ជីវិតជាពេទ្យយោធាខ្មែរក្រហម


(ខេត្តស្វាយរៀង) ហែម ភុន មានអាយុ ៧២ឆ្នាំ មានទីកន្លែងកំណើតនៅភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ភុន មានឪពុកឈ្មោះ ហែម ភឹម និងម្តាយឈ្មោះ ប៉ាល់ ទូច ហើយជាកូនពៅក្នុងគ្រួសារដែលមានបងប្អូនចំនួន ៥នាក់ (ស្រី ៣នាក់)។ នៅសម័យសង្គមរាស្ត្រនិយម ភុន រៀនសូត្របានថ្នាក់ទី១០ ហើយបច្ចុប្បន្នជាកសិករ និងមានអាសយដ្ឋានរស់នៅក្នុងភូមិដក់ពរ ឃុំស្វាយធំ។ភុន រៀបរាប់ថា នៅខែមីនា ឆ្នាំ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋចេញពីតំណែង។ ក្រោយពេល លន់ នល់ ឡើងកាន់អំណាច ប្រទេសជាតិចាប់ផ្តើមកើតមានបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារនៅតាមទីក្រុង និងទីប្រជុំជននានា។ នៅឆ្នាំ១៩៧១ ភុន បានទៅរៀនជំនាញពេទ្យនៅមន្ទីរពេទ្យភូមិពពារ ដោយមានគ្រូពេទ្យកងទ័ពវៀតណាមជាអ្នកបង្រៀន។ នៅក្នុងភូមិ ប្រជាជនបានភៀសខ្លួនចេញពីផ្ទះសម្បែងទៅរស់នៅតាមព្រៃ ដើម្បីគេចចេញពីសង្គ្រាម និងការប្រយុទ្ធគ្នារវាងយោធាខ្មែរក្រហម និងទាហានរបប លន់ នល់។ ចំណែក ភុន នៅបន្តរៀនជំនាញពេទ្យរហូតដល់បញ្ជប់ទើបត្រឡប់មកភូមិវិញ។ ក្រោយមក ភុន បានធ្វើជាគ្រូពេទ្យភូមិបានរយៈពេល ៦ខែ ទើបត្រូវបានបញ្ជូនទៅធ្វើជាពេទ្យយោធាខ្មែរក្រហមនៅសមរភូមិខេត្តស្វាយរៀង។

នៅឆ្នាំ១៩៧៥ បដិវត្តន៍ខ្មែរក្រហមបានទទួលជ័យជម្នះទាំងស្រុងលើរបប លន់ នល់ នៅទូទាំងប្រទេស។ ក្រោយពេលចូលកាន់កាប់អំណាច អង្គការបានផ្លាស់ប្តូរកន្លែងធ្វើការរបស់ ភុន ឱ្យទៅរស់នៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលស្ថិតនៅជាប់ព្រំប្រទល់ប្រទេសវៀតណាម។ ក្រោយពេលរស់នៅទីនោះបានរយៈពេលមួយឆ្នាំ អង្គការបានចាត់តាំងឱ្យ ភុន ទៅព្យាបាលអ្នកជំងឺនៅឃុំឈើទាល។ ភុន បានបញ្ជាក់បន្ថែមថា ក្នុងនាមជាគ្រូពេទ្យក្នុងរបបខ្មែរក្រហម ខ្លួនបានព្យាបាលប្រជាពលរដ្ឋ និងកងទ័ពនៅក្នុងសម័យនោះបានជាច្រើននាក់ ហើយពុំធ្លាប់បានធ្វើការងារធ្ងន់ៗដូចជាការជីកទំនប់ និងជីកប្រឡាយដូចប្រជាជនឯទៀតនោះទេ គឺបំពេញភារកិច្ចព្យាបាលជំងឺទៅតាមផែនការរបស់អង្គការចាត់តាំងតែប៉ុណ្ណោះ។

នៅឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាមបានវាយសម្រុកចូលមកដល់ខេត្តស្វាយរៀង ពេលនោះប្រជាជនទាំងអស់ត្រូវបានអង្គការជម្លៀសទៅតំបន់អ្នកលឿង។ នៅពេលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាមបានទទួលជ័យជម្នះលើរបបខ្មែរក្រហម អង្គភាពបានប្រកាសឱ្យ ភុន និងប្រជាជនទាំងអស់ត្រឡប់ទៅស្រុកកំណើតវិញ។ បច្ចុប្បន្ន ភុន មានជំងឺប្រចាំកាយគឺជំងឺលើសសម្ពាធឈាម និងជំងឺផ្សេងៗទៀត ដែលជាផលវិបាកបន្សល់ទុកតាំងពីសម័យសង្គ្រាមមកម្ល៉េះ៕

សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

 

 

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin