ស្រ្តីមានផ្ទៃពោះធ្វើការសម័យខ្មែរក្រហម

(ស្វាយរៀង)៖ រឿងរ៉ាវដែលខ្ញុំចងចាំមិនអាចបំភ្លេចបានកាលពីរបបខ្មែរក្រហមគឺការដែលរបបនេះប្រើខ្ញុំឲ្យរែកដីអំឡុងពេលមានផ្ទៃពោះ និងហេតុការណ៍ដែលខ្ញុំបានឃើញកងឈ្លបខ្មែរក្រហម​សម្លាប់មនុស្សផ្ទាល់ភ្នែក។ នេះជាការលើកឡើងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់។

ពេជ យ៉ាត មានអាយុ ៧២ឆ្នាំ ជាកសិករ។ គាត់ មានស្រុកកំណើត និងរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ យ៉ាត មានបងប្អូនចំនួន៥នាក់។ ប្អូនប្រុសរបស់យ៉ាត ម្នាក់ដែលជាអតីតទាហាន លន់ នល់ បានបាត់ខ្លួនតាំងពីរបបខ្មែរក្រហមរហូតដល់ពេលបច្ចុប្បន្ន។

យ៉ាត បានរៀបការមានស្វាមីតាំងពីរបប លន់ នល់​​។ នៅក្នុងរបបខ្មែរក្រហម អង្គការតម្រូវឲ្យ ​យ៉ាត និងគ្រួសាររស់នៅស្រុកកំណើត ឯភូមិកំរ៉ែង។ នៅក្នុងរបបខ្មែរក្រហមគាត់មានផ្ទៃពោះ និងសម្រាលបានកូនមួយ​។ អំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាលកូនបាន១ខែ គាត់ត្រូវខ្មែរក្រហមប្រើឲ្យធ្វើការគ្មានពេលសម្រាកដោយត្រូវ ជីក និងរែកដី ព្រមទាំងធ្វើស្រែចម្ការ។ ចំណែករបបអាហារវិញ គាត់ត្រូវហូបរួមគ្នាក្នុងរោងបាយ ដោយទទួលបានរបបមិនគ្រប់គ្រាន់។

យ៉ាត បានរៀបរាប់ថា៖ “កងឈ្លបបានតម្រូវឲ្យគាត់ដក និងស្ទូងស្រូវ ឲ្យបាន២ផ្លូនក្នុង១ព្រឹកទើបអង្គការឲ្យសម្រាក និងឲ្យហូបបាយថ្ងៃត្រង់​។ ការកំណត់នេះ យ៉ាត ត្រូវងើបនៅម៉ោង៥ភ្លឺទៅធ្វើការទើបគ្រប់​តាមផែនការរបស់អង្គការ។”

យ៉ាត រៀបរាប់បន្តថា “ទោះបីគាត់មានផ្ទៃពោះក៏អង្គការមិនយោគយល់ដែរ របបការងារគឺស្មើនិងអ្នកនៅលីវដែរ”។ ​“អង្គការមិនអនុញ្ញាតឲ្យប្រជាជនមានសិទ្ធិនិយាយ​ស្តី ពីទុក្ខលំបាករបស់ខ្លួនទេ អ្នកដែលនិយាយ​មិនល្អពីអង្គការត្រូវយកទៅកសាងឬសម្លាប់ចោល”, យ៉ាតបន្ថែម។

នៅក្នុងសហករណ៍កំរ៉ែង យ៉ាត ធ្លាប់ឃើញកងឈ្លបខ្មែរក្រហមសម្លាប់អតីតទាហាន លន់ នល់ ផ្ទាល់ភ្នែក។ អតីតទាហាន លន់ នល់ ត្រូវបានខ្មែរក្រហមចាប់ឃុំខ្លួន និងកំណត់គោលដៅកម្ទេចតាំងពីពេលដែលរបបនេះទទួលបានជ័យជម្នះមកម្លោះ។ យ៉ាត ឃើញកងឈ្លបខ្មែរក្រហមបានចាប់យុវជនដែលជាអតីតទាហានលន់ នល់ ពេលដែលទាហានទាំងនោះបានត្រលប់មករស់នៅក្នុងភូមិវិញ។

ចុងឆ្នាំ១៩៧៨ អង្គការបានជម្លៀស យ៉ាត ពីស្រុកកំណើតឲ្យទៅរស់នៅ និងធ្វើការនៅ ភូមិភាគពាយ័ព្យ ខេត្តពោធិ៍សាត់។ ការធ្វើដំណើរនៅពេលនោះលំបាកខ្លាំងដោយសារតែគាត់មានកូនតូច។ យ៉ាត ធ្វើដំណើរជិតដល់តំបន់អ្នកលឿងរបបខ្មែរក្រហមក៏បានដួលរលំ។ គាត់ និងគ្រួសារបានត្រលប់មករស់នៅភូមិកំណើតវិញ រហូតដល់សព្វថ្ងៃ។

សម្ភាសន៍ដោយ យ៉េ ស្រីលាក់ ថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin