ធ្វើការក្នុងក្រុមយុវជនស្រុកព្រៃកប្បាស

ការងារមុនដំបូងរបស់ខ្ញុំ គឺជាអ្នកឃ្វាលគោ និងធ្វើការងារបុកស្រូវ យកអង្ករឲ្យក្រុមយុវជនកងចល័ត។ មួយឆ្នាំក្រោយមក អង្គការបានប្ដូរខ្ញុំទៅក្នុងកងចល័ត ដើម្បីធ្វើការលើកទំនប់ ជីកប្រឡាយ និងលើកប្រព័ន្ធនៅតំបន់១៣។ រហូតដល់ឆ្នាំ១៩៧៨ ខ្ញុំបានចូលទៅធ្វើជាយោធា ប៉ុន្តែខ្ញុំមិនបានចូលរួមប្រយុទ្ធក្នុងសមរភូមិនោះទេ ព្រោះអង្គការបានចាត់តាំងខ្ញុំឲ្យចូលធ្វើការងារក្នុងរោងចុងភៅ។

សួន សុខ អាយុ៦៣ឆ្នាំ រស់នៅភូមិបានយ​ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥​ សុខ ធ្វើការនៅមន្ទីរកសិដ្ឋានឃុំ ក្នុងតួនាទីជាអ្នកឃ្វាលគោ១០ក្បាលជាមួយមិត្ត៤នាក់ទៀត។ ក្រៅពីនេះ សុខ ត្រូវរៀបចំបុកស្រូវ យកអង្ករទៅឲ្យកងយុវជនយកទៅចម្អិននៅក្នុងកងចល័ត។

នៅឆ្នាំ១៩៧៦ សុខ ត្រូវបានបញ្ជូនទៅកងចល័ត និងបានធ្វើការនៅម្ដុំទួលឡាំងកាក និងភ្នំបូរី តាមការចាត់តាំងរបស់អង្គការ។ នៅទីនោះ សុខ បានចូលរួមលើកទំនប់ និងជីកប្រឡាយរហូតដល់កំពង់អំពិល។ បន្ទាប់មក សុខ ត្រូវទៅធ្វើការលើកទំនប់ ជីកប្រឡាយ នៅក្នុងតំបន់១៣ នៅស្រុកគីរីវង្ស ស្រុកបូរីជលសារ និងចល័តទៅលើកប្រឡាយ និងលើកប្រព័ន្ធភ្លឺស្រែ នៅកំពង់ជ្រៃ សន្លុក និងដំណាក់រាជា។

នៅការដ្ឋានធ្វើការ សុខ និងយុវជនទាំងអស់ត្រូវក្រោកតាំងពីម៉ោង៤ភ្លឺ តាមសំឡេងអាគាំង(ជួង)ផ្ដល់សញ្ញាឲ្យទៅតម្រង់ជួរ និងរៀបចំខ្លួនឲ្យរួចរាល់ ទើបចេញទៅធ្វើការចាប់ពីម៉ោង៦ រហូតដល់ម៉ោង១១ ឬ១២ថ្ងៃត្រង់។ បន្ទាប់ពីសម្រាកហូបអាហារថ្ងៃត្រង់រួច ក្រុមរបស់សុខ ត្រូវចូលធ្វើវិញចាប់ពីម៉ោង១ឬ២រសៀល រហូតដល់ពេលល្ងាច។ ជារៀងរាល់ថ្ងៃ សុខ ត្រូវធ្វើការងារធ្ងន់ៗហួសកម្លាំង ប៉ុន្តែរបបអាហារដែលគាត់ទទួលបានគឺមិនគ្រប់គ្រាន់នោះទេ។ នៅពេលដែលខ្វះស្បៀងខ្លាំង សុខ បានត្រឹមហូបកន្ទក់លីង ឬពោតស្ងោរជំនួសបបរ។ ចំណែកឯសម្លៀកបំពាក់ក៏ខ្វះខាតខ្លាំងដែរ ព្រោះរយៈពេលយូរៗម្ដងអង្គការបានចែកឲ្យខោអាវ ឬសន្សែងមួយប៉ុណ្ណោះ។ នៅឆ្នាំ១៩៧៨ អង្គការបានជ្រើសរើស សុខ ឲ្យទៅធ្វើជាយោធា ប៉ុន្តែគាត់មិនបានចូលរួមប្រយុទ្ធក្នុងសមរភូមិនោះទេ ព្រោះប្រធានកងរបស់គាត់ចាត់តាំងឲ្យដាំបាយនៅកន្លែងប្រចាំការ ព្រោះគាត់មានអាយុតិច និងមាឌតូចជាងអ្នកដទៃទៀត។

នៅដើមខែមករា ឆ្នាំ១៩៧៩ អំឡុងពេលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិ សហការណ៍ជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម វាយចូលមក សុខ និងមិត្តនៅក្នុងកង បាននាំគ្នារត់គេចខ្លួនជាបន្តបន្ទាប់ ហើយបានសុំផ្ទះប្រជាជនស្នាក់នៅ។ ពេលស្នាក់នៅជាមួយប្រជាជន ក្រុមរបស់សុខ បានសុំស្រូវមួយចំនួន និងបានខ្ចីត្បាលបុកស្រូវ ហើយសម្ភារសម្អាតអង្ករ  វេចខ្ចប់យកទៅតាមខ្លួនបន្តទៀត។ បន្ទាប់មក នៅពេលធ្វើដំណើរដល់ផ្លូវជាតិលេខ៤ ក្រុមរបស់សុខ បានសម្រេចចិត្តបែកផ្លូវគ្នា ព្រោះពេលនោះមិនមានអ្នកដឹកនាំ។ ចំពោះសុខ មិនបានធ្វើដំណើរទៅមុខបន្តទៀតទេ ព្រោះគាត់ដឹងថាអង្គការចាត់ទុកគាត់ជាខ្មាំងរត់ចោលជួរទ័ព និងចាប់គាត់យកទៅសម្លាប់។ សុខ បានត្រលប់ទៅរស់នៅ និងជួបជុំគ្រួសារបានមួយរយៈ ទើបគាត់បានរៀបការជាមួយនារីម្នាក់នៅក្នុងភូមិ។

ក្រោយមក​ សុខ បានដឹងថាមានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ប៉ុន្តែគាត់មិនបានតាមដាននោះទេ។ ទោះបីជាយ៉ាងណា សុខ ពេញចិត្តពោះការកាត់ទោស ព្រោះអង្គការបានធ្វើបាបប្រជាជនខ្លាំងណាស់។ មួយវិញទៀត សុខ ចង់ឲ្យក្មេងៗមានការជឿជាក់ថារបបខ្មែរក្រហមពិតជាធ្លាប់កើតមានឡើង និងចង់ឲ្យក្មេងៗការពារកុំឲ្យរបបខ្មៅងងឹតមួយនោះត្រលប់មកវិញម្ដងទៀត។

សម្ភាសន៍ដោយ​៖ គ្រី ភា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin