុងអំឡុងឆ្នាំ១៩៦២។

នៅឆ្នាំ១៩៧០ ដោយសារតែមានសង្គ្រាម ស៊ីណៃ បានចាក់ចេញពីភូមិ ទៅរស់នៅម្ដុំផ្សាដើមគ ទីក្រុងភ្នំពេញ ជាមួយម្ដាយ ហើយឪពុករបស់គាត់ប្ដូរមករស់នៅក្បែរផ្សារត្រាំខ្នារ។ នៅឆ្នាំ១៩៧១ ឪពុករបស់ស៊ីណៃ បានរត់ទៅរស់នៅទីក្រុងភ្នំពេញជាមួយប្រពន្ធកូន ព្រោះខ្មែរក្រហមបានផ្លោងគ្រាប់បែកពីក្បែរភ្នំស្រង់ចូលមកត្រាំខ្នារ។ នៅទីក្រុងភ្នំពេញ ស៊ីណៃ ចូលរៀនបន្តនៅឆ្នាំ១៩៧១ នៅវិទ្យាល័យពញាយ៉ាត ទួលស្លែង និងឈប់រៀនត្រឹមថ្នាក់ទី៣ ក្នុងឆ្នាំ១៩៧៤។ បន្ទាប់ពីឈប់រៀន ស៊ីណៃ បានរៀបការជាមួយឈ្មោះ ហង្ស វ័យ។

នៅខែមេសា ឆ្នាំ១៩៧៥ អង្គការបានជម្លៀសប្រជាជនទាំងអស់ រួមទាំងគ្រួសារ ស៊ីណៃ ចេញពីទីក្រុងភ្នំពេញ។ ក្នុងពេលជម្លៀស ស៊ីណៃ រៀបចំបានសម្លៀកបំពាក់បន្តិចបន្តួច, សម្ភារប្រើប្រាស់សម្រាប់ចំអិនអាហារ និងអង្ករកន្លះបាវ ដាក់លើកង់រួចចេញពីទីក្រុង ទៅផ្ទះនៅផ្សារត្រាំខ្នារ។ នៅតាមផ្លូវធ្វើដំណើរ ស៊ីណៃ បានជួបការលំបាកខ្លាំង ព្រោះគាត់ត្រូវបីកូនអាយុប្រមាណ៨ខែ ដើរក្រោមភ្លៀងទាំងយប់ទាំងថ្ងៃ និងគ្មានទីកន្លែងសម្រាកត្រឹមត្រូវ។ ម្យ៉ាងវិញទៀត ស៊ីណៃ ​ត្រូវបីកូនឆ្លងទឹកស្ទឹងកន្ទួត ពីផ្លូវជាតិលេងខ៤ ទៅផ្លូវជាតិលេខ៣ ហើយស្បៀងអាហារដែលគាត់យកមកជាមួយមិនគ្រប់គ្រាន់។ នៅពេលដែលគ្រួសារស៊ីណៃ ធ្វើដំណើរជិតដល់ផ្សារត្រាំខ្នាំរ អង្គការបានហាមគាត់មិនឲ្យធ្វើដំណើរទៅមុខបន្តទៀត។ គ្រួសាររបស់ស៊ីណៃ បានសម្រេចចិត្តធ្វើដំណើរទៅភូមិជង្រុកវិញ ដែលជាស្រុកកំណើតរបស់គាត់។ ស៊ីណៃ ស្នាក់នៅភូមិជង្រុក បានរយៈពេលពីរថ្ងៃ ប្ដីរបស់គាត់បានបបួលមកឃុំចំបក់វិញ ដែលជាស្រុកកំណើតប្ដី។

នៅភូមិចំបក់ ស៊ីណៃ បានចូលទៅធ្វើការងារផ្លាស់ដី និងដាំដំណាំ ជាមួយប្រជាជនផ្សេងទៀត តាមការចាត់តាំងរបស់អង្គការ។ ស៊ីណៃ ធ្វើការងារក្នុងសហករណ៍បានរយៈពេលជិត២ខែ អង្គការបានជម្លៀសប្រជាជនថ្មីទាំងអស់ទៅរស់នៅ ភូមិត្រពាំងលាន ដែលជាភូមិថ្មី ខាងត្បូងវត្តអូរព័ទ្ធ។ នៅភូមិថ្មី ស៊ីណៃ ធ្វើការងារកាប់ស្លឹកឈើយកទៅធ្វើជី បានមួយរយៈ អង្គការចាប់ផ្ដើមជម្លៀសប្រជាជន ១៧មេសា ទៅខេត្តបាត់ដំបងជាបន្តបន្ទាប់ ក្នុងនោះក៏មានឪពុក និងបងប្អូនរបស់ស៊ីណៃទាំងអស់។ ស៊ីណៃ បានឲ្យដឹងថា មានតែប្អូនស្រីម្នាក់ប៉ុណ្ណោះដែលនៅរស់មានជីវិត ហើយបានត្រលប់មកខេត្តតាកែវ និងបាននិយាយរឿងរ៉ាវរបស់ខ្លួននៅខេត្តបាត់ដំបងប្រាប់ ស៊ីណៃ។

ប្អូនរបស់ស៊ីណៃ រៀបរាប់ថា ពេលទៅដល់ខេត្តបាត់ដំបង ឪពុករបស់ស៊ីណៃ បានយកសម្ភារ និងខោអាវបន្តិចបន្តួចដែលមានជាប់ខ្លួន យកទៅប្ដូរជាមួយថ្នាំជក់បន្តិចម្ដងៗរហូតដល់អស់។ មូលហេតុដែលឪពុក ស៊ីណៃ ធ្វើដូច្នេះ ព្រោះគាត់ធ្លាប់ជក់បារី ហើយប្រសិនបើមិនមានថ្នាំជក់គាត់មិនមានកម្លាំងធ្វើការងារ។ នៅថ្ងៃមួយ នៅពេលដែលប្អូនរបស់ស៊ីណៃ ត្រលប់មកពីធ្វើការងារតាមការដ្ឋាន គាត់បានបេះផ្លែស្នាយទុំផ្ញើឪពុកមួយថ្នក់ក្រមា។ ឪពុករបស់គាត់បានទទួលផ្លែស្នាយនោះ រួចនិយាយថាឆ្ងាញ់ណាស់ និងឲ្យកូនបេះផ្ញើគាត់បន្ថែមទៀតនៅពេលដែលមកលេងផ្ទះនៅពេលក្រោយ។ ក្រោយមក ប្អូនរបស់គាត់បានបេះស្នាយយកផ្ទះម្ដងទៀត ប៉ុន្តែឪពុករបស់គាត់បានស្លាប់បាត់ទៅហើយ ព្រោះឃ្លានខ្លាំងពេក។ ចំពោះបងប្រុសរបស់ស៊ីណៃ ដែលធ្វើការងារនៅក្នុងកងចល័ត គាត់ស្លាប់ដោយសារធ្វើការងារច្រើន និងហូបចុកមិនបានគ្រប់គ្រាន់ រួមជាមួយគាត់កើតពិសគ្មានថ្នាំព្យាបាលជំងឺទើបស្លាប់។ សម្រាប់បងស្រីរបស់ស៊ីណៃ គឺស្លាប់ទាំងម្ដាយទាំងកូនបន្ទាប់ពីបង្កើតកូនរួច។ សរុបទាំងអស់គ្រួសាររបស់ស៊ីណៃ ស្លាប់នៅខេត្តបាត់ដំបងមានឪពុក, បងប្រុស, បងស្រី, បងថ្លៃប្រុស, ប្អូនស្រី៣នាក់, ប្អូនប្រុសពីរនាក់ និងក្មួយៗ។ ចំណែកប្អូនស្រីអាចនៅមានជីវិត ដោយសារតែគាត់រត់គេចពីកងរបស់ខ្លួនធ្វើការ ទៅរស់នៅតំបន់ផ្សេង។

ត្រលប់មកគ្រួសាររបស់ស៊ីណៃ នៅភូមិថ្មី ត្រូវបានអង្គការជម្លៀសលើកទី៣ ទៅភូមិក្រាំងវិច ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ មុនពេលរដូវប្រមូលផលមកដល់។ ពេលទៅដល់ក្រាំងវិច អង្គការរៀបចំបង្កើតជាសហករណ៍ ធ្វើការងារដាំដំណាំ, ធ្វើស្រែ,​ ធ្វើជី, លើកទំនប់, ជីកប្រឡាយ និងការងារផ្សេងៗទៀតរួមគ្នា ហើយហូបអាហារតាមក្រុម ជាមួយគ្នានៅក្នុងរោងបាយ។ ប្រជាជនទាំងអស់ ចាប់ពីកុមារ រហូតដល់មនុស្សចាស់ សុទ្ធតែមានការងារធ្វើទាំងអស់ និងមិនមានពេលឈប់សម្រាកនោះទេ។ ចំពោះ ស៊ីណៃ ដោយសារតែគាត់មានកូនតូចអាយុ៦ខែ ទើបអង្គការចាត់តាំងគាត់ឲ្យចូលក្នុងក្រុមម៉ែៗ ដើម្បីធ្វើការងារក្នុងភូមិ និងក្បែរសហករណ៍ ដើម្បីងាយស្រួលចូលមកបំបៅកូននៅពេលថ្ងៃ ឬយកកូនទៅមើលថែនៅពេលយប់។

នៅភូមិក្រាំវិច ការងារដំបូងរបស់ ស៊ីណៃ  គឺរែកដីល្បាប និងសែងលាមកដាក់ក្នុងស្រែ។ បន្ទាប់មកទៀត ផ្លាស់ប្ដូរទៅធ្វើការងារដូចជា រែកដី, ធ្វើជី កាប់ស្លឹកឈើ, ដកសំណាប និងស្ទូង, ដក និងច្រូតស្រូវ តាមការចាត់តាំងរបស់អង្គការ ។ ជារៀងរាល់ថ្ងៃ ស៊ីណៃ ត្រូវក្រោកទៅធ្វើការងារចាប់ពីម៉ោង៥ព្រឹក រហូតដល់សម្រាកហូបអាហារថ្ងៃត្រង់នៅម៉ោង១១ និងចូលធ្វើការងារវិញនៅម៉ោងប្រមាណ១២កន្លះ រហូតដល់ម៉ោងសម្រាកហូបអាហារពេលល្ងាច។ នៅពេលដែលមានការងារច្រើន ​អង្គការបានចាប់តាំងឲ្យ ស៊ីណៃ ធ្វើការងារ ស្ទូងស្រូវ ឬជាន់រហាត់ទឹក នៅពេលយប់បន្ថែមទៀត។

នៅយប់មួយ បន្ទាប់ពី ស៊ីណៃ ត្រលប់មកពីជាន់រហាត់ទឹក សម្លៀកបំពាក់របស់គាត់បានសើមដោយសារទឹកភ្លៀង។ ពេលមកដល់ផ្ទះ ស៊ីណៃ បានយកអាវមួយនៅផ្ទះ ដែលគាត់កាត់ដោយខ្លួនឯងមកប្ដូរ រួចស្លៀកក្រមាចូលដេក ព្រោះគាត់មិនមានសំពត់ ឬខោមកផ្លាស់។ នៅពេលព្រឹកឡើង ស៊ីណៃ កើតមានអាការៈទាស់រឹងជើងទាំងអស់ និងឡើងទៅធ្វើការងារមិនរួច ព្រោះពេលនោះគាត់ទើបសម្រាលកូនម្នាក់ទៀតនៅក្នុងសហករណ៍។ បន្ទាប់មក នៅពេលដែលក្រុមកងនារីជួបជុំគ្នាពេលព្រឹក ស្រាប់តែបាត់វត្តមាន ស៊ីណៃ ហើយអង្គការបានមកហៅគាត់  ប៉ុន្តែ ស៊ីណៃ ចេញពីក្នុងមុងមិនរួច ព្រោះឈឺ និងមិនមានសម្លៀកបំពាក់។ បន្ទាប់មក ប្រធានកងបានត្រលប់ទៅវិញ និងប្រាប់ប្រធានសហករណ៍ថា ស៊ីណៃ អត់ទៅធ្វើការងារដោយសារឈឺ និងមិនមានអីស្លៀក ទើបអង្គការឲ្យពេទ្យសង្គមកិច្ចមកបើកថ្នាំឲ្យគាត់ រួមក្រណាត់សមួយផ្ទាំងទៀត។ ស៊ីណៃ បានក្រណាត់សនោះ ទៅជ្រលក់ជាមួយភក់ និងបុកឃ្លឿ រួចកាត់សំពត់ស្លៀក។ ស៊ីណៃ បានបន្ថែមថា សម្លៀកបំពាក់ដែលគាត់មានក្នុងសម័យខ្មែរក្រហម គឺមានតែពីរសម្រាប់ប៉ុណ្ណោះ បើទោះបីជារហែងយ៉ាងណាក៏គាត់ត្រូវរកសុំអំបោះឬក្រណាត់ពីអ្នកធ្វើការងារជាមួយគ្នាយកមកដេរភ្ជិត។

ចំណែកការហូបអាហារ នៅរដូវប្រមូលផល ស៊ីណៃ ទទួលបានបាយមួយពេល១វែករាល់ថ្ងៃរយៈពេលមួយខែ ហូបជាមួយសម្ល។ ផុតពីរដូវប្រមូលផល អង្គការចាប់ផ្ដើមបបរគោឲ្យប្រជាជនហូប រហូតដល់ដាច់ស្បៀងខ្លាំងគឺបបររាវៗ ហូបជាមួយសម្លព្រលឹត ឬស្លឹកស្លាបវ៉ា ដែលដកពីក្នុងទឹក។ ចំណែកសម្លដែលអង្គការស្លឲ្យប្រជាជន គឺមិនមាន ប៊ីចេង ឬប្រហុកដូចកាលពីមុនទេ គឺមានតែត្រីបន្តិចបន្តួច ជាមួយបន្លែ និងអំបិលតិចតួច។ នៅពេលដែលជំងឺ ប្រជាជនអាចទៅយកថ្នាំខ្មែរដែលសូនរួចនៅក្នុងភូមិពីពេទ្យសង្គមកិច្ច ប៉ុន្តែបើលេបរួចមិនបានធូរស្បើយ អ្នកជំងឺត្រូវទៅព្យាបាលពេទ្យឃុំ ឬពេទ្យស្រុកនៅព្រៃល្វា។ ចំពោះ ស៊ីណៃ ធ្លាប់បានយកកូនទៅពេទ្យស្រុកម្ដង ប៉ុន្តែមិនមានថ្នាំអ្វីផ្សេងមកព្យាបាលជំងឺកូនរបស់គាត់ ក្រៅពីថ្នាំខ្មែររាងដូចអាចម៍ទន្សាយ។

នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស ស៊ីណៃ បានឲ្យដឹងថា រឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហមស្ថិតនៅក្នុងខួរក្បាលគាត់ជានិច្ច ហើយជារឿយៗគាត់បាននិយាយប្រាប់កូនចៅជំនាន់ក្រោយ។ ស៊ីណៃ ពេញចិត្តចំពោះតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ព្រោះការកាត់ទោសបានផ្ដល់ភាពយុត្តិធម៌ដល់គាត់ ដែលមានបងប្អូនស្លាប់ច្រើននាក់ក្នុងសម័យនោះ និងការពារកុំឲ្យរបបខ្មែរក្រហមត្រលប់មកវិញ។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស ស៊ីណៃ មានជំងឺ លើសសម្ពាធឈាម, ក្រពះពោះវៀន, ឬដូងបាត និងឈឺសន្លាក់។ ជំងឺរបស់ ស៊ីណៃ កើតឡើងដោយសារតែគាត់ខិតខំធ្វើការងារធ្ងន់ៗនៅក្នុងរបបខ្មែរក្រហម ទើបធ្វើឲ្យរាងកាយរបស់គាត់ចុះខ្សោយនៅពេលដែលមានអាយុច្រើន។

សម្ភាសដោយ៖ កែប ម៉ៃសុជាតា ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖  ភា រស្មី 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin