មាស សុំ៖ មានអ្នករាយការណ៍កុហក ចង់ឲ្យគ្រួសារខ្ញុំស្លាប់

មាស សុំ អាយុ៧៨ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហមគ្រួសាររបស់សុំ រស់នៅភូមិបឹងថ្នារុង។ នៅទីនោះ អង្គការបានចោទប្រកាន់ប្អូនប្រុសពៅរបស់សុំ ថាជាយួន ព្រោះឃើញសម្លាកដែលនៅជាប់ត្រង់ក និងស្មារបស់គាត់ថាជាស្នាមស្ពាយកាំភ្លើង។ ប៉ុន្តែការពិត ស្លាកស្នាមដែលជាប់ស្មាប្អូនប្រុសរបស់សុំ គឺកើតឡើងដោយសារតែការរែកដីធ្ងន់ៗ យកទៅចាក់ក្នុងកាស៊ីនបាយ(រោងបាយ)ប៉ុណ្ណោះ។
នៅក្នុងសហករណ៍ សុំ រស់នៅមិនបានសុខស្រួលនោះទេ ព្រោះអង្គការបានចាត់តាំងគាត់ឲ្យទៅធ្វើការងាររែកដីល្បាប់អូដែលមានជីជាតិ យកទៅចាក់ក្នុងស្រែ ហើយនៅពេលសម្រាកថ្ងៃត្រង់ អង្គការបានឲ្យក្រុមរបស់សុំ ទៅជីករណ្ដៅដាំចេកនៅក្បែរថ្នល់។ ប៉ុន្តែការដាំចេកក្នុងពេលនោះគឺមិនរស់ទេ ព្រោះចំរដូវប្រាំងមិនមានទឹកគ្រប់គ្រាន់។
ចូលដល់ខែវស្សា សុំ សម្រាលបានកូនម្នាក់។ មិនយូរប៉ុន្មាន អង្គការបានឲ្យគាត់យកកូនទៅដាក់ក្នុងមណ្ឌល ដើម្បីឲ្យយាយៗជាអ្នកមើលថែក្នុងសហករណ៍ ហើយខ្លួនត្រូវក្រោកតាំងពីម៉ោង៣យប់ ទៅដកសំណាប រួចយកមកស្ទូងនៅពេលព្រឹក។ ចំពោះការហូបអាហារវិញ សុំ និងប្រជាជនដទៃទៀត បានហូបបាយមួយរយៈពេលខ្លីប៉ុណ្ណោះ នៅពេលប្រមូលផលស្រូវ ប៉ុន្តែនៅពេលខ្វះស្បៀង អង្គការបានដាំបបរ ឬបបររាវៗយកទៅចែកឲ្យប្រជាជនម្នាក់មួយកា។
សុំ បានឲ្យដឹងថា គ្រួសាររបស់គាត់មិនហ៊ានលួចអាហារអង្គការហូបបន្ថែមនោះទេ បើទោះបីជាគាត់ហូបមិនឆ្អែត។ ប៉ុន្តែនៅពេលដែលសុំ រើសបានដំឡូងតាមផ្លូវ មានអ្នកច្រណែនស្អប់គាត់ ចង់ឲ្យគ្រួសារគាត់ស្លាប់ ទើបទៅរាយការណ៍ជូនអង្គការថាគាត់លួចគាស់ដំឡូង។ បន្ទាប់មក អង្គការបានហៅសុំ ទៅកសាង ដើម្បីទុកជាការព្រមាន និងកុំឲ្យធ្វើដូច្នេះទៀត។
ក្រោយមក នៅពេលដែលប្ដីរបស់សុំ ត្រលប់មកពីកងចល័តវិញ អង្គការបានហៅគាត់ឲ្យទៅធ្វើម្ហូប(សម្លាប់សត្វគោ) នៅក្នុងរោងបាយ និងបានយកសាច់គោមួយដុំទៅស្ងោរហូបរួមគ្នាក្នុងពេលនោះ។ ប៉ុន្តែអ្នកដែលច្រណែនស្អប់គ្រួសារសុំ បានទៅរាយការណ៍កុហកអង្គការម្ដងទៀតថាប្ដីរបស់គាត់បានយកសាច់គោត្រលប់មកផ្ទះ រួចធ្វើម្ហូបឲ្យកូន។
សុំ បន្តថា កូនរបស់គាត់មិនបានហូបសាច់គោនោះទាល់តែសោះ ប៉ុន្តែអង្គការបានមកចាប់ប្ដីរបស់គាត់ យកទៅកាត់ទោសមុខប្រជាជនជាច្រើននាក់ក្នុងសហករណ៍ ដើម្បីកុំឲ្យមានអ្នកយកតម្រាប់តាម។ ប៉ុន្តែសំណាងល្អមានលោកយាយម្នាក់ ត្រូវជាបងប្អូនសាច់ឆ្ងាយរបស់ប្ដីសុំ ឡើងមកនិយាយការពារ។ លោកយាយម្នាក់នោះបានរៀបរាប់ថា៖ “កុំយកវាទៅ វាកើតនៅស្រុកនេះទេ មិនដែលឃើញដាច់ទងបន្លែអាណាមួយទេ កុំធ្វើបាបវា”។ ពេលនិយាយចប់ អ្នកនៅក្នុងអង្គប្រជុំទះដៃឲ្យ ហើយអ្នកចោទប្រកាន់បានស្ងាត់មាត់។
ចំណែក អ្នកដែលច្រណែនគ្រួសារសុំ គឺជាអ្នកលួចសាច់គោរបស់អង្គការពិតមែន ហើយបានយកទៅស្លមួយឆ្នាំងនៅផ្ទះខ្លួនឯង ដោយមិនឲ្យអង្គការដឹង។ ជាអកុសល ដោយសារកម្មពារចោទប្រកាន់គ្រួសារសុំ អ្នកដែលច្រណែននោះមិនបានហូបសម្លដែលខ្លួនលួចស្លនោះទេ ព្រោះនៅពេលដែលហូបបាយរួម មានអ្នកឡើងត្នោតម្នាក់បានលួចចាក់សម្លនោះចូលក្នុងបំពង់ រួចយកទៅចែកកូនចៅនៅផ្ទះហូបបន្ត។ នៅពេលបាត់សម្លរ អ្នកដែលច្រណែនគ្រួសារសុំ មិនហ៊ានទៅរាយការណ៍ប្រាប់អង្គការទេ ពេលបាត់សម្លនោះ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ អ្នកដែលចង់សម្លាប់គ្រួសារសុំ បានរត់ភៀសខ្លួនចេញពីសហករណ៍ និងបាត់ដំណឹងរហូតមក។ ចំពោះគ្រួសាររបស់សុំ ក៏មិនបានរស់នៅសុខស្រួលដែរ ព្រោះមានអ្នកជិតខាងបានធ្វើឲ្យឆេះខ្ទមរបស់ខ្លួន និងបានរីករាលដាលដល់ផ្ទះរបស់សុំ និងប្រជាជនជាច្រើនទៀត។ នៅពេលដែលមានភ្លើងឆេះខ្លាំង សុំ មានការភាន់ស្មារតី និងស្ទើរតែទុកកូនឲ្យស្លាប់ក្នុងភ្លើង។ បន្ទាប់មកនៅពេលដែលមានអ្នកភូមិជួយកូនគាត់ឲ្យចេញពីក្នុងរោងរួច ប្ដីរបស់សុំ និងប្រជាជនដទៃទៀត បាននាំគ្នាដងទឹកយកទៅពន្លត់ភ្លើងនោះ។ បន្ទាប់ពីភ្លើងរលត់ មានអ្នករបួស និងរលាកស្បែកជាច្រើននាក់ ព្រោះភ្លើងបានឆេះខ្លាំង ហើយនៅពេលដែលដងទឹកយកទៅចាក់ភ្លាមៗបានធ្វើឲ្យអណ្ដាតភ្លើងឆាបឆេះខ្លាំងឡើងមករកអ្នកជះទឹក។
នៅពេលផ្ដល់បទសម្ភាស សុំ មានជំងឺឫសដូងបាត, លើសឈាម, ឈឺសន្លាក់ដៃជើង, ឈឺចង្កេះ និងដំបៅក្រពះ ពោះវៀត ដែលជាហេតុធ្វើឲ្យស្បែករបស់គាត់ពណ៌លឿង។ សុំ បានទៅពិនិត្យសុខភាពនៅពេទ្យឯកជន និងបានប្រើប្រាស់ថ្នាំពេទ្យ និងថ្នាំខ្មែរបន្ថែមទៀតដើម្បីព្យាបាលជំងឺ។
សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

